រឿងខ្លី៖ ខ្លា និង លា ឈ្លោះគ្នារឿងស្មៅ

មានសត្វលាមួយក្បាលបានប្រាប់ខ្លាថា៖ ស្មៅមានពណ៍ខៀវ។

ខ្លាក៏បានឆ្លើយតប៖ ទេ! ស្មៅមានពណ៍បៃតង។

ពេលនោះការវែកញែកនោះក៏ឡើងកម្តៅ ក្រោយមកពួកគេទាំងពីរ ក៏សម្រេចចិត្តទៅជួបនឹងតោ ដើម្បីជួយកាត់ក្តី។

ពេលទៅដល់ជួបនឹងសត្វតោដែលជាស្តេចព្រៃ សត្វលាក៏បានស្រែកថា៖ បពិត្រព្រះអង្គ តើស្មៅពិតជាមានពណ៍ខៀវពិតមែនឬទេព្រះអង្គ?

តោក៏បានឆ្លើយតប៖ ពិតណាស់! ស្មៅពិតជាមានពណ៍ខៀវ។

ពេលនោះ សត្វលា ក៏ប្រញាប់ពាំនាំពាក្យនោះទៅប្រាប់ខ្លា ហើយត្រឡប់មកវិញប្រាប់ស្តេចតោថា៖ បពិត្រព្រះអង្គ សត្វខ្លា មិនយល់ស្របនឹងខ្ញុំទេ ហើយបានប្រកែក និងរំខានខ្ញុំទៀតផង សូមព្រះអង្គដាក់ទណ្ឌកម្មគេទៅ។

ពេលនោះស្តេចតោ ក៏បានដាក់ទណ្ឌកម្មដល់សត្វខ្លា ឲ្យនៅស្ងៀមស្ងាត់ មិនឲ្យនិយាយចំនួន៥ឆ្នាំ។

ឮដូច្នេះ សត្វលា សប្បាយចិត្តជាខ្លាំង ហើយបានហក់លោត និងស្រែកទន្ទេញ៖ ស្មៅមានពណ៍ខៀវៗ!

ហើយខ្លាក៏ទទួលយកទណ្ឌកម្មនោះ ប៉ុន្តែគេមិនអស់ចិត្តក៏សួរតោបញ្ជាក់៖ បពិត្រព្រះអង្គ ហេតុអ្វីព្រះអង្គដាក់ទណ្ឌកម្មខ្ញុំ ទាំងដែលការពិតស្មៅមានពណ៍បៃតង?

តោក៏បានឆ្លើយ៖ ពិតណាស់ស្មៅមានពណ៍បៃតង។

អ៊ីចឹងហេតុអ្វីបានជាដាក់ទណ្ឌកម្មដល់រូបខ្ញុំ?

តោក៏ឆ្លើយ៖ វាគ្មានសារៈសំខាន់ទេថាតើស្មៅពណ៍បៃតង ឬពណ៍ខៀវ។ ការពិន័យនេះ គឺចំពោះអ្នកដែលមានភាពក្លាហាន ច្នៃប្រតិដ្ឋ ហើយវៀងវៃដូចជារូបអ្នក តែបែរជាចំណាយពេលទៅឈ្លោះជាមួយលា លើសពីនេះទៅទៀតមករំខានយើងដោយសារសំណួររបៀបនេះទៀត។

ការចំណាយពេលដែលខ្ជះខ្ជាយបំផុត គឺការទៅឈ្លោះជាមួយមនុស្សដែលល្ងង់ខ្លៅ ជ្រុលនិយមដែលមិនខ្វល់ថាអ្វីទៅជាការពិត និងជាក់ស្តែង ហើយយល់តែគំនិតខ្លួនឯងជាធំ។ ដូច្នេះ ចូរកុំចំណាយពេលទៅវែកញែករឿងដែលមិនមានន័យ ព្រោះមានមនុស្សជាច្រើនដែលមិនមានសមត្ថភាពយល់នូវរឿងដែលពួកគេបានឃើញនៅចំពោះមុខ ហើយងងឹតងងល់ដោយសារភាពអាត្មានិយម កំហឹងគំគួន និងការអាក់អន់ចិត្ត។

 សម្រួលពី៖ អត្ថបទបរទេស (Unknown author)


អត្ថបទទាក់ទង

រឿងខ្លី៖ ខ្លែងស្រាក​រត់ចោល​ស្រុក

 

Leave a Reply

Your email address will not be published.