រឿងអាស្រូវក្លែងបន្លំក្នុងវិស័យសវនកម្មដែល Big 4 តែងក្រើនរំឭកដល់បុគ្គលិកខ្លួន

រឿងអាស្រូវក្លែងបន្លំដែលធ្វើឲ្យក្រុមហ៊ុនសវនកម្ម (​Audit) ធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មល្បីទាំង ៥ (Big 5) របស់សហរដ្ឋអាមេរិកក្ស័យធន ហើយមានមនុស្សជាច្រើនត្រូវជាប់ពាក់ពាន់។ រឿងរ៉ាវនេះ គឺបានចាប់ផ្តើមតាំងពីពេលដែលក្រុមហ៊ុន Enron Corporation បានធ្វើការរួមបញ្ជូលជាមួយក្រុមហ៊ុន Houston Natural និង​ InterNorth។

ក្រុមហ៊ុន Enron ត្រូវបានចាប់ដំណើរការជាផ្លូវការក្នុងឆ្នាំ ១៩៨៥ ដែលមានលោក ខេនណេត ឡាយ (Kenneth Lay) ជាក្រុមប្រឹក្សាភិបាលជាន់ខ្ពស់។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលលោក ចេហ្វ្រេយ៍ ស្គៀលលីង (Jeffrey Skilling) ត្រូវបានចូលបម្រើការជាផ្លូវការក្នុងក្រុមហ៊ុនក្នុងមុខតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Enron លោកបានធ្វើការផ្លាស់ប្តូរនូវដំណើរការនៃប្រតិបត្តិការជាច្រើន។ នាពេលនោះដែរ​ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Enron បានជាប់នូវបំណុលរាប់ពាន់លានដុល្លារ និង មានគម្រោងអាជីវកម្មជាច្រើនត្រូវបានផ្អាក។ ដោយអាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យមានចន្លោះប្រហោងក្នុងបញ្ជីគណនេយ្យ ហើយធ្វើឲ្យប៉ះពាល់ដល់ការធ្វើរបាយការណ៍ហិរញ្ញវត្ថុមិនល្អ។

លោក អែនឌ្រូ ហ្វាស្តូវ (Andrew Fastow) នាយកប្រតិបត្តិហិរញ្ញវត្ថុ និងនាយកប្រតិបត្តិដទៃទៀតមិនត្រឹមតែមិនបកអាក្រាតនោះទេ ថែមទាំងបំភាន់ភ្នែកក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ Enron អំពីបញ្ហានៃបញ្ជីគណនេយ្យ។ លើសពីនេះទៅទៀត ពួកគេថែមទាំងបានដាក់សម្ពាធឲ្យក្រុមហ៊ុន Arthur Andersen ឱ្យមិនអើពើចំពោះបញ្ហានេះ។ ដោយមានការបិតបាំងពីក្រុមហ៊ុន សវនកម្មឯករាជ្យផងនោះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Enron មានការកើនឡើងខ្ពស់ដល់ទៅ ៩០.៧៥ ដុល្លារក្នុងមួយហ៊ុននៅក្នុងពាក់កណ្តាលឆ្នាំ ២០០០។

រហូតដល់ដំណាច់ខែវិចិ្ឆកាឆ្នាំ ២០០១ តម្លៃហ៊ុនមានការធ្លាក់ចុះជាគំហុកនូវសល់ត្រឹមតែ $០.២៦ ក្នុងមួយហ៊ុន ហើយភាគទុននិករបស់ក្រុមហ៊ុន Enron ជាច្រើន បានដាក់បណ្តឹងទៅកាន់គណ:កម្មាធិការមូលប័ត្រអាមេរិក (SEC) ដើម្បីធ្វើការប្តឹង។ មិនយូរប៉ុន្មាននៅដើមខែធ្នូ​ ថ្ងៃទី០២ ឆ្នាំ២០០១ ក្រុមហ៊ុន Enron  ក៏បានប្រកាសក្ស័យធន។ នាយកប្រតិបត្តិជាច្រើននាក់របស់ក្រុមហ៊ុន Enron’s ត្រូវបានចោទប្រកាន់ពីបទល្មើសបិទបាំង និងក្លែងបន្លំនូវរបាយការណ៍គណនេយ្យផ្សេងៗ ហើយអ្នកខ្លះទៀតត្រូវបានកាត់ទោសឱ្យជាប់គុក។ លោក ចេហ្វ្រេយ៍ ស្គៀលលីង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Enron ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ១៤ ឆ្នាំ។ ហើយក្រុមហ៊ុនសវនកម្ម Arthur Andersen LLP ក៏ត្រូវបានបិទមិនឲ្យដំណើរការអាជីវកម្មរហូតមកដល់សព្វថ្ងៃ។

គួរបញ្ជាក់ផងដែរថា​ ករណីនេះត្រូវបានក្រុមហ៊ុនសវនកម្មធំទាំង៤ (Big 4) រួមមាន ក្រុមហ៊ុន PwC, ក្រុមហ៊ុន Deloitte, ក្រុមហ៊ុន EY, និងក្រុមហ៊ុន KPMG តែងតែលើកឡើងសម្រាប់ធ្វើការក្រើនរំឭកដល់បុគ្គលិករបស់ខ្លួន។


អត្ថបទទាក់ទង

តើអ្វីជាក្រុមហ៊ុន The Big 4 ?

 

Leave a Reply

Your email address will not be published.