៤ ចំណុចសំខាន់ៗសម្រាប់អ្នកដឹកនាំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ
ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថា ជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នា ត្រូវតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ ភាពជាអ្នកដឹកនាំ ត្រូវបានគេដាក់និយមន័យផ្សេងៗគ្នា ទៅតាមបុព្វបទខុសៗគ្នា។ អ្នកខ្លះសំដៅទៅលើប្រមុខរដ្ឋ អ្នកនយោបាយ ប្រធានក្រុមហ៊ុន ។ល។ អ្នកជំនាញលើភាពជាអ្នកដឹកនាំលោក James McGregor Burns បានណែនាំផ្នត់គំនិតស្តីពីភាពជាអ្នកដឹកនាំសម័យថ្មីក្នុងសៀវភៅរបស់លោកនាឆ្នាំ ១៩៧៨ ចំណងជើងថា ”ភាពជាអ្នកដឹកនាំ” ដោយឲ្យអត្ថន័យថា ជាដំណើរការដែលអ្នកដឹកនាំ និងអ្នកដើរតាមក្រមសីលធម៌ និងការលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យបានប្រសើរជាងមុន។ ភាពជាអ្នកដឹកនាំល្អគួរមាន ៤ ចំណុចខាងក្រោម៖
ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង
១. បង្កើតចក្ខុវិស័យដ៏មានន័យនៃអនាគត
ក្នុងវិស័យជំនួញ ចក្ខុវិស័យ គឺមានភាពពិតប្រាកដ អាចជឿទុកចិត្ត និងអាចកំណត់កន្លែងដែលអ្នកចង់ទៅដល់នៅអនាគត។ ចក្ខុវិស័យ ផ្តល់ជាទិសដៅ កំណត់អាទិភាព និងការវាស់ស្ទង់ ដូច្នេះអ្នកអាចដឹងបានថា អ្នកបានសម្រេចអ្វីដែលអ្នកចង់សម្រេចឬក៏អត់។
ដើម្បីបង្កើតចក្ខុវិស័យបាន អ្នកដឹកនាំ ផ្តោតសំខាន់ទៅលើភាពខ្លាំងរបស់ស្ថាប័នខ្លួនដោយប្រើប្រាស់វិធីនានាដើម្បីវិភាគទៅលើស្ថានភាពបច្ចុប្បន្ន។ អ្នកដឹកនាំ ត្រូវប្រមើលថា តើវិស័យដែលខ្លួនកំពុងដើរនឹងលេចចេញជារូបរាងបែបណានៅអនាគត ហើយតើដៃគូប្រកួតប្រជែងនឹងធ្វើអ្វី។
បន្ថែមពីនេះ អ្នកដឹកនាំក៏ត្រូវគិតដល់ថា តើពួកគេគួរច្នៃបង្កើតបែបណាទើបអាចជោគជ័យ និងអាចសម្រួចមុខជំនួញ និងយុទ្ធសាស្ត្រឲ្យសមស្របនឹងទីផ្សារអនាគត។
ពួកគេច្រើនធ្វើតេស្តចក្ខុវិស័យរបស់ខ្លួនឯង តាមរយៈការស្រាវជ្រាវទីផ្សារមួយដ៏សមស្រប និងវាយតម្លៃហានិភ័យចម្បងដោយប្រើយុទ្ធសាស្ត្រការវិភាគស៊ីណារីយ៉ូជាដើម។ ដូច្នេះភាពជាអ្នកដឹកនាំនៅចំណុចដំបូងនេះ គឺការរិះរកដំណោះស្រាយ ការប្រមើលមើលមុនដោយគិតថា អ្វីដែលខ្លួនមាន គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែចក្ខុវិស័យ ត្រូវបង្កើតឡើងដោយមានតម្លៃឲ្យអ្នកដើរតាមយល់ថា ត្រឹមត្រូវ និងពោរពេញដោយថាមពលចង់អនុវត្តផងដែរ។
អ្នកដឹកនាំឆ្នើម គឺជាអ្នកដែលមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគត
២. ជំរុញ និងលើកទឹកចិត្ត
ចក្ខុវិស័យច្បាស់លាស់ ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃភាពជាអ្នកដឹកនាំ។ ប៉ុន្តែមេដឹកនាំត្រូវមានសមត្ថភាពជំរុញ និងលើកទឹកចិត្តក្រុមឲ្យសម្រេចចក្ខុវិស័យនោះ។ ជាធម្មតានៅដំណាក់កាលដំបូង មនុស្សគ្រប់គ្នាហាក់រីករាយនឹងធ្វើការងាររបស់ខ្លួនជាខ្លាំង តែក្រោយធ្វើបានមួយរយៈ មនុស្សម្នាក់ៗហាក់បែកគំនិតគិតថា គួរធ្វើបែបនេះ គួរធ្វើបែបនោះទើបល្អតាមគំនិតរៀងៗខ្លួន។ អ្នកដឹកនាំ ត្រូវស្គាល់ចំណុចនេះ ហើយប្រឹងប្រែងធ្វើយ៉ាងណាដើម្បីទាញពួកគេចូលមកវិញ និងផ្សារភ្ជាប់ចក្ខុវិស័យរបស់ខ្លួនជាមួយនឹងតម្រូវការ គោលដៅ និងការជំរុញចិត្តរបស់បុគ្គលិកម្នាក់ៗ។
ចំណុចគន្លឹះមួយក្នុងការធ្វើរឿងនេះ គឺតាមរយៈទ្រឹស្ដីរំពឹងទុក។ អ្នកដឹកនាំខ្លាំង ភ្ជាប់ការរំពឹងទុកពីរបញ្ចូលគ្នា៖
១. ការរំពឹងទុកថា ការខិតខំប្រឹងប្រែងនឹងនាំទៅរកលទ្ធផលល្អ និង
២. ការរំពឹងទុកថា លទ្ធផលល្អនឹងនាំទៅរកការផ្ដល់រង្វាន់ និងការលើកទឹកចិត្តនានា។
កូនក្រុមធ្វើការចង់បានជោគជ័យ ព្រោះពួកគេរំពឹងបានមកវិញនូវរង្វាន់ និងការលើកទឹកចិត្តទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ត្រង់ចំណុចការជំរុញលើកទឹកចិត្តនេះ អ្នកដឹកនាំដែលមានថាមពលជំនាញ ក៏នឹងធ្វើឲ្យក្រុមដើរតាមខ្លួនដែរ។
កូនក្រុមតែងសរសើរ និងជឿជាក់លើមេដឹកនាំប្រភេទនេះ ព្រោះពួកគេខ្លាំង និងមានជំនាញច្បាស់លាស់លើរឿងដែលខ្លួនធ្វើ។ អ្នកដឹកនាំប្រភេទនេះ មានការជឿទុកចិត្ត ហើយទទួលបានការគោរពពេលនិយាយឲ្យនរណាម្នាក់ស្ដាប់ ឬប្រតិបត្តិតាម ហើយជាធម្មតាពួកគេមានភាពងាយស្រួលក្នុងការជំរុញ និងលើកទឹកចិត្តមនុស្សដែលដើរតាម។
អ្នកដឹកនាំ ត្រូវចេះជំរុញលើកទឹកចិត្ត និងធ្វើឲ្យមនុស្សក្រោមបង្គាប់ដើរតាមខ្លួនដោយស្រឡាញ់ ដោយធ្វើឲ្យពួកគេជឿថា ការធ្វើការងារបានល្អនឹងផ្ដល់ឲ្យពួកគេវិញនូវរង្វាន់លើកទឹកចិត្តនានា។ ប៉ុន្តែអ្នកដឹកនាំដែលល្អ មិនចាំបាច់មានចំណុចនេះ ក៏អាចធ្វើឲ្យមនុស្សជុំវិញដើរតាមខ្លួនបានដែរ។
តើធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តក្រុមការងាររបស់អ្នករាល់ថ្ងៃ?
៣. ធានាការសម្រេចបាននៃចក្ខុវិស័យ
ផ្នែកមួយនៃភាពជាអ្នកដឹកនាំត្រង់នេះ គឺពាក់ព័ន្ធនឹងការគ្រប់គ្រង។ អ្នកដឹកនាំ ត្រូវធ្វើឲ្យប្រាកដថា ការងារដែលត្រូវធ្វើដើម្បីសម្រេចចក្ខុវិស័យបាន គឺត្រូវបានគ្រប់គ្រងដោយត្រឹមត្រូវ មិនថាដោយខ្លួនឯងផ្ទាល់ ប្រធានផ្នែកក្រោមបង្គាប់ ឬអ្នកដឹកនាំក្រុមណាដែលអ្នកបានចែករំលែកទំនួលខុសត្រូវឲ្យទេ។ អ្នកដឹកនាំ ត្រូវអង្កេតមើលថា តើចក្ខុវិស័យរបស់ខ្លួនត្រូវបានសម្រេចដោយជោគជ័យឬក៏អត់។
ដើម្បីសម្រេចវាបាន សមាជិកក្រុមម្នាក់ៗ ត្រូវមានគោលដៅលទ្ធផលការងារជាក់លាក់ដែលអាចភ្ជាប់គ្នាដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យរួមបាន។ ជារឿយៗ នៅតាមក្រុមហ៊ុន ឬស្ថាប័ននានាច្រើន ប្រើទម្រង់វាយតម្លៃសមត្ថភាពការងារ (KPI) ដើម្បីប្រមើលមើលពីការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ យុទ្ធសាស្ត្រនេះ គឺដើម្បីធានាឲ្យច្បាស់ថា អ្វីដែលគួរមាននៅពេលខាងមុខ អ្វីដែលកំពុងកើតមានក្នុងពេលឥឡូវ ហើយបើខុសពីចក្ខុវិស័យ គួរធ្វើការផ្លាស់ប្ដូរបែបណា។
តើធ្វើដូចម្ដេចដើម្បីវាស់វែងការអនុវត្តការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព?
៤. បង្រៀន និងបង្កើតក្រុមដើម្បីសម្រេចចក្ខុវិស័យ
ការអភិវឌ្ឍបុគ្គល និងក្រុម គឺជាសកម្មភាពភាពដ៏សំខាន់ដែលអ្នកដឹកនាំសម័យថ្មីត្រូវធ្វើ។ ដើម្បីបង្កើតក្រុមដ៏ល្អមួយ អ្នកដឹកនាំ ដំបូងត្រូវដឹងពីភាពជាធ្លុងមួយនៃក្រុម (Team Dynamics)។ ជាមេដឹកនាំម្នាក់ ត្រូវឲ្យធ្វើឲ្យប្រាកដថា សមាជិកក្រុមម្នាក់ៗមានជំនាញ និងសមត្ថភាពចាំបាច់ដែលគួរមានដើម្បីសម្រេចការងារ និងចក្ខុវិស័យរួមបាន។ អ្នកដឹកនាំ ត្រូវធ្វើការផ្ដល់យោបល់ ការរិះគន់ស្ថាបនាជាប្រចាំ ដោយបង្រៀន និងផ្ដល់វគ្គបណ្ដុះបណ្ដាលដែលអាចបង្កើនសមត្ថភាពបុគ្គល និងក្រុមទាំងមូល។
ក្រៅពីនេះ ភាពជាអ្នកដឹកនាំ គឺរាប់បញ្ចូលទាំងការសម្លឹងមើលសក្ដានុពលភាពជាអ្នកដឹកនាំរបស់កូនក្រុម។ ហើយការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំក្នុងក្រុមរបស់អ្នក ជួយឲ្យអ្នកបង្កើតនូវបរិយាកាសការងារមួយដែលអាចធានាជោគជ័យរយៈពេលវែង។ នេះជាចំណុចវាស់វែងដ៏ពិតប្រាកដនៃភាពជាអ្នកដឹកនាំល្អ។
អត្ថបទទាក់ទង