វីធីសាស្រ្ត ៨ យ៉ាង ដើម្បីបង្កើនភាពជឿជាក់របស់អ្នក
មនុស្សដែលជោគជ័យនៅក្នុងជីវិត គឺសុទ្ធតែកើតមកពីសកម្មភាពប្រចាំថ្ងៃ ដែលពួកគេខំតស៊ូប្រឹងប្រែង និងព្យាយាមនាពេលកន្លងមក និងនៅពេលបច្ចុប្បន្ន។ ពួកគេខំតស៊ូ និងព្យាយាមយ៉ាងដូច្នេះ ព្រោះពួកគេម្នាក់ៗមានជំនឿលើខ្លួនឯងថា ការជឿជាក់លើខ្លួនឯង គឺជាកម្លាំងចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទម្លុះរនាំងជីវិត ដែលតែងតែរារាំងពួកគេ មិនឲ្យឈានទៅដល់ភាពជោគជ័យ និងមិនអាចសម្រេចគោលដៅនៅក្នុងជីវិតបាន។ នេះមានន័យថា ដរាបណាអ្នកនៅមានជំនឿលើខ្លួនឯង នោះក្តីសង្ឃឹមសម្រាប់ភាពជោគជ័យនៅតែមានជានិច្ច។
បុគ្គលជោគជ័យ តែងតែបង្ហាញពីភាពជឿជាក់របស់ខ្លួន។ វាច្បាស់ណាស់ថាពួកគេជឿជាក់លើខ្លួនឯង និងអ្វីដែលពួកគេកំពុងធ្វើ។ ផ្ទុយទៅវិញ វាមិនមែនជាជោគជ័យរបស់ពួកគេទេដែលធ្វើឲ្យពួកគេភាពជឿជាក់។ ភាពជឿជាក់ គឺកើតមុនដំបូងគេ។
សូមគិតអំពីវាបន្តិច៖
- ១. ភាពមានមន្ទិលបណ្តុះភាពមន្ទិល
តើឲ្យមនុស្សរាល់គ្នាជឿជាក់លើអ្នក គំនិតរបស់អ្នក ឬក៏សមត្ថភាពរបស់អ្នកយ៉ាងម៉េច បើអ្នកមិនបានជឿលើពួកវាខ្លួនឯងនោះ?
- ២. វាត្រូវការភាពជឿជាក់ដើម្បីឈានទៅកាន់បញ្ហាប្រឈមថ្មី
បុគ្គលដែលមានភាពភ័យខ្លាចនិងគ្មានសុវត្ថិភាពងាយនឹងស្ថិតនៅក្នុងតំបន់សុខស្រួល (comfort zone) របស់ខ្លួន។ ប៉ុន្តែតំបន់សុខស្រួលកម្រនឹងពង្រឹកដែនដោយខ្លួនឯងណាស់។ អាស្រ័យហេតុនេះហើយ បុគ្គលដែលខ្វះភាពជឿជាក់ជាប់នៅក្នុងការងារដែលគ្មានការរីកចម្រើន និងបណ្តោយឲ្យឳកាសគន្លងផុតទៅដោយមិនដឹងខ្លួន។
- ៣. បុគ្គលគ្មានភាពជឿជាក់ តែងតែស្ថិតនៅក្រោមការត្រួតត្រានៃស្ថានភាពខាងក្រៅ
បុគ្គលជោគជ័យមិនត្រូវបានរារាំងដោយឧបសគ្គ ដែលជាវិធីដែលពួកគេងើបឈរឡើងតាំងពីដំបូង។
គ្មានអ្នកណាម្នាក់ រារាំងអ្នកពីអ្វីដែលអ្នកចង់សម្រេចបានក្រៅពីខ្លួនអ្នកនោះទេ។ ដល់ពេលបំបាត់រនាំងនៃមន្ទិលសង្ស័យលើខ្លួនឯងហើយ។
ភាពជឿជាក់ ជាមូលដ្ឋានដ៏សំខាន់នៅក្នុងអជីពជោគជ័យ ហើយការទទួលយកវាពេញលេញនឹងនាំអ្នកទៅកាន់កន្លែងដែលអ្នកមិនដែលគិតថាអាចទៅរួច។ ជាមួយនឹងការណែនាំដ៏ត្រឹមត្រូវនិងកិច្ចការប្រឹងប្រែង មនុស្សគ្រប់គ្នាអាចមានភាពជឿជាក់ជាងមុន។ នៅពេលអ្នកឆ្លងកាត់ចំនុចមួយបាន អ្នកនឹងទទួលអារម្មណ៍ពីវាពីខាងក្នុងខ្លួនអ្នក។
នេះជាយុទ្ធសាស្ត្រទាំង៨ ដើម្បីឲ្យអ្នកឈានដល់ទៅនោះ៖
១. មើលមកកាន់ខ្លួនឯងដោយភាពស្មោះត្រង់
លោក ចន្នី យូនីតាស (Johnny Unitas) កីឡាករបាល់អោបដ៏ល្បីរបស់អាមេរិកបាននិយាយថា “មានភាពខុសប្លែកគ្នាពីអំនួត និងភាពជឿជាក់”។ អំនួត គឺការអួតអំពីខ្លួនឯង។ ភាពជឿជាក់ មានន័យថា អ្នកជឿថាអ្នកអាចធ្វើកិច្ចការបាន។ និយាយម្យ៉ាងទៀត ភាពជឿជាក់ទទួលបានតាមរយៈកិច្ចប្រឹងប្រែងធ្វើការ ហើយបុគ្គលជោគជ័យយល់ដឹងពីខ្លួនឯង។ នៅពេលភាពជឿជាក់របស់អ្នក កើនលើសពីសមត្ថភាពរបស់អ្នក អ្នកបានឆ្លងកាត់ខ្សែបន្ទាត់ចូលដល់ភាពក្រអឺតក្រទម។ អ្នកត្រូវដឹងពីភាពខុសប្លែកគ្នានេះ។
ភាពជឿជាក់ពិតប្រាកដ ស្ថិតនៅក្នុងភាពពិតប្រាកដ។ ដើម្បីបណ្តុះភាពជឿជាក់ វាមានសារៈសំខាន់ ដើម្បីធ្វើការវាយតម្លៃដោយស្មោះត្រង់ និងត្រឹមត្រូវលើសមត្ថភាពរបស់ខ្លួនដោយខ្លួនឯង។ បើមានចំនុចខ្សោយណាមួយនៅក្នុងជំនាញរបស់ខ្លួន អ្នកគួររៀបចំផែនការ ដើម្បីពង្រឹងជំនាញទាំងនេះ ហើយស្វែងរកវិធី ដើម្បីធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានតិចបំផុត។ ការមិនអើពើនឹងចំណុចខ្សោយរបស់ខ្លួន ឬធ្វើពុតថាវាជាចំណុចខ្លាំងនោះ នឹងមិនធ្វើឲ្យវាបាត់ទៅវិញទេ។ ស្រដៀងគ្នានេះដែរ ការយល់ដឹងពីចំណុចខ្លាំងរបស់ខ្លួនច្បាស់នោះ នឹងធ្វើឲ្យអ្នកបំបាត់ចោលមតិឆ្លើយតបដែលគ្មានមូលដ្ឋានមួយចំនួន និងការិះគន់ដែលអ្នកអាចមាននៅក្នុងបរិស្ថានការងារដែលមានភាពមមាញឹក និងប្រកួតប្រជែង។ វិធានការនេះ នឹងបង្កើនភាពជឿជាក់។
២. និយាយថា “ទេ”
ការស្រាវជ្រាវ ធ្វើឡើងនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា (University of California) ក្នុងទីក្រុង សាន ហ្វ្រានស៊ីស្កូ (San Francisco) បង្ហាញថា បើអ្នកកាន់តែពិបាកនិយាយថា ”ទេ” អ្នកកាន់តែអាចមានស្ត្រេស ភាពអស់កម្លាំង និងបាក់ទឹកចិត្ត ដែលទាំងអស់នេះធ្វើឲ្យអ្នកបាត់បង់ភាពជឿជាក់។ បុគ្គលមានភាពជឿជាក់ដឹងថាការនិយាយថា “ទេ” គឺជារឿងធម្មតា ហើយពួកគេមានទំនុកចិត្តខ្លួនឯងក្នុងការបញ្ជាក់ថា “ទេ” បានយ៉ាងច្បាស់។ នៅពេលវាដល់ពេលនិយាយថា “ទេ” បុគ្គលមានភាពជឿជាក់ជៀសវាងនូវឃ្លាថា “ខ្ញុំមិនគិតថាខ្ញុំអាច” ឬ “ខ្ញុំមិនច្បាស់”។ ពួកគេនិយាយថា “ទេ” ដោយមានភាពជឿជាក់ ពីព្រោះពួកគេដឹងថាការនិយាយថា “ទេ” ទៅកាន់ការប្តេជ្ញាថ្មី គោរពតាមការប្តេជ្ញាដែលមានស្រាប់របស់ខ្លួន ហើយនឹងផ្តល់ឲ្យពួកគេនូវឱកាសដើម្បីបំពេញពួកវាយ៉ាងជោគជ័យ។
៣. រក្សាទំនាក់ទំនងល្អជាមួយចៅហ្វាយអ្នកវិញ
ទំនាក់ទំនង មានបញ្ហាជាមួយចៅហ្វាយនាយ អាចបំផ្លាញសូម្បីតែភាពជឿជាក់របស់បុគ្គលមានទេពកោសល្យបំផុត។ វាពិបាកដើម្បីមានភាពជឿជាក់នៅពេលចៅហ្វាយរបស់អ្នក ចេះតែរិះគន់អ្នក ឬចាត់ទុកការរួមចំណែករបស់អ្នកថាមិនសូវសំខាន់។ អ្នកគួរព្យាយាមកំណត់កន្លែងណាដែលទំនាក់ទំនងមានបញ្ហា និងសម្រេចចិត្តថាតើមានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឲ្យទំនាក់ទំនងត្រឡប់មកសភាពដើមវិញឬយ៉ាងណា។ បើទំនាក់ទំនងពិតជាមិនអាចស្រោចស្រង់បាន វាអាចជាពេលដែលត្រូវបន្តទៅអ្វីមួយផ្សេងពីនេះ។
៤. ស្វែងរកជោគជ័យតូចៗ
បុគ្គលមានភាពជឿជាក់ ចូលចិត្តផ្ទញ់ខ្លួនឯង និងការប្រកួតប្រជែង សូម្បីនៅពេលកិច្ចប្រឹងប្រែងរបស់ពួកគេទទួលបានជោគជ័យតូចតាចក៏ដោយ។ ភាពជោគជ័យតូចតាច បង្កើនសសៃប្រសាទសម្រាប់ទទួលអ័រម៉ូនមនុស្សប្រុស (androgen receptors) នៅក្នុងផ្នែកនានានៃខួរក្បាលដែលមានមុខងារផ្តល់រង្វាន់ និងការលើកទឹកចិត្ត។ ការកើនឡើងនេះ បង្កើនឥទ្ធិពលនៃអ័រម៉ូន testosterone សម្រាប់មនុស្សប្រុស ដែលបង្កើនភាពជឿជាក់របស់អ្នក និងភាពស្រេកឃ្លានក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលអនាគត។ នៅពេលអ្នកទទួលបានភាពជោគជ័យតូចតាចបន្តបន្ទាប់គ្នា កម្លាំងជំរុញភាពជឿជាក់របស់អ្នកអាចមានរយៈពេលជាច្រើនខែ។
៥. ស្វែងរកអ្នកណែនាំ
គ្មានអ្វីបង្កើនភាពជឿជាក់ ដូចបុគ្គលមានទេពកោសល្យ និងបទពិសោធន៍ បង្ហាញផ្លូវដល់អ្នក ហើយអង្អែលខ្នងរបស់អ្នកសម្រាប់ការងារដែលធ្វើបានយ៉ាងល្អនោះទេ។ អ្នកណែនាំល្អ អាចធ្វើជាកញ្ចក់ ដោយផ្តល់ឲ្យអ្នកនូវទស្សនៈដែលអ្នកត្រូវការ ដើម្បីជឿលើខ្លួនឯង។ ចំណេះដឹង បណ្តុះភាពជឿជាក់ ដោយសារការដឹងពីចំណុចដែលអ្នកឈរ ជួយអ្នកផ្តោតលើថាមពលរបស់អ្នកកាន់តែប្រសើ។ ក្រៅពីនេះ អ្នកណែនាំ អាចជួយអប់រំអ្នកលើដំណើរការវប្បធម៌ផ្ទៃក្នុងខ្លះៗនៃអង្គភាពរបស់អ្នក។ ការដឹងពីវិធីនៃរបៀបដែលត្រូវធ្វើកិច្ចការនៅកន្លែងការងារ ជាការជំរុញភាពជឿជាក់ដ៏អស្ចារ្យ។
៦. បង្កើតកាលវិភាគហាត់ប្រាណ
ការសិក្សាដែលធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវ Eastern Ontario Research Institute បានរកឃើញថា បុគ្គលដែលហាត់ប្រាណពីរដងក្នុងសប្តាហ៍រយៈពេលដប់សប្តាហ៍ ទទួលអារម្មណ៍ថា ខ្លួនឯងកាន់តែមានសមត្ថភាពខាងសង្គម ខាងការសិក្សា និងខាងអត្តពល។ ពួកគេបានចាត់ចំណាត់ថ្នាក់រូបរាងកាយ និងគោរពខ្លួនឯងខ្ពស់។ សំខាន់បំផុតនោះ ក្រៅពីការផ្លាស់ប្តូររូបរាងនៅក្នុងខ្លួនដែលជួយបង្កើនភាពជឿជាក់នោះ វាជាភាពវិជ្ជមានភ្លាមៗដែលជំរុញដោយសារធាតុ endorphin ពីការហាត់ប្រាណដែលធ្វើឲ្យមានភាពខុសប្លែកគ្នាទាំងស្រុង។ អ្នកគួររៀបចំកាលវិភាគហាត់ប្រាណរបស់អ្នក ដើម្បីឲ្យប្រាកដថា វានឹងកើតឡើង និងភាពជឿជាក់របស់អ្នកនៅតែខ្ពស់។
៧. ស្លៀកសំលៀកបំពាក់ដើម្បីភាពជោគជ័យ
ទោះចង់មិនចង់ក៏ដោយ របៀបដែលអ្នកស្លៀកពាក់ មានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបដែលមនុស្សនានាមើលឃើញអ្នក។ វត្ថុ ដូចជាពណ៌ ការរៀបចំខ្លួន និងបែបផែននៃសម្លៀកបំពាក់ដែលយើងពាក់ និងសូម្បីតែប្រដាប់ប្រដារបស់យើង អាចឲ្យអ្នកដទៃដឹងពីយើង។ ប៉ុន្តែរបៀបដែលស្លៀកពាក់ ក៏មានឥទ្ធិពលពីរបៀបដែលយើងមើលឃើញខ្លួនឯងដែរ។ ការសិក្សាបានបង្ហាញថា មនុស្សនិយាយខុសៗគ្នា នៅពេលពួកគេស្លៀពាក់ផ្លូវការ ប្រៀបធៀបទៅនឹងពេលពួកគេស្លៀកពាក់ធម្មតា។ ដើម្បីជម្រុញភាពជឿជាក់របស់អ្នក ចូរស្លៀកពាក់ឲ្យបានសមសួន។ អ្នកគួរជ្រើសរើសសម្លៀកបំពាក់ដែលឆ្លុះបញ្ចាំងពីអ្នក និងរូបភាពដែលអ្នកចង់បញ្ចេញ ទោះបីជាវាមានន័យថាចំណាយពេលច្រើនជាងមុននៅផ្សារ និងពេលច្រើនជាងមុនក្នុងការរៀបចំខ្លួនពេលព្រឹកក៏ដោយ។
៨. ចេះការពារខ្លួន ប៉ុន្តែមិនមែនប្រើកម្លាំងបាយនោះទេ
ការប្រើកម្លាំងបាយ មិនមែនជាភាពជឿជាក់នោះទេ។ ផ្ទុយទៅវិញ វាជាការគំរាមកំហែង។ នៅពេលអ្នកមានអារម្មណ៍គ្មានសុវត្ថិភាព វាងាយធ្លាក់ចូលទៅក្នុងការប្រើកម្លាំងបាយដោយទាំងខ្លួនឯងគ្មានចេតនា។ ចូរហ្វឹកហាត់ការពារខ្លួនឯង ដោយមិនចាំបាច់ប្រើកម្លាំងបាយ។ ទាល់តែអ្នករៀនពីរបៀបគ្រប់គ្រងភាពគ្មានសុវត្ថិភាពរបស់ខ្លួន ទើបអ្នកអាចសម្រេចជោគជ័យបាន ហើយវានឹងបង្កើនភាពជឿជាក់របស់អ្នក។
សរុបសេចក្តីមក ភាពជឿជាក់របស់អ្នក គឺខ្លួនរបស់អ្នកជាអ្នកបង្កើន ឬបន្ថយ។ ភាពជឿជាក់ គឺផ្អែកលើភាពពិតប្រាកដ។ វាជាចំណេះដឹងមិនប្រែប្រួលដែលទៅហួសពី “ការសង្ឃឹមចង់បានភាពប្រសើរ”។ វាធានាថា អ្នកនឹងសម្រេចកិច្ចការបាន។ នោះហើយជាអំណាចនៃភាពជឿជាក់ពិតប្រាកដ។
សម្រួលពី៖ 8 Ways to Boost Your Confidence By Travis Bradberry, Entrepreneur
អត្ថបទទាក់ទង