កំហុស​អ្នកដឹកនាំ​ចំនួន ៦ ដែលអាច​ជា​ចំណែក​ធ្វើ​ឲ្យ​បុគ្គលិក​ល្អ​ដើរ​ចេញ

នៅក្នុង​គ្រប់​ស្ថាប័នមិន​ថា ឯកជន អង្គការ និង​រដ្ឋ​ទេ។ ចលនា​ផ្លាស់ប្តូរ​ការងារ​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយទៀត បានកើត​ឡើង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក។ អ្វីដែល​ខុសគ្នា គឺ​នៅត្រង់ថា បុគ្គលិក​ខ្លះ ចាក​ចេញពី​កន្លែងចាស់​រួចហើយ នៅតែ​នឹក​ស្តាយ​កន្លែងចាស់ ឬ​នៅ​បន្ត​សរសើរ​កន្លែងចាស់​មិន​ដាច់​ពី​មាត់​ពី​គំនិត​គ្រប់គ្រងរបស់​មេដឹកនាំ​ចាស់ និង​សរសើរ​ពី​បរិយាកាស​ការងារ​ទូទៅ​នៅ​កន្លែងចាស់។ អ្នក​ចាកចេញ​ប្រភេទ​នេះ ភាគច្រើនទៅ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ពោល គឺ​មិនមែន​ចេញពី​កន្លែងចាស់ ហើយ​រត់ទៅរក​ការងារ​កន្លែង​ថ្មី​នោះទេ។ តែ​បុគ្គល​ខ្លះទៀត ចេញពី​កន្លែងចាស់​រួចហើយ កុំថាឡើយ​និយាយ​ល្អ​ពី​កន្លែងចាស់ សូម្បីតែ​នឹក ក៏​នឹក​មិនឃើញ​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គលិក​ដែល​ចាកចេញ ថែមទាំង​និយាយ​រិះគន់​ថ្នាក់ដឹកនាំ​ចាស់​ទៀតផង ពីព្រោះពួកគេយល់ថា ថ្នាក់ដឹកនាំ​ចាស់​មានគុណ​វិបត្តិ​ច្រើនពេក។ ខាងក្រោមនេះ ជាកំហុស​អ្នកដឹកនាំ​ចំនួន ៦ ដែលអាច​ជា​ចំណែក​ធ្វើ​ឲ្យ​បុគ្គលិក​ល្អ​ដើរ​ចេញ៖

១. ​មិន​បង្រៀន​បុគ្គលិក​ឲ្យ​អភិវឌ្ឍ​ជំនាញ

ការ​គិត​ថា ​​បើ​បង្រៀន​អស់​ក្បាច់​ចុងក្រោយ​បុគ្គលិក​នឹង​សម្លាប់​គ្រូ​ជា​គំនិត​ចាស់​គំរិល​ហើយ។ ​​បុគ្គលិក​ដែល​ចូល​ធ្វើ​ការ​នៅ​កន្លែង​របស់​អ្នក ​ក្រៅ​ពី​ចង់​បាន​ប្រាក់​ខែ​ ពួកគេ​ក៏​ចង់​អភិវឌ្ឍ​អ្វី​ដែល​ថ្មី ​ឬ​សម្រួច​ជំនាញ​ដែល​មាន​ស្រាប់។ ​បើ​ធ្វើការ​យូរ​ ​ពួកគេ​នៅ​តែ​យល់​ថា ​មិន​បានរៀន​អ្វី​​ ​នោះ​ពួកគេ​ក៏​គ្មាន​កម្លាំង​នឹង​ឈរ​ជើង​នៅ​ក្រុមហ៊ុន​អ្នក​ដែរ។

២. ​​​​​មើល​មិន​ឃើញ​​ពី​ការ​រួម​ចំណែក ​​និង​ផ្តល់​រង្វាន់​​​ឲ្យ​បាន​​ត្រឹមត្រូវ

បុគ្គលិក​ល្អ​ចង់​បាន​មក​វិញ​នូវ​ការ​មើល​ឃើញ​ពី​មេដឹកនាំ​ មិន​ថា ​ការ​សរសើរ ​ឬ​ការ​តំឡើង​តួនាទី​ទេ។ ​​មនុស្ស​មាន​ការ​ចង់​បាន​ខុស​ៗ​ប្លែក​គ្នា​​ ​បើ​អ្នក​មើល​ឃើញ​តម្លៃ​នៃ​ការ​បំពេញ​ការងារ​របស់​បុគ្គលិក​បាន​ល្អ​ហើយ​ ​គួរ​ព្យាយាម​និយាយ​ជាមួយ​ពួកគេ​ខ្លះ​​ ហើយ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ថា ​​បុគ្គលិក​ទាំង​នោះ​ចង់​បាន​អ្វី​​ដូចជា ​​ចង់​បាន​តំណែង ​ការ​ទទួល​ស្គាល់ ​​ឬ​អ្វី​ផ្សេង។ ​ហើយ​លើក​ទឹកចិត្ត​ពួកគេ​ដោយ​ផ្តល់​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​ ពេល​បំពេញ​ការងារ​បាន​ល្អ​​ឲ្យ​បាន​ត្រឹមត្រូវ។

៣. ​​មិន​ដែល​ធ្វើ​តាម​សន្យា

ដើម្បី​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ ​មេដឹកនាំ​មួយ​ចំនួន​សន្យា​នេះ​ សន្យា​នោះ​ជាមួយ​បុគ្គលិក​ដើម្បី​ជា​ការ​ដោះដូរ​នឹង​ជោគជ័យ​នៃ​គម្រោង​ការ​ណាមួយ។ ​​តែ​ក្រោយ​បុគ្គលិក​សម្រេច​បាន​​ ​​ពួកគេ​មិន​ដែល​ធ្វើ​តាម​ការ​សន្យា​​ដោយ​​ផ្តល់​រង្វាន់​ដល់​បុគ្គលិក​ឡើយ។ ​​ម្ដង​មិន​ជា​អ្វី​​ តែ​បើ​ច្រើន​ដង​បុគ្គលិក​នឹង​អស់​ជំនឿ​ចិត្ត​ ហើយ​​ជា​លទ្ធផល​គឺ​មាន​តែការ​​ចាកចេញ​ទេ​ដែល​ពួកគេ​យក​មក​ជា​ជម្រើស។

​​៤. ​ជួល​ និង​តំឡើង​មនុស្ស​ខុស

ការ​ជួល​ ឬ​តំឡើង​តំណែង​មនុស្ស​ខុស​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់​អន់​ចិត្ត​ទេ​​ ​​ពេល​ខ្លះ​បុគ្គល​នោះ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ដទៃ​ទៀត​លំបាក ​មិន​អាច​សម្រេច​គោល​ដៅ​រួម​បាន ​ដូច្នេះ​ចុងក្រោយ​បុគ្គលិក​ដែល​ធ្វើ​ការ​ពិត​ប្រាកដ​មាន​តែ​និយាយ​ថា ​Bye Bye ​កន្លែង​ការងារ។

៥. ​ផ្តល់​ការងារឲ្យ​ហួស​កម្រិត 

ការ​ឲ្យ​ការងារ​ច្រើន ​ជា​រឿង​ល្អ​សម្រាប់​ឲ្យ​បុគ្គលិក​ម្នាក់​អភិវឌ្ឍ​ខ្លួន និង​ស្វែង​យល់​ការងារ​កាន់​តែ​ច្រើន។ ​​តែ​ការ​ដាក់​ការងារ​ច្រើន​ហួស ​ធ្វើ​ឲ្យ​បុគ្គលិក​យល់​ថា ​វា​ជា​ការ​ដាក់​ទោស​ជំនួស​ឲ្យ​ការ​​បំពេញ​ការងារ​​បាន​ល្អ។ ​​​បើ​ចង់​ដាក់​ការងារ​ឲ្យ​ច្រើន​ អ្នក​គួរ​តំឡើង​តំណែង​ ឬ​ផ្តល់​អត្ថប្រយោជន៍​ណាមួយ​ដើម្បី​បញ្ជាក់​ថា ​​ការ​ផ្តល់​ការងារ​នោះ​ជា​​ការ​​ដោះដូរ​នឹង​ការ​តំឡើង​តំណែង​ ​ឬ​លើក​ទឹកចិត្ត។

៦. ​​មិន​ខ្វល់​ពី​បុគ្គលិក

បុគ្គលិក​ជាង​ពាក់​កណ្តាល​បោះបង់​ការងារ​ដោយសារ​ទំនាក់ទំនង​ជាមួយ​​មេដឹកនាំ​របស់​ខ្លួន។ ​​​​មេដឹកនាំ​ល្អ​ចេះ​រក្សា​សមភាព​ការងារ​របស់​បុគ្គលិក។ ​ពួកគេ​ដឹង​ថា ​ពេល​ណា​គួរ​អបអរ​ចំពោះ​សមិទ្ធផល​ការងារ​របស់​បុគ្គលិក​​ ​ផលលំបាក​អ្វី​ខ្លះ​ដែល​បុគ្គលិក​កំពុង​ជួប​ប្រទះ ​អ្វី​ដែល​អាច​ជួយ​ពួកគេ​បាន​ ​និង​ពេល​ណា​គួរ​ដាក់​ទណ្ឌកម្ម។ ​គួរ​ស្វែង​យល់​ និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​បុគ្គលិក​ពេល​ពួកគេ​ជួប​ការ​លំបាក។

សរុបមកវិញ ការ​ដើរ​ចេញ​របស់​បុគ្គលិក​ល្អ ​បុគ្គលិក​ចាស់​វស្សា​ដែល​ស្គាល់​សាវតា​ក្រុមហ៊ុន​អស់​ ជា​រឿង​ដ៏​គួរ​​ឲ្យ​សោកស្តាយ​របស់​ក្រុមហ៊ុន​នានា​ បើ​ទោះ​ជា​​ក្រុមហ៊ុន​អាច​រក​បុគ្គលិក​ថ្មី​ជំនួស​ដំណែង​នោះ​ក៏​ដោយ។ ​​​បើ​ការ​ចាក​ចេញ​មិន​មែន​ដើម្បី​ការ​រីកចម្រើន​របស់​​បុគ្គលិក​ល្អ​ទាំង​នោះ​ ឬ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ ​នោះ​អាច​ជា​បញ្ហា​ណាមួយ​ក្នុង​ក្រុមហ៊ុន​ ឬ​អាច​មក​ពី​​កំហុស​អ្នក​ដឹកនាំ​ខ្លួន​ឯង​ផ្ទាល់។ ​​បើ​ជា​កំហុស​របស់​អ្នក ​សូមសាក​មើល​ ​៦ ​ចំណុចខាងលើ​នេះ​ ហើយ​ព្យាយាម​កែខៃ​ឲ្យ​ប្រសើរ​ឡើងនៅ​ពេល​បន្ទាប់។


អត្ថបទទាក់ទង

លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

 

Leave a Reply

Your email address will not be published. Required fields are marked *