គន្លឹះ​ឆ្លាតវៃចំនួន ៨ ដែលអាចបង្កើនប្រសិទ្ធភាព​ការងាររបស់អ្នក

មនុស្សម្នាក់ៗមានកិច្ចការ មានភារៈកិច្ចដែលត្រូវធ្វើរៀងៗខ្លួន និងភាពរវល់ជាប្រចាំ ដែលធ្វើឲ្យប្រសិទ្ធភាពការងាររបស់អ្នកធ្លាក់ចុះ ឬមិនសូវមានប្រសិទ្ធភាព។ ក្នុងសម័យបច្ចេកវិទ្យានេះទៀតសោត មនុស្សកាន់តែបាត់បង់ការផ្ចង់អារម្មណ៍ ស្មារតីដោយសារការទាក់ទាញពីបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីនានាជាដើម។ លើសពីនេះ កាល​ពីមុន មនុស្សម្នាក់ៗតែងមានផ្នត់គំនិតថា ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអ្វីមួយ យើងត្រូវតែខិតខំប្រឹងប្រែង។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន ដោយសារតែការខិតខំត្រូវចំណាយពេលវេលា និងកម្លាំងអស់ច្រើន មនុស្សមួយចំនួនចាប់ផ្ដើមឲ្យដំបូន្មានថា “កុំខំ! ធ្វើអីក៏ដោយ ឲ្យចេះឆ្លាត!”​ ប៉ុន្ដែពួកគេមិនបានប្រាប់នោះទេថា តើការធ្វើការដោយភាពឆ្លាតវៃនោះ គឺមានលក្ខណៈបែបណា? ធ្វើបែបណាទើបគេហៅថាឆ្លាតនោះ? តើត្រូវធ្វើដូចម្ដេចដើម្បីក្លាយជាមនុស្សមានប្រសិទ្ធភាព? ខាងក្រោមនេះជាគន្លឹះទាំង ៨ ដែលអាចជួយអ្នកបាន៖

១. មានរបៀបរៀបរយ

មនុស្សដែលមានផលិតភាពខ្ពស់ច្រើន​ ជាមនុស្សដែលចេះរៀបចំឲ្យមានលំដាប់លំដោយត្រឹមត្រូវ។ បើទោះបីជាការរៀបចំ ដូចជាឯកសារ ឬសៀវភៅ អាចចំណាយពេលជាងការទុកដាក់គ្មានសណ្ដាប់ធ្នាប់ក៏ពិតមែន ប៉ុន្ដែវាអាចជួយសន្សំពេលវេលាបានយ៉ាងច្រើននៅពេលដែលអ្នកត្រូវការរកឯកសារទាំងនោះ ហើយសណ្ដាប់ធ្នាប់ល្អក៏អាចនាំឲ្យអ្នកមានអារម្មណ៍ក្នុងការធ្វើការងារផ្សេងៗផងដែរ។

វិធីសាស្រ្ត ១០យ៉ាង ជួយឱ្យអ្នកបំពេញការងារប្រកបដោយប្រសិទ្ឋភាពនៅកន្លែងធ្វើការ

២. ប្រើប្រាស់បច្ចេកវិទ្យាជំនួយ

ពេលណាដែលបច្ចេកវិទ្យាអាចជួយអ្នកបាន អ្នកគួរតែប្រើវាដើម្បីកាត់បន្ថយការចំណាយពេលវេលានិងកម្លាំងកាយរបស់អ្នក។ ឧទារហណ៍ អ្នកអាចប្រើប្រាស់កុំព្យូទ័រក្នុងការស្រាវជា្រវរកឯកសារ ប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងរឺបង្កើតបញ្ជីការងារដែលត្រូវធ្វើជាដើម។

៣. គ្រប់គ្រងពេលវេលា

ធ្វើបែបណាទើបហៅថាគ្រប់គ្រងពេលវេលាបានល្អ? អ្នកត្រូវកំណត់អាទិភាពនៃកិច្ចការរបស់អ្នក ថាតើការងារណាដែលសំខាន់និងបន្ទាន់ជាងគេ។ ចូរកុំព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ អ្នកត្រូវចេះសន្មត់ថា ការងារមួយចំណាយពេលប្រហែលប៉ុន្មាន ហើយអ្នកត្រូវបញ្ចប់ការងារមួយនេះត្រឹមពេលណា។

ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព ជាមួយប្រអប់ Eisenhower

៤. បដិសេធការងារមិនសំខាន់

ពាក្យថា “ទេ” គឺជាពាក្យមួយដែលពិបាកនឹងនិយាយចេញសម្រាប់មនុស្សមួយចំនួន។ ពួកគេតែងតែយល់ព្រមក្នុងការធ្វើអ្វីគ្រប់យ៉ាង ប៉ុន្ដែបើប្រសិនបើអ្វីដែលអ្នកធ្វើនោះមិនមែនជាចំណង់ចំណូលចិត្ត ឬអាទិភាពរបស់អ្នកទេ ចូរបដិសេធនឹងសំណើរ​នោះ។

វិធីសាស្រ្តសំខាន់ៗ ​ចំនួន ៧​ ដើម្បីប្រើប្រាស់ពេល​វេលា​ប្រកបដោយប្រសិទ្ឋភាព

៥. ប្រគល់ការងារឲ្យអ្នកដទៃ

នេះមិនមែនមានន័យថា អ្នកកំពុងតែធ្វើបាបពួកគេនោះទេ ប៉ុន្ដែវាជាឪកាសដែលអ្នកដទៃអាចរៀនពីការងារនោះបាន។ ដូច្នេះហើយ អ្នកមិនគួរស្រវាចាប់យកកិច្ចការទាំងអស់មកធ្វើខ្លួនឯងនោះទេ។ ចូរបែងចែកវាឲ្យទៅមិត្តរួមការងាររបស់អ្នក ដើម្បីភាពល្អប្រសើរទាំងសងខាង។

មនុស្ស ៤ប្រភេទ ដែលមិនគួរប្រគល់ការងារសំខាន់ៗឱ្យឡើយ

៦. ដឹងពេលត្រូវសុំជំនួយ

មិនថាមនុស្សឆ្លាតពូកែប៉ុណ្ណានោះទេ អ្នកអាចនឹងជួបការងារពិបាកដែលធ្វើឲ្យអ្នកធុញថប់ជាខ្លាំង។ ឈប់ព្យាយាមធ្វើជាវីរៈនារី ឬវីរៈបុរសទៀត ហើយកុំសម្ងំរងទុក្ខម្នាក់ឯង។ ចូរសុំជំនួយពីប្រធានរបស់អ្នកនៅកន្លែងធ្វើការ ឬលោកគ្រូអ្នកគ្រូ បើអ្នកជាសិស្ស។

៧. កុំទាមទារភាពល្អឥតខ្ចោះ

វាជារឿងកម្រដែលយើងធ្វើអ្វីមួយបានល្អឥតខ្ចោះ ហើយវាក៏មិនមែនជារឿងចាំបាច់អីនោះដែរ។ ការទាមទារភាពល្អឥតខ្ចោះនេះអាចបណ្ដាលឲ្យអ្នកមានទំនាក់ទំនងមិនល្អជាមួយអ្នករួមការងាររឺសមាជិកក្រុម មានការពន្យាពេល មានផលិតភាពទាប ហើយក៏អាចនាំមកនូវភាពតានតឹងនិងការបាក់ទឹកចិត្តផងដែរ។ 

៨. សម្រាកបន្ដិចឲ្យបានញឹកញាប់

សូម្បីតែមនុស្សដែលរវល់បំផុត ក៏ត្រូវការពេលសម្រាកខ្លះដែរ។ ចំណាយពេល ៥ ទៅ ១០ នាទី ដើរចេញពីតុ ពត់ដៃពត់ជើង ទៅនិយាយជាមួយមិត្តភក្ដិ ទៅញ៉ាំទឹក ទៅញ៉ាំផ្លែឈើ ឬធ្វើអ្វីផ្សេងៗទៀតតាមដែលអ្នកចង់។ វានឹងជួយបន្ធូរភាពតានតឹងរបស់អ្នក និងធ្វើឲ្យអ្នកអាចធ្វើការកិច្ចការអ្វីមួយយ៉ាងមានប្រសិទ្ធភាពផងដែរ។

 


អត្ថបទទាក់ទង

ទម្លាប់សំខាន់ៗ ៣ ដែលអាចបង្កើនផលិតភាពការងាររបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *