រឿងខ្លី៖ សត្វទន្សាយ និងមេខ្លា
នៅក្នុងសៀវភៅគតិលោកភាគទី៥ បានលើកឡើងអំពីរឿងសត្វទន្សាយ និងមេខ្លា ដែលតំណាលថា៖
មានសត្វទន្សាយមួយក្បាល ដើរទៅបានជួបនឹងកូនខ្លាធំពីរ នៅខាងគុម្ពឈើ ទើបសួរទៅថា “វ៉ឺយកូនខ្លា ថ្ងៃនេះម៉ែឯងទៅឯណាហើយ”។” កូនខ្លាទាំងពីរក៏ប្រាប់ថា “ម៉ែយើងពុំនៅទេ គាត់ចេញទៅរកស៊ីពីព្រឹកមិញហើយ។” ឯទន្សាយក៏និយាយទៅថា “”អញមកនេះ បើម៉ែឯងនៅ អញនឹងល្បងប៉ោលថ្មីអញមើលម្ដង។” ថាហើយទន្សាយ ក៏ដើរចេញទៅដល់ព្រៃស៊ុមទ្រុម មានវល្លិត្អើករឹតរុំស្បាតជិត ក៏ចូលទៅពួនសម្ងំដេកលើស្ដុកវល្លិត្អើកនោះឯង។ ថ្លែងឯមេខ្លា ដល់ពេលល្ងាចស្រទន់ ក៏ត្រឡប់មកកាន់សំបុកកូននៃខ្លួន ដល់ហើយកូនទាំងពីរប្រាប់ថា “ម៉ែអើយ ថ្ងៃមិញនេះ អាទន្សាយវាមកពោលពាក្យអាសុរោះចាក់ដោតដល់ម៉ែឯង វាថាបើម៉ែឯងនៅនេះ វានឹងល្បងប៉ោលថ្មីវាមើលម្ដង។”
មេខ្លាឮដូច្នោះ ក៏កើតទោសោក្រោធតទន្សាយ ជេរថាខ្មោចអាសត្វទន្សាយអប្រិយ គួរអ្វីមកស្ដីពាក្យចំអាសឱ្យអញយ៉ាងនេះ បើដូច្នោះនឹងអត់ឱ្យវាឯណាក៏បាន គួរទៅតាមប្រហារវាឱ្យបង់ជីវិត។ គិតហើយមេខ្លាលាកូនទាំងពីរចេញចាកទី ចរលីលាទៅតាមទន្សាយ លុះទៅដល់ព្រៃស៊ុមទ្រុម លបគន់មើលបានឃើញទន្សាយដេកនៅនោះ មេខ្លាក៏ស្ទុះទៅដោយកម្លាំងទោសោ ដើម្បីនឹងចាប់ទន្សាយហែកប្រហារដោយក្រចកជើង។ ឯទន្សាយ ក៏លោតគេចទៅខាងក្រោមវល្លិត្អើក ផុតក្រញាំជើងខ្លាៗលោតទៅលើស៊ុមទ្រុម ធ្លាក់ខ្លួនចុះស៊ុមទ្រុម វល្លិវើកវល្លិត្អើកក៏រឹតជុំខ្លួននៃមេខ្លាជាប់ជើងទាំងមុខទាំងក្រោយ ខំបម្រះឡើងដោយកម្លាំង។
ឯទន្សាយឃើញមេខ្លាជាប់រាមដូច្នោះ ក៏ស្ទុះឡើងពីខាងគូថនៃមេខ្លា ធ្វើអាការៈ ការលោកិយហើយស្រដីថា “ហ៊ឹះៗ ឯងថាចង់ល្បងប៉ោលថ្មីលេងៗ ឥឡូវគេឱ្យឯងល្បងប៉ោលថ្មីទាល់តែបាន។” ទន្សាយធ្វើអាការផ្ចាលមេខ្លានោះស្រេចហើយ ក៏ស្ទុះចុះរត់ទៅកាន់ទីដទៃហោង។
ឯមេខ្លាកាលទន្សាយរត់ផុតទៅហើយ ក៏ខំរើខ្លួនអំពីរាមស៊ុមទ្រុមនោះបានហើយក៏ចេញមក មានសេចក្ដីខឹងនឹងទន្សាយនោះមហិមានឹងទៅតាមចាប់វា។ ពេលស្រទន់ទៀបល្ងាចហើយ មេខ្លាក៏វិលត្រឡប់ទៅកាន់សម្បុកកូនខ្លួនវិញ ដល់ហើយកូនទាំងពីរក៏សួរថា “ម៉េចទៅម៉ែ អាទន្សាយនោះ ម៉ែបានពិឃាតវាហើយឬ។” មេខ្លាប្រាប់ថា “ពិឃាតវាឯណាបាន ម៉ែទៅនេះប៉ិនគេយកកេរ្ដិ៍ខ្មាសទៅឱ្យវាជាម្ដង។ ណ្ហើយចុះ ថ្ងៃនេះឯងធ្វើការបរាជ័យចាញ់វា ចាំថ្ងៃក្រោយៗទៀតសឹមកែខ្លួនឱ្យបាន។” ថាហើយមេខ្លាក៏ចូលទៅដេកបំបៅកូនក្នុងរូងនោះហោង។
រឿងនេះ បានគតិដូចបុគ្គលខឹងហួសជ្រួសស្នៀតដល់នូវក្ដីបរាមុខខ្លួនឯងវិញ។ មែនហើយបុគ្គលណាខឹងហួសខឹងខ្លាំងភ្លាំងសតិបញ្ញាហើយ នឹងបានក្ដីក្ដៅក្រហាយលើសមុនៗនោះទៀត ទាស់ស្នៀតដួលខ្លួនឯងវិញ ដូចមេខ្លានេះឯង។
មួយទៀត ក្ដីក្រោធនេះជាភ្លើងមែន បើឆេះទៅក្នុងទីណាហើយ ទីនោះសឹងវិនាសជាប្រាកដ បុគ្គលណាកាន់ក្ដីក្រោធខ្លាំងតាំងចិត្តគិតដុតអ្នកដទៃ មិនឆេះទៅអ្នកដទៃឯណាទេ ចំពោះឆេះនៅក្នុងរូបបុគ្គលដែលដុតនោះឯង ភ្លើងទោសៈនេះ ដូចមេឃ្មុំទាំងឡាយ តែខឹងខំប្រឹងទិចគេ ឯទ្រនិចឃ្មុំនោះតែងសណ្ដកចាកគូថ មិនសណ្ដកតែទ្រនិចនោះទេ សណ្ដកជាប់ដល់ពោះវៀនផង លោកថាឃ្មុំណាទិចគេ ឃ្មុំនោះអស់ទ្រនិចហើយ នឹងតាំងនៅជាមេឃ្មុំវិញពុំបាន សឹងធ្លាក់ទៅជាមេរបោម អ្នកប្រាជ្ញខ្លះថាឃ្មុំនោះស្លាប់ខ្លួនឯង។
អត្ថបទទាក់ទង