រឿងខ្លី៖ ខ្លែងស្រាករត់ចោលស្រុក
នៅក្នុងព្រៃភាគខាងលិច មានខ្លែងស្រាកមួយក្បាលអាស្រ័យរស់នៅ។ សត្វប្រភេទនេះ វាចេញរកស៊ីតែពេលយប់ ដោយចាប់សត្វកណ្ដុរ និងសត្វល្អិតផ្សេងៗធ្វើជាអាហារ។
វាតែងបញ្ចេញសម្លេងគួរឱ្យខ្លាច ជាពិសេសនៅពេលយប់ អ្នកស្រុកឮសំឡេងដ៏ចម្លែករបស់វា តែងភ័យស្លន់ស្លោ បែកញេីសជោកខ្លួន ត្រជាក់ដៃត្រជាក់ជេីងមួយរំពេច។
ហេតុនេះ ទេីបអ្នកស្រុកនៅក្នុងភូមិនោះ ព្យាយាមរកវិធីដេញវាឱ្យចេញផុតពីភូមិលំនៅរបស់គេ។
ខ្លែងស្រាក ពិបាកក្នុងចិត្តជាខ្លាំង។ វារេីសម្បុកពីមួយកន្លែងទៅមួយកន្លែង ប៉ុន្តែទោះបីជាវាទៅដល់ទីណា ក៏នៅតែឮសំឡេងស្រែកជេរប្រទេច និងដេញវា មិនឱ្យវារស់នៅជិតអ្នកស្រុកឡេីយ។
វាក៏គិតថា៖ “មនុស្សនៅទីនេះ អាក្រក់ណាស់! យេីងត្រូវគេចឱ្យផុតពីពួកគេ!”
គិតដូច្នេះហេីយ វាក៏តាំងចិត្តដាច់ខាត ហេីរទៅកាន់ភាគខាងកេីត ឱ្យផុតពីអ្នកស្រុកទាំងនេះ។
វាហេីរបានបីយប់បីថ្ងៃ ទាល់តែហេវហត់អស់កម្លាំង ហេីរទៅមុខលែងកេីត ទេីបចុះសម្រាកនៅនឹងដេីមឈេីមួយ។
សត្វលលកមួយក្បាល ឃេីញខ្លែងស្រាកមានសភាពហត់នឿយ សោកសៅដូច្នេះ ក៏សួរទៅខ្លែងស្រាកថា៖
“អ្នកឯងធ្វេីអី បានជាមេីលទៅដូចជាហត់នឿយខ្លាំងម្ល៉េះ?”
ខ្លែងស្រាកឆ្លេីយ “ខ្ញុំនឹងប្ដូរកន្លែងទៅរស់នៅស្រុកភាគខាងកេីតវិញ ព្រោះមនុស្សនៅភាគខាងលិច ពិបាករស់នៅជាមួយណាស់! គេស្អប់ខ្ពេីមខ្ញុំ គេថាសម្លេងខ្ញុំមិនពីរោះ និងគួរឱ្យខ្លាច។ ខ្ញុំមិនអាចរស់នឹងមនុស្សភាគខាងលិចបានទៀតទេ ខ្ញុំទៅនៅភាគខាងកេីតវិញ ទៅកាន់តែឆ្ងាយ កាន់តែល្អ!”
លលក ស្ដាប់ចប់ ក៏អស់សំណេីច “គ្រាន់តែរេីសម្បុក ពិតជាដោះស្រាយបញ្ហាបានមែនឬ? ខ្ញុំគិតថា ទោះជាឯងរេីសម្បុកទៅដល់ទីណា ក៏អ្វីៗវានៅតែដដែលហ្នឹង!”
ខ្លែងស្រាកសួរទៅវិញ “ហេតុអី? ឬសូម្បីតែយេីងចាកចេញមកឆ្ងាយហេីយ នៅតែមិនផុតពីពួកគេទៀត?”
លលកឆ្លេីយដោយសុទ្ធចិត្ត៖
“ហេតុផលច្បាស់ណាស់! បេីឯងមិនកែប្រែ ផ្លាស់ប្ដូរសំឡេងដ៏គួរឱ្យខ្លាចរន្ធត់របស់ឯងចេញទេ ទោះឯងទៅដល់ភាគខាងកេីត ឆ្ងាយយ៉ាងណា ក៏អ្នកខាងកេីតមិនរាប់រកឯងដូចតែអ្នកមុនអញ្ចឹង!”
គតិអប់រំ
បេីចង់កែសម្រួលបរិយាកាសជុំវិញ អ្នកមិនគួរទម្លាក់បញ្ហាទៅលេីអ្នកដទៃភ្លាមៗនោះទេ។ អ្នកត្រូវព្យាយាមផ្ដោតអារម្មណ៍មកលេីខ្លួនឯងជាមុន ត្រិះរិះពិចារណាពីខ្លួនឯងឱ្យដល់កម្រិត។ ដរាបណា អ្នកមិនចាប់ផ្តើម កែតម្រូវខ្លួនឯងជាមុន អ្នកក៏គ្មានផ្លូវកែតម្រូវអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញបានឡើយ។
ដកស្រង់ពីសៀវភៅប្រាជ្ញាជីវិត
អត្ថបទទាក់ទង