រឿងខ្លី៖ តោ និងត្រីឡូម៉ា អានហើយអ្នកនឹងដឹងថាយើងមិន​អាចជម្នះ​នឹងធម្មជាតិ​របស់ខ្លួន​បានឡើយ

យើង​ទាំងអស់ សុទ្ធតែ​ដឹងហើយ​ថា សត្វតោ​ គឺជា​ស្ដេច​សត្វលើ​គោក​ដែលមាន​កម្លាំង​ខ្លាំងក្លា រហ័ស​ហួន មាន​ក្រចក​និងចង្កូម​មុតស្រួច ហើយចំណែក​ឯត្រីឡូម៉ា ក៏ជាសត្វ​ដែលមាន​កម្លាំងខ្លាំង​មួយក្នុង​សមុទ្រ​ផង​ដែរ។

ថ្ងៃមួយ ខណៈ​ពេលដែល​ត្រីឡូម៉ា កំពុង​តែសំ​ដិល​ខ្លួន​យក​ពន្លឺ​ថ្ងៃ នៅពី​លើផ្ទាំង​ថ្មមួយ តោក៏​ចូល​ទៅ​សួររាក់​ទាក់ សុំចង់​មិត្តមេត្រី​ជាមួយគ្នា… “ដោយ​សារ​តែខ្ញុំ គឺជា​អ្នកខ្លាំង​នៅដែន​ដីគោក ចំណែក​លោកឡូម៉ា គឺជា​អ្នកកំពូល​ឆ្លាតនៅ​ក្នុងដែន​ទឹក តើលោក​មិនមើល​ឃើញប្រយោជន៍​ អំពីការចង​សម្ពន្ធ័មេត្រីជា​មួយគ្នាទេឬ? ”

ត្រីឡូម៉ា​ ក៏យល់ព្រម​តាមសំណើរ​របស់តោ។ អ្នកទាំង​ពីរក៏​រាប់អានយកគ្នា​ជាមិត្តចាប់​តាំងពីពេល​នោះមក។

ពេលវេលា​ក៏ចេះតែដើរ​ទៅមុខ​ជា​លំដាប់។ ថ្ងៃមួយ តោមាន​ទំនាស់​ជាមួយគោព្រៃ ហើយត្រូវ​មានការ​ប្រយុទ្ធគ្នា។ តោបាន​សុំឲ្យ​ត្រីឡូម៉ា​ជួយ ហើយ​ត្រីឡូម៉ា​ក៏ព្រម​នឹងជួយ​តោដោយ​ក្ដីរីករាយ ប៉ុន្តែ​ត្រីឡូម៉ា​មិនអាច​ឡើងមកលើ​គោក​បាន ដែល​ជាហេតុ​ធ្វើឲ្យតោ​ចោទ​ប្រកាន់ថា គេនេះ​មិនមែន​ជាមិត្ត​ពិត​ប្រាកដ​ទេ ព្រោះពេល​មិត្ត​ភក្ដិ​មាន​អាសន្ន ខ្លួនមិន​ព្រមឡើង​មកជួយ។

ត្រីឡូម៉ា ឮតោ​និយាយ​ដូច្នេះ​ ក៏ឆ្លើយ​បញ្ជាក់មក​វិញថា “សម្លាញ់​អ្ហើយ! ខ្ញុំពិត​ជារីករាយ​នឹង​ជួយ​ឯង! ខ្ញុំពិត​ជាមាន​ចិត្តភក្ដី ចំពោះ​សម្លាញ់ឯង!… ប៉ុន្តែធម្ម​ជាតិរបស់ខ្ញុំ​មិន​អាច​ឡើង​ទៅ​ធ្វើអ្វី​នៅ​លើដីគោក​បានទេ!… ទោះបី​ជាខ្ញុំមាន​កម្លាំងអស្ចារ្យ​យ៉ាងណាក៏​ដោយ ក៏ក្នុង​ពេលនេះ ខ្ញុំនៅតែ​មិនអាច​ជួយសម្លាញ់​ឯងបានដែរ!…”

ទស្សនៈ និងគំនិតនៅក្នុងរឿងនេះ គឺ  “យើងមិន​អាចជម្នះ​នឹងធម្មជាតិ​របស់ខ្លួន​បានឡើយ”

ដកស្រង់ពីរឿងនិទានអ៊ីសុប


អត្ថបទទាក់ទង

រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ

Leave a Reply