តើអ្វីខ្លះជាគុណសម្បត្តិ និងគុណវិបត្តិនៃការរៀនជាក្រុម?
មនុស្សយើងមានវិធីសាស្រ្តខុសៗពីគ្នាក្នុងការរៀនសូត្រ អ្នកខ្លះចូលចិត្តរៀនតែម្នាក់ឯង ចំណែកអ្នកខ្លះទៀតចូលចិត្តរៀនជាក្រុម។ ទោះជាយ៉ាងណាក៏ដោយមិនថាអ្នកជ្រើសរើស ឬចូលចិត្តរៀនតាមរយៈវិធីសាស្ត្រណាក៏ដោយសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នាទាំងអស់។ យើងនឹងធ្វើការរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀនជាក្រុមដូចខាងក្រោម៖
គុណសម្បត្តិនៃការសិក្សាជាក្រុម
ប្រសិនបើយើងរៀនមិនសូវចេះ យើងអាចបង្កើតជាក្រុមដើម្បីឲ្យសិស្សដែលពូកែនៅក្នុងថ្នាក់ជួយបង្រៀនយើង ព្រោះការធ្វើបែបនេះអាចជួយឲ្យអ្នករៀនបានច្រើនជាងមុន។ លើសពីនេះទៅទៀត យើងមានឱកាសសួរសំណួរយ៉ាងច្រើនទៅកាន់មិត្តភក្តិរបស់យើង ដោយហេតុថាពេលខ្លះយើងអាចនឹងមិនសូវហ៊ានសួរទៅកាន់លោកគ្រូរបស់យើង។ ជឿជាក់ថាការរៀនជាក្រុមបែបនេះជារឿយៗ អ្នកនឹងមានការអភិវឌ្ឍជាពុំខាន។
គុណវិបត្តិនៃការសិក្សាជាក្រុម
ការសិក្សាជាក្រុមអាចធ្វើឲ្យសមាជិកក្នុងក្រុមមួយចំនួនមានភាពខ្ជិលច្រអូស។ ឧទាហរណ៍ បើរៀនជាមួយគ្នារាល់ថ្ងៃ ពួកអ្នកដែលខ្សោយ មិនព្យាយាមធ្វើលំហាត់ដោយខ្លួនឯងនៅផ្ទះនោះទេ ប៉ុន្តែចាំមកដល់ពេលរៀនវិញទើបសួរចម្លើយពីអ្នកដ៏ទៃ។ លើសពីនេះទៅទៀតការសិក្សាជាក្រុមអាចខ្ជះខ្ជាយពេលវេលា ព្រោះភាគច្រើនមានការនិយាយលេងដោយឥតប្រយោជន៍ច្រើននាពេលសិក្សា។