តើការរៀនម្នាក់ឯងផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

មនុស្សយើងមានវិធីសាស្រ្តខុសៗពីគ្នាក្នុងការសិក្សារៀនសូត្រ អ្នកខ្លះចូលចិត្តរៀនតែម្នាក់ឯង ចំណែកអ្នកខ្លះទៀតចូលចិត្តរៀនជាក្រុម។ ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកជ្រើសរើស ឬចូលចិត្តរៀនតាមរយៈវិធីសាស្ត្រណាក៏ដោយ ពួកវាសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នាទាំងអស់។​ ខាងក្រោមនេះយើងនឹងធ្វើការរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯងដូចតទៅ៖

គុណសម្បត្តិនៃការរៀនតែម្នាក់ឯង

ភាគច្រើន មនុស្សដែលជ្រើសរើសរៀនសូត្រតែម្នាក់ឯង ជាប្រភេទមនុស្សដែលពុំសូវចូលចិត្តភាពរញ៉េរញ៉ៃ និងចូលចិត្តនៅស្ងប់ស្ងាត់ ម្យ៉ាងវិញទៀត ពួកគេមិនអាចផ្តោតអារម្មណ៍រៀនឲ្យបានល្អនោះទេនៅពេលរៀនគ្នាច្រើន។ ក៏ប៉ុន្តែពួកគេទទួលបានសារៈប្រយោជន៍យ៉ាងច្រើនពីទង្វើនេះដូចជា៖

១. មានភាពឯករាជ្យ៖ អ្នកមានម្ចាស់ការលើខ្លួនឯង មិនចាំបាច់ពឹងពាក់អ្នកដ៏ទៃ ជាពិសេសចង់រៀនពេលណាក៏បាន ដោយមិនចាំបាច់បារម្ភច្រើន។

២. មិនខាតពេលវេលា៖ នៅពេលរៀនជាក្រុម មានគំនិតច្រើន មុននឹងសម្រេចចិត្តអ្វីមួយត្រូវការជជែកគ្នាដែលចំណាយរយៈពេលយូរ ព្រោះមនុស្សម្នាក់ៗតែងមានគំនិតផ្សេងៗពីគ្នា។

៣. អាចផ្តោតអារម្មណ៍បានល្អ៖ នៅពេលដែលស្ងប់ស្ងាត់ មិនមានសំលេងរំខាន អារម្មណ៍យើងមូលឆាប់ចាំមេរៀន ហើយធ្វើលំហាត់ឆាប់ចេះ។

គុណវិបត្តិនៃការរៀនតែម្នាក់ឯង

ទោះជាការសិក្សាតែម្នាក់ឯងមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ វានៅតែមានចំណុចអវិជ្ជមានមួយចំនួនដែលមិនអាចចៀសវាងបានទេ។

១. គ្មានអ្នកពិភាក្សា៖ ជាធម្មតាខួរក្បាលច្រើនមានគំនិតច្រើនផ្សេងៗពីគ្នា​ ប្រសិនបើយើងមិនចេះត្រង់ចំណុចណាមួយ យើងក៏អាចពិភាក្សាគ្នាបាន ក៏ប៉ុន្តែនៅពេលដែលយើងរៀនតែម្នាក់ឯង ពេលដែលមានចម្ងល់ត្រង់ចំណុចណាមួយ ពុំមានអ្នកណាអាចឲ្យយើងសួរបាននោះទេ។

២. មិនអាចអភិវឌ្ឍសមត្ថភាពបានលឿន៖ ភ្នំមួយខ្ពស់ក៏នៅទាបជាងស្មៅ យើងមិនអាចនិយាយថាយើងចេះគ្រប់យ៉ាងបានទេ។ នៅពេលដែលយើងរៀនមានដៃគូ ឬជាក្រុម យើងក៏អាចប្រណាំងប្រជែងគ្នា ជជែកគ្នាចុះឡើងដើម្បីស្វែងរកដំណោះស្រាយ ជាហេតុធ្វើឲ្យការអភិវដ្ឍសមត្ថភាពឆាប់រហ័សជាងការរៀនតែឯកឯង។

៣. ស្រ្តេស៖ នៅពេលយើងរៀនមានគ្នា យើងមិនមែនសុទ្ធតែរៀនមួយមុខទេ ក៏ប៉ុន្តែមានទាំងការចំអន់គ្នាចុះឡើង ឬការនិយាយកំប្លែងជាដើម ជាហេតុធ្វើឲ្យស្ថានភាពនៃការសិក្សាគ្មានភាពតានតឹង។ ផ្ទុយទៅវិញបើយើងរៀនម្នាក់​ឯង យើងអាចនឹងអផ្សុក ឬធុញទ្រាន់ជាដើម ពេលខ្លះអាចងងុយគេងលែងមានអារម្មណ៍ចង់រៀនទៀត


៤ចំណុច ដើម្បីធ្វើខ្លួនជាអ្នកដឹកនាំដែលបង្កើតកម្លាំងជម្រុញចិត្ត

 

One thought on “តើការរៀនម្នាក់ឯងផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

Leave a Reply

Your email address will not be published. Required fields are marked *