រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ
ដូចប្រិយមិត្តបានដឹងរួចមកហើយថារឿងនិទានអុីស៊ុប (Aesop) គឺជាប្រជុំរឿងខ្លីជាច្រើនដែលផ្តល់នូវទស្សនៈ និងគំនិតសម្រាប់ការគិត ត្រិះរិះពិចារណា។ ថ្ងៃនេះយើងសូមបន្តជូនរឿង «ទាសករ និងសត្វតោ» ដែលតំណាលដូចតទៅថា៖
មានទាសករម្នាក់ឈ្មោះ អង់ដ្រូគ្លីស (Androcles) បានរត់គេចចេញពីចៅហ្វាយនាយរបស់ខ្លួនចូលទៅក្នុងព្រៃ។ គាត់បានដើរត្រាច់ចរពេញព្រៃ បានជួបនឹងសត្វតោមួយដែលកំពុងដេកថ្ងូរដោយការឈឺចាប់។ គាត់បានរត់ត្រលប់ក្រោយវិញ តែដោយមិនឃើញសត្វតោដេញតាម គាត់ក៏ត្រលប់ទៅរកមើលហេតុ។ គាត់បានដើរទៅជិតសត្វតោ ហើយឃើញក្រញាំជើងតោ មានជាប់បន្លាដែលធ្វើឱ្យហើម និងមានហូរឈាម។ គាត់បានដកបន្លានោះចេញ ហើយរុំរបួសក្រញាំជើងសត្វតោនោះ។ ក្រោយបាត់ឈឺ វាក៏ងើបមកលិឍដៃគាត់ដូចជាសត្វឆ្កែដ៏ស្លូតមួយ។ វាបាននាំគាត់ទៅនៅក្នុងរូងរបស់វា ដោយចញ្ចឹមគាត់វិញជារៀងរាល់ថ្ងៃជាមួយនឹងសាច់ស្រស់ៗ។
ថ្ងៃមួយ អង់ដ្រូគ្លីសនិងសត្វតោត្រូវគេចាប់បាន ហើយបញ្ជូនទៅទីក្រុង។ គាត់ត្រូវបានគេកាត់ទោសប្រហារជីវិតដោយឱ្យតោស៊ី ឯសត្វតោត្រូវបានគេបង្អត់អាហារទុកសម្រាប់ថ្ងៃកាត់ទោស។ នៅពេលដែលថ្ងៃកាត់ទោសមកដល់ ព្រះរាជា និងមន្រ្តីក៏បានចូលរួមទស្សនាដែរ។ អង់ដ្រូគ្លីសត្រូវបានគេប្រលែងឱ្យចេញទៅកណ្តាលទីលាន ដែលរំពេចនោះតោដ៏ស្រេកឃ្លានក៏ត្រូវបានបញ្ជូនចូលទៅដែរ។ នៅពេលដំបូង សត្វតោបានគ្រហឹម ហើយរត់សំដៅយ៉ាងលឿនទៅកាន់អង់ដ្រូគ្លីស ក្នុងបំណងសម្លាប់គាត់ តែពេលវាទៅជិតដល់ វាបែរជាឈប់ ហើយលិឍដៃរបស់គាត់ដូចលើកមុនទៀត។ ព្រះរាជាភ្ញាក់ផ្អើលជាខ្លាំង ហើយបានបញ្ជាឱ្យគេនាំ អង់ដ្រូគ្លីស មកគាល់ទ្រង់។ អង់ដ្រូគ្លីសបានរ៉ាយរ៉ាប់រឿងទាំងប៉ុន្មានដល់ព្រះរាជា។ ទីបំផុត ព្រះអង្គបានឱ្យគេដោះលែងអង់ដ្រូគ្លីសឱ្យមានសេរីភាព ហើយឱ្យគេដោះលែងសត្វតោចូលទៅក្នុងព្រៃវិញ។
ការដឹងគុណជាសញ្ញានៃមនុស្សថ្លៃថ្នូរ!!!
One thought on “រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ”