វិធីសាស្រ្ត ៤ យ៉ាង ដើម្បីប្រឈមនឹងការបដិសេធ

ក្នុងជីវិត យើងនឹងឆ្លងកាត់ថ្ងៃដែលត្រូវបានគេបដិសេធយើង។ ហើយជាក់ស្ដែង គឺមានច្រើនដងណាស់ អាចមានរហូតរាប់ភ្លេច។ ពេលវេលាមួយដែលយើងទទួលបានចម្លើយបដិសេធ វាជាពេលវេលាដែលពិបាកទទួលយក មិនថាចំពោះរឿងការងារ រឿងទំនាក់ទំនង រឿងស្នេហា ឬក៏រឿងអ្វីក៏ដោយ សូម្បីតែរឿងតូចតាចក្ដី។ ប៉ុន្តែវាក៏បានបង្រៀនយើងច្រើនណាស់ដែរ។ រាល់លើកដែលយើងទទួលបានចម្លើយបដិសេធ យើងគួរប្រាប់ខ្លួនឯងថា “ត្រូវតែហ៊ានទទួលយកការបដិសេធ ហើយព្យាយាមធ្វើឲ្យអ្វីៗប្រសើរឡើង”។

តើយើងគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីប្រឈមមុខជាមួយនឹងការបដិសេធទាំងនោះ? ខាងក្រោមនេះនឹងជួបបង្ហាញប្រាប់អ្នកពីវិធីសាស្ត្រមួយចំនួន៖

១. ចំណាយពេលខ្លះដើម្បីសម្រួលអារម្មណ៍​

នៅពេលដែលជួបនឹងការបដិសេធភ្លាមៗ យើងប្រាកដជាមានអារម្មណ៍ថាអាក់អន់ចិត្ត​ ឬ ខឹងជាមិនខាននោះទេ។ អ្នកខ្លះក៏បញ្ចេញកំហឹង​ដោយវាយដំអ្វីមួយ​ ឬ ​ស្រែកខ្លាំងៗ​ ហើយអ្នកខ្លះទៀតក៏បញ្ចេញកំហឹងទាំងនោះទៅកាន់អ្នកដទៃដែលមិនដឹងអីទៅវិញ ប៉ុន្តែការធ្វើដូចនេះមិនត្រឹមតែមិនអាចជួយអ្នកកាត់បន្ថយអារម្មណ៍មិនសមប្បាយចិត្តនោះទេ វាថែមទាំងធ្វើឲ្យអារម្មណ៍អ្នកកាន់តែយ៉ាប់យឺនជាមុនទៅទៀត ជាពិសេសនោះគឺធ្វើឲ្យអ្នកដទៃមិនចូលចិត្តចំពោះទង្វើររបស់អ្នកនេះឯង។ អ្វីដែលអ្នកគួរធ្វើនោះ គឺគួរតែបញ្ចេញអារម្មណ៍តាមរយៈការសរសេរ ឬ ធ្វើសកម្មភាពផ្សេងៗ ដូចជាការធ្វើលំហាត់ប្រាណ ឬ ស្តាប់តន្ត្រីជាដើម។

២. អ្នកមិនគួរស្តីបន្ទោសខ្លួនឯងទេ

ពេលខ្លះ ដោយសារតែអ្នកផ្តោតអារម្មណ៍ទៅលើការបដិសេធនោះពេក ទើបធ្វើឲ្យអ្នកតែងតែស្តីបន្ទោសខ្លួនឯង ស្អប់ខ្លួនឯង។ ជំនួសឲ្យការស្តីបន្ទោសខ្លួនឯង អ្នកគួរតែចំណាយពេលនេះគិតពីចំណុចល្អៗ ឬ ចំណុចខ្លាំងដែលអ្នកមាន ហើយអ្នកគួរសសម្លឹងមើលការបដិសេធនោះក្នុងផ្លូវផ្សេងមួយទៀត ដោយសួរខ្លួនឯងថាតើអ្នកអាចរៀនអ្វីពីវាបាន និងយកវាមកអភិវឌ្ឍខ្លួនបានដោយរបៀបណា​។

៣. កុំឲ្យការបដិសេធនោះ កំណត់ថាអ្នកជានរណា

អ្នកត្រូវចាំថា មានមនុស្សជាច្រើនទៀត ក៏ធ្លាប់ជួបប្រទះនឹងការបដិសេធដូចអ្នកដែរ ព្រោះការបិដេសេធទាំងនោះ គឺជាផ្នែកមួយនៃជីវិតរបស់អ្នកដែលមិនអាចជៀសផុត សូម្បីតែបុគ្គលជោគជ័យមួយចំនួន ក៏ធ្លាប់ឆ្លងកាត់វាដែរ។ ដូច្នេះនៅពេលដែលអ្នកជួបប្រទះនឹងការបដិសេធពីនរណាម្នាក់ ឬ រឿងអ្វីមួយ អ្នកមិនគួរឲ្យអារម្មណ៍របស់អ្នកទោរទន់ទៅតាមវានោះទេ អ្នកគួរតែប្រាប់ខ្លួនឯងថា វាជាបទពិសោធន៍ក្នុងជីវិតអ្នក និងព្យាយាមស្វែងយល់ថាតើអ្នកនៅខ្វះខាតអ្វី អាចរៀនអ្វីខ្លះបានពីវា តើគួរធ្វើអ្វីខ្លះដើម្បីបន្តដំណើរទៅមុខទៀត។ អ្នកត្រូវគិតថា តម្លៃរបស់អ្នក មិនមែនស្ថិតលើការគិតរបស់អ្នកដទៃនោះទេ ព្រោះពេលខ្លះអ្វីដែលគេគិត មិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ​ ដូច្នេះត្រូវរៀនរស់ជាខ្លួនឯង រៀនគិតជាគំនិតខ្លួនឯង។

៤. ចំណាយពេលជាមួយមនុស្សដែលអ្នកទុកចិត្ត​

ជាធម្មតា នៅពេលដែលអ្នកជួបរឿបមិនសប្បាយចិត្ត ឬ ទទួលបានការបដិសេធពីនរណាម្នាក់ អ្នកត្រូវចាំថាមានរឿងជាច្រើនទៀតដែលអ្នកនឹងជួបក្នុងជីវិត​ ហើយមានមនុស្សជាច្រើននៅខាងអ្នក ចាំជួយគាំទ្រ និងលើកទឹកចិត្តអ្នកជានិច្ច ដូច្នេះអ្នកមិនគួរឲ្យអារម្មណ៍មួរម៉ៅទាំងនោះលេបត្របាក់អ្នក ហើយបោះបង់ចោលអ្វីដែលអ្នកកំពុងធ្វើនោះទេ។ អ្នកអាចស្វែងរកជំនួយពីមនុស្សដែលអ្នកទុកចិត្ត នោះពួកគេនឹងឲ្យយោបល់ និង ជួយលើកទឹកចិត្តអ្នក ដែលវាអាចជួយសម្រួលអារម្មណ៍របស់អ្នកឲ្យប្រសើរជាងមុន។

ជារួមមក មនុស្សយើងម្នាក់ៗ រមែងតែងតែជួបប្រទះនឹងការបដិសេធនៅក្នុងជីវិតរបស់យើងម្នាក់ៗ ហើយប្រាកដជាធ្លាប់ឆ្លងកាត់មកហើយពីភាពបរាជ័យ ភាពលំបាក និងការបដិសេធ មិនថាក្នុងការសិក្សា ការងារ គ្រួសារ ឬស្នេហាឡើយ ដែលការបដិសេធនោះ វាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង។ ជាក់ស្ដែង យើងឃើញថាមនុស្សភាគច្រើនពួកគេឆាប់បោះបង់ការព្យាយាម បោះបង់ការប្រឹងប្រែង គឺដោយសារតែពួកគេគិតថា ទោះបីជាពួកគេព្យាយាមធ្វើយ៉ាងណា ក៏លទ្ធផលនៅដដែលដូចតែមុនអញ្ចឹង ប៉ុន្តែអ្នកខ្លះវិញបើពួកគេកាន់តែជួបនឹងបញ្ហា កាន់តែទទួលបាននូវការបដិសេធ គឺពួកគេនឹងរឹតតែឈ្មុសឈ្មុលទៅមុខបន្តទៀត ដោយសារតែការគិតវិជ្ជមាន ហើយពួកគេគិតថា នេះគឺជាផ្លូវនៃជីវិតដែលត្រូវតែជួប ត្រូវតែដោះស្រាយដោយចៀសមិនរួច។


អត្ថបទទាក់ទង

វីធីសាស្រ្ត ៨ យ៉ាង ដើម្បីបង្កើនភាពជឿជាក់របស់អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *