ញាំកង្កែបនោះទៅ!​​​ (Eat That Frog) ច្បាប់ដ៏អស្ចារ្យទាំង២១ ដោយលោក Brain Tracy

“ញាំកង្កែបនោះទៅ!​​​​” បើស្តាប់តែមួយភ្លែត អ្នកនឹងមានអារម្មណ៍ថាចម្លែកឫគួរឲ្យខ្ពើម។ ប៉ុន្តែអត្ថន័យពិតគឺបាននិយាយអំពី ការដឹកនាំ ត្រួសត្រាយផ្លូវអ្នកឲ្យធ្វើកិច្ចការធំបានសម្រេច។ កិច្ចការធំ ឫការងារដែលគួរឲ្យស្អប់នោះ ត្រូវបានលោក Brain Tracy ឲ្យឈ្មោះថាជា “កង្កែប”។  កង្កែបនោះគួរឲ្យស្អប់ប៉ុណ្ណា អ្នកត្រូវតែញាំកង្កែបនោះមុនគេ និងលឿនបំផុតដូច្នោះដែរ។

ដើម្បីដឹងពីរបៀបញាំកង្កែបដ៏ស្មោគគ្រោកនោះ អ្នកត្រូវសិក្សាពីច្បាប់ទាំង២១ដែលតាក់តែងឡើងដោយលោក Brain Tracy ផ្ទាល់។ ឥឡូវនេះ យើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកសិក្សាច្បាប់ដ៏អស្ចារ្យទាំង២១នេះ។

១. រៀបចំតុ

សម្រេចចិត្តឲ្យច្បាស់ថាអ្នកត្រូវធ្វើអី។ ភាពច្បាស់លាស់ជារឿងសំខាន់ណាស់។ ដូច្នេះ ចូរសរសេរគោលដៅ និងវត្ថុបំណងរបស់អ្នកចេញមកឲ្យច្បាស់មុននឹងចាប់ផ្តើមធ្វើ។ គោលដៅដែលច្បាស់លាស់នឹងនាំអ្នកទៅកាន់ អនាគតដ៏ភ្លឺស្វាង និងពោរពេញដោយថាមពល។

២. រៀបគម្រោងមួយថ្ងៃៗទុកមុន

ការរៀបគម្រោងមួយថ្ងៃៗទុកមុន នឹងធ្វើឲ្យអ្នកធ្វើតែរឿងសំខាន់ៗ ហើយមិនចំណាយពេលខ្ជះខ្ជាយទៀតឡើយ។

៣. ប្រើច្បាប់៨០/២០ជាមួយគ្រប់រឿង

គេនិយាយថាការងារ១០០%របស់អ្នក មានតែ២០%ប៉ុណ្ណោះដែលសំខាន់បំផុត ដែលអ្នកត្រូវធ្វើមុនគេ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ កាលណាអ្នករកឃើញ២០%ដែលជាការងារសំខាន់បំផុតរបស់អ្នកហើយ នោះអ្នកមិនចាំបាច់ចំណាយពេលច្រើនលើការងារ៨០%ដែលមិនសូវសំខាន់នោះទេ។ អ្នកត្រូវចំណាយថាមពលទាំងអស់របស់អ្នកមកធ្វើការងារ២០%ដែលសំខាន់បំផុត មុនគេបង្អស់។

៤. គិតដល់លទ្ធផលដែលតាមមក

បន្ទាប់ពីធ្វើការងារ ឫសម្រេចគម្រោងណាមួយចប់សព្វគ្រប់ហើយ គេតែវិភាគនិងវាយតម្លៃលើការងារ ឫគម្រោងនោះថាតើសម្រេចប៉ុន្មានភាគរយ ដូចដែលរៀបគម្រោង និងរំពឹងទុកដែរឫទេ។ ដូចគ្នានេះដែរ មុននឹងធ្វើអ្វីមួយ អ្នកត្រូវវិភាគនិងវវាយតម្លៃលទ្ធផលឲ្យហើយ ដើម្បីឲ្យអ្នកអាចប៉ាន់ស្មានការប្រថុយប្រថាន និងភាគរយនៃជោគជ័យបានក្នុងដៃ។

៥ ហ្វឹកហាត់ពន្យាពេលបែបច្នៃប្រឌិត

ដោយសារតែអ្នកមិនអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ទើបអ្នកត្រូវយល់ដឹងពីការពន្យាការងារដែលមិនសូវសំខាន់ចេញសិន ដើម្បីមានពេលវេលាច្រើនល្មមក្នុងការធ្វើករងារមួយចំនួនដែលមានភាពសំខាន់ពិតប្រាកដ។

៦. ឧស្សាប្រើទិកនិកABCDជានិច្ច

មុនចាប់ផ្តើមធ្វើការងារផ្សេងៗដែលរងចាំអ្នកៗត្រូវប្រើពេលមួយសន្ទុះក្នុងការរៀបចំប្រភេទការងារតាមលំដាប់នៃភាពសំខាន់ដើម្បីឲ្យជឿជាក់បានថា អ្នកកំពុងធ្វើរឿងដែលសំខាន់បំផុតមុនគេជានិច្ច។

៧. ផ្តល់ភាពសំខាន់ចំពោះតួនាទីគោល

បញ្ជាក់ឲ្យបានថា អ្វីជាតួនាទីដែលអ្នកចាំបាច់ត្រូវធ្វើឲ្យល្អបំផុតដើម្បីឲ្យការងារជារួមទទួលបានលទ្ធផលដ៏អស្ចារ្យ ហើយចាប់ផ្តើមធ្វើតួនាទីនោះពេញមួយថ្ងៃ។

៨. បំប្លែងប្រើច្បាប់មាស៣ប្រការ

បញ្ជាក់ការងារ៣មុខដែលអាចធ្វើប្រយោជន៍ ឲ្យក្រុមហ៊ុនបានដល់៩០%នៃការងារទាំងអស់ដែលអ្នកធ្វើ។ ផ្តោតគោលដៅទៅលើការធ្វើការងារសំខាន់ទាំង៣ឲ្យរួចរាល់មុនការងារដទៃ នោះអ្នកនឹងមានពេលវេលាឲ្យគ្រួសារ និងជីវិតផ្ទាល់ខ្លួនច្រើនឡើង។

៩. ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចាប់ផ្តើមការងារ

ត្រូវត្រៀមគ្រប់យ៉ាងដែលចាំបាច់ឲ្យបានរួចរាល់ មុននឹងចាប់ផ្តើមការងារ។ ឧទាហរណ៍ដូចជា រៀបតុធ្វើការរបស់អ្នកឲ្យមានរបៀបរៀបរយ ដាក់ឯកសារដែលអ្នកត្រូវធ្វើក្បែរខ្លួននឹងងាយយក ជាដើម។

១០. សម្លឹងមើលធុងប្រេងម្តងមួយ

អ្នកអាចធ្វើការងារដែលពិបាក និងធំបំផុតឲ្យសម្រេចបានដោយគ្រាន់តែធ្វើម្តងមួយដំណាក់ៗឲ្យសម្រេច។ ដូចជាការញាំស្ទេកដ៏ធំមួយដំដែរ អ្នកត្រូវចាប់ផ្តើមញាំម្តងមួយម៉ាត់រហូតអស់ដូចគ្នា។

១១. ការអវិវឌ្ឍជំនាញសំខាន់ៗរបស់អ្នកឲ្យកាន់តែល្អប្រសើរឡើង

អ្នកកាន់តែមានចំណេះដឹងនិងមានជំនាញក្នុងការធ្វើការងារសំខាន់ច្រើនប៉ុណ្ណា អ្នកកាន់តែចាប់ផ្តើមធ្វើការងារបានលឿនប៉ុណ្ណឹងដែរ ហើយថែមទាំងអាចធ្វើឲ្យសម្រេចបានឆាប់រហ័សឡើងទៀតផង។ ត្រូវរកមើលថា អ្វីជារឿងដែលអ្នកអាចធ្វើបានយ៉ាងអស្ចារ្យ ហើយប្រឹងប្រែងធ្វើការងារនេះឲ្យល្អបំផុត។

១២. រកមើលដែនកំណត់របស់អ្នក

បញ្ជាក់ចំណុចខ្សោយ ឫដែនកំណត់ផ្សេងៗដែលជាកត្តាកំណត់ថា អ្នកនឹងសម្រេចគោលដៅសំខាន់បំផុតបានឆាប់រហ័ស ឫយឺតប៉ុណ្ណា ហើយព្យាយាមរកផ្លូវកែលំអ។

១៣. សាងកម្លាំងសំពាធឲ្យខ្លួនឯង

ត្រូវប្រាប់ខ្លួនឯងថា អ្នកត្រូវធ្វើដំណើរទៅបរទេសមួយរយៈ ដូចនេះអ្នកត្រូវធ្វើការងារសំខាន់ៗទាំងអស់ ឲ្យរួចមុនពេលធ្វើដំណើរ។

១៤. ជម្រុញខ្លួនឯងឲ្យចាប់ផ្តើមធ្វើ

ត្រូវធ្វើតួនាទីជាអ្នកផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង រកមើលចំនុចល្អៗដែលបង្កប់នូវគ្រប់ស្ថានការណ៍ ផ្តល់ភាពសំខាន់ចំពោះការដោះស្រាយបញ្ហាជាងមើលតែបញ្ហា ត្រូវមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងគិតវិជ្ជាមានជានិច្ច។

១៥. បច្ចេកវិទ្យាជាចៅហ្វាយដ៏អន់បំផុត

ត្រូវទាមទារពេលវេលារបស់អ្នក ពីការធ្លាក់ជាទាសករដែលញៀននឹងបច្ចេកវិទ្យាមកវិញ ចូរស្វែងយល់ និងរៀនដឹង បឹទឧបករណ៍ទាក់ទង ហើយដកខ្លួនចេញខ្លះមក។

១៦. បច្ចេកវិទ្យាជាទាសកដ៏អស្ចារ្យ

ប្រើឧបករណ៍ខាងបច្ចេកវិទ្យាមកជួយឲ្យអ្នកចាប់ផ្តើមធ្វើរឿងសំខាន់បំផុត និងការពារអ្នកពីរឿងដែលសំខាន់តិចបំផុត។

១៧. ប្រើប្រយោជន៍ពីថាមពលនៃការផ្តោត

ឈប់ចាប់អារម្មណ៍រឿងរំខាន រឿងដែលធ្វើឲ្យអ្នកវៀចវេរ ដែលរារាំងមិនឲ្យអ្នកធ្វើការងារសំខាន់បំផុតបាន។

១៨. ហាន់កាងារជាបំណែកៗ

ត្រូវហាន់ការងារដែលមានទំហំធំនិងស្មុគស្មាញជាផ្នែកៗ ហើយសឹមចាប់ផ្តើមធ្វើការងារតូចៗនោះម្តងមួយផ្នែកៗ។

១៩. សាងពេលវេលាខ្នាតធំ

ត្រូវបែងចែកពេលវេលាមួយថ្ងៃៗជាផ្នែកៗ ត្រូវរៀបគម្រោងធ្វើការងារទៅតាមពេលវេលាទាំងនោះ និងត្រូវរកវិធីរួមបញ្ចូលពេលវេលាបញ្ចូលគ្នានៅពេលដែលត្រូវការពេលវេលាខ្នាតធំនោះសម្រាប់ធ្វើការងារសំខាន់បំផុត។

២០. សាងសម្បជញ្ញៈនៃភាពសំខាន់

ត្រូវសាងនិស័្សយនឹងការចាប់ផ្តើមការងារសំខាន់ៗ ហើយធ្វើឲ្យសម្រេចយ៉ាងឆាប់រហ័ស ត្រូវសន្សំកេរ្តិ៍ឈ្មោះឲ្យជាទីទទួលស្គាល់ក្នុងនាមជាមនុស្សដែលធ្វើការងារបានឆាប់រហ័សនិងអស្ចារ្យ។

២១. ម៉ឺងម៉ាត់ចំពោះការងារគ្រប់យ៉ាងដែលធ្វើ

ត្រូវរៀបលំដាប់នៃភាពសំខាន់របស់ការងារឲ្យច្បាស់លាស់់ ត្រូវចាប់ផ្តើមធ្វើការងារដែលសំខាន់បំផុតភ្លាម និងត្រូវធ្វើមិនឈប់រហូតសម្រេចរួចរាល់។ នេះជាគន្លឹះសំខាន់ពិតប្រាកដ ទៅកាន់ការធ្វើការងារដ៏អស្ចារ្យនិងពោរពេញដោយប្រសិទ្ធភាព។

សរុបមក ការសម្រេចចិត្តហ្វឹកហាត់តាមច្បាប់ទាំង២១នេះរហូតក្លាយជានិស័្សយ ពេលនិស្យ័យល្អៗទាំងនេះក្លាយជាផ្នែកមួយក្នុងខ្លួនអ្នកជានិរន្តហើយ ជោគជ័យក្នុងអនាគតរបស់អ្នកនឹងរត់មករកអ្នកដោយគ្មានដែនកំណត់។ ចាប់ផ្តើមធ្វើទៅ ញាំកង្កែបនោះទៅ!

យ៉ាងណាមិញ មានចំណុចមួយចំនួនដែលមិនបានពន្យល់ឲ្យក្បោះក្បាយ ដូចនេះប្រសិនបើមានចំណុចណាមួយមិនទាន់យល់ច្បាស់ ឫមានការសង្ស័យ ឬសិក្សាបន្ថែម អ្នកអាចអានសៀវភៅដើមតែម្តងដែលមានចំណងជើងថា “ញាំកង្កែបនោះទៅ” (Eat That Frog)។


អត្ថបទទាក់ទង

សៀវភៅ ទម្លាប់ (HABIT) គោលការណ៌ដែលអ្នកគួរអនុវត្តក្នុងជីវិតប្រចាំថ្ងៃ

 

Leave a Reply

Your email address will not be published. Required fields are marked *