ជម្លោះ និងដំណោះស្រាយនៃការចូលហ៊ុនគ្នា ដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មមួយ

ការចូលហ៊ុន គឺជាការសហការគ្នារវាងមនុស្សពីរ ច្រើននាក់ក្នុងការបើក និងប្រតិបត្តិការជំនួញណាមួយ ការចូលហ៊ុន មានន័យថា បុគ្គលទាំងអស់ដែលបានព្រមព្រៀងគ្នាបានចុះកិច្ចសន្យាអាជីវកម្មសហកម្មសិទ្ធ (Partnerships) បញ្ជាក់ពីកិច្ចសហការនៅក្នុងការប្រកបអាជីវកម្មនេះដោយ មានរាយនូវលក្ខខណ្ឌផ្សេងៗដូចជាការ បែងចែកប្រាក់ចំណេញ តួនាទីរបស់បុគ្គលនីមួយៗជាដើម ក្រោយពីបានចូលហ៊ុនគ្នាហើយ ម្ចាស់ហ៊ុនទាំងអស់ ក្លាយជាម្ចាស់នៃអាជីវកម្មនោះ ដោយមានទំនួលខុសត្រូវទាំងលើផលចំណេញ និងការខាតរបស់ក្រុមហ៊ុន ព្រមទាំងត្រូវបំពេញការងារផ្សេងៗទៅតាមតួនាទីរៀងៗខ្លួន ដូចដែលបានចែងនៅក្នុងកិច្ចសន្យា

ការចូលហ៊ុនគ្នាដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មមួយ ផ្តល់នូវលទ្ធភាពច្រើនក្នុងការទទួលជោគជ័យ ជាងការដំណើរការអាជីវកម្មតែម្នាក់ឯង ដោយយោងទៅហេតុផលជាច្រើន។

បញ្ហា

ប៉ុន្តែ ការជ្រើសរើសមនុស្សមកចូលហ៊ុនរកស៊ីជាមួយគ្នា គឺមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ពីព្រោះវាទាមទារនូវចំណេះដឹង និងភាពប៉ិនប្រសប់ខ្លាំងក្នុងការមើលមនុស្ស។ ប្រសិនបើជ្រើសរើសភាគហ៊ុនិក (ដៃគូភាគហ៊ុន) ខុស នោះដំណើរការក្រុមហ៊ុននឹងបរាជ័យ ដែលធ្វើឲ្យខាតប្រាក់ចំណូលនិងពេលវេលាយ៉ាងច្រើន។

ជាញឹកញាប់ ការចូលហ៊ុនគ្នា តែងមានជម្លោះកើតឡើងរវាងសហស្ថាបនិក ភាគហ៊ុនិកនៃក្រុមហ៊ុន។ ជម្លោះ អាចកើតឡើងដោយសារហេតុផលច្រើនយ៉ាងដូចជា៖

  • ការយល់ថាភាគីម្ខាងមិនខិតខំ
  • ការកើតឡើងនូវការសង្ស័យ
  • ការមិនទុកចិត្តគ្នា
  • ការមិនឳ្យតម្លៃយោបល់អ្នកដទៃ
  • ការកើតឡើងនូវការកេងបន្លំ
  • ការមិនបែងចែកការងារច្បាស់លាស់,
  • ការមិនឯកភាពគ្នាលើលក្ខខណ្ឌចូលហ៊ុនថ្មីជាដើម។

ជម្លោះទាំងនោះ អាចនាំទៅដល់ការបែកបាក់មិត្តភាព ការបាត់បង់ឱកាសវិនិយោគ ការខាតបង់ប្រាក់កាស ការក្ស័យធន ការក្ដាំក្ដីនៅតុលាការ ជាដើម។

ដំណោះស្រាយ

ភាគច្រើននៃមូលហេតុ សុទ្ធតែអាចជៀសវាង ដោះស្រាយបាន ដោយចាត់វិធានការ គោរពគោលការណ៍មួយចំនួន ដូចខាងក្រោម៖

  • កំណត់ឲ្យបាននូវក្តីសុបិន្ត (Aspiration) រួម ដែលនេះជាចំណុចចាប់ផ្ដើមនៃការជិះទូកជាមួយគ្នា
  • បែងចែកការងារច្បាស់លាស់ និងប្រជុំពិភាក្សាទៀងទាត់
  • រៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ (ការកំណត់គោលការណ៍ និងនីតិវិធីនៃចំណាយ ការសម្រេចលើគម្រោងថវិកា និងការតាមដាន ការផ្ដាច់ចេញពីគ្នានូវគណនីប្រតិបត្តិការ និងគណនីដើមទុនជាដើម)
  • រៀបចំកិច្ចព្រមព្រៀងម្ចាស់ហ៊ុនឲ្យបានត្រឹមត្រូវ ដោយកំណត់អំពីលក្ខខណ្ឌនៃការចូលហ៊ុននៃការលក់ហ៊ុនបន្ថែម ការដកខ្លួន ការដោះស្រាយទំនាស់ជាយថាហេតុ។
  • ក្នុងករណីគ្មានការឯកភាពគ្នា ត្រូវស្វែងរកមតិភាគច្រើន ។ល។

ប្រការគួរចងចាំ

បន្ថែមលើអត្ថប្រយោជន៍ផ្សេងទៀត លោកអ្នកនឹងមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ការចូលហ៊ុនពីអ្នកដទៃ (ជាពិសេស ពី Venture Capital) ប្រសិនបើលោកអ្នកមានសហស្ថាបនិកចាប់ពីពីរនាក់ឡើងទៅ។  


អត្ថបទទាក់ទង

ប្រភេទបុគ្គលិកទាំង ៥ ដែលក្រុមហ៊ុនទើបបើកថ្មីចាំបាច់ត្រូវមាន

 

Leave a Reply

Your email address will not be published. Required fields are marked *