សំណួរទាំង ៣ ប្រភេទដែលយើងចូលចិត្តសួរ តែមនុស្សឆ្លាតវៃមិនសួរ

មនុស្សដែលឆ្លាតវៃមិនត្រឹមតែចូលចិត្តសួរសំណួរប៉ុណ្ណោះទេ ប៉ុន្តែពួកគេតែងចូលចិត្តសួរសំណួរណាដែលឆ្លាតៗ និងចំៗជាង។​

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានសូរសំណួរខុស។ ហើយយើងតែងលំអៀងចូលចិត្តសួរសំណួរណាដែលនាំទៅរកចម្លើយដែលយើងចង់បាន ឬសួរសំណួរដើម្បីរកចម្លើយដែលខ្លួនចង់លឺ។ យើងចូលចិត្តសួរសំណួរដែលមានបង្កប់ចម្លើយក្នុងសំណួរស្រាប់ ឬហៅម៉្យាងទៀតថា សំណួរបិទចម្លើយ​។​ ពេលខ្លះ យើងឆ្លើយតបសំណួរទាំងនោះទាំងដែលមិនបានស្តាប់ឬគិតពីចម្លើយផង ព្រោះយើងកំពុងជាប់រវល់គិតថាយើងគួរឆ្លើយយល់ស្រប ឬគួរបន្ថែមយោបល់។​​​ នេះគឺជាការសួរសំណួរមួយចំនួនដែលយើងតែងចូលចិត្តសួរខុស៖

១. សួរសំណួរដែលមានផ្ដល់ជម្រើស

សំណួរបែបនេះកើតឡើងនៅពេលអ្នកមានបញ្ហាជម្រើស ហើយបានគិតរកឃើញដំណោះស្រាយចំនួនពីរដែលអាចប្រើបាន។ ជារឿយៗ ដំណោះស្រាយទាំងពីរនោះមានទាំងភាពវិជ្ជមាននិងភាពអវិជ្ជមានដូចៗគ្នា។ ដូច្នេះ ពេលនោះអ្នកនឹងសួររកយោបល់ពីសមាជិកក្រុម ដោយសួរថា “តើយើងគួរធ្វើឡើងវិញសារជាថ្មីទាំងអស់ ឬយើងគួរបន្តធ្វើវាហើយសង្ឃឹមថាគ្មាននរណាចាប់អារម្មណ៍វិញ?”។

មនុស្សភាគច្រើននឹងជ្រើសរើសយកចម្លើយមួយនៅក្នុងសំណួរនេះ។ ប៉ុន្តែចុះបើសិនជាអ្នកដទៃទៀតមានគំនិតល្អជាងអ្វីដែលអ្នកបានរកនឹកឃើញ តើពួកគេនឹងអាចផ្ដល់គំនិតបានដោយយ៉ាងណា​?

ដូចនេះ អ្នកគួរសួរថា “ឥឡូវ​នេះ យើងមានបញ្ហាផ្នែក… តើអ្នកគិតថាយើងគួរធ្វើយ៉ាងណាទាក់ទងនឹងបញ្ហានេះ​?”។ បើអ្នកសួរបែបនេះ គេប្រហែលជាអាចគិតថាគួរធ្វើនេះ ឬធ្វើនោះ ហើយគេក៏ប្រហែលជាអាចរកនឹកឃើញនូវវិធីអ្វីផ្សេងទៀតដែលអាចដោះស្រាយបញ្ហានោះបានដូចគ្នា​។

សំណួរមានជម្រើសទាំងនេះ គឺដូចជាសំណួរបិទ ឬបង្កប់ចម្លើយអញ្ចឹង។ ជាជាងការ​ឱ្យ​ជម្រើសរើស ​អ្នកអាចត្រឹមប្រាប់ពីបញ្ហាក៏បានដែរ។ បន្ទាប់មក អ្នកអាចសួរពួកគេថា “តើអ្នកគិតយ៉ាងណា?” ឬ “តើអ្នកនឹងធ្វើយ៉ាងណា?” ឬ “តើយើងគួរដោះស្រាយបញ្ហានេះដោយរបៀបណា?”​ វិញល្អជាង។​ ហើយសូមរក្សាភាពស្ងៀមស្ងាត់ឱ្យពួកគេបានគិតបន្តិចសិន សឹមចែករំលែកពីដំណោះស្រាយផ្សេងៗដែលអ្នកបានគិតឃើញ។​

២. សួរសំណួរដើម្បីចង់ឮចម្លើយយល់ស្របតាមខ្លួន

ការសួរសំណួរដើម្បីចង់បានចម្លើយដ៏ជាក់លាក់មួយ គឺពិតជាងាយស្រួលណាស់ ជាពិសេស​នៅពេលដែលអ្នកគិតថាអ្នកត្រូវ​ ប៉ុន្តែគ្រាន់តែចង់ឲ្យអ្នកដទៃទៀតយល់ស្របថាអ្នកពិតជាត្រឹមត្រូវមែនតែប៉ុណ្ណោះ។ ឧទាហរណ៍សំណួរទាំងនោះមានដូចជា៖ តើអ្នកមិនគិតថាយើង…?” ឬ “តើអ្នកនៅតែគិតថាយើងគួរតែបន្តរង់ចាំទៀតឬ?”​ និង “តើមាននរណាម្នាក់អាចនឹករកហេតុផលដ៏ល្អមួយថាហេតុអ្វីបានជាយើងមិនគួរ…?”

សំណួរនីមួយៗនៅខាងលើនេះ សុទ្ធតែបានរំពឹងចម្លើយទុករូចរាល់បាត់អស់ទៅហើយ។ ទោះបីជាមានមនុស្សពីរឬបីនាក់ដែលមិនយល់ស្របជាមួយអ្នក ឬមានយោបល់ខុសពីអ្នកក៏ដោយ ក៏គែមិនហ៊ានតវ៉ា ឬប្រឆាំងនឹងអ្នកដែរ។ សំណួរទាំងនេះ ត្រូវបានគេយកមកសួរ គ្រាន់តែដើម្បីចង់លឺចម្លើយដែលគេចង់ឮប៉ុណ្ណោះ​ មិនមែនសួរដើម្បីចង់បានចម្លើយផ្សេងនោះទេ។ ជាជាងសួរសំណួរដូចខាងលើ អ្នកអាចសួរថា៖  “តើអ្នកគិតថាយើងគួរធ្វើយ៉ាងណា?” ឬ  “តើអ្នកគិតយ៉ាងម៉េចអំពីបញ្ហានេះ?” 

សំណួរនីមួយៗ សួរចំៗអំពីគំនិតរបស់អ្នកដទៃទៀត ហើយក៏មិនបានសួរបង្កប់ន័យ ឬចម្លើយដែលមានស្រាប់នៅក្នុងសំណួរដែរ។ អ្នកដទៃទៀតមានសិទ្ធឲ្យយោបល់ និងអាចឆ្លើយចម្លើយផ្សេងបាន ប៉ុន្តែវាក៏មិនអាចទៅរួចដែរបើសិនជាអ្នកសួរសំណួរដែលមានឱ្យជម្រើសទុកជាមុន។​

៣. មិនព្រមសួរសំណួរដើម្បីយល់ឱ្យបានច្បាស់

ក្នុងនាមជាអ្នកដឹកនាំ ការសួរសំណួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ ឬគ្មានសមត្ថភាព​។ អ្នកអាចនឹងមានការលំបាកក្នុងការសួរសំណួរលើចំណុចដែលអ្នកមិនយល់ នៅពេលអ្នកដែលគួរតែយល់គ្រប់យ៉ាងទាំងអស់ក្នុងនាមជាមេដឹកនាំ។ ប៉ុន្តែសូម​កុំបារម្ភ អ្នកក៏អាចស្នើសុំការបំភ្លឺលើចំណុចណាមួយបាន ដោយគ្រាន់តែ​និយាយថា៖

  • “ខ្ញុំពេញចិត្តគំនិតរបស់អ្នក។ ឥឡូវ ចាត់ទុកថាខ្ញុំមិនដឹងអ្វីទាំងអស់អំពីដំណើរការនេះ តើអ្នកនឹងពន្យល់ខ្ញុំយ៉ាងដូចម្តេច?”
  • “វាស្តាប់ទៅគឺពិតជាល្អណាស់។ ប៉ុន្តែ ដើម្បីប្រាកដថាចិត្តថាខ្ញុំពិតជាបានយល់នូវអ្វីគ្រប់យ៉ាងមែន តើអ្នកអាចពន្យល់ប្រាប់ខ្ញុំម្ដងទៀតបានដែរឬទេ?”
  • ឬការសួរសំណួរដ៏ល្អបំផុតដោយ “និយាយតាមត្រង់ ខ្ញុំមិនប្រាកដថាខ្ញុំយល់ពីអ្វីដែលអ្នកកំពុងនិយាយនោះទេ ប៉ុន្តែខ្ញុំពិតជាចង់យល់ណាស់”។ (ងើយស្កក អោនដាក់គ្រាប់​)។

កុំធ្វើពុតជាយល់ នៅពេលដែលអ្នកមិនយល់។​ ព្រោះនៅពេលដែលអ្នកធ្វើបែបនេះ ពួកអ្នកនឹងមិនបានអ្វីមកវិញឡើយ ក្រៅពីការខ្ជះខ្ជាយពេលវេលារបស់អ្នកទាំងអស់គ្នា។​

ឥឡូវ​ សូមបែរមកមើលពីរបៀបសួរសំណួរដ៏អស្ចារ្យ និងល្អៗទាំងនេះវិញ៖

១. កំហិតសំណួររបស់អ្នកត្រឹមមួយប្រយោគ

២. ផ្តល់ជម្រើសក្នុងសំណួរលុះត្រាតែវាពិតជាចាំបាច់ណាស់

៣. កុំសួរសំណួរដើម្បីទាញទៅរកចម្លើយរបស់ខ្លួនឯង

៤. ចូរអនុវត្តសួរដូចគោលការណ៍សួរសំណួរតាមដាន

៥. សូមនិយាយតិចបំផុតតាមដែលអាចធ្វើបាន

ប្រភព៖ Inc.


អត្ថបទទាក់ទង

ពាក្យ​សម្ដី​​អត់ប្រយោជន៍​​ចំនួន ៥ ដែល​ថ្នាក់​ដឹកនាំ​មិនចង់​ស្តាប់​ពី​បុគ្គលិក​ក្រោម​បង្គាប់​

Leave a Reply

Your email address will not be published. Required fields are marked *