រឿងខ្លីបែបកំប្លែង៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងស្ទង់មតិលើឥរិយាបថ និងអត្តចរិត

ការសិក្សាស្រាវជ្រាវ និងស្ទង់មតិមួយ បានធ្វើការអង្កេត និងសួរសំណួរ នៅមុខបន្ទប់ទឹកបុរសក្នុងសកលវិទ្យាល័យមួយ។

ក្រុមនិស្សិតទី១ ៖ (……. ម្នាក់ៗបានលាងដៃដោយប្រើសាប៊ូអស់ស្ទើរមួយដុំ លេងស្ទើរដល់ក្លៀក និងប្រើទឹកអស់ស្ទើរ៥លីត្រ និងក្រដាសអនាម័យអស់ចង់មួយដុំ ក្នុងម្នាក់ៗ……)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗ ប្រើសាប៊ូ និងទឹកច្រើនម្ល៉េះ?

ក្រុមនិស្សិតទី១ ៖ ពួកខ្ញុំរៀនពេទ្យ ខ្ញុំអនាម័យចឹង?

ក្រុមនិស្សិតទី២ ៖ (…… ម្នាក់ៗបានលាងដៃដោយប្រើសាប៊ូ ប្រើទឹក និងក្រដាសអនាម័យអស់ច្រើនដូចក្រុមទី១ ដែរ តែពួកគេថែមទាំងបានចំណាយពេលឆ្លុះកញ្ចក់ តុបតែងសម្លៀកបំពាក់ និងសិតសក់ អស់ពេលប្រហែល ១ម៉ោង ទើបរួច។)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗតុបតែងខ្លួនយូរម្ល៉េះ?

ក្រុមនិស្សិតទី២ ៖ ពួកខ្ញុំរៀនផ្នែកម៉ាឃីតធីង ខ្ញុំស្អាតអ៊ីចឹង។

ក្រុមនិស្សិតទី៣ ៖ (…… មុនចូលបន្ទប់ទឹក មានអ្នកខ្លះសម្ភាសសួរមីងអនាម័យពីការងារ ដើរហិតក្លិននិងពិនិត្យមើលស្ថានភាពបន្ទប់ទឹក បន្ទាប់មករៀបចំចាត់ចែងក្រុម ទៅតាមក្រុមអ្នកបទជើងតូចមួយក្រុម និងអ្នកបទជើងធំមួយក្រុម ហើយតម្រង់ជួរទៅតាមអ្នករាន់តិច រាន់ខ្លាំង ហើយអ្នកបទជើងតូចឱ្យចូលបង្គន់១ ចំនួន៣នាក់ ……… លាងដៃដោយប្រើសាប៊ូ ទឹក និងក្រដាសអនាម័យអស់ល្មមសមរម្យ……….)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗមានការពិនិត្យ សួរនាំ និងចាត់ចែងអីខ្លាំងម្ល៉េះ?

ក្រុមនិស្សិតទី៣ ៖ ពួកខ្ញុំរៀនផ្នែកគ្រប់គ្រងធនធានមនុស្ស ខ្ញុំពិនិត្យ សួរនាំ និងចាត់ចែងអ៊ីចឹង ព្រោះយើងត្រូវតែគិតពីផាលសុភាព សុខមាលភាព ផលិតភាព និងផលិតផល?

ក្រុមនិស្សិតទី៤ ៖ (……. ម្នាក់ៗបានលាងដៃច្បិចៗ និងដោយប្រើសាប៊ូតិច ទឹកនិងក្រដាសអនាម័យតិចៗ ក៏ចេញពីបន្ទប់ទឹកមកវិញ)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗលាងដៃច្បិចៗ និងដោយប្រើសាប៊ូតិចនិងទឹកតិចៗម្ល៉េះ?

ក្រុមនិស្សិតទី៤ ៖ ពួកខ្ញុំរៀនផ្នែកសេដ្ឋកិច្ច គណនេយ្យ និងហរិញ្ញវត្ថុ ពួកខ្ញុំសន្សំសំចៃអ៊ីចឹង។

ក្រុមនិស្សិតទី៥ ៖ (……. ម្នាក់ៗបានលាងដៃច្បិចៗ និងដោយប្រើសាប៊ូតិច ទឹក និងក្រដាសអនាម័យតិចៗ ដូចក្រុមទី៤ដែរ តែមុនចេញពីបន្ទប់ទឹកមកវិញ គេពិនិត្យមើល និងកត់ត្រាឈ្មោះនិងម៉ាកសាប៊ូ ក្រដាស់អនាម័យ និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកដទៃទៀត….)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗចាំបាច់ពិនិត្យមើល និងកត់ត្រាឈ្មោះនិងម៉ាកសាប៊ូ ក្រដាស់អនាម័យ និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកដទៃទៀតធ្វើអ្វី?

ក្រុមនិស្សិតទី៥ ៖ ពួកខ្ញុំរៀនផ្នែកសវនកម្ម ខ្ញុំត្រូវដឹងឈ្មោះនិងម៉ាកសាប៊ូ ក្រដាស់អនាម័យ និងសម្ភារៈប្រើប្រាស់ ដើម្បីស៊ើបសួរតម្លៃនៅទីផ្សារ និងផ្ទៀងផ្ទាត់ តម្លៃក្នុងរបាយការហិរញ្ញវត្តុរបស់សកលវិទ្យាល័យ ធ្វើចុះកម្មសិក្សាផ្នែកសវកម្មនៅសាលា ឡូយទេ បង?។

អ្នកស្ទង់មតិ ៖ អូ! អ្នករៀនសវនកម្ម ឡូយណាស់ណ៎!

ក្រុមនិស្សិតទី៦ ៖ (…….ម្នាក់ៗចេញពីបន្ទប់ដោយពុំលាងដៃឡើយ……)

អ្នកស្ទង់មតិ ៖ ម្តេចប្អូនៗ មិនលាងដៃអ៊ីចឹង?

ក្រុមនិស្សិតទី៦ ៖ គ្មានហេតុគឺគ្មានផល បាទ…….. បើមិនមានរឿងគឺគេមិនទៅតុលាការទេ….

អ្នកស្ទង់មតិ ៖ អូ! ចុះទាក់ទងអី រឿងលាង ឬមិនលាងដៃ?

ក្រុមនិស្សិតទី៦ ៖ ពួកខ្ញុំរៀនផ្នែកច្បាប់ គឺយល់ច្បាស់ពីហេតុនិងផល បាទ……..

អ្នកស្ទង់មតិ ៖ (រកកលចង់ខឹង សួរដោយសំឡេងខ្លាំងៗ) ចុះទាក់ទងអី រឿងលាង ឬមិនលាងដៃ?

ក្រុមនិស្សិតទី៦ ៖ ហេតុអី ពួកខ្ញុំត្រូវលាងដៃ ព្រោះពួកខ្ញុំមានបានបទជើងដាក់ដៃឯណា?

អ្នកស្ទង់មតិ៖ អុញ!!!


អត្ថបទទាក់ទង

តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

 

Leave a Reply

Your email address will not be published. Required fields are marked *