បញ្ហាចំនួន ១០ របស់​​សហគ្រិនដែលត្រូវដោះស្រាយ​

ការសិក្សាពីហានិភ័យ និងស្វែងរកដំណោះស្រាយ គឺ​មូលដ្ឋាន​​នាំមកនូវជោគជ័យ! 

សហគ្រិន គឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេង ហើយបង្កើត និងធ្វើអាជីវកម្មតូចមួយ តាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃការរកស៊ី។ សហគ្រិន ត្រូវបានគេមើលឃើញជាទូទៅថាជាអ្នកច្នៃប្រតិដ្ឋ ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬ ដំណើរការថ្មី។

សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ននិងអនាគត និងនាំយកគំនិតថ្មីៗ ល្អៗ ទៅកាន់ទីផ្សារ។ សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញ និងកិត្តិនាមជាដើម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ។

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកសុបិន ចង់ក្លាយជាសហគ្រិន។ គាត់​ចង់​ធ្វើ​ជា​​ចៅហ្វាយ ហើយប្រាប់អ្នកដទៃថា ការងារ​​អ្វី​ខ្លះ​ត្រូវធ្វើ បន្ទាប់​មកគាត់​ត្រឡប់មកអង្គុយលេងលម្ហែកាយ។ ប៉ុន្តែ​ឥឡូវ​នេះ ​ប្រសិនបើគ្រាន់តែជាសហគ្រិនម្នាក់នោះងាយស្រួលទេ!

ទិសដៅផ្ទាល់ខ្លួន​លើ​ការ​បង្កើត​ និង​ធ្វើអាជីវកម្ម​ទទួលបានជោគជ័យ​ គឺ​មាន​ហានិភ័យ​ជា​ច្រើន ​ទោះ​បីជា​អ្នក​​កំពុង​​ជ្រើសរើស​ធ្វើ​វា​ក្នុ​ងពេលទំនេរក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅពេល​ដែល​យើង​អនុវត្តន៍​ផែន​ការ​អាជីវកម្ម​ បញ្ហា​​ ១០​ចំណុច ​ដែល​ត្រូវ​ដោះស្រាយ​ មុន​ពេល​ដែល​យើង​ប្រឡូក​ចូល​យ៉ាង​ជ្រៅ នៅ​ក្នុង​អាជីវកម្ម​របស់​យើង។

១. គ្មាន​ប្រាក់​ឈ្នួល​ទៀត​ទាត់​

ម្ចាស់​អាជីវកម្ម​ទាំង​​អស់​ តែង​តែវិនិយោគ​ដើម​ទុន​ ដើម្បីទទួល​បាន​ផល​មក​វិញនៅពេល​ក្រោយ។ ពេល​ខ្លះ វា​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ឬ​ ឆ្នាំដើម្បី​ទទួល​បាន​ផល​ត្រឡប់​មក​វិញ។

ដំណោះស្រាយ៖

ចំណុច​​នេះ យើង​ត្រូវ​រក​​ប្រាក់ចំណូលអប្បបរមាយ៉ាងតិច ៦ ខែមុនពេលលោតចូល​ក្នុង​​អាជីវកម្ម។ ម៉្យាង​វិញ​ទៀត យើង​ត្រូវ​រៀបចំផែនការសម្រាប់អ្វីដែលមិននឹកស្មានដល់​ ព្រោះ​អ្នកប្រហែលជាត្រូវកាត់បន្ថយការ​ចំណាយ​ខ្លះ និង​របៀប​រស់​នៅ ​រហូតដល់​ការ​បណ្តាក់ទុនរកស៊ីរបស់អ្នកទទួល​បាន​ភាព​ជោគជ័យ។

២. ពឹងផ្អែកលើលំហូរសាច់ប្រាក់

រំហូរសាច់ប្រាក់របស់អ្នក ពឹងផ្អែកតែលើប្រាក់ចំណូលពីការលក់ផលិតផល និង/ឬ សេវាកម្មរបស់អ្នក។ ដូច្នេះតើមានអ្វីកើតឡើង ប្រសិនបើអតិថិជនមិនបង់ប្រាក់វិក្កយប័ត្ររបស់ពួកគេទាន់ពេលវេលា? តើអ្នកមានដើមទុនសម្រាប់ចំណាយប្រចាំថ្ងៃដែលកាលៈទេសៈដែលមិនបានមើលឃើញ​ជា​មុន​?

ដំណោះស្រាយ៖

មានផែនការអាជីវកម្មរឹងមាំនៅនឹងកន្លែង និងដើមទុន ដើម្បីគាំទ្រវាមុនពេលលោតចូលស្រះម្ចាស់អាជីវកម្ម។ ចូរធ្វើការស្រាវជ្រាវរបស់អ្នកឲ្យ​បាន​ច្បាស់​អំពី​រឿង​ហ្នឹង​។ ​សូមស្វែង​រកអតិថិជនដែលអាចទុកចិត្តបាន​ សិក្សា​លើ​ថ្លៃដើម សិក្សា​អំពី​ការបាត់បង់អតិថិជន​ ការផ្លាស់ប្តូរទីផ្សារ និង​ចំណុច​ជា​​ច្រើនទៀត។

៣. តម្រូវការទីផ្សារសម្រាប់ផលិតផល និង/ឬ សេវាកម្មរបស់អ្នក

ទីផ្សារ អាចនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកត្រូវតែ​មានផែនការនៅនឹងកន្លែង ហើយអាចបត់បែនបានគ្រប់គ្រាន់​ ដើម្បីជំរុញអង្គភាពរបស់អ្នក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ដំណោះស្រាយ៖

ការធ្វើពិពិធកម្មផលិតផល ឬសេវាកម្មរបស់អ្នក​ អាចជាគន្លឹះក្នុងការធានាការផ្លាស់ប្តូរទីផ្សារ ដើម្បី​​កុំឱ្យអាជីវកម្មរបស់អ្នកបរាជ័យ។​

៤. ពេលវេលា

ក្នុងនាមជាម្ចាស់អាជីវកម្ម ពេលវេលារបស់អ្នក ត្រូវ​បាន​ចំណាយ​ទាំងស្រុងលើការ​រៀប​ចំ​គន្លឹះ​ គំនិតទីផ្សារ ការលក់ ការរំពឹងទុកនានា ជាដើម។ អ្នកត្រូវទទួលខុសត្រូវរាល់ព័ត៌មានលម្អិតជុំវិញអាជីវកម្មរបស់អ្នក ដោយ​រាប់​តាំង​ពី​​ភាពស្របច្បាប់រហូតដល់ការសម្រេចចិត្តចុងក្រោយ។ ​បើគ្មានពេលវេលាគ្រប់​គ្រាន់ អាជីវកម្ម​​អាចប្រឈមនឹង​បញ្ហា​ច្រើន។

ដំណោះស្រាយ៖

អ្នក​​ប្រហែលកំពុង​គិត​ថា គ្រោង​​នឹង​បិទទូរស័ព្ទដៃរបស់អ្នក បិទកុំព្យូទ័រយួរដៃរបស់អ្នក ដើម្បីផ្តោតលើខ្លួនអ្នក និងគ្រួសារ។ យើង​អាច​ធ្វើ​បែប​នេះ​បាន​តាម​រយៈការប្រគល់ការទទួលខុសត្រូវដល់និយោជិតដែលអ្នកទុកចិត្ត និងរៀបចំឱ្យមានកាលវិភាគ សម្រាប់​ការ​អនុវត្ត​គម្រោង។

៥. សុខភាព

នៅពេល​ដែល​យើង​ឈឺ​ ពេល​កំពុង​ធ្វើ​ការ​​ឲ្យ​គេ គឺ​យើង​អាច​ទូរស័ព្ទ​ប្រាប់​ថៅ​កែឈប់​សម្រាក​បាន ប៉ុន្តែ​ការ​គ្រប់​គ្រង​អាជីវកម្ម គឺ​មិន​ដូច្នេះ​ទេ។ បញ្ហា​ប្រឈមរបស់សហគ្រិន គឺ​ភាព​តាន​តឹង និងជម្ងឺដែល​ពួក​គេ​តែង​តែ​ជួប​ប្រទះ ជាដើម។

ដំណោះស្រាយ៖

បើ​សិន​ជា​អ្នក​គិត​ថា​ សុខភាព​របស់​អ្នក ​ជាការកំណត់​ភាព​ជោគជ័យរបស់​អាជីវកម្ម មានន័យ​ថា អ្នក​​ដល់​ពេល​ហើយដែល​ត្រូវ​រៀប​ចំផែនការ​ ដើម្បី​ធ្វើ​សុខភាព​ល្អ។ សុខភាព​ល្អ នាំ​មក​នូវ​ភាព​ជោគជ័យ​នៅក្នុង​អាជីវកម្ម។

៦.​ និយោជិត

ក្នុងនាមជាសហគ្រិនថ្មី ទំនងជាមិន​មាន​ការវិនិយោគ​ លើ​ក្រុមបុគ្គលិកធំ​នោះ​ទេ។ អ្វីដែល​ចាំ​បាច់​នោះ គឺ​ការរៀនវាដោយខ្លួនឯង ឬ​ អាច​​ស្វែងរក និងជួលមនុស្សមួយក្រុមតូចដែលត្រូវនឹងគោលដៅ និងថាមពលរបស់អ្នក​តែ​ប៉ុណ្ណោះ​។

ដំណោះស្រាយ៖

ចូរធ្វើការស្រាវជ្រាវឲ្យ​ល្អ​បំផុត ហើយ​កុំខ្លាចក្នុងការជួល​និយោជិតរបស់អ្នក ប្រសិន​បើ​អ្នក​គិត​ថា​ ការ​វិនិយោគ​នោះ វា​ជា​រឿង​ត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។ អ្នកត្រូវការមនុស្សដែលត្រូវនឹងចក្ខុវិស័យអាជីវកម្មរបស់អ្នក ហើយនៅពេលធ្វើការជាមួយ​ក្រុមតូច និង​ខ្វះ​ជំនាញ អាចធ្វើឱ្យប៉ះពាល់ដល់ពេលវេលាកំណត់ និងគោលដៅ។

៧. អារម្មណ៍

ការក្លាយជាចៅហ្វាយផ្ទាល់ខ្លួនរបស់អ្នក គឺជាឱកាសដ៏រំភើបមួយ! ជាអកុសល ការចាប់ផ្តើមអាជីវកម្មជាច្រើន ក៏បរាជ័យក្នុងរយៈពេលមួយឆ្នាំដំបូងដែរ។ ទីផ្សារ មានការផ្លាស់ប្តូរអតិថិជន ហើយអ្នកអាចប្រឈមមុខនឹងក្ស័យធន​ដែលមិនបានមើលឃើញទុកជាមុន។

ដំណោះស្រាយ៖

ចូរត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះ និងមានផែនការ ដើម្បីជួយដល់សុខុមាលភាពផ្លូវចិត្តរបស់អ្នកក្នុងពេលមានទុក្ខលំបាក។ តើអ្នកមានគណនេយ្យសម្រាប់ប្រព័ន្ធគាំទ្ររបស់អ្នកទេ?

៨. ហានិភ័យដៃគូប្រកួតប្រជែង

រាល់អាជីវកម្មទាំងអស់ មានអ្នកប្រកួតប្រជែង។ ដើម្បីប្រកួតប្រជែង អ្នកត្រូវតែប្រយ័ត្នប្រយែងក្នុងការរៀនសូត្រពីខាងក្រៅ ដើម្បីការពារអាជីវកម្មរបស់អ្នក។ ​ការចំណាយផ្នែកច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិបញ្ញា និងកម្មសិទ្ធិរបស់អ្នក​ ព្រោះថាវានឹងត្រូវថតចម្លងនៅទីនោះដែលនឹងព្យាយាមលួចយកឈ្មោះ ការរចនារបស់អ្នក ជាដើម។

ដំណោះស្រាយ៖

ចូរដាក់​ឯកសារពាណិជ្ជសញ្ញារក្សា​សិទ្ធិ និងមានកិច្ចសន្យាស្របច្បាប់វិជ្ជាជីវៈដែលអាចរកបានសម្រាប់អតិថិជន បុគ្គលិក ក្រុមហ៊ុនផលិតជាដើម ដើម្បីការពារផលប្រយោជន៍របស់អ្នក។ អាជីវកម្មរបស់អ្នក គឺជាកូនរបស់អ្នក… ការពារវា!

៩. ហានិភ័យប្រតិបត្តិការ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ខ្សែសង្វាក់ផ្គត់ផ្គង់ ការរក្សាទុក កំណត់ត្រា ការលួចបន្លំ ការថែរក្សាប្រព័ន្ធ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៅ​ក្នុង​អាជីវកម្ម​​។ ​ហើយ​ទាំងអស់នេះស្ថិតនៅក្រោមហានិភ័យប្រតិបត្តិការ​។ អ្នកកាន់តែព្រងើយកន្តើយនឹងប្រព័ន្ធនីមួយៗ ហានិភ័យរបស់​យើង​ មាន​កាន់តែ​ខ្ពស់ ហើយ​ការបរាជ័យក៏​​មាន​ច្រើន។

ដំណោះស្រាយ៖

ដើម្បីកាត់បន្ថយ​ហានិភ័យប្រតិបត្តិការ អ្នកអាចជ្រើសរើសជួលក្រុមគ្រប់គ្រងហានិភ័យ​ ដើម្បីធានាថា ប្រព័ន្ធ និងការងារផ្ទៃក្នុងរបស់អ្នក ត្រូវបានការពារពីការលួចបន្លំ ជាដើម។​ ម៉្យាង​វិញ​ទៀត ការ​ចំណាយពេលតាមដាន និងវាយតម្លៃបុគ្គលិក និងប្រព័ន្ធឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាព​ការងារ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​។

១០. គ្រួសារ

ការលះបង់ គឺចាំបាច់នៅក្នុងអាជីវកម្ម ពេលខ្លះអ្នកត្រូវលះបង់អ្វីមួយ សម្រាប់អ្វីដែលសំខាន់ជាងនេះ។ គ្រួសារ មិនគួរត្រូវបានលះបង់ទេ ប៉ុន្តែវា​តែង​តែកើត​ឡើង​ជាញឹកញាប់។ ការព្យាយាមរក្សាតុល្យភាពរវាងការធ្វើជាសហគ្រិន និងគ្រួសារ​ គឺ​ជា​រឿង​ពិបាក។

ដំណោះស្រាយ៖

ការរៀបចំគ្រួសាររបស់អ្នកជាមុន ​អ្នកនឹងជួយពន្យល់​​ពួកគេឲ្យ​យល់ថា អ្នកប្រហែលជាមិនបាន​​ចូលរួមលេងបាល់ទាត់ ឬ អាហារពេលល្ងាចជាលក្ខណៈគ្រួសារទេ។ អញ្ចើញ​ពួក​គាត់​ឲ្យ​ចូល​រួម​ នៅ​ក្នុង​ផែនការ​អាជីវកម្ម​របស់​យើង​ ដែល​បង្ហាញ​ថា យើង​ត្រូវ​ការ​ពេល​វេលា​កំណត់​មួយ​ ដើម្បី​សម្រេច​គោលដៅ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃការវិនិយោគប៉ុណ្ណោះ។

អ្នកត្រូវតែមានការយល់ដឹងពេញលេញអំពីរយៈពេលដែលអ្នកត្រូវរកប្រាក់ចំណេញ។ ពេលវេលា និងថាមពល​ដែលពាក់ព័ន្ធ​ អ្នកនឹង​អាចឆ្លើយ​តបទៅនឹង​ហានិភ័យ​ដោយមាន​ផែនការ​ច្បាស់លាស់​ក្នុងការកាត់​បន្ថយ​ហានិភ័យនៃការបរាជ័យ។ ឥឡូវនេះ អ្នកមានការយល់ដឹងច្បាស់អំពីហានិភ័យមួយចំនួនចំពោះសហគ្រិនភាព ដែល​អា​ច​​ធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត!

សម្រួលពី៖ 10 Dangers of Becoming an Entrepreneur (and How to Face Them) ដោយ Ashley Armstrong, គេហទំព័រ Entrepreneur


អត្ថបទទាក់ទង

កំហុសទូទៅចំនួន ៤ ដែលរារាំងការរីកលូតលាស់នៃក្រុមហ៊ុនថ្មី

 

Leave a Reply

Your email address will not be published. Required fields are marked *