គន្លឹះអនុវត្តចំនួន ៥ ជួយឲ្យមនុស្សជុំវិញខ្លួនចូលចិត្តអ្នកកាន់តែច្រើន!
មនុស្សគ្រប់គ្នាសមនឹងទទួលបានការគោរពស្រឡាញ់ក្នុងជីវិត។ ជាការពិត វាត្រូវការពេលវេលា ដើម្បីបង្ហាញឲ្យអ្នកដទៃស្គាល់តម្លៃយើង ប៉ុន្តែជាមួយជំហានសាមញ្ញៗមួយចំនួន អ្នកទទួលបានការជឿជាក់ពីអ្នកដទៃយ៉ាងឆាប់រហ័ស។ ការគោរព អាចធ្វើឲ្យគ្រប់យ៉ាងដំណើរការបានល្អ ហើយនៅពេលដែលអ្នកបង្ហាញមនុស្សគ្រប់គ្នាថា ពួកគេមានតម្លៃសម្រាប់អ្នក អ្នកនឹងមានឱកាសទទួលបានការផ្ដល់តម្លៃពីពួកគេវិញកាន់តែច្រើន។
គ្មាននរណាម្នាក់ដែលចង់ឲ្យអ្នកដទៃមិនចូលចិត្ត ឬ ស្អប់ខ្លួននោះទេ ពោលគឺតែងតែចង់ឲ្យមនុស្សជុំវិញខ្លួនបង្ហាញពីការពេញចិត្ត និង សេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះវាជាផ្នែកយ៉ាងសំខាន់ ក្នុងការសាងសុភមង្គល។ ដោយសារតែ បញ្ហានេះហើយបានជាមនុស្សភាគច្រើន ប្រឹងប្រែងធ្វើយ៉ាងណា ឲ្យមានភាពទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីធ្វើឲ្យអ្នកដទៃឆាប់ចូលចិត្ត ឬ ស្រលាញ់អ្នក៖
១. ស្តាប់យ៉ាងយកចិត្តទុកដាក់ (Listen carefully)
រាល់ពេលមានកិច្ចសន្ទនាផ្សេងៗ អ្នកគួរតែបង្ហាញពីការយកចិត្តទុកដាក់ស្តាប់ឲ្យបានខ្លាំង លើពាក្យសំដីរបស់ដៃគូ ព្រោះ ការធ្វើបែបនេះធ្វើឲ្យមនុស្សទាំងនោះ យល់ឃើញថា អ្នកកំពុងផ្តល់តម្លៃដល់ពួកគេ។ ផ្ទុយទៅវិញ បើអ្នកមិនយកចិត្តទុកដាក់ស្តាប់អ្នកទាំងនោះទេ ពួកគេនឹងគ្មានថ្ងៃពេញចិត្តក្នុងការសហការ ឬ ក្លាយជាមិត្តរបស់អ្នកឡើយ។ ដូច្នេះអ្នកត្រូវផ្តល់តម្លៃដល់អ្នកដទៃ តាមរយៈទង្វើខាងលើ នឹងធ្វើឲ្យពួកគេផ្តល់តម្លៃឲ្យអ្នកវិញផងដែរ។
២. ញញឹម (Smile)
មុនផ្តើមកិច្ចសន្ទនាផ្សេងៗជាមួយអ្នកដទៃ វិធីដ៏សមរម្យ និង ល្អបំផុតនោះគឺ ការផ្តល់ស្នាមញញឹមជាមុនសិន។ ញញឹមមិនមែនជារឿងលំបាកពេកនោះទេ សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាផ្តល់ផលវិជ្ជមានទៅវិញ។ ការបង្កើតស្នាមញញឹមនេះ ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ពេញចិត្ត ក្នុងការនិយាយ ឬ ធ្វើការជាមួយអ្នក បើទោះបីជាស្ថិតក្នុងស្ថានភាពអ្វីក៏ដោយ ព្រោះវាជាវិធីក្នុងការបង្កើតភាពស្និតស្នាលជាមួយគ្នា។ ការបង្កើតទម្លាប់នេះនឹងជួយឲ្យអ្នកអាចមានមិត្តភក្ដិជាច្រើន។
៣. ស្មោះត្រង់ (Be honest)
ភាពស្មោះត្រង់ គឺជាគន្លឹះសំខាន់បំផុត ក្នុងការសាងទំនាក់ទំនង។ គ្មាននរណាម្នាក់ ចង់រាប់អានជាមួយ មនុស្សដែលចូលចិត្តនិយាយកុហក និង ចូលចិត្តបោកប្រាស់នោះឡើយ។ ហេតុដូច្នេះហើយ ការសាងភាពស្មោះត្រង់ធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ថា ជឿទុកចិត្ត និង ព្រមសហការរីករាយជាមួយអ្នកលើការងារអ្វីមួយ។
៤. ជួយអ្នកដទៃ (Help others)
ដើម្បីឲ្យអ្នកដទៃពេញចិត្ត អ្នកគួរតែចេះជួយដល់មនុស្សជុំវិញខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ វាជារឿងធម្មតាទេ ដែលមនុស្សជួបបញ្ហាផ្សេងៗ ម្ល៉ោះហើយអ្នកគួរតែព្យាយាមរួមចំណែកដោះស្រាយបញ្ហាទាំងនោះ និង ជួយលើកទឹកចិត្តពួកគេ។ ការបង្កើតទម្លាប់ជួយដល់អ្នកដទៃ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សសំខាន់ម្នាក់ដែលមនុស្សគ្រប់គ្នាត្រូវការ។
៥. ទទួលស្គាល់ភាពខ្សោយរបស់អ្នក (Admit your weaknesses)
វាមិនមែនជារឿងចម្លែកពេកនោះទេ ដែលមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្សោយរៀងៗខ្លួន ប៉ុន្តែអ្វីដែលសំខាន់នោះ ថាតើអ្នកព្រមទទួលស្គាល់ដែរឬទេ។ អ្នកខ្លះដោយសារតែ ខ្លាចអន់ ឬ អាប់ឱនកិត្តិយស ពួកគេតែងព្យាយាមធ្វើលាក់បាំងអំពីចំណុចខ្សោយរបស់ខ្លួន ដោយព្យាយាមសម្ដែងដើម្បីបិទបាំងការពិត។ ប៉ុន្តែតាមពិតទៅ ទង្វើបែបនេះមិនបានបង្ហាញអំពីតម្លៃពិតប្រាកដនោះទេ ហើយវាក៏មិនអាចលាក់បាំងជិតនោះដែរ ម្យ៉ាងវិញទៀត វាកាន់តែធ្វើឲ្យអ្នកដៃមិនចូលចិត្តថែមទៀត។ ដូច្នេះហើយ អ្នកគួរតែចេះទទួលស្គាល់នូវចំណុចខ្សោយ ហើយព្រមទទួលការជួយជ្រោមជ្រែងពីអ្នកដទៃ ព្រោះទង្វើនេះជួយឲ្យមនុស្សជុំវិញចូលចិត្ត និង គាំទ្រលើអ្វីដែលអ្នកកំពុងធ្វើ។
អត្ថបទទាក់ទង