មេរៀនចំនួន ១០ ដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងល្អ ទៅជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ

អ្នកគ្រប់គ្រង ធ្វើឲ្យកិច្ចការត្រូវបានគេដាក់ឲ្យធ្វើ និងកិច្ចការដែលដាក់ខ្លួនឯង សម្រេចតាមរយៈមនុស្សផ្សេងទៀត។ ពួកគេបង្កើតការសម្រេចចិត្ត បែងចែកធនធាន និងដឹកនាំសកម្មភាពរបស់អ្នកដទៃឲ្យចូលរួមសម្រេចគោលដៅមួយ។ អ្នកគ្រប់គ្រង ធ្វើការនៅក្នុងអង្គភាពមួយដែលធ្វើការយ៉ាងស្និតជាមួយសង្គម រាប់ចាប់ពីមនុស្សពីរនាក់ ឬ ច្រើននាក់ រួមគ្នាធ្វើការប្រទាក់ក្រឡាគ្នា ដើម្បីបន្តសម្រេចគោលដៅរួមមួយ ឬ គោលដៅច្រើនទៀត។ អ្នកដែលឃ្លាំមើលសកម្មភាពទាំងអស់របស់អ្នកដទៃ និងអ្នកដែលទទួលខុសត្រូវក្នុងការសម្រេចគោលដៅនៅក្នុងអង្គភាព គឺជាអ្នកគ្រប់គ្រង (ពេលខ្លះគេហៅថា អ្នកចាត់ការ ឬ អភិបាល ដែលភាគច្រើនប្រើក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ)

ខាងក្រោមនេះជាមេរៀនចំនួន ១០ ដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងល្អ ទៅជាអ្នកគ្រប់គ្រងដ៏អស្ចារ្យយ៖

១. ការ​លើកទឹកចិត្ត​ដល់​បុគ្គលិក

អ្នក​គ្រប់គ្រង​ល្អ៖ លើក​ទឹកចិត្ត​​ដល់​បុគ្គលិក​ដើម្បី​អភិវឌ្ឍ​ឲ្យ​​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​តួនាទី​របស់​ខ្លួន និង ផ្តល់​ជំនួយ​ដល់​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ។​

អ្នក​​គ្រប់គ្រង​ដ៏​អស្ចារ្យ៖ ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​លើក​ទឹកចិត្ត​បុគ្គលិក​ដើម្បី​អភិវឌ្ឍ​កាន់តែ​​ប្រសើរ​ឡើង​ស្រប​តាម​តួនាទី​របស់​ខ្លួន​។ មិន​តែ​ប៉ុណ្ណោះ អ្នក​គ្រប់គ្រង​ដ៏​​អស្ចារ្យ​ជំរុញ​ឲ្យ​បុគ្គលិក​​មាន​ការ​ប្រកួតប្រជែង​ ចេះ​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ការ​វិវត្ត​​​នានា​របស់​ខ្លួន​នៅ​កន្លែង​ការងារ និង ការ​អភិវឌ្ឍ​ដោយ​ការ​ទំនួលខុសត្រូវ។

២. ការ​កែលម្អ

អ្នកគ្រប់គ្រង​ល្អ៖ ផ្តល់​គំនិត​យោបល់​ក្នុង​ន័យ​ស្ថាបនា។

អ្នក​គ្រប់គ្រង​​ដ៏​អស្ចារ្យ៖ ផ្តល់​គំនិត​យោបល់​ក្នុង​ន័យ​ស្ថាបនា កោត​សរសើរ​​លើ​​ចំណុច​ល្អ និង រិះគន់​ចំៗ​លើ​ចំណុច​ខ្វះខាត។ លើស​ពី​នេះ​អ្នក​​គ្រប់គ្រង​ដ៏​អស្ចារ្យ​គឺ​ជា​មនុស្ស​​សកម្ម​តែមួយគត់​ដែល​បង្កើត​​ឧត្តមគតិ​​ និង ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់រូប​យល់​​ឃើញ​ថា ​ខ្លួន​​គឺ​ជា​​​ប្រភព​នៃ​ចំណេះដឹង ​(Fountain of Knowledge) ដល់​បុគ្គលិក​ឯទៀត។

៣. ភាព​ជឿជាក់​​លើ​ការងារ​

អ្នកគ្រប់គ្រង​ល្អ៖ ​​ជឿជាក់​ទៅ​លើ​អ្វី​ដែល​អាច​ជោគជ័យ​បាន។​​

អ្នកគ្រប់គ្រង​ដ៏​អស្ចារ្យ៖ មាន​ជំនឿ​ និងជឿជាក់​ទៅ​លើ​អ្វី​ដែល​ថា​មិនអាច​ទៅ​រួច។ នៅ​ទី​នេះ​ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ ​​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ធ្វើ​ការងារ​ទាំងឡាយ​ណា​ដែល​​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា មិន​អាច​ទៅ​រួច។ អ្នកគ្រប់គ្រង​ប្រភេទ​នេះ ​យល់​ថា ការ​​ដែល​ធ្វើ​ការងារ​ដែល​មិនអាច​​ទៅ​រួច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​កាន់តែ​ច្រើន​ឡើង រួម​ទាំង​លើកកម្ពស់​ការ​​ប្តេជ្ញាចិត្ត និងការ​​ព្យាយាម​កាន់តែ​ល្អ​ឡើង។

៤. លទ្ធផល​ការងារ​

អ្នក​គ្រប់គ្រង​ល្អ៖ ​បាន​បំពេញ​ការងារ​ចប់​សព្វគ្រប់​។

អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ៖ បំពេញ​ការងារ​បាន​ចប់​សព្វគ្រប់​ដូច​អ្នក​គ្រប់គ្រង​ល្អ​ដែរ ប៉ុន្តែ​មាន​ប្រសិទ្ធភាព និងគុណភាព​ជាង​ និង​​​ផ្ដោត​លើ​លទ្ធផល​ដែល​ល្អ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

៥. ការ​ឲ្យ​តម្លៃ​​លើ​លទ្ធផល​ការងារ

អ្នក​គ្រប់គ្រង​ល្អ៖ ​ផ្តល់​ការ​កោតសរសើរ និង ទទួល​ស្គាល់​ស្នាដៃ​ល្អ​របស់​បុគ្គលិក​ណា​ដែល​​ខិតខំ​បំពេញ​ការងារ​។

អ្នកគ្រប់គ្រង​​ដ៏​អស្ចារ្យ៖ ការ​កោតសរសើរ​ និង ការ​ទទួល​ស្គាល់​ដល់​លទ្ធផល​ការងារ​របស់​បុគ្គលិក គឺ​ជា​ចំណុច​មួយ​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើ​ឡើង។ យ៉ាងណាមិញ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ចេះ​បញ្ចុះបញ្ចូល​​អ្នក​រួម​ការងារ​ប្រកាន់​ខ្ជាប់​​នូវ​​សមិទ្ធផល​​របស់​ខ្លួន​ជាប់​ជានិច្ច​គ្រប់​ពេល​វេលា និង ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ត្រូវ​បាន​​គេ​ឲ្យ​តម្លៃ។

៦. ការ​ចែក​រំលែក​គំនិត​យោបល់

អ្នក​គ្រប់គ្រង​ល្អ៖ ស្តាប់ និងទទួល​យក​គំនិត​យោបល់​របស់​បុគ្គលិក​ឯទៀត​។

អ្នក​គ្រប់គ្រង​​ដ៏​អស្ចារ្យ៖ បង្ខិតបង្ខំ​ឲ្យ​បុគ្គលិក និងអ្នក​រួម​ការងារ​បញ្ចេញ​គំនិត​យោបល់​ឲ្យ​បាន​ច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ​ បាន​ចិញ្ចឹម​ទុក​ក្តី​ស្រមៃ​របស់​ខ្លួន​ទៅ​ដល់​បុគ្គលិក​គ្រប់រូប និងលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ឡើង។​

៧. ភាព​ជា​គំរូ

អ្នក​គ្រប់គ្រង​ល្អ៖ បំពេញ​ការងារ​របស់​ខ្លួន​​យ៉ាង​ម៉ត់ចត់ និង ធ្វើ​អ្វី​មួយ​ដើម្បី​បង្កើត​ជា​​ភាព​ជា​គំរូ​ដល់​បុគ្គលិក​ឯ​ទៀត។

អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ៖ មិន​ខុស​ពី​អ្នក​គ្រប់គ្រង​ល្អ អ្នក​គ្រប់គ្រង​​ដ៏​អស្ចារ្យ​បំពេញ​ការងារ​​របស់​ខ្លួន​យ៉ាង​ស្វាហាប់ ហើយ​មិន​ត្រឹម​តែ​ធ្វើ​អ្វី​មួយ​​ផ្តល់​ភាព​ជា​គំរូ​ដល់​បុគ្គលិក​​ឯទៀត​​នោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ចូលរួម​អនុវត្ត​​ការងារ​ជា​ក្រុម​ជា​មួយ​ពួកគេ​​​​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត​ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ​​ក៏​ជា​​​​បុគ្គល​ដែល​មិន​ខ្លាច​នឿយហត់​ និង ​តែង​ចូលរួម​សកម្មភាព​ការងារ​យ៉ាង​ផុសផុល​ជាជាង​​ផ្ទេរ​​ការ​ទទួល​ខុសត្រូវ​​ដល់​បុគ្គលិក​។​​​​​

៨. ជំនាញ​វិជ្ជាជីវៈ

អ្នកគ្រប់គ្រង​ល្អ៖ មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់។

អ្នកគ្រប់គ្រង​ដ៏​អស្ចារ្យ៖ មិន​ត្រឹមតែ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​នោះ​ទេ ថែមទាំង​បង្ហាញ​ភាព​ស្មោះត្រង់​ដល់​​មនុស្ស​ឯទៀត និង ​មាន​បុគ្គលិក​លក្ខណៈ​ជា​មនុស្ស​មាន​គុណធម៌​ពិតៗ។ ស្រប​​ពេល​ដែល​ជំនាញ​វិជ្ជាជីវៈ​ជា​អ្វី​ដែល​គួរ​ឲ្យ​តម្លៃ អ្នក​គ្រប់គ្រង​​ដ៏​អស្ចារ្យ​ក៏​មិន​ភ្លេច​ដែរ​នូវ​ការ​ចែករំលែក​ចំណេះ​ដឹង​ទាំង​នេះ​ប្រកបដោយ​​ទំនួលខុសត្រូវ និង ការ​លើកទឹកចិត្ត​នេះ​ឯង។

៩. ការ​ផ្តល់​ឱកាស​ការងារ​ដល់​បុគ្គលិក​

អ្នកគ្រប់គ្រង​ល្អ៖ ធានា​ថា​ បុគ្គលិក​នីមួយ​នឹង​មិន​ដើរ​ហួស​ពី​ព្រំដែន​​​ការងារ​របស់​ខ្លួន​នោះ​ឡើយ។

អ្នក​គ្រប់គ្រង​​ដ៏​អស្ចារ្យ៖ ​គ្រប់គ្រង​​ដល់​បុគ្គលិក​គ្រប់រូប​ជាង​ការ​ចាំបាច់ ដោយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បុគ្គលិក​ម្នាក់​មាន​ការ​ប្រកួតប្រជែង​​ និង បំពេញ​​ការងារ​​​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ចេញ​មក​ក្រៅ​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ទៅ​​កាន់​សមាជិក​​​ឯទៀត​។

១០. សីលធម៌​

អ្នក​គ្រប់គ្រង​ល្អ​៖ មិន​ចេះ​វាយឬក ឬ ឆ្មើងឆ្មៃ​នោះ​ឡើយ ពោល​គឺ​ចេះ​បន្ទាប់​ខ្លួន​ដល់​​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង។

អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ៖ ក៏​ចេះ​បន្ទាប់​ខ្លួន​ដូច​អ្នក​គ្រប់គ្រង​ល្អ​ដែរ តែ​បាន​ដាក់​តម្រូវ​ការ​របស់​បុគ្គលិក​ជា​រឿង​អាទិភាព​ជាជាង​ផល​ប្រយោជន៍​របស់​ខ្លួន និង​មិន​ធ្វើ​ឲ្យ​មុខតំណែង ឬ រឿង​ប្រាក់​ខែ​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការ​មិន​ចុះសម្រុងគ្នា​​នាំ​ឲ្យ​បាក់បែក​ទំនាក់ទំនង​ពី​បុគ្គលិក​ម្នាក់​ទៅ​បុគ្គលិក​ម្នាក់​ទៀត​នោះ​ឡើយ។ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ​បង្រៀន​​ក្រុម​ការងារ​គ្រប់រូប​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ និងការ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​អាជីព​ការងារ​របស់​ពួកគេ។


អត្ថបទទាក់ទង

ភាពខុសគ្នា ៦ ចំណុច រវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង

Leave a Reply

Your email address will not be published. Required fields are marked *