សម្រង់សំនួនវោហារ ១៣ ឃ្លា ពីក្នុងរឿងមហាភារតៈ

សៀវភៅរឿង មហាភារតយុទ្ធ និយាយអំពីរឿងចម្បាំងដ៏ធំមួយ ដែលស្រដៀងនឹងរឿង រាមកេរ្ដិ៍ ដែរ។ រឿងនេះ មានឆ្លាក់នៅលើថែវនៃប្រាសាទអង្គរវត្ត នៅព្រះរបៀងទីមួយ ខាងលិចឆៀងខាងត្បូង។ សៀវភៅនេះ មានភាពដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌារាប់សិបឆ្នាំមកហើយ ខាងផ្នែកការអប់រំ មហាព្យាកាព្យ វិធីសាស្រ្តនៃការដឹកនាំប្រទេស យុទ្ធសាស្រ្តធ្វើសង្រ្គាម និងយុទ្ធវិធីផ្សះផ្សារជាតិជាដើម។ ខាងក្រោមនេះ ជាសម្រង់សំនួនវោហារមួយចំនួនពីក្នុងរឿងមហាភារតៈ៖

១. ទ្រព្យសម្បត្តិរបស់បណ្ឌិត គឺ៖ ការស្គាល់ខ្លួនឯង ការតស៊ូ ខន្តី និង ជំហរនឹងនរក្នុងគុណធម៌។ មនុស្សបែបនេះ លោកហៅថា បណ្ឌិត។

២. នៅក្នុងរយៈពេលដ៏ខ្លីនៃជីវិត យើងគួរតែប្រឹងប្រែងថែរក្សាកេរ្តិ៍ឈ្មោះឲ្យបានល្អ ពីព្រោះវាជារបស់មានតម្លៃ។ បើខូចកេរ្តិ៍ឈ្មោះហើយ ការរស់រានមានជីវិតរបស់មនុស្ស គឺត្រឹមតែធ្ងន់ផែនដីតែប៉ុណ្ណោះ។

៣. មនុស្សដែលសម្លឹងផ្លេកបន្ទោរ តែងតែគិតថា ផ្លេកបន្ទោរល្អអ្វីម៉្លេះ តែគេភ្លេចគិតថា ផ្លេកបន្ទោរនោះ ត្រូវបន្តដោយរន្ទះនៅពេលក្រោយ។

៤. មែនហើយ សេចក្តីសេ្នហាហួសពេក នាំឲ្យមនុស្សមើលឃើញអ្វីៗល្អទាំងអស់ ជាពិសេស ចំពោះអ្នកដែលជាទីសេ្នហារបស់ខ្លួន ទោះបីជាគេមានគុណវិបត្តិធំយ៉ាងណាក៏ដោយ ក៏គេមើលមិនឃើញដែរ ឬខំប្រឹងនិយាយថា គុណវិបត្តិនោះជាគុណសម្បត្តិវិញ។

៥. សត្វពីងពាង កាលណាវាធ្វើសំណាញ់ហើយ វាមិនអាចស្រាយសំណាញ់វាបានទេ។

៦. អាកប្បកិរិយាល្អ ជាទ្រព្យដ៏ប្រសើ់ររបស់មនុស្ស។

៧. ការពុលនឹងទ្រព្យសម្បត្តិ ពុលនឹងអំណាច ឬអំនួតហួសពេក ធ្វើឲ្យមនុស្សវង្វេងវីវក់ខ្លាំងជាងការញៀនសុរា។

៨. ជនណាញៀននឹងការប៉ងប្រាថ្នា ចង់បានសេចក្តីរុងរឿងមកឲ្យខ្លួនឯងខ្លាំងហួសពេក ជននោះមិនអាចជម្នះចិត្តរបស់ខ្លួន ឬសីលធម៌បានទេ ដរាបណាខ្លួនគេមិនទាន់ចួបបរាជ័យ។

៩. មានតែមនុស្សល្ងង់ខ្លៅ ក្នុងត្រកូលថោកទាប ធ្លាប់ក្ររហេមរហាម និង ខ្វះការអប់រំទេ ទើបមើលឃើញសំណូកថាជាចំណីឆ្ងាញ់ពិសារនោះ។

១០. គេមិនអាចយកភ្លើងទៅលាក់បានទេ។

១១. កុំអូតខ្លួនឯង ទុកឲ្យអ្នកដទៃនិយាយពីគុណសម្បត្តិយើងវិញទើបល្អ

១២. គេមិនអាចទទួលបានកិត្តិយសពីការបោកប្រាស់ និងការប្រើពុតត្បុតបានទេ។

១៣. មនុស្សប្រាំពួកដែលដេកមិនលក់៖

  • អ្នកលួចសាហាយស្មន់ប្រពន្ធអ្នកដទៃ
  • ចោរ ឬមនុស្សមានចិត្តលោភលន់
  • មនុស្សបាត់ទ្រព្យសម្បត្តិអស់
  • មនុស្សធ្វើអ្វីៗមិនបានជោគជ័យ
  • មនុស្សទន់ខ្សោយដែលត្រូវគេជិះជាន់

អត្ថបទទាក់ទង

ព្រះរាជសម្ភារ និងការវិនាស​អន្តរាយយ៉ាង​ទារុណ​ក្រោម​អំណាច​នៃ​សេចក្តីស្នេហា

Leave a Reply

Your email address will not be published. Required fields are marked *