ការធ្វើផែនការយុទ្ឋសាស្រ្ត ដើម្បីកសាងឧត្តមភាពប្រកួតប្រជែង

យុទ្ធសាស្ត្រ ​គឺ​សំដៅលើការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​។ ​នេះ​មានន័យថា ជា​សំណុំ​នៃ​ផែនការ ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​សម្រេច​ទិសដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង ក្នុង​គោលបំណង​ដើម្បី​អនុវត្តឲ្យ​ទទួលបាន​ភាពជោគជ័យ​។​

១. ការបង្កើតយុទ្ធសាស្រ្ត

ការបង្កើតយុទ្ធសាស្រ្តដើម្បើជោគជ័យនៅក្នុងដំណើរការប្រតិបត្តិការរបស់អាជីវកម្ម ត្រូវបានគេចាត់ទុកថា ជាសកម្មភាពថ្មីមួយដ៏មានសារៈសំខាន់បំផុត។ ជាការពិត សហគ្រិនភាគច្រើន តែងតែសុទិដ្ធិនិយមទៅលើការចាប់ផ្ដើមទៅលើអាជីវកម្មរបរបស់ខ្លួន ដោយមិនបានគិតទៅដល់ការបរាជ័យដែលបណ្ដាលមកពីការខកខានមិនបានបង្កើតយុទ្ធសាស្រ្តសមស្រប ដែលធ្វើឲ្យពួកគេមានឧតម្តភាពជាងគូប្រកួតប្រជែងនោះទេ។ ពេលខ្លះ សហគ្រិនមួយចំនួន បានគិតទៅដល់ការបង្កើតយុទ្ធសាស្រ្ត ដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុន តែផ្ទុយទៅវិញ យុទ្ធសាស្រ្តរបស់ពួកគេ បែរជាគ្មានប្រសិទ្ធភាព។

បើងាកមើលទៅក្រោយបន្តិច នោះយើងនឹងឃើញសហគ្រិនជាច្រើន បានទទួលជោគជ័យយ៉ាងត្រចះត្រចង់អំពីមុខរបររបស់ពួកគេ។ តែទោះបីជាយ៉ាងនេះក្ដី ឱកាសជោគជ័យរបស់ពួកគេ លែងមានច្រើនដូចមុនទៀតហើយ ព្រោះថានាពេលបច្ចុប្បន្នកាលនេះ ដំណើរប្រតិបត្តិការអាជីវកម្មមានភាពសម្បូរបែប និងពោលពេញទៅដោយការប្រគួតប្រជែងយ៉ាងក្ដៅគគុកនៅលើទីផ្សារសេរី។

ដូចជាយើងដឹងស្រាប់ហើយថា នៅក្នុងសេដ្ឋកិច្ចទីផ្សារ រាល់ភ្នាក់ងារសេដ្ឋកិច្ចទាំងអស់ ត្រូវបានរដ្ធាភិបាលអនុញ្ញាតយ៉ាងទូលំទូលាយនៅក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនគ្មានគំនាបសង្កត់ ដែលមានន័យថា ភ្នាក់ងារសេដ្ឋកិច្ចនីមួយនីមួយៗ មានសិទ្ធជ្រើសរើសក្នុងការផ្គត់ផ្គង់ទំនិញ និងសេវាកម្ម រីឯអ្នកប្រើប្រាស់វិញ មានសិទ្ទជ្រើសរើសយកប្រភេទទំនិញ និងសេវាកម្មទាំងឡាយណាដែលអាចបំពេញតម្រូវការរបស់ពួកគេបានតាមសំណូមពរ។ ដូច្នេះ ការរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារ រឹតតែបើកចំហកាន់តែខ្លាំងឡើងដល់ការប្រកួតប្រជែងរាល់មុខជំនួញនៅក្នុងទីផ្សារ។ ការនេះ ជាបុព្វហេតុមួយដែលជំរុញឱ្យសហគ្រិនទាំងឡាយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដែលធ្វើយ៉ាងណាអាចឱ្យពួកគេឈរជើងនៅលើទីផ្សារបាន។ សហគ្រិនទាំងឡាយ គួរចងចាំថា ការប្រតិបត្តិការអាជីវកម្មដែលពុំមានផែនការសកម្មភាពច្បាស់លាស់ វាមិនខុសអ្វីពីអ្នកសាងសង់ផ្ទះគ្មានប្លង់ (គម្រោង) ផ្ទះអញ្ចឹងដែរ។ ក្រុមហ៊ុនដែលទទួលជោគជ័យនៅក្នុងដំណើរអាជីវកម្មរបស់ខ្លួនដោយគ្មានយុទ្ធសាស្រ្ដច្បាស់លាស់នោះ គឺគ្រាន់តែស្ដិតនៅក្នុងដំណើរការខ្លីប៉ុណ្ណោះ ប៉ុន្តែនៅពេលភ្លាមនោះស្រាប់តែលក្ខខណ្ឌនៃការប្រកួតប្រជែងរឹតតែតានតឹង ឬការគំរាមកំហែងជាយថាហេតុណាមួយកើតឡើង នោះពួកគេនឹងជួបឧបសគ្គ ដែលនឹងអាចជំរុញឱ្យពួកគេចាកចេញពីអាជីវកម្ម ប្រៀបដូចនឹងមនុស្សពិការភ្នែកដែលកំពុងតែធ្វើដំណើរលើដងផ្លូវដែលនឹងដួលដោយសាតែធ្លាក់គ្រលុក។

នៅក្នុងមជ្ឈដ្ឋានប្រកួតប្រជែងដ៏ស្រួចស្រាវរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ មិនថាអាជីវកម្មធំ ឬតូចឡើយ ប្រការដែលមិនបានគិតពីចារណា នឹងធ្វើសកម្មភាពជាយុទ្ធសាស្ត្រមេនោះ គឺងាយនឹងរងគ្រោះជាទីបំផុត។ រាល់កិច្ចប្រតិបត្តិការរបស់អាជីវកម្មទាំងឡាយដែលពុំមានការរៀបចំផែនការយុទ្ធសាស្រ្ដត្រឹមត្រូវនៅក្នុងបរិយាការប្រកួតប្រជែងដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ អនាគតនៃអាជីវកម្មនោះ ក៏កំពុងស្ថិតនៅក្នុងភាពមិនពិតប្រាកដប្រជាផងដែរ។ ចាប់តាំងពីមានការប្រែប្រួលផ្នែកនយោបាយជុំវិញពិភពលោក នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់ររហ័ស បាននាំឲ្យមានការប្រកួតប្រជែងរឹតតែខ្លាំងឡើងថែមទៀត រួមជាមួយនឹងការកកើតមានឡើងនូវប្រភេទទីផ្សារថ្មីៗជាច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជារនាំងយ៉ាងធំបាំងនៅពីមុខម្ចាស់អាជីវកម្ម (សហគ្រិន) មួយចំនួនធំ។ សហគ្រិន ចាំបាច់ត្រូវតែអភិវឌ្ឍនូវផែនការជាក់លាក់មួយ ដើម្បីទប់ទល់ទៅនឹងការប្រែប្រួល និងឧបសគ្គទាំងអស់នេះ។

និយាយឲ្យខ្លី អាជីវកម្មប្រៀបបានទៅនឹងល្បែងមួយដែលយើងកំពុងភ្នាល់យ៉ាងដូច្នេះ។ អាជីវកម្មបន្តរស់ មានន័យថា យើងឈ្នះល្បែង តែផ្ទុយទៅវិញ បើយើងចាកចេញពីអាអាជីវកម្ម មានន័យថា យើងចាញ់ល្បែង។ ជាទូទៅ គោលការណ៍នៃការប្រកួតប្រជែង តែងតែមានសភាពប្រែប្រួលយ៉ាងគំហុក។ ដូច្នេះ ដើម្បីទទួលបានជោគជ័យ សហគ្រិនមួយចំនួន អាចនឹងបោះបង់នូវទម្លាប់ចាស់របស់ខ្លួនដែលតែងតែធ្វើពីមុនមក។ ជាលទ្ធផល អ្នកគ្រប់គ្រង់អាជីវកម្មខ្នាតតូចដែលទទួលបានជោគជ័យត្រូវការអាវុធដ៏មានអំណាចមួយ ដើម្បីយកជ័យជំនះលើគូប្រកួតរបស់ខ្លួននោះ គឺដំណើរការនៃការគ្រប់គ្រងជាយុទ្ធសាស្ត្រ (process of strategic management)។ ការគ្រប់គ្រងជាយុទ្ធសាស្រ្ដ (Strategic management) ទាក់ទងនឹងការបង្កើតផែនការ ដើម្បីផ្ដល់គោលការណ៍ណែនាំដល់ក្រមហ៊ុន តាមរយៈការបង្កើតទស្សនវិស័យ (Vision) បេសកកម្ម (Mission) គោលដៅ (Goals) និងគោលបំណង (Objectives)។ គំនិតនេះ បានផ្ដល់ឱ្យម្ចាស់អាជីវកម្មនូវប្លង់លម្អិត (Blueprint) សម្រាប់បន្សុីភាពខ្លាំង និងភាពខ្សោយរបស់ក្រុមហ៊ុនទៅនឹងឱកាស និងការគំរាមកំហែងនៅក្នុងមជ្ឈដ្ឋានប្រកួតប្រជែង។

២. ការកសាងឧត្ដភាពប្រកួតប្រជែង

គោលដៅនៃការអភិវឌ្ឍផែនការជាយុទ្ធសាស្ត្រ គឺដើម្បីបង្កើតឧត្ដមភាពប្រកួតប្រជែង (competitive advantage) សម្រាប់ក្រុមហ៊ុនធុនតូច ក្នុងនោះ វាជាដំណើរការនៃការរួមបញ្ចូលរាល់កត្តាទាំងឡាយដែលជំរុញឲ្យអាជីវកម្ម ក្រុមហ៊ុន មានលក្ខណៈពិសេសដាច់ដោយឡែកពីគូប្រកួតប្រជែង នឹងផ្ដល់ឲ្យក្រុមហ៊ុននូវជំហរតែមួយគត់នៅក្នុងទីផ្សារ។ រាល់អាជីវកម្មខ្នាតតូចធំទាំងឡាយ ចាំបាច់ត្រូវបង្កើតផែនការ ដើម្បីជំរុញឲ្យមានកេរ្ដិ៍ឈ្មោះតែមួយគត់នៅក្នុងផ្នត់គំនិត ឬសតិអារម្មណ៍របស់អតិថិជនសក្តានុពល (Potential customers)។ ពុំមានអាជីវកម្មណាមួយ អាចបំពេញអ្វីៗគ្រប់យ៉ាងទៅដល់មនុស្សគ្រប់ៗគ្នានោះទេ។ ជាការពិត ការបរាជ័យក្នុងចំណោមការបរាជ័យធំៗដែលសហគ្រិនភាគច្រើនជួបប្រទះ គឺការខកខានពុំបានធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនមានលក្ខណៈពិសេសដាច់ដោយឡែកពីគូប្រកួត។ ឧទាហរណ៍ មិនមែនជារឿងកំប្លែងនោះទេ! មានហាងលក់របស់ក្មេងលេងមួយនៅ Brookline ក្នុងរដ្ឋ Massachusetts (ប្រទេសអាមេរិក) បានបន្តការរីកចម្រើនរបស់ខ្លួន ថ្វីត្បិតតែមានហាងលក់របស់ក្មេងលេងជាច្រើនបានបិទទ្វារ ដោយសារតែការប្រជែងមិនឈ្នះទៅនឹងហាងធំ និងទំនើបៗ ដូចជាហាង Toys R Us។ អាថ៌កំបាំង (Secret) ជោគជ័យរបស់ហាងនេះ គឺថាយុទ្ឋសាស្ត្រដែលត្រូវបានកំណត់យ៉ាងល្អ តាមរយៈការផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវអ្វីដែលពួកគេចង់បាន និងមិនអាចទទួលបាននៅឯហាងទំនើបនោះ ។ ដោយទទួលស្គាល់ថា ការព្យាយាមប្រកួតជាមួយនឹងគូប្រកួតខ្លាំងតាមរយៈថ្លៃ (Price) និងការសម្រាំងជ្រើសរើស (Selection) គឺគ្មានប្រសិទ្ធិភាពឡើយ។

ហាងដែលតូចមួយនេះ មិនបាននាំយកតុក្កតាជាទម្លាប់ ដូចជា Barbie និង Nintendo នោះទេ ប៉ុន្តែហាងមួយនេះ បានធ្វើការស្តុកទុកនូវតុក្កតាមួយចំនួនដែលអតិថិជនមិនអាចរកទិញបាននៅក្នុងហាងធំ។ ហាងនេះ បានទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ដែលជាសុទ្ធសឹងជាអ្នកមានវិជ្ជាជីវៈខ្ពង់ខ្ពស់នៅក្នុងតំបន់ជុំវិញ តាមរយៈការផ្ដល់ឲ្យយ៉ាងច្រើននូវសេវាកម្ម និងរបស់បន្ថែមតិចតួច ដូចជាការវេចខ្ចប់កាដូ (អំណោយ) ដោយឥតគិតថ្លៃ និងការផ្ដល់យោបល់ដ៏ល្អឥតខ្ចោះពីសំណាក់បុគ្គលិករបស់ខ្លួន (ភាគច្រើននៃបុគ្គលិកទាំងអស់នោះ ជាគ្រូបង្រៀនធ្វើការក្រៅម៉ោង) ទៅលើការជ្រើសរើសយកតុក្កតាល្អៗដែលអាចឲ្យក្មេងមានភាពវ័យឆ្លាត។ ដោយសារភាគច្រើននៃខ្សែសង្វាក់ផលិតផលរបស់ខ្លួន មិនត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍នោះ បុគ្គលិកលក់ ចាំបាច់ត្រូវតែមានចំណេះដឹងអំពីផលិតផលដែលពួកគេត្រូវលក់ ព្រមទាំងការអភិវឌ្ឍរបស់ក្មេង។ ក្រៅពីបេសកកម្មរបស់ពួកគេក្នុងការអប់រំទូន្មាន ខណៈពេលដែលពួកគេលក់ សហម្ចាស់កម្មសិទ្ធិករ (Co-owners) Judy Cockerton និង Carol Nelson បានធ្វើការយ៉ាងជិតស្និតជាមួយនឹងសាលារៀនទាំងឡាយនៅក្នុងមូលដ្ឋាន ដើម្បីជំរុញលើកទឹកចិត្តក្មេងៗក្នុងការអានសៀវភៅ និងចេះស្វែងរកការសប្បាយនៅក្នុងការសិក្សា។ ថ្មីៗនេះ ហាងនេះ បានជួលភ្នាក់ងារទំនាក់ទំនងក្រៅម៉ោងធ្វើការម្នាក់ឲ្យជួយសាលាក្នុងការអាន សរសេរ និងនិយាយរឿងនិទាន។ នៅពេលខ្លួនឈានទៅដល់ការបង្កើតផែនការជាយុទ្ធសាស្ត្រ ក្រុមហ៊ុនអាជីវកម្មខ្នាតតូច មានភាពផ្សេងគ្នានៃគុណសម្បត្តិជាលក្ខណៈធម្មជាតិលើគូប្រកួតដែលធំជាងខ្លួន។


អត្ថបទទាក់ទង

ហេតុអ្វី ពេលណា និងរបៀបបង្កើតគោលនយោបាយក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *