ម៉ូដែល 4Ds ដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ

មនុស្សជោគជ័យគឺជាមនុស្សដែលស្វែងរកឱកាសដើម្បីជួយអ្នកដទៃ ខណៈដែលមនុស្សបរាជ័យតែងតែសួរតើ តើខ្ញុំជួយអ្នកបានប្រយោជ៍អ្វី?

លោក ប្រាយអែន ត្រេស៊ី​ (Brian Tracy) ជាអ្នកនិពន្ធ និងជាអ្នកជំនួញជនជាតិអាមេរិកដ៏ជោគជ័យម្នាក់​។ ចាប់ផ្ដេីមពីភាពក្រលំបាក បោះបង់ការសិក្សា លោកបានតស៊ូរហូតសព្វថ្ងៃក្លាយជាម្ចាស់ក្រុមហ៊ុន Brian Tracy International ព្រមទាំងមានទ្រព្យសម្បត្តិសរុបមិនតិចជាង ១៥ លានដុល្លារ។ ភាពជោគជ័យរបស់លោក ប្រាយអែន ត្រេស៊ី​ ចាប់ផ្ដើមពីការសិក្សាស្រាវជ្រាវសកម្មភាពរបស់បុគ្គលជោគជ័យជាច្រើន។ ដោយប្រើពេលស្រាវជ្រាវជាង ៤ ពាន់ម៉ោង លោកបានសរសេរក្នុងមួយនៃចំណោមសៀវភៅរបស់លោកថា ដើម្បីជោគជ័យ អ្នកគប្បីមានពាក្យ​ D ទាំង ៤ នេះ៖

D១. Desire ចំណង់

គ្រប់សកម្មភាពដែលប្រកបទៅដោយភាពរីករាយ ប្រសើរ ឬ ជោគជ័យភាគច្រើនចាប់ផ្ដើមពីចំណង់។ ចំណង់ ឬ ការចង់ ជាកត្តាធម្មជាតិដែលជំរុញឲ្យកើតសកម្មភាព ហើយចំណង់មាន ២ ប្រភេទ គឺ ចំណង់តូច និង ចំណង់ធំ។ ចំណង់តូច គឺតម្រូវការទូទៅរបស់មនុស្សដែលមានដូចជា ការចង់ហូប ចង់ដេក ចង់លេង ចង់កម្សាន្តសប្បាយផ្សេងៗ រីឯចំណង់ធំ គឺការចង់ជោគជ័យ ចង់មានបាន ឬ ការចង់ជួយអភិវឌ្ឍន៍សង្គមជាតិជាដើម។ ពិតណាស់ ដើម្បីជោគជ័យ អ្នកគប្បីផ្ដោតទៅលើចំណង់ធំជាងចំណង់តូច តែបើអ្នកចង់ជោគជ័យមិនស្មើការចង់ផឹកសុីជួបជុំមិត្តភ័ក្រ អ្នកមិនចាំបាច់ឆ្ងល់ទេថាហេតុអ្វីបានជាភាពជោគជ័យមិនមករកអ្នក។

D២. Decision ការសម្រេចចិត្ត

បន្ទាប់ពីមានចំណង់ចង់បានអ្វីមួយចូលមកក្នុងជីវិតរបស់អ្នកហើយ អ្នកចាំបាច់ត្រូវធ្វើការសម្រេចចិត្ត ហើយប្រាប់ខ្លួនអ្នកថា “អ្នកនឹងយកវាឲ្យបាន”។ ទន្ទឹមនឹងនេះ អ្នកត្រូវសម្រេចចិត្តចាប់ផ្ដើមធ្វើរាល់សកម្មភាពដែលនឹងនាំអ្នកទៅកាន់គោលដៅដែលបានគ្រោងទុក។ មួយក្នុងការសម្រេចដ៏សំខាន់ដែលអ្នកត្រូវធ្វើគឺ “ការសម្រេចចិត្តផ្លាស់ប្ដូរ” ផ្លាស់ប្ដូរពីការចំណាយពេលវេលាខ្ជះខ្ជាយ មកផ្ដោតលើគោលដៅសំខាន់ៗរបស់អ្នក ផ្លាស់ប្ដូរពីការលេង ហ្វេសប៊ុក (Facebook) ដើម្បីការកម្សាន្ត មកជាការការលេង ហ្វេសប៊ុក ដើម្បីចំណេះដឹងថ្មីៗ ដូចជាការអានអត្ថបទរបស់ TheHRdaily ជាដើម។

D៣. Determination ការអត់ធ្មត់

ច្បាស់ណាស់ ដំណើរទៅរកភាពជោគជ័យ ពោរពេញទៅដោយឧបសគ្គដែលនឹងអាចធ្វើឲ្យអ្នកបោះបង់មហិច្ចតារបស់អ្នកចោល។ ដូច្នេះហើយ អ្នកគប្បីត្រូវប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់រហូតទទួលបានជោគជ័យ ដូចមានពាក្យមួយឃ្លាថា “គ្មានភាពជោគជ័យណាដែលអាចសម្រេចបានក្នុងពេលមួយយប់នោះទេ”។ បញ្ហាទាំងឡាយដែលអ្នកនឺងជួបប្រទះក្នុងគន្លងផ្លូវទៅរកភាពជោគជ័យ សុទ្ធតែជាបទពិសោធន៍ ក៏ដូចជាចំណេះដឹងដែលនឹងជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យក្លាយជាបុគ្គលជោគជ័យបាននាពេលអនាគត។

D៤. Discipline វិន័យ

វិន័យ គឺជាកត្តាសំខាន់ក្នុងដំណើរទៅរកភាពជោគជ័យ ព្រោះវិន័យបង្កើតឲ្យមានស្ថេរភាព ដែលជាចំណុចដ៏ចាំបាច់បំផុតនៃការស្វែងរកភាពជោគជ័យ។ ឧទាហរណ៍​ បើអ្នកអានសៀវភៅ ១ក្បាល ក្នុងមួយអាទិត្យរៀងរាល់អាទិត្យប្រកបដោយស្ថេរភាព នោះក្នុងមួយឆ្នាំ អ្នកនឹងអានចប់សៀវភៅចំនួន ៥២ក្បាល ហើយអ្នកនឹងទទួលបាននូវចំនេះដឹង និងគំនិតថ្មីៗជាច្រើន។ វិន័យ ជារឿងដែលពិបាកនឹងបង្កើត តែងាយស្រួលនឹងបំផ្លាញ ដូច្នេះហើយ ដើម្បីកសាងវិន័យដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យបាន អ្នកគប្បីចាំពាក្យមួយឃ្លានេះ “ការ៉េមមួយដើម អាចធ្វើអោយមនុស្សម្នាក់ធាត់បាន”។

សរុបមកបើអ្នកអាចប្រតិបត្តិតាម D ទាំង ៤ ខាងលើនេះ គ្មាននរណាអាចហាមឃាត់អ្នកមិនឲ្យសម្រេចគោលដៅរបស់អ្នកបានឡើយ។ ចូរចាប់ផ្ដើមឥលូវនេះដោយធ្វើតាមជំហានទាំង ២ ខាងក្រោមនេះ៖

ជំហានទី ១

អ្នកត្រូវធ្វើការប្ដេជ្ញាចិត្តនៅពេលនេះថាអ្នកនឹងសម្រេចគោលដៅសំខាន់ៗរបស់អ្នកឲ្យបាន ទោះបីជាត្រូវជួបបញ្ហាអ្វីក៏ដោយ។ បន្ទាប់មក សរសេរគោលដៅទាំងនោះចុះ រៀបចំគម្រោងផែនការ រួចចាប់ផ្ដើមធ្វើសកម្មភាពប្រកបដោយវិន័យ។

ជំហានទី ២

ប្រាប់ខ្លួនឯងជាស្រេចថា អ្នកនឹងអត់ធ្មត់ ហើយយកឈ្នះគ្រប់ឧបសគ្គដែលអ្នកនឹងជួបនាពេលខាងមុខ។ អ្នកត្រូវតែបន្តដំណើររហូតដល់ថ្ងៃរបស់អ្នកមកដល់ នៅពេលដែលអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។

វិនិយោគ ៣ភាគរយ នៃចំណូលរបស់អ្នកដើម្បីអភិវឌ្ឍខ្លួនអ្នក ពីព្រោះវាជាការធានាអនាគតរបស់អ្នក។


អត្ថបទទាក់ទង

មេរៀនចំនួន ៣ ដើម្បីក្លាយជាមនុស្សប្រកបដោយគុណតម្លៃ

Leave a Reply

Your email address will not be published. Required fields are marked *