វិធីសាស្រ្ត ១០យ៉ាង ជួយឱ្យអ្នកបំពេញការងារប្រកបដោយប្រសិទ្ឋភាពនៅកន្លែងធ្វើការ

ការបង្កើនប្រសិទ្ធភាពការងារឲ្យល្អប្រសើរជាងមុន គឺជាអ្វីដែលម្ចាស់អាជីវកម្មគ្រប់រូបចង់បានពីបុគ្គលិករបស់ខ្លួន។ ប្រសិនបើអ្នកមិនចេះរៀបចំយុទ្ធសាស្ត្រសម្រាប់ខ្លួនឯងពេលបំពេញការងារទេ នោះប្រសិទ្ធភាពការងាររបស់អ្នកអាចធ្លាក់ចុះ ដែលនេះជាបញ្ហាប្រឈមក្នុងអាជីពការងាររបស់អ្នកនៅថ្ងៃនេះ និងនៅថ្ងៃខាងមុខ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យក្នុងកន្លែងធ្វើការងារ អ្នកគួរអនុវត្តគន្លឹះ សាមញ្ញទាំង ១០ នេះដើម្បីជួយឱ្យអ្នកបំពេញការងារប្រកបដោយប្រសិទ្ឋភាពនៅកន្លែងធ្វើការ៖

១. រៀបចំផែនការការងារឱ្យបានត្រឹមត្រូវ

គួរកំណត់ពេលវេលាមួយជាក់លាក់ដើម្បីធ្វើការ និងរៀបចំខ្លួនឱ្យបានល្អប្រសើរ ហើយដាក់កម្រិតឱ្យខ្លួនឯងថាត្រូវធ្វើឱ្យរួចទាន់ពេលវេលា ការងារណាដែលសំខាន់ៗត្រូវធ្វើវាមុខគេ ដោះស្រាយឱ្យបានចប់រួចរាល់ កុំបណ្តោយឱ្យវាក្លាយទៅជាភាពស្មុគស្មាញអី។ ប្រសិនបើអ្នកអាចគ្រប់គ្រងបាន អ្នកនឹងមិនមានអារម្មណ៍ធុញទ្រាន់ទៀតនោះទេ។ ក្រោយមកទំនុកចិត្ត និងភាពងាយស្រួលក្នុងការធ្វើកិច្ចការទាំងអស់នោះនឹងកើតឡើងមកដោយឯកឯង។

២. បរិភោគអាហារដែលមានគុណភាពល្អ

ត្រូវចងចាំថាគួរញ៉ាំអាហារណាដែលមានគុណភាព និងមានប្រយោជន៍ចំពោះសុខភាពបានហើយ ដើម្បីបង្កើនថាមពលរាងកាយ និងបណ្តុះគំនិតនៅក្នុងការធ្វើការងារបន្ថែមទៀត។ ជៀសវាងការផឹកស្រា ជក់បារី នៅពេលដែលមានស្រ្តេសនៅក្នុងខួក្បាល។ បើអ្នកមានសុខភាពល្អ ការបំពេញការងាក៏បានល្អប្រសើរទៅតាមនោះដែរ។

៣. ទុកបញ្ហាផ្ទាល់ខ្លួននៅផ្ទះ

នៅពេលដែលអ្នកបានគិតអំពីក្រុមគ្រួសារ ឬក៏បញ្ហាផ្ទាល់ខ្លួនផ្សេងៗទៀតដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត ដូច្នេះសូមទុកឱ្យវានៅផ្ទះដោយឡែកសិន កុំយកវាមកពាក់ព័ន្ធជាមួយនឹងការងារក្នុងការិយាល័យ។ ត្រូវរៀបចំខ្លួនឱ្យមានរបៀបរៀបរយទទួលយកថ្ងៃថ្មីនៃជីវិត ធ្វើដូចជាធម្មតា និងបន្តធ្វើការងារនៅក្នុងស្រមៃរបស់អ្នកឱ្យបានល្អបំផុតនៅថ្ងៃនេះ។ គិតដល់ប្រយោគមួយឃ្លាថា “នេះហើយជាជីវិត” បន្ទាប់មកអ្នកនឹងមានសេចក្តីសុខ ក្នុងការងាររបស់អ្នករហូតដល់អាចទទួលបាននូវភាពជោគជ័យមួយយ៉ាងត្រចះត្រចង់។

៤. និយាយរាក់ទាក់ជាមួយអ្នកគ្រប់គ្នា

អរុណសួស្តី! ស្រមៃទៅមើលថា ពេលដែលឈានជើងចូលដល់កន្លែងការងារភ្លាម មានមនុស្សមកនិយាយរកអ្នកដោយពោលពាក្យសម្តីទន់ភ្លន់ អមដោយស្នាមញញឹមផងនោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ដូច្នេះប្រសិនបើអ្នកចាប់ផ្តើមថ្ងៃថ្មីដោយការនិយាយស្វាគមន៍ទៅរកមនុស្សគ្រប់គ្នានៅក្នុងការិយាល័យ អ្នកនឹងទទួលបាននូវភាពស្រស់ថ្លាសប្បាយរីករាយមកវិញឥតដែនកំណត់។

៥. បង្កើតពេលសំរាកឱ្យខ្លួនឯង

ជាទូទៅអ្នកតែងប្រើពេលវេលាដើម្បីធ្វើការយ៉ាងហោចណាស់ក៏៨ម៉ោងដែរក្នុងមួយថ្ងៃ។ ដូច្នេះអ្នកមិនអាចចៀសផុតបានទេពីភាពអស់កម្លាំង និងភាពតានតឹង។ ហេតុដូច្នេះអ្នកគួរតែបង្កើតកន្លែងសម្រាកកាយយ៉ាងសាមញ្ញមួយដែលមាន ភាពល្អសមរម្យផ្ទាល់ខ្លួនបាននៅលើតុការិយាល័យរបស់អ្នក ដើម្បីឱ្យមានផាសុកភាព និងបន្ធូរបន្ថយភាពនឿយហត់ទាំងឡាយបាន។ គ្រាន់តែប៉ុណ្ណឹងអ្នកក៏មានអារម្មណ៍ថា ស្រស់ស្រាយជាងមុននៅក្នុងការបំពេញការងារប្រចាំថ្ងៃ។

៦. មិត្តភក្តិ គឺជាមនុស្សដែលមិនអាចខ្វះបាន

មិត្តភក្តិនៅកន្លែងធ្វើការជាមួយគ្នាអាចជួយឱ្យអ្នកកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធិភាព។ ទោះបីជាមានបញ្ហាខ្លះដែលមិត្តភក្តិមិនអាចជួយដោះស្រាយឱ្យអ្នកបានមែន ប៉ុន្តែយ៉ាងហោចណាស់មិត្តក៏ជាមនុស្សម្នាក់ដែលទទួលស្តាប់នូវបញ្ហាស្មុគស្មាញគ្រប់យ៉ាង និងចែករំលែកនូវទុក្ខកង្វល់ខ្លះៗជាមួយគ្នាបានដែរ។ 

៧. មិនអង្គុយនៅមួយកន្លែង

ការអង្គុយធ្វើការនៅតុធ្វើការពេញមួយថ្ងៃ ឬនៅពីមុខអេក្រង់កុំព្យូទ័ររាល់ថ្ងៃនោះ វានឹងធ្វើឱ្យអ្នកអស់កម្លាំង ឈឺខ្នង ឈឺ ក. ចុកស្មា ស្រវាំងភ្នែក និងកើតរោគសញ្ញានៃជំងឺការិយាល័យ( Office disease syndrome)។ ដូច្នេះអ្នកមិនគួរអង្គុយជាប់គូថនឹងកៅអីយូរពេកទេ គឺត្រូវធ្វើលំហាត់ប្រាណឱ្យសាច់ដុំខ្លះដែរ។ ការផ្លាស់ប្តូរឥរិយាបថនឹងជួយឱ្យចរន្តឈាមរបស់អ្នករត់បានល្អ ការផ្គត់ផ្គង់ឈាមទៅផ្នែកផ្សេងៗនៃរាងកាយមានភាពរលូន ជាពិសេសគឺនៅត្រង់ម្តុំបរិវេណខួរក្បាលតែម្តង។

៨. កុំព្យាយាមកែប្រែចរិតមិត្តរួមការងារ

ចូរចងចាំថាអ្នកមិនអាចផ្លាស់ប្តូរនិស្ស័យមនុស្សណាម្នាក់បានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនឯងទៅលើពួកគេបាន។ វាមិនងាយស្រួលទេសម្រាប់អ្នក នៅក្នុងការដោះស្រាយបញ្ហានេះ។ ដូច្នេះដើម្បីជៀសវាងកុំឱ្យប្រឈមមុខ ទៅនឹងស្ថានភាពបែបនេះ អ្នកគួរជម្រុះគំនិតខ្លួនឯងសារជាថ្មីម្តងទៀត នោះលទ្ធផលវានឹងប្រសើរជាងមុនជាក់ជាមិនខានឡើយ។

៩. ផ្តល់រង្វាន់ឱ្យខ្លួនឯង

ពានរង្វាន់គឺជាវត្ថុម្យ៉ាងបង្ហាញពីការផ្តល់តម្លៃ។ វាជាអំណោយដែលពោរពេញទៅដោយក្ដីអំណរ ដើម្បីបង្កើតភាពសាមញ្ញមួយឱ្យជីវិត។ នៅពេលដែលអ្នកមានបំណងក្នុងការធ្វើអ្វីមួយឱ្យបានសម្រេច អ្នកគួរតែផ្តល់រង្វាន់ដល់ខ្លួនឯងមុនដំបូងគេបង្អស់។ នៅលើលោកយើងនេះមានមនុស្សច្រើនណាស់ដែលគិតតែពីការផ្តល់កាដូជូនអ្នកដទៃ ហើយភ្លេចគិតថាខ្លួនឯងក៏ត្រូវការរង្វាន់ទាំងនេះដែរ។ ដើម្បីរីករាយនឹងជីវិត អ្នកគួរតែមានការគិតបែបនេះនៅក្នុងចិត្តជានិច្ច ដូចជាឧបមាថា៖ ថ្ងៃនេះខ្ញុំត្រូវសរសេររបាយណ៍ការឱ្យរួចរាល់ ក្រោយមកខ្ញុំនឹងទៅទិញនំឆ្ងាញ់ៗមកញ៉ាំ ដើម្បីអបអរជោគជ័យមួយនេះឱ្យខ្លួនឯង…។

១០. មើលពិភពលោកក្នុងផ្លូវល្អ

ជាការពិតណាស់សុខ ឬទុក្ខគឺស្ថិតនៅជុំវិញខ្លួនយើងគ្រប់ពេលវេលា។ ប្រសិនបើអ្នកសម្លឹងមើលទៅពិភពលោកក្នុងផ្លូវវិជ្ជមាននោះអ្នកនឹងសប្បាយរីករាយជានិច្ច។ ឧទាហរណ៍៖ សាកល្បងនិយាយថាប្រាប់ខ្លួនឯងថា “ថ្ងៃនេះខ្ញុំនឹងធ្វើការដែលខ្ញុំស្រឡាញ់ឱ្យអស់ពីសមត្ថភាព” នោះវានឹងក្លាយទៅជាកម្លាំងមួយដ៏អស្ចារ្យ សម្រាប់ជម្រុញអ្នកឱ្យមានការតស៊ូធ្វើការបន្ថែមទៀត។ ប៉ុន្តែបើអ្នកតែងតែនិយាយថា៖ “រាល់ថ្ងៃជួបតែរឿងការងារដដែលៗ គួរឱ្យធុញទ្រាន់ គួរឱ្យស្អប់” ច្បាស់ណាស់ថាវានឹងធ្វើឱ្យអ្នកកាន់តែមានសេចក្តីធុញថប់ជាមួយការងារនោះទ្វេរមួយជាដប់។

ជារួមមកវិញ មានមនុស្សជាច្រើនអាចប្រាប់អ្នកថា ប្រសិនបើបានធ្វើការងារដែលយើងស្រឡាញ់ពេញចិត្ត នោះយើងនឹងមានក្តីសុខជាមួយការងារទាំងនោះជាមិនខាន។ ប៉ុន្តែមនុស្សមួយចំនួនធំក៏នៅតែត្អូញត្អែរដែរថា ដោយសារតែកត្តានៅជុំវិញខ្លួនជាច្រើន បង្កឱ្យមានភាពនឿយណាយជារៀងរាល់ថ្ងៃ ពេលខ្លះគិតចង់លាឈប់ពីការងារម្តងៗទៀតផងក៏មាន។ ប៉ុន្តែឱ្យធ្វើយ៉ាងណា? បើនេះគឺជារឿងដែលចៀសមិនផុតទៅហើយ បើគិតចង់ផ្លាស់ប្តូរអត្តចរិតអ្នកដទៃចេញ  ក៏មិនបាន គឺមានតែពីប្តូរឥរិយាបថរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវមកមើលវិធីកែប្រែផ្សេងៗដូចជាចំណុចសំខាន់ៗទាំង១០ខាងលើ ដើម្បីធ្វើឱ្យខ្លួនឯងមានសុភមង្គល ក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ ដែលយើងចូលចិត្តនៅកន្លែងធ្វើការវិញល្អជាង។


អត្ថបទទាក់ទង

បុគ្គលិកទាំងឡាយ គួរសាកល្បងវិធីសាស្រ្តទាំង ៥ នេះ ដើម្បីបង្វិកចិត្តគំនិតរបស់អ្នកឱ្យដូចសហគ្រិន

Leave a Reply