រឿងខ្លី៖ ព្យួរកណ្តឹង

គ្រាមួយ​ មាន​និស្សិត​ម្នាក់​ ដែល​តាមពិត​ទៅ​ គេមិនសូវជាបានរៀនសូត្រជ្រៅជ្រះ​ណាស់​ណាទេ​ តែគេមាន​ជំនាញម្យ៉ាង​ គឺ​ជជែក​ដេញដោល​ និង​ផ្ចាញ់ផ្ចាល​។

ថ្ងៃមួយនិស្សិតនោះ​ ជួបលោក​គ្រូម្នាក់​ ឈ្មោះ អាយជឺ​ គេសួរទៅ​អាយជឺថា៖

ហេតុអី​បានជាគេ​ព្យួរ​កណ្ដឹង​នៅក្រោមរទេះ​សេះ និងក្រោមកសត្វអូដ្ឋ​? អាយជឺ ថា​ “រទេះសេះ និង​អូដ្ឋ​សុទ្ធតែ​មានរាងធំៗ​ បេីធ្វេីដំណេីរជួបគ្នា​តាមផ្លូវ​តូចចង្អៀត វាពិបាក​នឹងជៀសគ្នា​ ឬជួនកាលអាច​ជល់គ្នាផង​ក៏មាន​ ដូច្នេះ​ទេីបគេព្យួរកណ្ដឹងឱ្យ​ឮសូរ​ពីចម្ងាយ​ ដើម្បីងាយស្រួល​ក្នុង​ការដឹងគ្នា​ និង​ជៀស​គ្នាបានងាយ។”

មិនរង់ចាំ អាយជឺ​ និយាយ​ចប់ទេ​ គេសួរបន្ថែម៖

ប៉ុន្តែ​ នៅលេី​ចេតិយ​ ម៉េចក៏មាន​ព្យួរ​កណ្ដឹង​ដែរ? ចេតិយ​ នៅតែមួយកន្លែង​ មិនចាំបាច់​ត្រូវ​ជៀសនឹងអីផង។

អាយជឺ តបទាំងមិនពេញចិត្តថា​ “​ឯងមិនដឹងទេឬ​ ថាចាបវាតែង​ធ្វើ​សម្បុក​នៅទី​ខ្ពស់ៗ​ កាលណាវា​ជុះអាចម៍​ ទីនោះក៏​ស្មោកគ្រោក​ ហើយពិបាក​នឹងសម្អាត​ ទេីបគេ​ព្យួរ​កណ្ដឹង​ កាលណាវា​ហេីរមកប៉ះ​ នឹងឮសូរ​ ហេីយភ័យ​ មិនហ៊ាន​ធ្វើ​សម្បុក​នៅទីនោះ​ អត់មាន​ទាក់ទង​នឹង​កណ្ដឹង​ក្រោម​រទេះ​សេះ​នោះទេ។”

និស្សិត​ដែល​មិនសូវ​ដឹងអ្វីគួរ ឬមិនគួរ​នោះ​ បានសួរទៀត៖

ហេតុអី​បានជា​ជាប់នឹងជេីង​សត្វ​ស្ទាំង​ ដែលព្រានព្រៃប្រេី​សម្រាប់​ដេញចាប់សត្វ មានព្យួរ​កណ្ដឹង​តូចៗដែរ? ឬមួយគេខ្លាចចាបមក​ធ្វើ​សម្បុក​នៅកន្ទុយវា?

អាយជឺ គ្រវីក្បាល​ហួសចិត្ត​ “យេីង​គិតថា​ឯង​ រៀនសូត្រ​មកបាន​ច្រើន​គួរសម​ដែរ​ ប៉ុន្តែ​ធ្វើ​ពេីជា​ល្ងេី​ ដូច​មនុស្ស​អត់ខួរ​ ឬមួយខួរក្បាលឯងវាខូច? សត្វ​ស្ទាំង​ដែលគេប្រេីចាប់សត្វ​ ច្រើន​តែ​បោះពួយ​តាម​គុម្ពោត​ព្រៃ​ ចូលក្នុងព្រៃរបោះ​ញឹកញាប់​ ហើយខ្សែដែលចងជេីងវា​ អាចទាក់នឹងមែកឈេី​ ដោះជាប់មិនចេញ​ ស្ទាំង​វានឹងប្រឹង​ទទះស្លាប​ កណ្ដឹង​ចងជេីងវានឹងឮសូរ​ ម្ចាស់​វាអាចរកវាស្រួល​ មិនទាក់ទង​អីនឹង​ចាបធ្វើ​សម្បុក​នោះទេ!”

និស្សិត​នោះនៅតែ​មិនព្រមឈប់​ដេញដោល​ គេចំអកទៅ​ អាយជឺ​ ៖

ក្នុង​ក្បួន​ហែសព​ ខ្ញុំ​ឃេីញមនុស្សម្នាក់​ដេីរ​អង្រួន​កណ្ដឹង​ សូត្រ​ធម៌​ នៅពីមុខ​ក្បួនហែ ​ពីមុនខ្ញុំ​មិនដឹងថា​គេ​ធ្វើ​ដេីម្បី​អ្វី​ទេ ទាល់តែ​ពេលនេះ​ ទេីបដឹងថា​ គេខ្លាច​ទាក់ជេីង​នឹងមែកឈេីសោះ!

ទ្រាំលែងបាន​ អាយជឺ​ តបទៅ​និស្សិត​នោះទាំងក្រេវក្រោធថា៖​

អ្នក​អង្រួន​កណ្ដឹង​ គឺជាអ្នក​នាំផ្លូវមនុស្សស្លាប់​! ព្រោះ​មនុស្ស​ដែលស្លាប់នោះ​ កាលពីនៅរស់​ គាត់​តែង​ចូលចិត្ត​សួរដេញដោល​ និង​ផ្ចាញ់ផ្ចាល​អ្នកដទៃ​ ពិបាក​នឹង​តម្រូវ​ឱ្យ​ត្រូវ​ចិត្ត​ណាស់​! ហេតុនេះ​ ទេីបគេ​អង្រួន​កណ្ដឹង​ឱ្យ​វិញ្ញាណ​ខ្មោចនោះវាបានស្ងប់​ ក្រែងលោមិនបាន​ទៅចាប់ជាតិថ្មី!

គតិ​អប់រំ​៖ ការ​ដេញដោល​ផ្ចាញ់ផ្ចាល​ គឺជា​ទង្វើ​ខាតបង់​ពេលវេលា​ ខូចទាំងអារម្មណ៍​ ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អធ្យាស្រ័យ​ មិត្តភាព​ និងសង្គម​ ប្រសិនបើ​អាច​ជៀសវាង​បាន​ គឺជាការ​ប្រសេីរ​បំផុត​។

ដកស្រង់ និងសម្រួល​ពី​សៀវភៅ​ប្រាជ្ញា​ជីវិត​

 

One thought on “រឿងខ្លី៖ ព្យួរកណ្តឹង

Leave a Reply

Your email address will not be published. Required fields are marked *