ភាពខុសគ្នា ៦ ចំណុច រវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង
អំណាចនៃការដឹកនាំ បានមកពីសមត្ថភាពក្នុងទិញទឹកចិត្តពីអ្នកដទៃ។ អ្នកដឹកនាំ ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេបង្កើតឲ្យមានការផ្លាស់ប្ដូរ។ ខណៈការគ្រប់គ្រង (Management) ធានាថាបុគ្គលិកអាចបំពេញតាមតម្រូវការ និងប្រកាន់ខ្ជាប់នូវគោលការណ៍អង្គភាព។ ការដឹងអំពីភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ (Leadership) និង ការគ្រប់គ្រង (Management) ជួយអ្នកយល់ដឹងកាន់តែច្បាស់ពីតួនាទីក្នុងអង្គភាពរបស់អ្នក។ តាមរយៈការបែងចែកភាពខុសគ្នា អ្នកនឹងអាចសម្រួចសមត្ថភាពរបស់អ្នកទៅដល់កម្រិតសក្ដានុពលខ្ពស់បំផុត។ ភាពជាអ្នកដឹកនាំ (Leadership) និង ការគ្រប់គ្រង (Management) មានលក្ខណៈផ្សេងៗគ្នា និងការផ្ដោតផ្សេងគ្នាផងដែរ។
តើភាពជាអ្នកដឹកនាំជាអ្វីឱ្យពិតប្រាកដ?
អំណាចរបស់មេដឹកនាំកើតចេញពីសមត្ថភាពរបស់គេក្នុងការធ្វើឱ្យអ្នកដទៃធ្វើតាមគំនិតនិងការចង់បានរបស់គេ។ គេប្រើប្រាស់ឥទ្ធិពលដើម្បីប្រជែងនិងឈានទៅរកភាពច្នៃប្រឌិតថ្មី។ លោក ភីតថឺ ដ្រាក់ឃឺ (Peter Drucker) ពន្យល់ថា “និយមន័យរបស់អ្នកដឹកនាំ គឺមនុស្សម្នាក់ដែលមានអ្នកដើរតាម។ ដើម្បីមានអ្នកដើរតាម គេត្រូវមានឥទ្ធិពល ប៉ុន្តែឥទ្ធិពលនោះ ក៏ត្រូវមានសុចរិតភាពដែរ។”
តើអ្វីទៅជាការគ្រប់គ្រង?
អ្នកគ្រប់គ្រង មានភារកិច្ចធានាឱ្យបានថាបុគ្គលិកធ្វើការស្របតាមការកំណត់ និងគោលនយោបាយរបស់ក្រុមហ៊ុន។ គេជាអ្នកតាមដានលម្អិត និងធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់សម្រេចគោលដៅដែលកំណត់ដោយអ្នកដឹកនាំ។ អ្នកគ្រប់គ្រង ជាមនុស្សដែលមានសមត្ថភាព និងទំនួលខុសត្រូវ ប៉ុន្តែវិភាគទានរបស់អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន គឺធ្វើតាមគេប្រាប់។ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង មានលក្ខណៈខុសគ្នា និងមានការផ្តោតផ្សេងៗគ្នាដូចជា៖
១. ផ្តោតលើគោលដៅ និងទស្សនវិស័យ vs ផ្តោតលើភារកិច្ចចំពោះមុខ
មេដឹកនាំ ជាមនុស្សដែលផ្តោតលើទស្សនវិស័យ និងគោលដៅរបស់ក្រុមហ៊ុន គឺសម្លឹងមើលរូបភាពទ្រង់ទ្រាយធំ និងគិតដល់មធ្យោបាយថ្មីៗ ដើម្បីសម្រេចទស្សនវិស័យរបស់គេ។ អ្នកគ្រប់គ្រងជាមនុស្សពូកែខាងធ្វើការ។ ទោះជាអ្នកគ្រប់គ្រងខ្លះយកចិត្តទុកដាក់រឿងទស្សនវិស័យរបស់ក្រុមហ៊ុន ក៏ការងារស្នូលរបស់គេគឺត្រូវអនុត្តតាមគោលការណ៍។ អ្នកគ្រប់គ្រងជាមនុស្សអនុវត្តគំនិតសម្រាប់អ្នកដឹកនាំ។
២. ជំរុញ vs យល់ព្រម
នៅពេលសាកល្បងធ្វើកិច្ចការថ្មី ការប្រថុយចំពោះបរាជ័យនឹងកើនឡើងខ្ពស់។ មេដឹកនាំត្រូវតែជាមនុស្សជំរុញកម្លាំងចិត្តខ្លួននិងអ្នកដទៃ។ គេចងភ្ជាប់អ្វីៗគ្រប់យ៉ាងទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនទស្សនវិស័យរឹងមាំ មេដឹកនាំនឹងប្រើប្រាស់ទស្សនវិស័យនេះជាកម្លាំងប្រមូលផ្តុំ។ នៅពេលគ្រប់គ្រងមនុស្ស គោលដៅចម្បងរបស់អ្នកគ្រប់គ្រងគឺសម្រេចថាតើកិច្ចការនៅក្រោមបង្គាប់សម្រេចបានដូចការកំណត់ទុកឬទេ ហើយតើគួរតែអនុញ្ញាត ឬមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្រៅព្រំដែនការងារដែរឬទេ។
៣. ចិញ្ចឹមគំនិត vs បែងចែកភារកិច្ច
មេដឹកនាំរីកចម្រើនតាមរយៈការអភិវឌ្ឍគំនិតថ្មីៗ។ គេពង្រីកព្រំដែននាំការគិត ហើយគេដឹងថាបើគេលើកទឹកចិត្តឱ្យមនុស្សកាន់តែច្រើនគិតហួសពីកម្រិតធម្មតា ការបំផុសគំនិតរួមរបស់ក្រុមនឹងជំរុញការច្នៃប្រឌិតថ្មីៗបានកាន់តែច្រើន។ អ្នកគ្រប់គ្រងមិនអាចរីកបណ្តោយឱ្យមានការគិតដោយសេរីបានទេ ពីព្រោះបើធ្វើបែបនេះគេនឹងមិនអាចបំពេញការរំពឹងទុករបស់ក្រុមហ៊ុនបានទេ។ ការប្រាប់ឱ្យមនុស្សធ្វើតាមគោលការណ៍ជាវិធីតែមួយគត់ដែលគេអាចធានាដល់ការគ្រប់គ្រងបុគ្គលិកបានល្អ។
៤. លើកទឹកចិត្ត vs ណែនាំ
បន្ទាប់ព្រំដែនរវាងការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំលែងសូវមានលក្ខណៈច្បាស់ហើយត្រង់ចំណុចមួយនេះ គឺអាស្រ័យលើរបៀបដែលអ្នកគ្រប់គ្រងប្រើប្រាស់តួនាទីរបស់គេ។ ទីបំផុតទៅ មេដឹកនាំផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់បុគ្គលិកឱ្យហ៊ានគិតនិងមើលឱ្យផុតពីអ្វីដែលនៅចំពោះមុខ។
ចំណែកអ្នកគ្រប់គ្រងវិញក៏អាចជាមនុស្សដែលចាំលើកទឹកចិត្តបុគ្គលដែរ ប៉ុន្តែការងារស្នូលរបស់គេគឺប្រាប់របៀបធ្វើការឱ្យបានត្រឹមត្រូវ។
៥. លក់គំនិត vs ប្រាប់គំនិត
ដោយសារមេដឹកនាំតែងតែគិតដល់ការច្នៃប្រឌិតថ្មីៗ គេត្រូវតែធ្វើយ៉ាងណាឱ្យអ្នកដទៃជឿជាក់ថាគំនិតរបស់គេមានតម្លៃ។ ត្រូវចងចាំថាគេទទួលបានអំណាចតាមរយៈការធ្វើឱ្យមនុស្សជឿលើការគិតរបស់គេ។ផ្ទុយទៅវិញ អ្នកគ្រប់គ្រងមិនចាំបាច់លក់គំនិតទេ ពីព្រោះតួនាទីរបស់គេគឺត្រូវអនុវត្តគោលការណ៍។ ប្រសិនបើមាននរណាម្នាក់មិនធ្វើតាមគោលការណ៍ អ្នកគ្រប់គ្រងជាអ្នកណែនាំនិងប្រាប់អំពីរបៀបធ្វើការដែលត្រូវត្រូវ។
៦. ហ៊ានប្រថុយ vs កាត់បន្ថយហានិភ័យ
គ្រប់ពេលដែលអ្នកសាកល្បងកិច្ចការថ្មី អ្នកហ៊ានប្រថុយ។ មេដឹកនាំហ៊ានប្រថុយតាមរយៈការធ្វើខុសដើម្បីរុញច្រានការផ្លាស់ប្តូរអ្នកគ្រប់គ្រងជាមនុស្សដែលចាំកាត់បន្ថយកំហុសឆ្គងក្នុងការអនុវត្តឱ្យនៅតិចបំផុត។ គេត្រូវធ្វើយ៉ាងណាឱ្យបុគ្គលិកធ្វើកិច្ចការតាមតួនាទីនិងការណែនាំឱ្យបានត្រឹមត្រូវដើម្បីជៀសផុតពីកំហុស។
ជារួមមក ការធ្វើជាអ្នកគ្រប់គ្រងអស្ចារ្យ មិនអាចធ្វើឱ្យមនុស្សម្នាក់ក្លាយជាមេដឹកនាំខ្លាំងពូកែទេ។ អ្នកគ្រប់គ្រង និងអ្នកដឹកនាំ ជាមុខតំណែងពីរខុសពីគ្នាស្រឡះ។ ការស្គាល់ចំណុចខុសគ្នារវាងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង អាចជួយអ្នកឱ្យយល់តួនាទីរបស់អ្នកបានកាន់តែប្រសើរឡើងនៅក្នុងស្ថាប័នការងារ។ តាមរយៈការទទួលស្គាល់ភាពខុសគ្នា អ្នកអាចសម្រួចសមត្ថភាពដើម្បីសម្រេចបានសក្តានុពលរបស់អ្នកយ៉ាងពេញលេញ។ ការស្គាល់ចំណុចបែងចែកអ្នកគ្រប់គ្រង និងអ្នកដឹកនាំ ក៏ជួយអ្នកឱ្យរកឃើញតុល្យភាពនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងបានដែរ។
សម្រួលពី៖ Leadership vs Management: Is One Better Than the Other? by Leon Ho, Lifehack
អត្ថបទទាក់ទង