តើអ្វីជាទីផ្សារប្រកួតប្រជែងពេញលេញ និងមិនពេញលេញ?
ទីផ្សារ គឺជាស្ថានភាពមួយ ដែលអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាណាមួយជួបគ្នា និងមានការស្រុះស្រួលក្នុងការដោះដូរទំនិញ ឬសេវានោះក្នុងកម្រិតថ្លៃ និងបរិមាណដែលព្រមព្រៀងគ្នា។ ហើយការប្រកួតប្រជែងក្នុងទីផ្សារ គឺជាការដណ្តើមនូវឧត្តមភាពក្នុងការលក់ផលិតផល ឬសេវាកម្ម។ រាល់ថ្ងៃនេះ ពួកយើងគ្រប់គ្នា សុទ្ធតែមានតម្រូវការក្នុងការទិញទំនិញ និងសេវា ហើយអ្នកផលិតវិញមមាញឹកក្នុងការផ្គត់ផ្គង់ ហើយកត្តាធំៗពីរនេះ បានធ្វើឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារឥតឈប់ឈរ។ យ៉ាងណាមិញ យើងប្រហែលជាមិនចាប់អារម្មណ៍ថាតើការប្រកួតប្រជែងក្នុងទីផ្សារ មានរចនាសម្ព័ន្ធ និងលក្ខណៈយ៉ាងណាខ្លះ។
ការប្រកួតប្រជែងក្នុងទីផ្សារ មាន២ប្រភេទ គឺទីផ្សារប្រកួតប្រជែងពេញលេញ (Perfect Competition) និងទីផ្សារប្រកួតប្រជែងមិនពេញលេញ (Imperfect Competition)។
ទីផ្សារប្រកួតប្រជែងពេញលេញ គឺជាទ្រឹស្ដីក្នុងសេដ្ឋកិច្ចមួយដែលសំដៅលើរចនាសម្ព័ន្ធទីផ្សារមួយដែលត្រូវបានគ្រប់គ្រងដោយកម្លាំងទីផ្សារ។ កម្លាំងទីផ្សារ មានដូចជាការផ្គត់ផ្គង់ តម្រូវការ និងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងបរិបទទីផ្សារពិតប្រាកដ រចនាសម្ព័ន្ធទីផ្សារប្រកួតប្រជែងពេញលេញ មិនអាចកើតមានបានទេ ដោយសារតែដើម្បីកំណត់បានថា ទីផ្សារនោះ មានការប្រកួតប្រជែងល្អឥតខ្ចោះ៖
- ក្រុមហ៊ុនត្រូវផលិតទំនិញដូចគ្នាបេះបិទ
- បរិបទទីផ្សារដែលទំនិញត្រូវកំណត់តម្លៃដោយការផ្គត់ផ្គង់ និងតម្រូវការ ហេតុដូចនេះ ក្រុមហ៊ុន មិនអាចគ្រប់គ្រង និងកំណត់តម្លៃទំនិញរបស់ខ្លួនបានឡើយ
- ក្រុមហ៊ុនផលិត គឺទទួលបានចំណែកទីផ្សារស្មើរៗគ្នា
- អ្នកទិញមានពត៌មានគ្រប់គ្រាន់ទាក់ទងនឹងទំនិញ និងតម្លៃ
- ទីផ្សារដែលមានឧបសគ្គទាប ឬគ្មានឧបសគ្គក្នុងការចូលឬចេញ
គួរបញ្ជាក់ផងដែរថា ក្នុងទីផ្សារប្រកួតប្រជែងពេញលេញ គឺមានអ្នកលក់ច្រើន និងអ្នកទិញច្រើន ប៉ុន្តែអ្នកលក់ទាំងអស់ គឺមានចំណេះដឹង និងពត៌មានអំពីទំនិញរបស់ពួកគេស្មើៗគ្នា មិនមានអ្នកណាល្អជាងអ្នកណាទេ។
ចំណែកទីផ្សារប្រកួតប្រជែងមិនពេញលេញវិញ គឺជារចនាសម្ព័ន្ធទីផ្សារដែលកើតមានឡើងនៅពេលដែលមិនមានលក្ខខណ្ឌណាមួយក្នុងទីផ្សារប្រកួតប្រជែងពេញលេញ។ ស្ទើរតែគ្រប់ប្រភេទនៃអាជីវកម្ម និងសហគ្រាសហើយ ដែលមានការប្រកួតប្រជែងមិនពេញលេញ ដោយសារតែទំនិញ គឺខុសៗគ្នា ហើយតម្លៃមិនបានកំណត់ដោយការផ្គត់ផ្គ់ និងតម្រូវការទេ រីឯអ្នកទិញ ក៏មិនមានពត៌មានអំពីទំនិញគ្រប់គ្រាន់ដែរ ហើយជាក់ស្ដែង គឺការប្រកួតប្រជែងមិនពេញលេញនេះ ពិតជាមានក្នុងបរិបទទីផ្សារពិតប្រាកដមែន។ ម្យ៉ាងទៀត នៅក្នុងការប្រកួតប្រជែងមិនពេញលេញនេះ ក៏មានបែងចែកប្រភេទទីផ្សារផ្សេងៗទៀតដូចជា៖
Monopoly (អ្នកលក់មានតែមួយគត់ អ្នកទិញមានច្រើន)
ទីផ្សារនេះ គឺមានអ្នកផ្គត់ផ្គង់ទំនិញ និងសេវាតែមួយគត់ មិនមានដៃគូរប្រកួតប្រជែងទេ ហើយអ្នកផ្គត់ផ្គង់តែមួយនឹងអាចគ្រប់គ្រងទីផ្សារនោះផ្ដាច់មុខ។
Oligopoly (អ្នកលក់មាន ៣-៤ អ្នកទិញមានច្រើន)
ទីផ្សារនេះ អ្នកលក់មានតិច ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាប្រភេទក្រុមហ៊ុន ឬសហគ្រាសធំៗដែលផ្គត់ផ្គង់ទំនិញ។ ឧទាហរណ៍ ក្រុមហ៊ុនផលិតប្រេងសាំង និងទូរស័ព្ទជាដើម។
Monopolistic (អ្នកលក់មានច្រើន ហើយលក់ទំនិញស្រដៀងគ្នា)
ទីផ្សារ មានលក់ទំនិញស្រដៀងគ្នាច្រើន តែការប្រកួតប្រជែងមិនសូវមានខ្លាំងទេ ដោយសារទំនិញមិនដូចគ្នា អាចប្រើប្រាស់សម្រាប់តម្រូវការខុសគ្នា ដូចនេះហើយតម្លៃទំនិញនីមួយៗ គឺកំណត់ដោយក្រុមហ៊ុនផ្ទាល់ ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលលក់ផលិតផលស្រដៀងគ្នាទេ។
ឧទាហរណ៍ ក្រុមហ៊ុនលក់សាប៊ូ អាចមានក្រុមហ៊ុនលក់សាប៊ូកក់សក់ ក្រុមហ៊ុនលក់សាប៊ូដុះខ្លួន ក្រុមហ៊ុនលក់សាប៊ូលាងដៃ។
Monopsony (អ្នកលក់ច្រើន អ្នកទិញមានតិច)
ក្នុងទីផ្សារនេះ គឺអ្នកលក់អាចមានច្រើន ប៉ុន្តែអ្នកទិញ គឺមានតិច ដោយសារតម្រូវការមិនមានសម្រាប់គ្រប់គ្នាទេ។ ឧទាហរណ៍ ក្រុមហ៊ុនផលិតគ្រឿងអាវុធ ជាដើម។
ក្នុងគ្រប់រចនាសម្ព័ន្ធទីផ្សារ គឺសុទ្ធសឹងតែមានផលវិជ្ជមាន និងផលអវិជ្ជមាន ចំពោះទាំងអ្នកលក់ និងអ្នកទិញ។
អត្ថបទទាក់ទង