ជំនាញផ្លូវចិត្តសំខាន់ៗចំនួន ៤ របស់អ្នកដឹកនាំអាជីវកម្មជោគជ័យ

បញ្ហាតានតឹងចិត្ត ឬការថប់បារម្ភ ដែលមនុស្សភាគច្រើនតែងហៅតាមភាសាអង់គ្លេសថា ស្រ្តេស (Stress) ជាបញ្ហាដែលកំពុងដុះដាលពេញទី ជាពិសេសក្នុងសតិអារម្មណ៍របស់មនុស្សគ្រប់រូបដោយមិនដឹងខ្លួន។

តាំងពីមុនការ​មក​ដល់​នៃ​សហស្សវត្សថ្មីនេះ​ទៅ​ទៀត យុទ្ធសាស្រ្ត​ផ្លូវចិត្ត​ដែល​គេ​ប្រើប្រាស់​នៅក្នុង​វិស័យ​កីឡា​ បានជ្រួត​ជ្រាប​ទៅក្នុង​វិស័យ​អាជីវកម្ម ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ និងផលិត​ភាព។ កីឡាក​ជើងខ្លាំង​ ដឹង​យ៉ាង​ច្បាស់ថា ​គេត្រូវគ្រប់​គ្រង​ស្ថានភាព​ផ្លូវចិត្ត​ និង​អារម្មណ៍​របស់​គេ​ឱ្យបាន​ល្អ ​មុន​ពេល​យក​ឈ្នះ​គូប្រជែង។​ មេដឹក​នាំ​អាជីវកម្ម ​ក៏ត្រូវ​ការ​យុទ្ធសាស្រ្តបែប​នេះ​ដែរ​ ដើម្បី​ក្លាយ​ជាមនុស្ស​ជោគជ័យ។ គេដឹងថា ​គោល​ការនេះ​នឹង​ប្រយោជន៍​ច្រើន​ពីការ​វិនិយោគ​មក​វិញ​ បើគេ​អនុវត្ត​បាន​ត្រឹម​​ត្រូវ។

កម្លាំងចិត្ត ការផ្តោត​ចិត្ត គោលដៅ​ច្បាស់​លាស់ និងការ​គ្រប់​គ្រង​សម្ពាធ​ផ្លូវចិត្ត ជាតម្រូវ​ការចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ព្យាយាម​ដើម្បី​ធ្វើការ​ឱ្យបាន​ដល់​កម្រិត​ល្អបំផុត​នៅ​ក្នុង​វិស័យ​អ្វីក៏​ដោយ។ បន្ថែម​ពីលើ​នេះ លោក​អ្នកត្រូវ​ចេះ​ប្រើប្រាស់​ជំនាញ​ស្នូល​ទាំងអស់​ បើអ្នកចង់​ក្លាយ​ជាមេដឹក​នាំ​អាជីវកម្មជោគជ័យ​៖

១. ហ្វឹកហាត់សុទិដ្ឋិនិយម និងទទួលស្គាល់ចំណុចអវិជ្ជមាន

ជាទូទៅ មេដឹកនាំ​អាជីវកម្ម ​តែង​តែ​ហ្វឹក​ហាត់​ការគិត​ក្នុង​របៀប​ដែល​ក្រុម​មនុស្សក្រោម​បង្គាប់​មិន​បាន​គិត​ដល់។ ការងារ​របស់​មេដឹក​នាំ ​គឺត្រូវ​ធ្វើកិច្ចការ​ណា​ដែល​មនុស្សផ្សេង​ទៀត​ខ្លាច​មិន​ហ៊ាន​ធ្វើ ពង្រីក​អាជីវកម្មដើម្បី​ជោគជ័យ។ ហ្វឹក​ហាត់​សុទិដ្ឋិ​និយម​តាមរយៈ​ការឆ្លើយ​សំណួរ​ទាំង​នេះ៖

  • តើមាន​មេរៀន​អ្វី​ដែល​ទទួល​បាន​ពី​កំហុស​ឆ្គង ឬបរាជ័យ?
  • តើមាន​ចំណុច​ណា​ដែល​អាច​កែប្រែ​ដើម្បី​បញ្ជៀស​បញ្ហា​ដែល​បាន​កើត​ឡើង​នោះ?
  • តើមាន​គំនិត​អ្វី ទស្សនៈអ្វី និង​លទ្ធភាព​អ្វី​ដែល​បាន​កើត​ចេញ​ពីស្ថាន​ភាព​ដែលគ្មាន​នរណា​ម្នាក់​ចង់​បាន​នេះ?

មេដឹកនាំជោគជ័យ ​តែងតែ​ព្យាយាម​ឆ្លើយ​សំណួរ​ទាំង​៣ ខាងលើនេះ។ ហើយ​ដំណើរ​ស្វែងរក​ចម្លើយ​របស់​លោក​អ្នក​នឹង​បណ្តុះផ្នត់​គំនិត​រីក​ចម្រើន​ទាំង​ក្នុង​ខ្លួន​លោក​អ្នក​ និង​ក្នុង​ក្រុមការងារ​ដែល​លោក​អ្នក​ដឹកនាំ។

២. ចាប់ដួងតារាក្នុងពេលសម្លឹងមើលព្រះចន្ទ

បើលោក​អ្នក​កំណត់​គោលដៅ​ចង់ប្រាក់​ចំណូល ​២៥០ ០០០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ តើលោក​អ្នក​នឹង​រៀបចំ​សកម្មភាព​សម្រាប់​ខ្លួនឯង ​និង​ក្រុម​ការងារ​ឱ្យធ្វើការ​ឆ្ពោះ​ទៅរក​ប្រាក់ចំណូល​ក្នុង​ចំនួន​ប៉ុណ្ណោះ​មែនទេ? ឬមួយ​លោក​អ្នក​នឹង​ប្រាប់​ក្រុមការងារ​ និង​ខ្លួនឯង​ថា​ត្រូវធ្វើ​ការរក​ឱ្យបាន​ ៣០០ ០០០ ដុល្លារ ជំនួស​វិញ? ចូរកំណត់​គោលដៅ​លើ​ក្រដាស​ឱ្យខ្ពស់ជាង​គោល​ដៅ​អនុវត្ត​ជាក់​ស្តែង​ ដើម្បី​លោក​អ្នក​អាច​សម្រេច​គោលដៅ​មួយ​ដោយ​មិន​ប៉ះពាល់​ដល់​គោល​ដៅ​មួយ​ទៀត។

៣. ហ្វឹកហាត់ការ​សង្កេត​ខ្លួនឯង ​និង​ការ​ពិចារណា

ក្នុងនាមជាមេដឹកនាំ​អាជីវកម្ម លោក​អ្នក​ប្រឈម​នឹង​សម្ពាធ​ច្រើន​ពីគ្រប់​បញ្ហា​នៅក្នុង​ក្រុម​ហ៊ុន។ ការហ្វឹក​ហាត់​យុទ្ធសាស្រ្ត​ដែល​ជួយ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​អារម្មណ៍​ជាជំនាញ​មិន​អាច​ខ្វះ​បាន។ លោក​អ្នកអាច​ធ្វើបែប​នេះ​បាន​ ដោយ​អនុវត្ត​តាម​គន្លឹះ​ងាយ​ចំនួន​ ៣ ​គឺ៖

  • ត្រូវ​ទប់​ចិត្ត​មុន​នឹង​ប្រតិ​កម្មតប​ចំពោះ​ហេតុ​ការណ៍​អ្វីមួយ
  • ចេះ​កំណត់​ពេលវេលា​ទប់​ចិត្ត​ឱ្យបាន​ទាន់​ពេល និង​
  • ធ្វើខ្លួន​ឱ្យទៅ​ជាអ្នក​សង្កេត​ស្ថាន​ភាព​របស់​ខ្លួន​ឯង។

៤. ជំនាញស្រមើស្រមៃនឹងជួយជំរុញល្បឿនរីកចម្រើន

ជំនាញស្រមើស្រមៃ​ មាន​ធាតុផ្សំ​ច្រើន​ជាង​ការត្រឹម​​តែបិទ​ភ្នែក​ និងគិត​ដល់រឿង​ជោគជ័យ។ ការស្រមើ​ស្រមៃ​ដែល​មាន​ប្រសិទ្ធភាព​ តម្រូវ​ឱ្យមាន​ផែន​ការ លំដាប់​លំដោយ​ពេលវេលា និង​ដំណាក់​កាល​ច្បាស់​លាស់។ ប្រព័ន្ធ​ក្នុង​ខួរក្បាល​លោក​អ្នក​ ចម្រោះ​យក​ពត៌មាន​ណា​ដែល​គាំទ្រ​ និង​ដឹកនាំ​លោក​អ្នក​ឆ្ពោះ​ទៅ​សម្រេច​បាន​លទ្ធផល​ដែល​លោក​អ្នក​ផ្តោតចិត្ត។ ហេតុ​ដូច្នេះ​ហើយ លោក​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​ត្រូវ​ផ្តោត​ចិត្ត​លើ គឺត្រូវ​ប្រើប្រាស់​គ្រប់​ញាណ​ទាំងអស់​យ៉ាង​លម្អិត​ ហើយ​ត្រូវហ្វឹក​ហាត់​ឱ្យបាន​ទៀង​ទាត់។


អត្ថបទទាក់ទង

ឥរិយាបថនៃភាពជាអ្នកដឹកនាំចំនួន ១៥ ដើម្បីគ្រប់គ្រងស្ថាប័នប្រកបដោយប្រសិទ្ឋភាព និងប្រសិទ្ឋផល

 

One thought on “ជំនាញផ្លូវចិត្តសំខាន់ៗចំនួន ៤ របស់អ្នកដឹកនាំអាជីវកម្មជោគជ័យ

  1. Thank you so much for your kindly sharing golden idea .May I have detail of ការគ្រប់គ្រង និងដឹកនាំ
    ជំនាញផ្លូវចិត្តសំខាន់ៗចំនួន ៤ របស់អ្នកដឹកនាំអាជីវកម្មជោគជ័យ

Leave a Reply

Your email address will not be published. Required fields are marked *