គន្លឹះអនុវត្តចំនួន ៥ ជួយឲ្យមនុស្សជុំវិញខ្លួនចូលចិត្តអ្នកកាន់តែច្រើន!

មនុស្ស​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​ការ​គោរពស្រឡាញ់​ក្នុង​ជីវិត។ ជា​ការ​ពិត វា​ត្រូវ​ការ​ពេល​វេលា ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ស្គាល់​តម្លៃ​យើង ប៉ុន្តែ​ជាមួយ​ជំហាន​សាមញ្ញៗ​មួយ​ចំនួន អ្នក​ទទួល​បាន​ការ​ជឿជាក់​ពី​អ្នក​ដទៃ​​យ៉ាង​ឆាប់​រហ័ស។ ការ​គោរព​ អាច​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ល្អ ហើយ​នៅ​ពេល​ដែល​អ្នក​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ថា ​ពួក​គេ​មាន​តម្លៃ​សម្រាប់​អ្នក អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ផ្ដល់​តម្លៃ​ពី​ពួក​គេ​វិញ​កាន់​តែ​ច្រើន។

គ្មាន​នរណា​ម្នាក់ដែល​ចង់​ឲ្យ​អ្នកដទៃ​មិន​ចូល​ចិត្ត ឬ ស្អប់​ខ្លួន​នោះ​ទេ ពោល​គឺតែងតែ​ចង់​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួនបង្ហាញ​ពី​ការ​ពេញចិត្ត និង សេចក្តី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ ព្រោះ​វា​ជា​ផ្នែក​យ៉ាង​សំខាន់ ក្នុង​ការ​សាង​សុភមង្គល។ ដោយសារតែ បញ្ហា​នេះ​ហើយ​បាន​ជា​មនុស្ស​ភាគច្រើន​ ប្រឹងប្រែង​ធ្វើ​យ៉ាងណា ឲ្យ​មាន​ភាព​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ដទៃ។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆាប់​ចូល​ចិត្ត ឬ ស្រលាញ់​អ្នក៖

១. ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ (Listen carefully)

រាល់​ពេល​មាន​កិច្ច​សន្ទនា​ផ្សេងៗ អ្នក​គួរតែ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ស្តាប់​ឲ្យ​បាន​ខ្លាំង លើ​ពាក្យ​សំដី​របស់​ដៃគូ ព្រោះ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ យល់​ឃើញ​ថា អ្នក​កំពុង​ផ្តល់​តម្លៃ​ដល់​ពួក​គេ។ ផ្ទុយទៅវិញ បើ​អ្នកមិនយក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​ទាំងនោះ​ទេ ពួកគេ​នឹង​គ្មាន​ថ្ងៃ​ពេញ​ចិត្ត​ក្នុង​ការ​សហការ ឬ ក្លាយ​ជា​មិត្ត​របស់​អ្នក​ឡើយ។ ដូច្នេះអ្នក​ត្រូវ​​ផ្តល់​តម្លៃ​ដល់​អ្នក​ដទៃ តាម​រយៈ​ទង្វើ​ខាង​លើ នឹង​ធ្វើ​ឲ្យ​ពួកគេ​ផ្តល់​តម្លៃ​ឲ្យ​អ្នក​វិញ​ផង​ដែរ។

២. ញញឹម (Smile)

មុន​ផ្តើម​កិច្ច​សន្ទនា​ផ្សេងៗ​ជាមួយ​អ្នកដទៃ វិធី​ដ៏​សមរម្យ និង ល្អ​បំផុត​នោះ​គឺ ការ​ផ្តល់​ស្នាមញញឹម​ជាមុន​សិន។ ញញឹម​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ សម្រាប់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​វា​ផ្តល់​ផល​វិជ្ជមាន​ទៅវិញ។ ការ​បង្កើត​ស្នាមញញឹម​នេះ ធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​ពេញចិត្ត ក្នុង​ការ​និយាយ ឬ ធ្វើ​ការ​ជា​មួយ​អ្នក បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​អ្វី​ក៏​ដោយ ព្រោះ​វា​ជា​វិធី​ក្នុង​ការ​បង្កើត​ភាព​ស្និត​ស្នាល​ជាមួយគ្នា។ ការ​បង្កើត​ទម្លាប់​នេះនឹង​ជួយ​ឲ្យ​អ្នក​អាច​មាន​មិត្តភក្ដិ​ជា​ច្រើន។

៣. ស្មោះត្រង់ (​Be honest)​

ភាព​ស្មោះត្រង់ គឺ​ជា​គន្លឹះ​សំខាន់​បំផុត ក្នុង​ការ​សាង​ទំនាក់ទំនង។ គ្មាន​នរណា​ម្នាក់ ចង់​រាប់​អាន​ជា​មួយ មនុស្សដែល​ចូលចិត្ត​និយាយ​កុហក និង ចូលចិត្ត​បោកប្រាស់​នោះ​​ឡើយ​។ ហេតុដូច្នេះ​ហើយ ការ​សាង​ភាព​ស្មោះត្រង់​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ថា ជឿ​ទុកចិត្ត និង ព្រម​សហការ​រីករាយ​ជា​មួយ​អ្នក​លើ​ការងារ​អ្វីមួយ។

៤. ជួយ​អ្នកដទៃ (Help others)

ដើម្បី​ឲ្យ​អ្នកដទៃ​ពេញចិត្ត អ្នក​គួរ​តែ​ចេះ​ជួយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​ជួប​បញ្ហា​ផ្សេងៗ ម្ល៉ោះហើយ​​អ្នក​គួរ​តែ​ព្យាយាម​រួមចំណែក​ដោះស្រាយ​បញ្ហា​ទាំង​នោះ និង ជួយលើក​ទឹកចិត្ត​ពួក​គេ។ ការ​បង្កើត​ទម្លាប់​ជួយ​ដល់​អ្នកដទៃ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ។

៥. ទទួល​ស្គាល់​ភាព​ខ្សោយ​របស់​អ្នក (Admit your weaknesses)

វា​មិនមែន​ជា​រឿង​ចម្លែក​ពេក​នោះ​ទេ ដែល​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុចខ្សោយ​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ថា​តើ​អ្នក​ព្រម​ទទួលស្គាល់​ដែរ​ឬ​ទេ។ អ្នក​ខ្លះ​ដោយសារ​តែ ខ្លាច​អន់ ឬ អាប់ឱន​កិត្តិយស ពួកគេ​តែង​ព្យាយាម​ធ្វើ​លាក់បាំង​អំពី​ចំណុចខ្សោយ​របស់​ខ្លួន ដោយ​ព្យាយាម​សម្ដែង​ដើម្បី​បិទបាំង​​ការ​ពិត។ ប៉ុន្តែ​តាម​ពិត​ទៅ ទង្វើ​បែបនេះ​មិនបាន​បង្ហាញ​អំពី​​តម្លៃ​ពិតប្រាកដ​នោះ​ទេ ហើយ​វា​ក៏​មិន​អាច​លាក់បាំង​ជិត​នោះ​ដែរ ម្យ៉ាងវិញទៀត វា​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ដៃ​មិន​ចូល​ចិត្ត​ថែម​ទៀត។ ដូច្នេះហើយ អ្នក​គួរតែ​ចេះ​ទទួល​ស្គាល់​នូវ​ចំណុចខ្សោយ ហើយ​ព្រម​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នកដទៃ ព្រោះ​ទង្វើ​នេះ​ជួយ​ឲ្យ​មនុស្ស​ជុំវិញចូលចិត្ត និង គាំទ្រ​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។


អត្ថបទទាក់ទង

គ្រូ​បង្វឹក ​៥ ប្រភេទ ​ដែល​អ្នក​គួរ​តែ​ដឹង

 

Leave a Reply

Your email address will not be published. Required fields are marked *