រឿងខ្លី៖ “ក្ងានចង់ធ្វើហង្ស” ផ្តល់អត្ថន័យអំពីការស្រឡាញ់ខ្លួនយើងជាយើង
នៅក្នុងបឹងដ៏ធំមួយ មានហ្វូងក្ងាន និងហ្វូងហង្សរស់នៅក្នុងបឹងជាមួយគ្នា។
មានក្ងានមួយក្បាលពេលធំពេញរូបរាង វាមានស្លាបនិងរោមស្រស់ស្អាតសរក្បុសដូចសំឡី នាំឲ្យវាពេញចិត្តនឹងខ្លួនវាជាខ្លាំង។ ក្ងានតែងតែហែលលេងជុំវិញបឹង។
ថ្ងៃមួយ វាក្រឡេកឃើញហង្ស មានរូបរាងស្រស់ស្អាត កាយវិការល្វត់ល្វន់គួរឲ្យចង់គយគន់ វាភ្ញាញ់ផ្អើលយ៉ាងខ្លាំងមិននឹងស្មានថា មានសត្វហង្សដែលមានអ្វីៗល្អដូចច្នេះសោះ។ វាមើលស្រមោលខ្លួនវាក្នុងទឹក រួចសម្លឹងមើលមករោមរបស់ខ្លួន ហើយឃើញថារោមហាក់ដូចជាមិនខុសគ្នាអ្វីប៉ុន្មានទេ។ វាក៏សម្រេចចិត្តឈប់ធ្វើជាក្ងាន។ វានឹងកែប្រែខ្លួនទៅជាហង្សវិញម្ដង។
វាព្យាយាមដកកឲ្យវែងដូចហង្ស ធ្វើកាយវិការគ្រប់យ៉ាងតាមហង្ស។ គួរឲ្យអនិច្ចា! ក្ងាននៅតែជាក្ងានដដែរ។ អ្វីដែលខំកែប្រែទាំងប៉ុន្មានបានត្រឹមតែធ្វើឲ្យវាឈឺចាប់ រោយស្រពន់ នឿយហត់ នឹងហាក់មានអ្វីមករំខានចិត្តជាប្រចាំ ជាពិសេសទាំងមនុស្សសត្វទាំងឡាយ ពុំមាននរណាគិតថាវាជាហង្សអ្វីឡើយ។
រឿងនេះចង់បង្ហាញថា វាជារឿងគ្មានប្រយោជន៏ និងអស់សំណើចណាស់ដែលយើងព្យាយាមផ្លាស់ប្ដូរអត្តសញ្ញាណខ្លួន។