ហ័ង ទី​ (Huang Di) ម​ហា​បុព្វ​បុរស​នៃ​ប្រជា​ជាតិ​ចិន​

ប្រទេស​ចិន​ ​គឺ​ជា​ប្រជា​ជាតិ​ដ៏​ធំ​បំផុត​មួយ​​ស្មើ​នឹង​ ១ភាគ​៦ នៃ​ប្រជា​ជន​ពិភព​លោ​ក​។​ ​តើ​នរណា​ដែល​ជា​បិតា​នៃ​ប្រទេស​ដ៏​ធំ​មួយ​នេះ? នោះគឺ ហ័​ង ​ទី​ (Huang Di)​ ដែលជាអ្នក​រៀបចំ​ស្ថា​ប​នា​អារ្យ​ធម៌​ប្រទេស​ចិន​ ហើយ​មនុស្ស​គ្រប់​គ្នា​អាច​អាច​ស្វែងរក​ឃើញ​គុណ​ប្រយោជន៍​នៃជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ចិន​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ​។

ក្រោម​ការ​ដឹក​នាំ​របស់​ ហ័​ង ​ទី​ ព្រះ​អង្គ​បាន​ធ្វើ​កំណែ​ទម្រង់​បៀប​រស់​នៅ​បែប​កុល​សម្ព័ន្ធ​ ​និង​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​អារ្យ​ធម៌ថ្មីមួយ​ទៅ​ដល់​ពិភព​លោ​កបច្ចុប្បន្ន​។ គ្រួសារ​របស់ ហ័​ង ​ទី ​រស់​នៅ​លើ​ភ្នំ​​សៀន​យៀ​ន (Xuan yuan​) ក្នុង​ស្រុក​ស៊ី​ន​ចឹ​ង (Xun zheng​) ខេត្ត​​ហឺ​ណា​ន (He nan​) បិតាព្រះ​អង្គ​នាម ​សាវ ​ទៀន (Shao dian​) មាតានាម​ហ្វ៊ូ ផាវ (Fu​ pao​) ហ័​ង​ មាន​រហស្ស​នាម​ថា​ ​កុង ​ស៊ុន (Gong sun​) ហើយនាមដំបូង​របស់​គាត់​ គឺ ​​សៀន ​យៀ​ន​។​ ​ដោយសារ​តែ​គាត់​ជាប់​ចិត្ត​ទៅ​នឹង​ដី​ពណ៌​លឿង​ ​គាត់​ត្រូវ​ប្រជា​ជន​ហៅ​ថា​ ​ហ័​ង​ ទី (“ហ័ង​” ក្នុង​ភាសា​ចិន​មាន​ន័យ​ថា​ពណ៌​លឿង​ ​ជា​និ​ម្មិ​ត្ត​សញ្ញា​ទៅ​ដល់​ដី​ពណ៌​លឿង​ជា​ភូមិ​កំណើត​របស់​គាត់​ ​ឯ​ ​“ទី​” មាន​ន័យ​ថា​ អ​ធិ​រាជ)។ ហ័​ង​ ទី​​ មាន​ភរិយា​ ៤ ៖

  • ភរិយាទី​១ នាម ​ឡី ​​ជូ (Lei​ ​zu​) មាន​បុត្រា​ពីរ​ព្រះ​អង្គ​ ​បុត្រា​ទី​១​នាម សាវ ​ហាវ (Shao hao​) ដែល​គេ​ស្គាល់​ឈ្មោះ​ម្យ៉ាង​ទៀត​នៅ​ក្នុង​កំណត់​ត្រា​ប្រវត្តិ​សា​ស្ត្រ​ថា​ ​សៀន ​ស៊ាវ (Xuan xiao​) រស់​នៅ​ស្រុក​ឈី​ង​យ៉ាង (Qing yang​) តាម​ដង​ទន្លេ​យ៉ាងចឺ (Yang tze ឬ Chang jiang​) និងបុត្រា​ទី​២​នាម ​ឆាង ​យី (Chang yi​) រស់​នៅ​តាម​ដង​ទន្លេ​​យ័រ (Ruo​) មាន​បុត្រា​​នាម​​ ជ័​ន ​ស៊ី (Zhuan xu​)។
  • ភរិយា​ទី​២ ​នាម ​​ហ្វា​ង ​ឡី (Fang lei​)
  • ភរិយា​ទី​៣​ នាម ​ថុ​ង ​អ៊ី (Tong yu​) និង
  • ​ភរិយា​ទី​៤ នាម​ ​ម៉​ មូ (Mo mu​)។
ហ័ង ទី

គេ​បាន​កត់​ត្រា​ទុក​ថា​ ​នៅ​ក្នុង​សម័យ​បុ​រេ​ប្រវត្តិ​​ មាន​កុលសម្ព័ន្ធ​ ​និង​បក្ស​ពួក​ជា​ច្រើន​ បាន​រស់​នៅ​តាម​ដង​ទន្លេ​លឿង (Huang he​) និងទន្លេ​ យ៉ាង ចឺ​ ​ហើយ​​ ហ័​ង ​ទី​ ​គឺ​ជា​មេ​កុលសម្ព័ន្ធ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ​នៅ​ក្នុង​សម័យ​នោះ​។​ ​តាម​រ​យៈ​រឿង​និទាន​បុរាណ​បាន​និទាន​ថា​ ​ភរិយា​របស់​​ ហ័​ង ​ទី​ គឺ ឡី​ ​ជូ​ ​បាន​បង្រៀន​ដល់​ជន​ជាតិ​ចិន​ឲ្យ​ចេះ​ពី​របៀប​ត្បាញ​សូត​ចេញ​ពី​ដង្កូវ​នាង​ ​ហើយនិង​ប្រវត្តិ​វិទូ​ម្នាក់​ទៀត​ឈ្មោះ ​​ឆាង ​ជា (Cang​ jie​) ដែល​ជា​អ្នក​បង្កើត​តួ​អក្សរ​ចិន​ដំបូង​គេ​ប​ង្អ​ស់​បាន​ចំនួន​ប្រហែល​ ១០០០ តួអក្សរ។​ ​តាម​ទ​ស្ស​នៈ​របស់​គាត់​ បាន​សន្មត​ថា​ ជា​ប្រផ្នូល​អ្វី​ម្យ៉ាង​ដោយ​មាន​រន្ទះ​បាញ់​មក​ពី​ឋាន​សួគ៌​នៅ​ចំ​ថ្ងៃ​មេឃ​ស្រឡះ​ល្អ​។​ ​

រឿង​និទាន​បាន​បន្ត​ថា​ ​ពេល​ដែល​ ​ហ័​ង​ ទី​ ​បាន​ក្លាយ​ជា​មេ​កុលសម្ព័ន្ធ​ដែល​គោរព​បូជា​ចំពោះ​ តូ​តិ​ម (Totem​) ជា​និមិត្តរូប​សត្វ​ខ្លា​ឃ្មុំ (តាម​ប្រវត្តិ​វិទូ​ពាក្យ​ ​យ៉ូ​វ​ ស្យុ​ង​ ​“You​ ​xiong​” ជា​ម្ចាស់​នៃ​ខ្លា​ឃ្មុំ​ទាំងឡាយ)។ នៅ​ពេល​ដែល​កុលសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​​ យាន ​ទី (ជា​សាច់​ញាតិ​ជិត​បំផុត​របស់​ ហ័​ង ​ទី) ចាប់​ផ្តើ​ម​ចុះ​ទន់​ខ្សោយ​ ​ចំណែក​ឯ​កុលសម្ព័ន្ធ​របស់ ​​ហ័​ង ​ទី​ ​ចាប់​ផ្តើ​ម​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​អំឡុង​សម័យ​នោះ​។​ ​ក្រោយ​មក​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះ​កើត​មាន​ស​ង្គ្រា​ម​ ​ដោយសារ​ការ​លើក​តម្កើង​ឲ្យ​គោរព​បូជា​តូ​តិ​ម​ ​ជា​និមិត្ត​សត្វ​គោ​ឈ្មោល​ ​ដែល​ដឹកនាំ​​ដោយ យាន ​ទី (Yandi​)។ ក្រោម​ការ​ដឹកនាំ​របស់​​ ហ័​ង ​ទី​ ​ទាំង​វិ​ន័យ​កង​ទ័ព​ ​និង​ជំនាញ​យុទ្ធ​សា​ស្ត្រ​ចម្បាំង​ ​ធ្វើ​ឲ្យ​កុលសម្ព័ន្ធ​របស់​គាត់​ទទួល​បាន​ជោគជ័យ​លើ​មេ​កុលសម្ព័ន្ធ​​ យាន​ ទី​។​ ​ក្រោយ​មក​កុលសម្ព័ន្ធ​ទាំង​ពីរ​ បាន​បញ្ចូល​គ្នា​ជា​កុលសម្ព័ន្ធ​តែ​មួ​យ​។​ ​

រឿង​និទាន​ក៏បន្ត​ទៀត​ថា​ ​អារ្យ​ធម៌​ប្រជា​ជាតិ​ចិន​ បាន​ចាប់​ផ្ដើម​ចេញ​ពី​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះ។​ ​មាន​ប្រភព​មួយ​ចំនួន​ទៀត​ថា​ ​​យាន ​ទី​ ​គឺ​ជា​បង​ប្អូន​នឹង​គ្នា​ ​ឬ​បង​ប្អូន​ម្ដាយ​តែ​មួយ​ជាមួយ​នឹង​​ ហ័​ង ​ទី​។ មុន​ពេល​កុលសម្ព័ន្ធ​បង​ប្អូន​ទាំង​ពីរ​ មាន​ស​ង្គ្រា​ម​នឹង​គ្នា​ ​ឆឺ​ យ៉ូ​វ (Chi​ ​you​) តែង​តែ​ដឹកនាំ​កុលសម្ព័ន្ធ​ដ៏​ខ្លាំង​ក្លា​របស់​គាត់​ទៅ​រាតត្បាត​កុលសម្ព័ន្ធ​ដទៃ​ទៀត​ ​ហើយ​ក៏​បាន​ឈ្លានពាន​កុលសម្ព័ន្ធ​របស់ ​​យាន ​ទី​ ​ផង​ដែ​រ​។​

​លុះ​ក្រោយ​មក​ទៀត ​ប្រជា​ជន​របស់​​ ហ័​ង ​ទី​ ​បាន​រង​ការ​គំរាម​កំហែង​ពី​កុលសម្ព័ន្ធ​មួយ​ដែល​ដឹកនាំ​ដោយ ​ឆឺ​ យ៉ូ​វ​ ​ដែល​ល្បី​ថា​ជា​មនុស្ស​ចម្លែក​មាន​កម្លាំង​ ​និង​មន្ត​អាគម​អ​ស្ចា​រ្យ​ ​មាន​បង​ប្អូន​រហូត​ដល់​ ៨១នាក់​ ​ម្នា​ក់ៗ​មាន​ភ្នែក​បួន​ ​និង​ដៃ​ប្រាំ​បី​ ​ដែល​កាន់​អាវុធ​មុត​ស្រួច​នៅ​គ្រប់​ដៃ​គួរ​ឲ្យ​ភ័យ​ខ្លា​ច​។ អាស្រ័យដោយ​ ហ័​ង ​ទី​ ​បាន​អញ្ជើញ​កុលសម្ព័ន្ធ​ជិត​ខាង​ទាំង​ ៨ ទៀត​ឲ្យ​មក​ចូល​រួម​កម្លាំង​គ្នា​ជាមួយ​គាត់​ ​ហើយ​បាន​បញ្ជូន​កង​ទ័ព​ដែល​ប្រមូល​ផ្ដុំ​គ្នា​ទាំង​អស់ ​ទៅ​ប្រយុទ្ធ​ជាមួយ​ ​ឆឺ​ យ៉ូ​វ និង​បង​ប្អូន​របស់​គេ​។​ ​កង​ទ័ព​នៃ​កុលសម្ព័ន្ធ​ទាំង​ពីរ​ បាន​ប្រយុទ្ធ​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​ មិន​ចាញ់​ មិន​ឈ្នះ​។ នៅ​ពេល​នោះ​កង​ទ័ព​របស់ ​​ហ័​ង ​ទី​ ​ចាប់​ផ្ដើម​ទន់​កម្លាំង​បន្តិច​ម្ដ​ងៗ​នៅ​ក្នុ​ង​ចម្បាំង​ ​បាន​ឱកាស​ ​ឆឺ​ យ៉ូ​វ​ បាន​ដក​ដង្ហើម​បញ្ចេញ​អ័ព្ទ​បាំង​បិទ​កាំ​រស្មី​ព្រះ​អាទិត្យ​ងងឹត​សូន្យ​សុ​ង​។ កងទ័ព ​​ហ័​ង ​ទី​ ​បាន​ធ្លាក់​ក្នុង​ភាព​ច្របូក​ច្របល់​ ​មិន​អាច​រក​ឃើញ​ផ្លូវ​ចេញ​ពី​សមរ​ភូមិ​ឡើ​យ​។​ ​ខ​ណៈ​ដែល​កង​ទ័ព​គាត់​ស្ថិតក្នុង​ដំណាក់​កាល​ស្លាប់​រស់នេះ ហ័ង ទី មានរទេះ​នាំ​ទិស​ខាង​ត្បូង (South​ ​Pointing​ ​Chariot​) ដែលគាត់​បាន​ច្នៃ​ប្រ​តិដ្ឋ​ ​ហើយ​បាន​បញ្ជា​ឲ្យ​សាង​សង់​វា​ឡើង​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សមរ​ភូ​មិ។​ ​ដោយសារ​តែ​រទេះ​ចម្បាំង​នេះហើយ​ ​ទើប​ ហ័​ង ​ទី ​​មាន​លទ្ធ​ភាព​អាច​ដឹកនាំ​កង​ទ័ព​របស់​គាត់​គេច​ចេញ​ពី​ផ្សែង​អ័ព្ទ​បា​ន​។​ ពេល​នោះ ​ឆឺ​ យ៉ូ​វ ​​បាន​ខាប​ព្រលឹង​ខ្មោច​បង្កើត​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង​ទៅ​លើ​ទ័ព​ ហ័​ង ​ទី​ ​ដើម្បី​ប្រយុទ្ធ​បន្ត​ទៀ​ត​។​ ​ហ័​ង​ ទី​​ បាន​បួងសួង​ដល់​ព្រះ​ជា​ម្ចាស់​ដើម្បី​ជួយ​បណ្ដេញ​ផាត់​ពពក​ខ្មៅ​ចេញ​ឲ្យ​អស់​ពី​សមរ​ភូមិ​ច​ម្បាំ​ង​។​ ​បន្ទាប់​មក​ ​ហ័​ង ​ទី ​​បាន​វាយ​យក​ជ័យ​ជម្នះ​លើ ​​ឆឺ ​យ៉ូ​វ​ ​និងកុលសម្ព័ន្ធ​មិត្ត​សត្រូវ​ទាំង​អស់​ក្នុង​ពេល​នោះ​តែ​ម្ដ​ង​។​ ​

ជាមួយ​នឹង​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​នេះ​ ​ហ័​ង ​ទី ​​មិន​ត្រឹម​តែ​ការពារ​កុលសម្ព័ន្ធ​របស់​គាត់​រួច​ផុត​ពី​សត្រូវ​ឈ្លានពាន​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ធ្វើ​ឲ្យ​កុលសម្ព័ន្ធ​របស់​គាត់​មាន​មេត្រី​ភាព​នឹង​កុល​សម្ព័ន្ធជា​ច្រើន​ទៀត​ផ​ង​។ កុលសម្ព័ន្ធទាំង​៩ បាន​រួម​បញ្ចូល​គ្នា​ជា​កុលសម្ព័ន្ធ​ធំ​តែ​មួយ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​​ ហ័​ង ​ទី​។​ ​ហ័​ង​ ទី​​ បាន​បង្កើត​ច្បាប់​គ្រប់គ្រង​កុលសម្ព័ន្ធ​រាប់​រយ​ឆ្នាំ​បន្តម​ក​ទៀ​ត​។​ ​

លោក​ត្រូវ​បាន​គេ​និទាន​ថា​ ​មាន​បុត្រ​ចំនួន ​២៥រូប​ ក្នុង​នោះ​មាន​បុត្រា ១៤រូប​ ​​ហើយ​ក្នុង​ចំណោម​បុត្រា​ទាំង​ ១៤រូប​ ​មាន​បុត្រា​ ១២រូប​ ​បាន​ជ្រើស​រើស​​ត្រកូល​ដោយ​ខ្លួន​គេ​ផ្ទាល់​ ​ព្រម​ទាំង​ចេញ​ទៅ​បង្កើត​បក្ខសម្ព័ន្ធ​ផ្សេ​ងៗ​ផង​ដែ​រ​។​ ​ហើយ​ក៏​បាន​បរិយាយ​ទៀត​ថា​ ​គ្រួសារ​អភិ​ជន​ទាំងឡាយ​នៅ​ក្នុង​សន្តតិ​វង្ស​ប្រទេស​ចិន ៣​ជំនាន់​ដំបូង​ ​មាន​រាជ​វង្ស​ស៊ា (Xia​) សាំង (Shang​) និង​ ​ចូ​វ (Zhou​) សុទ្ធតែ​ជា​ប​ច្ឆា​ញាតិ​របស់​​ ហ័​ង ​ទី​។

នៅ​ពេល​ដែល​​ ហ័​ង ​ទី​ ​មាន​ជីវិត​រស់​នៅ​ជាង ​១០០ឆ្នាំ​ ​គាត់​បាន​រៀបចំ​រាជ​កិច្ច​ផែន​ដី​ជាមួយ​នឹង​ម​ន្ត្រី​របស់​គាត់​ ​ហើយ​បាន​រៀបចំ​ដំណើរ​ទៅ​កាន់​ឋាន​សួគ៌​ទៀត​ផ​ង​។​ ​រឿង​និទាន​មួយ​ពោល​ថា​ ​មាន​នាគ​មួយ​បាន​ចុះ​មក​ពី​ឋាន​សួគ៌​ ​ហើយ​ទទួល​យក​​ ហ័​ង ​ទី​ ​ទៅ​កាន់​ឋាន​សួគ៌​បាត់​ទៅ​។​ ​

រឿង​និទាន​មួយ​ទៀត​ថា​ ​ហ័​ង​ ទី​ ​បាន​ប្រែ​កាយ​ជា​មនុស្ស​ពាក់កណ្ដាល​ ​និង​នាគ​ពាក់កណ្ដាល​ ​ហើយ​រសាត់​ទៅ​លើ​មេឃ​បាត់​ទៅ​។ យុទ្ធោបករណ៍​សម័យ​នោះ​ ​ដូច​ជា​ ​រទេះ​ចម្បាំង​ចង្អុល​ទិស​ខាង​ត្បូង​ ​ត្រូវ​បាន​ច្នៃ​ប្រ​តិដ្ឋ​​ឡើង​នៅ​ក្នុង​សម័យ​​ ហ័​ង ​ទី​។​ ​រទេះ​ចម្បាំង​កង់​ពីរ​នេះ​ ​មាន​បង្គោល​នៅ​ចំ​ចំណុច​កណ្ដាល​រទេះ​ ​រួច​គេ​ឆ្លាក់​រូប​ចំ​លាក់​មនុស្ស​តូច​មួយ​ធ្វើ​អំពី​ឈើ​ ​ឬ​ លោហ​ធាតុ​ ​ដោត​ឈរ​នៅ​លើ​បង្គោល​នោះ​ ​និង​មាន​លើក​ដៃ​ចង្អុល​ ​ហើយ​គេ​ដាក់​ស្ពឺ​កង់​ទាំង​ពីរ​នោះ​ភ្ជាប់​ទៅ​នឹង​បង្គោល​កណ្ដាល​។ ​វិធី​បែប​នេះ​ មិន​ងាយ​នឹង​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​នោះ​របូត​ឡើយ​ ​ហើយរូប​ចំ​លាក់​ដែល​ឈរ​នៅ​លើ​បង្គោល​នោះ​ ​តែង​តែ​ចង្អុល​ទៅ​ទិស​ដៅ​កំណត់​ជា​និច្ច ដោយ​ជា​ទូទៅ ​គេ​កំណត់​យក​ទិស​ខាង​ត្បូ​ង​។​ ​រទេះ​ចម្បាំង​ចង្អុល​ទិស​ខាង​ត្បូង​ ​មិន​ត្រូវ​ការ​មេដែក​ ដើម្បី​ដំណើរ​ការ​នោះ​ទេ​ ​ហើយ​គំរូ​បែប​នេះ​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​សណ្ឋាន​ដំបូង​បំផុត​ ​នៃ​ប្រព័ន្ធ​ស្ពឺ​ ​ដែល​មាន​ភាព​ខុស​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ស្ពឺ​ប្រអប់​លេខ​គ្រឿង​ម៉ាស៊ីន​សម័យទំ​នើ​ប​។

រឿងនិទានកត់ត្រាទុកថា ហ័​ង​ ទី បាន​ចូល​រួម​ចំណែក​បង្កើត​ឧបករណ៍​តន្ត្រី​ ​“ពិណ​” (Gu qin​) រួម​ជាមួយ​នឹង​លោក​​ ហ៊្វូ​ ស៊ី (Fu xi​) និង ​​សឹ​ន ​ណុ​ង (Shen nong​) ហើយបាន​បង្កើត​ប្រតិទិន​ចិន​ដំបូង​គេ​បង្អស់​ ​និង​ឆ្នាំ​ខួបទាំង​១២ សម្រាប់​រាប់​ឆ្នាំ​កំ​ណើ​មនុស្ស​តាំង​ពី​រជ្ជកាល​របស់​ព្រះ​អង្គរ​ហូត​ដល់​សព្វ​ថ្ងៃ​។ ព្រះអង្គ​ចាប់​បាន​ស្ដេច​សត្វ​ចម្លែក​​ ប៉ាយ​ ចឺ (Bai​ ​ze​) នៅ​លើ​កំពូល​ភ្នំ​​ តុង ​វ័​ង (Dong wang​)។ សត្វ​សា​ហាវ​នេះ​ ​បាន​ពិពណ៌នា​ប្រាប់​ព្រះ​អង្គ​ថា​ ​មាន​សត្វ​តិរច្ឆាន​ទាំង​អស់​ចំនួន​១១៥២០ប្រភេទ​ ដូច​ជា​ ​អសុរ​កាយ​ ទេ​ពារ​ក្ស​ ​និង​ព្រលឹង​ខ្មោច​វិល​វល់​ក្នុង​លោ​ក​។​ ​ហ័​ង​ ទី ​​បាន​កត់​ត្រា​រឿង​ទាំង​នេះ​ទុកជា​រូប​ភាព​ ​ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​សៀវភៅ​គំនូរ​ ប៉ាយ ចឺ ធូ ​(Bai​ ​Ze​ ​Tu​) ប៉ុន្តែ​មាន​រឿងរ៉ាវ​មិន​សូវ​ជា​វែង​ទេ​។​

​រឿង​និទាន​បន្ត​ថា​ ​លីង​ លន់ (Ling lun​) មានទេព​កោ​ល​ស្យ​ចេះ​ផ្លុំ​ខ្លុយ​ជា​សម្លេងបក្សី​យ៉ាង​ពិ​រោះ​រណ្ដំ​ ថ្វាយ​ព្រះ​អង្គ​ព្រះ​សណ្ដាប់​ ​គេ​បាន​ហៅ​ថា​ ជា​ការ​រក​ឃើញ​បទ​ភ្លេង​ប្រពៃណី​របស់​ជន​ជាតិ​ចិ​ន​។ ប្រជាជនចិន​ នៅ​ចង​ចាំ​ស្នាដៃ​ដ៏​ប្រសើរ​មួយ​ចំនួនថា អធិរាជ ហ័ង ទី បានផលិតប្រាក់​កាក់​ធ្វើ​ពី​សំរិទ្ធ ផ្សំ​ឱសថ ចិញ្ចឹម​ដង្កូវ​នាង និងបែង​ចែក​អាណាចក្រ​ជា​ខេត្ត-ខណ្ឌ ​ជា​ច្រើន​ទៀត ក្នុង​រជ្ជកាល​ព្រះអង្គ មាន​ការ​រីក​ចម្រើន​ផ្នែក​ស្ថា​ប​ត្យ​កម្ម​ វិទ្យា​សា​ស្ត្រ​ និង​វប្ប​ធ​ម៌​។​ ​ក្បួន​​គណនា​លេខ​គ​ណិ​ត​ រាជ​វាំង​​ ​និង​ទូក​តូច​ធំ​ជាច្រើន ត្រូវ​​​លេច​ជា​រូប​រាង​ផង​ដែ​រ​។​ ​

ហ័​ង ​ទី ​​បាន​បង្រៀន​ប្រជា​ជន​របស់​ព្រះ​អង្គ​ឲ្យ​ចេះ​ដាំ​ដុះ​ពោត​ ​ហើយ​និង​ច្នៃ​ប្រ​តិដ្ឋ​ឧបករណ៍​សម្រាប់​ចង្អុលបង្ហាញ​ទិស​ដៅ​ធ្វើ​ដំ​ណើ​រ​។ ​​ក្រោម​ជំនួយ​របស់​ភរិយា ​​ហ័​ង ​ទី ប្រជា​ជន​បាន​ចាប់​ផ្តើ​ម​ចិញ្ចឹម​ដង្កូវ​នាង​ ​ហើយ​ត្បាញ​សរសៃ​អំបោះ​ទៅ​ជា​សូ​ត្រ​។ ជាង​នេះ​ទៅ​ទៀត​ ​តួ​អក្សរ​ ​និង​ឧបករណ៍​តន្ត្រី​ ​ត្រូវ​បាន​បង្កើត​ដោយ​ម​ន្ត្រី​សំ​ខា​ន់ៗ​របស់​ព្រះ​អង្គ​។ ​អ្វី​ទាំង​អស់​នេះ​ ​គឺ​ជា​ការ​ច្នៃ​ប្រ​តិដ្ឋ​ដែល​កើត​ឡើង​នៅ​ក្នុង​សម័យ​ ហ័​ង​ ទី​។ តាម​ពិត​ ​ហ័​ង​ ទី​ ​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​លើ​ភ្នំ​ឈៀ​វ (Qiao ក្នុង​ភាសា​ចិន​មាន​ន័យ​ថា​ ​ស្ពាន) នៅក្នុង​ស្រុក​ហ័​ង​លីង​ ​ខេត្ត​សា​អាន​ស៊ី​ ​ហើយ​សព្វ​ថ្ងៃ​នេះ​មហា​ចេតិយ​​ ហ័​ង ​ទី​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ ​“ជាម​ហា​ចេតិយ​ទី​មួយ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ចិន​” ដែល​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរ​ជាតិ​យ៉ាង​ច្រើន​ចូល​រួម​ទ​ស្ស​នា​ ​ជា​ពិសេស​នៅ​ចំ​ថ្ងៃ​បុណ្យ​ ​ឆេ​ង​ ម៉េ​ង (ថ្ងៃ​០៤-០៥ ខែ​មេ​សា)។ អធិរាជ ​ហ័​ង ​ទី​ ​គឺ​ជា​មេ​ដឹកនាំ​ដំបូង​គេ​បង្អស់​ប្រកបដោយ​មហា​ចរិយា​ធម៌​ ​និង​បញ្ញា​ញាណ​ដ៏​ឧត្តុ​ង្គ​ឧត្ត​ម​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ អារ្យ​ធម៌​ប្រទេស​ចិន​ចាប់​ពី​ដំបូង​មក​ ​ប្រជា​ជន​បាន​ចាត់​ទុក​ព្រះ​អង្គ​ជាម​ហា​បុព្វ​បុរស​នៃ​ប្រជា​ជាតិ​ចិន​ ​និង​ហៅ​ខ្លួន​ពួក​គេ​ថា​ជា​កូន​ចៅ​របស់​ ហ័​ង ​ទី​។


អត្ថបទទាក់ទង

ជីវិត និងស្នាដៃរបស់អ្នកប្រាជ្ញបុរាណចិន ខុង ជឺ

 

Leave a Reply

Your email address will not be published. Required fields are marked *