តើអ្វីទៅជាការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព?

១. ​និយមន័យ នៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព គឺជាប្រព័ន្ធអប់រំមួយដែលផ្តោតសំខាន់លើ​ការពិពណ៌​នា ការរៀននិងការបង្ហាញផ្ទាល់អំពីសមត្ថភាពទាំងនោះ (ចំណេះដឹង ជំនាញ និងឥរិយាបទ) ដែលជាចំណុច​ស្នូល នៃភារកិច្ច​ ឬកិច្ចការ សកម្មភាព ឬ​មុខរបរមួយ។

ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព សំដៅដល់គោលវិធីនៃការបង្ហាត់បង្រៀនដែលផ្តោតសំខាន់​ចំពោះ​​សិស្ស ឬអ្នកសិក្សាក្នុងការអភិវឌ្ឍនិងបង្ហាញផ្ទាល់លើសមត្ថភាពជាក់លាក់ ដែលអាចវាស់វែង​បាន​តាមរយៈ​ការធ្វើតេស្តិ៍អនុវត្តផ្ទាល់។

ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព មានលក្ខណៈផ្ទុយពីគោលវិធីបណ្តុះបណ្តាលតាមបែបប្រពៃណី ដែលជាគោលវិធីផ្តោត​សំខាន់​លើអ្នកសិក្សាទទួលបានចំណេះដឹងអំពីរបៀបធ្វើអ្វីមួយដែលអាចវាស់វែងបានតាមរយៈការធ្វើតេស្តិ៍​សរសេរ។

២. ​សារប្រយោជន៍នៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព៖

  • អ្នកសិក្សាមានវឌ្ឍនភាពទទួលបានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ដោយខ្លួនឯង
  • អ្នកសិក្សាទទួលបានសមត្ថភាពខ្ពស់ជាងអ្នកសិក្សាតាមរយៈវិធីសាស្ត្របង្រៀនតាមគោលវិធីគ្រូមជ្ឈមណ្ឌល
  • អ្នកសិក្សាទទួលបានសមត្ថភាពក្នុងរយៈពេលខ្លីជាងកម្មវិធីបណ្តុះបណ្តាលតាមបែប​ប្រពៃ​ណី
  • អ្នកសិក្សាកសាងទំនុកចិត្តផ្ទាល់ខ្លួន និងគោរពខ្លួនឯង តាមរយៈការទទួលបានជោគជ័យ​ក្នុង​ការសិក្សារៀនសូត្រ
  • អ្នកសិក្សារៀនជួយគ្នា រៀនរួមរស់ជាមួយគ្នា ជាជាងប្រកួតឈ្នះចាញ់ដើម្បីចំណាត់ថ្នាក់
  • អ្នកសិក្សាមានវឌ្ឍនភាពតាមរយៈការបង្រៀន និងរៀនដោយខ្លួនឯង ដោយការ​បង្ហាញ​ផ្ទាល់ ដើម្បីទទួលបានសមត្ថភាពជាក់លាក់ណាមួយ
  • ការបង្រៀននិងរៀន គឺតាមមត្រូវការរបស់បុគ្គលមា្នក់ៗ ជាជាងរៀនជាក្រុម ដើម្បីទទួលបាន​សមត្ថ​ភាព​​ជាអតិបរមាតាមដែលអាចធ្វើបាន
  • លទ្ធផលសិក្សា ត្រូវបានវាយតម្លៃជារឿយៗ
  • ការបង្រៀននិងរៀន ធ្វើឡើងឆ្លើយតបនឹងជំហានសិក្សារបស់បុគ្គលម្នាក់ៗ​ ជាជាងផ្អែកលើ​ពេល​វេលា
  • ការបង្រៀននិងរៀន គឺផ្តោតទៅលើការងារ បញ្ហា និងស្ថានភាពជាក់ស្តែង​(ធ្វើឡើងនៅ​ទីកន្លែង​ណា​​ក៏​​បាន ក្រៅពីថ្នាក់រៀន)។

៣. ​បុគ្គលិកលក្ខណៈនៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

  • ការបង្រៀននិងរៀន គឺតាមមត្រូវការរបស់បុគ្គលមា្នក់ៗ ជាជាងរៀនជាក្រុម ដើម្បីទទួលបាន​សមត្ថ​ភាព​​ជាអតិបរមាតាមដែលអាចធ្វើបាន
  • លទ្ធផលសិក្សា ត្រូវបានវាយតម្លៃជារឿយៗ
  • កម្មវិធីសិក្សាសង្កត់ធ្ងន់លើលក្ខខណ្ឌតម្រូវ​នៃច្រកសិក្សា
  • ការបង្រៀននិងរៀន ធ្វើឡើងត្រូវឆ្លើយតបនឹងជំហានសិក្សារបស់បុគ្គលម្នាក់ៗ​
  • ការបង្រៀននិងរៀន គឺផ្តោតទៅលើការងារ បញ្ហា និងស្ថានភាពជាក់ស្តែង​(ធ្វើឡើងនៅ​ទីកន្លែង​ណា​​ក៏​បាន ក្រៅពីថ្នាក់រៀន)
  • ការបង្រៀននិងរៀន ធ្វើឡើងតាមម៉ូឌុល និងមានលក្ខណៈបត់បែនបាន។

៤. ​ធាតុសំខាន់ៗនៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

  • បណ្តាសមត្ថភាពដែលត្រូវទទួលបានត្រូវបានកំណត់ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់​ ព្រម​​ទាំង​បានផ្សព្វផ្សាយជាសាធារណជាមុនសិន មុននឹងដាក់ឲ្យប្រើប្រាស់
  • លក្ខណវិនិច្ឆ័យ ដែលត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃ អំពីសមិទ្ធផល និងលក្ខខណ្ឌ​ដែល​សមិទ្ធផល​នឹងត្រូវបានវាយតម្លៃ ត្រូវបានចែងយ៉ាងច្បាស់លាស់​ និងបានផ្សព្វផ្សាយជា​​សា​ធា​រណៈ​​​ជាមុន
  • កម្មវិធីបណ្តុះបណ្តាលផ្តល់ឱកាសឲ្យបុគ្គលម្នាក់ៗក្នុងការអភិវឌ្ឍ និងការវាយតម្លៃផ្ទាល់ខ្លួន​នូវ​សមត្ថ​ភាពនីមួយៗ ក្នុងចំណោមបណ្តុំសមត្ថភាពដែលបានកំណត់
  • ការវាយតម្លៃសមត្ថភាព គឺជាការពិចារណាយ៉ាងល្អិតល្អន់ទៅលើចំណេះដឹង​និងឥរិយាបទ​របស់​អ្នក​សិក្សា ក៏ប៉ុន្តែតម្រូវឲ្យមានការអនុវត្តជាក់ស្តែងពិតប្រាកដនៃសមត្ថភាពនីមួយៗ ដែល​​​​ជា​ប្រភពចម្បងនៃភស្តុតាង។

ការប្រៀបធៀបការបណ្តុះបណ្តាលតាមបែបប្រពៃណី និងការបណ្តុះបណ្តាលតាមបែបសម័យទំនើប (ការបណ្តុះបណ្តាលផ្អែកលើស​មត្ថភាព)                

*ការបណ្តុះបណ្តាលតាមបែបប្រពៃណី

១. ផ្អែកលើមាតិកាមេរៀន

២. ផ្អែកលើម៉ោងកំណត់

៣. ឆ្លើយតបជំហានរបស់ក្រុម

៤. ឆ្លើយតប​តម្រូវការរបស់ក្រុម

៥.​ ពន្យាពេលនៃការវាយតម្លៃលទ្ធ​ផលសិក្សា

៦. តម្រង់ទិសតាមមុខវិជ្ជាដែលបានកំណត់

៧. ការបង្រៀននិងរៀននៅតែក្នុងថា្នក់រៀន

៨. គោលបំណងទូទៅ

*ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

១. ផ្អែកលើសមត្ថភាព

២. ផ្អែកលើការអនុវត្តជាក់ស្តែង

៣. ឆ្លើយតបជំហានរបស់បុគ្គលម្នាក់ៗ

៤. ឆ្លើយតបនឹងតម្រូវការរបស់បុគ្គលម្នាក់ៗ

៥. លទ្ធផលសិក្សាត្រូវបានវាយតម្លៃជារឿយៗ

៦. តម្រង់ទិសតាមម៉ូឌុល

៧. ការបង្រៀននិងរៀនប្រព្រឹត្តិទៅទីកន្លែងណាក៏បាន

៨. គោលបំណងជាក់លាក់

៥. ​មូលហេតុនៃការអនុវត្តការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

  • អ្នកសិក្សាមិនតម្រូវឲ្យសិក្សាឡើងវិញនូវជំនាញដែលមានស្រាប់
  • អ្នកសិក្សាអាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលពេលណាក៏បាន
  • អ្នកសិក្សាអាចចូលរៀននៅកម្រិតណាមួយក៏បាន អាស្រ័យលើសមត្ថភាពបច្ចុប្បន្ន
  • ស្តង់ដាជាតិសមត្ថភាពអាចត្រូវបានធ្វើបច្ចុប្បន្នកម្មពេលណាក៏បាន ដើម្បីរក្សាបច្ចុប្បន្នភាព​មុខ​របរទាំងនោះ
  • គ្រូបច្ចេកទេសនិងវិជ្ជាជីវៈមានសមត្ថភាពបញ្ចេញស្នាដៃយ៉ាងពិតប្រាកដនិងមានប្រសិទ្ធិភាព
  • ការប្រើប្រាស់សម្ភាររូបវ័ន្តត្រូវបានប្រើដល់កម្រិតអតិបរមា
  • ការដាក់ជំនួសអ្នកបញ្ចប់ការសិក្សាប្រកបដោយសមត្ថភាពនៅក្នុងការងារ ត្រូវបាន​សម្រប​សម្រួល
  • អ្នកសិក្សាដែលជាជនពិការ អាចបញ្ចប់ការសិក្សាទៅតាមលទ្ធផលសិក្សាណាដែលពួកគេ​អាច​មានសមត្ថភាពទៅរួច។​

៦. ​ឧបករណ៍នៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព

ក. ការវិភាគមុខងារ

ខ. ការចូលរួម/ការបញ្ជាក់ជាមួយឧស្សាហកម្ម/វិស័យឯកជន

គ. ការកំណត់សមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូល

ឃ. បរិស្ថានរៀន

  • ប្លង់ថ្នាក់រៀន
  • មជ្ឈមណ្ឌលធនធាន។

ង. ការបង្រៀននិងរៀនក្រៅថ្នាក់រៀន

  • ទស្សនកិច្ចសិក្សា
  • ការបណ្តុះបណ្តាលពេលកំពុងបម្រើការងារ។

ច. ការរក្សាកំណត់ត្រា

ឆ. ការវាយតម្លៃផ្អែកលើសមត្ថភាព

ជ. ម៉ូឌុល។

៧. ​តួនាទីរបស់គ្រូបច្ចេកទេស និងវិជ្ជាជីវៈ

  • អ្នកពិគ្រោះយោបល់/អ្នកសម្របសម្រួល
  • អ្នកវាយតម្លៃ
  • អ្នកអភិវឌ្ឍន៍។

៨. ​លក្ខខណ្ឌអំណោយផលនៃការសិក្សា

  • ពេលវេលាច្រើន
  • ទំនាក់ទំនងជាមួយគ្រូបច្ចេកទេសនិងវិជ្ជាជីវៈ
  • លទ្ធផល ឬការរំពឹងទុកជាក់លាក់ និងច្បាស់លាស់
  • មាតិកាមេរៀនមានភាពទាក់ទាញ
  • សម្ភារសិក្សាមានច្រើនជម្រើស
  • ការរៀនដោយពិសោធន៍
  • ការបង្រៀននិងរៀននៅទីណាក៏បាន។

អត្ថបទទាក់ទង

តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

 

តើអ្វីជាអត្ថប្រយោជន៏នៃការបណ្តុះបណ្តាល និងអភិវឌ្ឈន៏?

តើកត្តាអ្វីខ្លះដែលជះឥទ្ឋិពលទៅលើការបណ្តុះបណ្តាល និងអភិវឌ្ឈន៍?

តើទំនាក់ទំនងនៃការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទៅនឹងការអនុវត្តការងារមានលក្ខណៈដូចម្តេច?

៤ជំហ៊ាននៃការបណ្តុះបណ្តាលបុគ្គលិក

Leave a Reply

Your email address will not be published. Required fields are marked *