​គ្រូ​ដើមចំនួន​ ៤ ​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីក​ចម្រើន

ពាក្យខ្មែរថា គ្រូ មកពី គរុ មានន័យថា ធ្ងន់ ។ អ្នកគ្រូលោកគ្រូ សុទ្ធតែមានគុណ ហើយពាក្យថាធ្ងន់ គឺធ្ងន់ដោយកាយ វាចា និង ចិត្ត

មនុស្សដែលជោគជ័យក្នុងជីវិតដោយសារតែមានមនុស្សល្អៗ នៅក្បែរខ្លួនចាំណែនាំផ្លូវគ្រប់ពេលវេលា។ បើយើងក្រឡេកមើលទៅបណ្ដា កីឡាករ កីឡាការិនីជម្រើសជាតិ បណ្ដាអ្នកជំនួញ អ្នកវិនិយោគ ក្រុម​គ្រួសារដែលមានសុភមង្គល អ្នកហាត់ប្រាណដែលមានរូបរាងស្រស់សង្ហា ពួកគាត់សុទ្ធតែមានគ្រូបង្វឹកយ៉ាងតិចម្នាក់ចាំជួយបង្ហាត់បង្ហាញពួកគាត់ជាប្រចាំ។

នៅក្នុង​ជីវិត​អ្នក​នៅ​ពេល​ប្រឡូក​ការងារ​ ពិសេស​​ពេល​​មិន​ទាន់​មាន​បទពិសោធន៍​ ​អ្នក​អាច​សម្លឹង​មើល​គ្រូ​ដើម​ណា​ម្នាក់​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ប្រឹងប្រែង​ជាង​មុន ​​ជួយ​​​ផ្តល់​យោបល់ ​និង​​ប្រឹក្សា​លើ​អ្វី​ដែល​អ្នក​គួរ​ធ្វើ។​​​​ អ្នក​ទាំង​នោះ​ អាច​ជា​គ្រូ​អ្នក ​​គ្រួសារ​អ្នក ​មិត្តភក្តិ​អ្នក ​ឬ​បុគ្គល​ជោគជ័យ​ណា​ម្នាក់​ដែល​ធ្វើការ​លើ​ជំនាញ​ដែល​អ្នក​ស្រឡាញ់។ ​​​លោកស្រី សែលលី ​ក្រឆេក (Sallie Krawcheck) ​​អតីត​ធនាគារិក​ប្រចាំ​ Wall Street ​​ដែល​បច្ចុប្បន្ន​ជា​នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ Ellevate ​​​និង​ជា​អ្នក​ជំនាញ​​ម្នាក់ ​​ស្រាវជ្រាវ​​រក​​​ឃើញ​គ្រូ​ដើម​ ៤ ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីក​ចម្រើន។

១. ​គ្រូ​ដើម​ជា​អ្នក​បង្វឹក

ពេល​អ្នក​ធំធាត់​ ឪពុកម្ដាយ​អ្នក ​ជា​គ្រូ​បង្វឹក​ដំបូង​គេ។ ​បើ​​ពួកគាត់​ជា​មនុស្ស​ល្អ ​ពួកគាត់​នឹង​លើក​ទឹកចិត្ត​​​អ្នក​ពេល​អ្នក​បាក់​ទឹកចិត្ត​​​ ​ស្តាប់​ និង​ជួយ​​អ្នក​ពេល​មាន​បញ្ហា។ ​​​ពេល​អ្នក​ធំ​ពេញ​វ័យ​ អ្នក​នឹង​មាន​ទំនាក់ទំនង​ជាមួយ​ពួកគាត់​កាន់​តែ​ខ្លាំង ​​ហើយ​ដំបូន្មាន​មួយ​ចំនួន​​ហាក់​ត្រូវ​នឹង​អ្នក​ខ្លាំង។ ​​នេះ​មិន​មែន​ដោយសារ​អ្នក​ចាស់​ដូច​ពួកគាត់​ទេ ​តែ​ដោយសារ​ជំនាញ​​ដែល​អ្នក​ធំធាត់​ គឺ​ជា​អ្វី​ដែល​គាត់​ធ្លាប់​ដឹង​ និង​អាច​ចែក​រំលែក​បាន​ ត្បិត​ពួកគាត់​មាន​បទពិសោធន៍​មុន​អ្នក។ ​​នៅ​ចំណុច​ដែល​អ្នក​ដឹង​ក្ដី​នេះ ​គ្រូ​ដើម​ប្រភេទ​នេះ​ នឹង​​ជួយ​បង្វឹក​អ្នក​​ឲ្យ​ដោះស្រាយ​បញ្ហា​ ​​ផ្តល់​គំនិត​​កាន់​តែ​ជ្រៅ​ទៅ​លើ​គម្រោង​ និង​ការងារ​​​​ ​រំដោះ​អ្នក​ចេញ​ពី​ការ​បាក់ទឹកចិត្ត​ ​និង​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​ជា​ដើម។ ​​គ្រូ​ដើម​ជា​គ្រូ​បង្វឹក ​រីករាយ​ពេល​បាន​ជួយ​មនុស្ស​វ័យ​ក្មេង​ដែល​មាន​សក្តានុពល​ឲ្យ​​រីកចម្រើន។

២. គ្រូដើម​ជា​​អ្នក​​លើក​ទឹកចិត្ត​​

ជា​ធម្មតា​ ពេល​ដែល​អ្នក​ជោគជ័យ​​មនុស្ស​ជា​ច្រើន​មក​ចោមរោម​ តែ​ពេល​អ្នក​ធ្លាក់​ដល់​បាត​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​នៅ​ជិត​អ្នក ​​ផ្តល់​កម្លាំង​ចិត្ត​​ និង​លើក​ទឹកចិត្ត​ក្រៅ​អំពី​គ្រួសារ ​ពិសេស​ម្តាយ​របស់​អ្នក។ ​​តែ​គ្រូដើម​ដែល​ជា​អ្នក​​ទឹកចិត្ត​​រីករាយ​ខ្លាំង​ពេល​អ្នក​សម្រេច​ការងារ​អ្វី​មួយ ​ដូច​ពួកគេ​ជា​អ្នក​សម្រេច​ផ្ទាល់។ ​ពេល​អ្នក​ជួប​ការលំបាក​​​ មិន​ដឹង​ថា ​រក​នរណា​ ពួកគេ​ជា​អ្នក​ផ្ញើសារ​លើក​ទឹកចិត្ត​អ្នក ​​និង​ចាំ​លើក​ទូរសព្ទ​អ្នក​ភ្លាមៗ​ពេល​អ្នក​ខល​ទៅ។​​ ​ ពេល​ដែល​អ្នក​លំបាក​ខ្លាំង ​រឿង​បន្តិចបន្តួច​នេះ​ល្មម​ឲ្យ​អ្នក​ធូរស្បើយ​ចិត្ត​ និង​ងើប​ឡើង​វិញ​ជា​ថ្មី​​កាន់​តែ​រហ័ស។

៣. ​​​​​គ្រូ​ដើម​ជា​អ្នក​ចូលចិត្ត​សាកល្បង

គ្រូ​ដើម​ប្រភេទ​ចុងក្រោយ​នេះ ​ចូលចិត្ត​សាកល្បង​អ្វី​ដែល​អាច​ឲ្យ​អ្នក​រីក​ចម្រើន។ ​ពិត​ណាស់​ ដើម្បី​អាច​រីកចម្រើន​បាន ​អ្នក​ត្រូវ​ចាកចេញ​ពី​ភាព​ស្រណុក​រក​ការ​ប្រថុយ​ខ្លះ។ ​​​ការ​ប្រថុយ​មួយ​ចំនួន​ អ្នក​អាច​មិន​ហ៊ាន ​ឬ​ មិន​មាន​គំនិត​ពាក់ព័ន្ធ​នឹង​វា​ទាល់​តែ​សោះ។ ​គ្រូ​ដើម​ប្រភេទ​នេះ​ នឹង​ជួយ​លើក​ទឹកចិត្ត​ និង​ផ្តល់​យោបល់​ដល់​អ្នក​ថា ​គំនិត A ​ល្អ ​គំនិត​ B ​មិន​ល្អ ​ឬ​ ត្រូវ​ធ្វើ​ C ​សិន​មុន​នឹង​ធ្វើ​ D ​ជា​ដើម។ ​ពេល​​ខ្លះ​ ពួកគាត់​​ស្តី​ឲ្យ​អ្នក​ដើម្បី​ឲ្យ​មាន​ការ​ឈឺចាប់​​​​ និង​យក​ទៅ​កែ​លំអ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន។

៤. ​​​​គ្រូ​ដើម​ជា​អ្នក​ទំនាក់ទំនង

គ្រូ​ដើម​ប្រភេទ​នេះ​ មិន​ចូលចិត្ត​នៅ​មួយ​កន្លែង​ទេ។ ​ពួកគេ​ចូលចិត្ត​ចេញ​ទៅ​ក្រៅ​ ​​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា។ មិន​មាន​មនុស្ស​ច្រើន​ដឹង​ថា ​ហេតុអ្វី​គ្រូ​ដើម​ប្រភេទ​នេះ​ចូលចិត្ត​ជួយ​លើ​ផ្នែក​ទំនាក់ទំនង​នេះ​ឡើយ ​តែ​​ពួកគេ​ច្រើន​តែ​មក​ជាមួយ​គំនិត​​ល្អៗ​ពោរពេញ​ដោយ​ថាមពល​ ហើយ​មនុស្ស​បែប​នេះ​ជំរុញ​អ្នក​ឲ្យ​ជោគជ័យ​កាន់​តែ​លឿន។ ​ក្រៅ​ពី​នេះ​ ពួកគាត់​ជា​មនុស្ស​ដែល​មាន​បណ្តាញ​ច្រើន​ដែល​គោរព​ និង​ជា​រឿយៗ​តែ​សម្រេច​កិច្ចការងារ​បាន​រហូត។

សម្រួលពី៖ ​​inc


អត្ថបទទាក់ទង

អ្នកជំនាញធនធានមនុស្សបែបគ្រូបង្វិកសម្រាប់អ្នកគ្រប់គ្រង

Leave a Reply

Your email address will not be published. Required fields are marked *