វិធីសាស្ត្រ ៤ យ៉ាង ដើម្បីលើកទឹកចិត្តអ្នកកើតក្នុងជំនាន់សហស្សវត្សក្នុងកន្លែងការងារ

មនុស្ស​ជំនាន់​​​សហស្សវត្ស‍រ៍ គឺ​អ្នក​ដែល​កើត​នៅ​​ទសវត្សរ៍​​១៩៨០ ​និង​១៩៩០ ពោលគឺជាអ្នកដែល​មាន​អាយុ​ពី ​១៨​ឆ្នាំ​ ទៅ​ ៣៤​ឆ្នាំ​។ ទោះបីជា​អ្នកកើតក្នុងជំនាន់សហស្សវត្ស មាន​ការអប់រំខ្ពស់ និងសមត្ថភាពខាង​បច្ចេកវិជ្ជាក៏ដោយ ប៉ុន្តែពួកគេជាអ្នកផ្លាស់ប្តូរការងារញឹកញាប់បំផុត។ ការសិក្សាបានបង្ហាញ​ថា មនុស្សក្នុងជំនាន់នេះ ជាទូទៅ ស្ថិតនៅក្នុងការងារមួយរយៈពេលប្រហែលពីរឆ្នាំ។ និយោជក ពិតជា មិនចូលចិត្តទេ ការដែលថា ​និយោជិតទាំង​នេះ មិនស្មោះត្រង់នឹងក្រុមហ៊ុន និងងាយផ្លាស់ប្តូរការងារជាប្រចាំ។ អាស្រ័យហេតុនេះហើយ ពួកគេតែងតែរកវិធី ដើម្បីរក្សានិយោជិតទាំងនេះ​នៅកន្លែងការងារ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដើម្បីលើកទឹកចិត្តអ្នកកើតក្នុងជំនាន់សហស្សវត្ស និងធ្វើឲ្យពួកគេក្លាយជា​បុគ្គលិក​ដ៏ស្មោះ​ត្រង់។

១. បណ្តុះបណ្តាលពួកគេ

អ្នកកើតក្នុងជំនាន់សហស្សវត្សចូលចិត្តអភិវឌ្ឍជំនាញរបស់ពួកគេ ហើយអាស្រ័យហេតុនេះហើយ ពួកគេត្រូវការដំបូន្មាន និង​ព័ត៌​មាន​តបមួយចំនួន។ ចូរធ្វើឲ្យពួកគេបន្តការរីកចម្រើនដោយ​ព័ត៌មានឆ្លើយតបជាប្រចាំ។ កុំបង្គាប់ពួកគេនូវអ្វីដែលពួកគេគួរធ្វើ។ ចូរពន្យល់​ពួកគេ​ពី​ហេតុផលដែលពួកគេគួរធ្វើវា។ ជាងនេះទៅទៀត បើពួកគេចង់ធ្វើកិច្ចការតាមវិធីខុសពីវិធីរបស់អ្នក ប៉ុន្តែផ្តល់លទ្ធផលដូចគ្នា ចូរ​អនុញ្ញាត​ឲ្យ​ពួកគេធ្វើវាទៅ។ កុំប្រាប់ពួកគេថា ពួកគេធ្វើអ្វីគ្រប់បែបយ៉ាងតាមវិធីរបស់អ្នក។

២. ផ្តល់ភាពបត់បែន និងចល័តភាព

ភាពបត់បែនក្នុងការធ្វើការងារ មានសារៈសំខាន់សម្រាប់អ្នកកើតក្នុងជំនាន់នេះ។ ដោយសារអ្នកកើតក្នុងជំនាន់សហស្សវត្សដឹង និង​ចូល​ចិត្តបចេ្ចកវិជ្ជា ពួកគេចូលចិត្តធ្វើការនៅគ្រប់ទីកន្លែងដែលមានអ៊ីនធើណេតនៅក្នុងម៉ោងដែលអាចបត់បែនបាន។ ជាងនេះទៅទៀត ពួកគេ​ត្រូវការភាពអាចបត់បែនបាននៅក្នុងការងាររបស់ពួកគេ។ ចូរបង្កើតកម្មវិធីសម្រាប់ពួកគេ ដែលក្នុងនោះ ពួកគេអាច​ប្តូរអង្គភាព ឬការិយា​ល័យ​នៅ​ទូទាំងប្រទេស ឬនៅទូទាំងពិភពលោក។ អ្នកកើតនៅក្នុងសហស្សវត្ស មិនចូលចិត្តនៅមូយកន្លែងទេ ដូច្នេះហើយពួកគេចូលចិត្តស្វែង​រកកន្លែង​​ខុសៗគ្នា។ បើអ្នកបង្ខំពួកគេឲ្យនៅក្នុងបរិស្ថានដដែលៗរយៈពេលយូរ ឬអង្គុយនៅក្បែរតុការងារពេញមួយថ្ងៃ ពួកគេនឹងមិនសប្បាយ​ចិត្ត ហើយ​លទ្ធ​ផលការងាររបស់ពួកគេនឹងធ្លាក់ចុះ។ អាស្រ័យហេតុនេះហើយ ចូរទុកឲ្យពួកគេទទួលបាននូវភាពអាចបត់បែនបាន និងអាច​ចល័តបាន។

៣. វិនិយោគលើពួកគេ

អ្នកកើតក្នុងជំនាន់សហស្សវត្ស ចង់ធ្វើឲ្យវិជ្ជាជីវៈរបស់ពួកគេរីកចម្រើនឡើង និងបង្កើនជំនាញរបស់ពួកគេ។ ពួកគេចូលចិត្ត​កម្មវិធីបណ្តុះ​បណ្តាលរបស់ក្រុមហ៊ុន ឬវត្ថុលើកទឹកចិត្ត ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម។ ពួកគេក៏ចូលចិត្តការប្រឈមថ្មីៗ និងដោះ​ស្រាយ​បញ្ហាប្រឈម​ទាំងនោះ។ ចូរផ្តល់ឲ្យពួកគេនូវឱកាស ដើម្បីអភិវឌ្ឍ និងប្រើប្រាស់ជំនាញថ្មីដែលពួកគេទទួលបានដោយ​ប្រគល់គម្រោងខុសៗ​គ្នាដល់ពួកគេ។

៤. ទុកឲ្យពួកគេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

យោងតាមការសិក្សាធ្វើឡើងដោយក្រុមហ៊ុន Cisco បានបង្ហាញថា ជាងពាក់កណ្តាលនៃនិស្សិតទូទាំងពិភពលោក (៥៦ភាគរយ) បាន​និយាយ​ថា​ បើពួកគេជួបប្រទះក្រុមហ៊ុនដែល​ហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេអាចនឹងមិនទទួលយកការផ្តល់ការងារ ឬអាចនឹង​ចូលរួម និងស្វែងរកវិធីមួយ ដើម្បីជៀសវាងគោលនយោបាយក្រុមហ៊ុន។ កុំភ្លេចថា មនុស្សក្នុងជំនាន់នេះ ចូលចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ដើម្បីបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ ជៀសជាងការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរផ្តល់ឲ្យពួកគេនូវ​បរិស្ថានស្រដៀងគ្នាដូចជាការទំនាក់ទំនងគ្នាក្នុងក្រុមហ៊ុន ជាទីដែលពួកអាចបន្តបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងកន្លែង​ការ​ងារ។

សម្រួលពី៖ Ceren Cubukcu, How to Motivate Millennials in the Workplace, Personal Branding Blog (October 13, 2015)


អត្ថបទទាក់ទង

ជំហានទាំង ៤ ដើម្បីបង្កើតវប្បធម៌ឈ្នះៗនៅក្នុងស្ថាប័ន

Leave a Reply

Your email address will not be published. Required fields are marked *