កំហុសអ្នកដឹកនាំចំនួន ៦ ដែលអាចជាចំណែកធ្វើឲ្យបុគ្គលិកល្អដើរចេញ
នៅក្នុងគ្រប់ស្ថាប័នមិនថា ឯកជន អង្គការ និងរដ្ឋទេ។ ចលនាផ្លាស់ប្តូរការងារពីស្ថាប័នមួយទៅស្ថាប័នមួយទៀត បានកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា បុគ្គលិកខ្លះ ចាកចេញពីកន្លែងចាស់រួចហើយ នៅតែនឹកស្តាយកន្លែងចាស់ ឬនៅបន្តសរសើរកន្លែងចាស់មិនដាច់ពីមាត់ពីគំនិតគ្រប់គ្រងរបស់មេដឹកនាំចាស់ និងសរសើរពីបរិយាកាសការងារទូទៅនៅកន្លែងចាស់។ អ្នកចាកចេញប្រភេទនេះ ភាគច្រើនទៅបង្កើតអាជីវកម្មដោយខ្លួនឯង ពោល គឺមិនមែនចេញពីកន្លែងចាស់ ហើយរត់ទៅរកការងារកន្លែងថ្មីនោះទេ។ តែបុគ្គលខ្លះទៀត ចេញពីកន្លែងចាស់រួចហើយ កុំថាឡើយនិយាយល្អពីកន្លែងចាស់ សូម្បីតែនឹក ក៏នឹកមិនឃើញផង។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកដែលចាកចេញ ថែមទាំងនិយាយរិះគន់ថ្នាក់ដឹកនាំចាស់ទៀតផង ពីព្រោះពួកគេយល់ថា ថ្នាក់ដឹកនាំចាស់មានគុណវិបត្តិច្រើនពេក។ ខាងក្រោមនេះ ជាកំហុសអ្នកដឹកនាំចំនួន ៦ ដែលអាចជាចំណែកធ្វើឲ្យបុគ្គលិកល្អដើរចេញ៖
១. មិនបង្រៀនបុគ្គលិកឲ្យអភិវឌ្ឍជំនាញ
ការគិតថា បើបង្រៀនអស់ក្បាច់ចុងក្រោយបុគ្គលិកនឹងសម្លាប់គ្រូជាគំនិតចាស់គំរិលហើយ។ បុគ្គលិកដែលចូលធ្វើការនៅកន្លែងរបស់អ្នក ក្រៅពីចង់បានប្រាក់ខែ ពួកគេក៏ចង់អភិវឌ្ឍអ្វីដែលថ្មី ឬសម្រួចជំនាញដែលមានស្រាប់។ បើធ្វើការយូរ ពួកគេនៅតែយល់ថា មិនបានរៀនអ្វី នោះពួកគេក៏គ្មានកម្លាំងនឹងឈរជើងនៅក្រុមហ៊ុនអ្នកដែរ។
២. មើលមិនឃើញពីការរួមចំណែក និងផ្តល់រង្វាន់ឲ្យបានត្រឹមត្រូវ
បុគ្គលិកល្អចង់បានមកវិញនូវការមើលឃើញពីមេដឹកនាំ មិនថា ការសរសើរ ឬការតំឡើងតួនាទីទេ។ មនុស្សមានការចង់បានខុសៗប្លែកគ្នា បើអ្នកមើលឃើញតម្លៃនៃការបំពេញការងាររបស់បុគ្គលិកបានល្អហើយ គួរព្យាយាមនិយាយជាមួយពួកគេខ្លះ ហើយស្វែងយល់ដោយខ្លួនឯងថា បុគ្គលិកទាំងនោះចង់បានអ្វីដូចជា ចង់បានតំណែង ការទទួលស្គាល់ ឬអ្វីផ្សេង។ ហើយលើកទឹកចិត្តពួកគេដោយផ្តល់នូវអ្វីដែលពួកគេចង់បាន ពេលបំពេញការងារបានល្អឲ្យបានត្រឹមត្រូវ។
៣. មិនដែលធ្វើតាមសន្យា
ដើម្បីឲ្យបុគ្គលិករបស់ខ្លួនធ្វើការ មេដឹកនាំមួយចំនួនសន្យានេះ សន្យានោះជាមួយបុគ្គលិកដើម្បីជាការដោះដូរនឹងជោគជ័យនៃគម្រោងការណាមួយ។ តែក្រោយបុគ្គលិកសម្រេចបាន ពួកគេមិនដែលធ្វើតាមការសន្យាដោយផ្តល់រង្វាន់ដល់បុគ្គលិកឡើយ។ ម្ដងមិនជាអ្វី តែបើច្រើនដងបុគ្គលិកនឹងអស់ជំនឿចិត្ត ហើយជាលទ្ធផលគឺមានតែការចាកចេញទេដែលពួកគេយកមកជាជម្រើស។
៤. ជួល និងតំឡើងមនុស្សខុស
ការជួល ឬតំឡើងតំណែងមនុស្សខុស មិនត្រឹមតែធ្វើឲ្យបុគ្គលិកក្រោមបង្គាប់អន់ចិត្តទេ ពេលខ្លះបុគ្គលនោះអាចធ្វើឲ្យបុគ្គលិកដទៃទៀតលំបាក មិនអាចសម្រេចគោលដៅរួមបាន ដូច្នេះចុងក្រោយបុគ្គលិកដែលធ្វើការពិតប្រាកដមានតែនិយាយថា Bye Bye កន្លែងការងារ។
៥. ផ្តល់ការងារឲ្យហួសកម្រិត
ការឲ្យការងារច្រើន ជារឿងល្អសម្រាប់ឲ្យបុគ្គលិកម្នាក់អភិវឌ្ឍខ្លួន និងស្វែងយល់ការងារកាន់តែច្រើន។ តែការដាក់ការងារច្រើនហួស ធ្វើឲ្យបុគ្គលិកយល់ថា វាជាការដាក់ទោសជំនួសឲ្យការបំពេញការងារបានល្អ។ បើចង់ដាក់ការងារឲ្យច្រើន អ្នកគួរតំឡើងតំណែង ឬផ្តល់អត្ថប្រយោជន៍ណាមួយដើម្បីបញ្ជាក់ថា ការផ្តល់ការងារនោះជាការដោះដូរនឹងការតំឡើងតំណែង ឬលើកទឹកចិត្ត។
៦. មិនខ្វល់ពីបុគ្គលិក
បុគ្គលិកជាងពាក់កណ្តាលបោះបង់ការងារដោយសារទំនាក់ទំនងជាមួយមេដឹកនាំរបស់ខ្លួន។ មេដឹកនាំល្អចេះរក្សាសមភាពការងាររបស់បុគ្គលិក។ ពួកគេដឹងថា ពេលណាគួរអបអរចំពោះសមិទ្ធផលការងាររបស់បុគ្គលិក ផលលំបាកអ្វីខ្លះដែលបុគ្គលិកកំពុងជួបប្រទះ អ្វីដែលអាចជួយពួកគេបាន និងពេលណាគួរដាក់ទណ្ឌកម្ម។ គួរស្វែងយល់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់បុគ្គលិកពេលពួកគេជួបការលំបាក។
សរុបមកវិញ ការដើរចេញរបស់បុគ្គលិកល្អ បុគ្គលិកចាស់វស្សាដែលស្គាល់សាវតាក្រុមហ៊ុនអស់ ជារឿងដ៏គួរឲ្យសោកស្តាយរបស់ក្រុមហ៊ុននានា បើទោះជាក្រុមហ៊ុនអាចរកបុគ្គលិកថ្មីជំនួសដំណែងនោះក៏ដោយ។ បើការចាកចេញមិនមែនដើម្បីការរីកចម្រើនរបស់បុគ្គលិកល្អទាំងនោះ ឬដើម្បីអភិវឌ្ឍខ្លួន នោះអាចជាបញ្ហាណាមួយក្នុងក្រុមហ៊ុន ឬអាចមកពីកំហុសអ្នកដឹកនាំខ្លួនឯងផ្ទាល់។ បើជាកំហុសរបស់អ្នក សូមសាកមើល ៦ ចំណុចខាងលើនេះ ហើយព្យាយាមកែខៃឲ្យប្រសើរឡើងនៅពេលបន្ទាប់។
អត្ថបទទាក់ទង
លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន