លក្ខណៈអវិជ្ជមានទាំង ៥ របស់អ្នកដឹកនាំដែលគ្មានសុវត្ថិភាព

ការធ្វើជាអ្នកដឹកនាំគេ មិនមែនជារឿងងាយនោះទេ វាទាមទារអោយមានភាពអត់ធ្មត់ និងភារៈកិច្ចជាច្រើនទៀតដែលអ្នកដឹកនាំម្នាក់ៗត្រូវមាន។ ​ក្នុងភាពដឹកនាំ មិនមែនសុទ្ធតែធ្វើបានឥតខ្ចោះនោះទេ តែងតែមានអ្នកដឹកនាំល្អ និងមិនល្អ។ មេដឹកនាំជាច្រើន មិនដឹងថាចរិតមិនល្អរបស់គេ មានឥទ្ធិពលខ្លាំងយ៉ាងណាលើរបៀបគ្រប់គ្រងរបស់គេឡើយ។ ដូចគ្នានេះដែរ មនុស្សយើងភាគច្រើនមានចៅហ្វាយនាយដែលមិនគួរឱ្យចូលចិត្ត។ និយាយជាទូទៅ មេដឹកនាំមិនល្អ មានចរិតអាក្រក់ទាំង ៥ នេះ​៖

១. ការគ្រប់គ្រងលម្អិត

មេដឹកនាំប្រភេទនេះ ពិនិត្យមើលកិច្ចការគ្រប់យ៉ាង ហើយធ្វើឱ្យបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការនីមួយៗលែងមានអារម្មណ៍ថាខ្លួនគេសំខាន់ ឬចាំបាច់។ ទោះជាទម្លាប់បែបនេះកើតឡើងដោយសារកង្វះការទុកចិត្តលើអ្នកដទៃ ឬជាអំណួតដែលយល់ថាអ្នកដទៃធ្វើមិនល្អដូចខ្លួន ក៏វាជាសញ្ញាបង្ហាញថាមេដឹកនាំល្អិតល្អន់បែបនេះពេកជាមនុស្សខ្លាចមិនហ៊ានប្រឈមនឹងស្ថានការណ៍។ ការពិតមួយដែលមេដឹកនាំប្រភេទនេះគួរដឹង គឺបើគេមិនមានសមត្ថភាពជួយឱ្យបុគ្គលិកធ្វើការតាមជំនាញទេ គេមិនគួរធ្វើជាអ្នកដឹកនាំឡើយ។

២. គេចវេស

ឥរិយាបថបែបនេះ នៅក្រវែលៗតែជុំវិញការភ័យខ្លាចចំពោះរឿងដែលគេមិនដឹង។ ទោះជាមេដឹកនាំថ្មី ឬមេដឹកនាំជើងចាស់ក៏ដោយ ការគេចវេសមិនព្រមសម្រេចចិត្តចំពោះស្ថានការណ៍លំបាកៗ គឺជាមេដឹកនាំដែលគ្មានសមត្ថភាព។ មេដឹកនាំដែលគ្រប់គ្រងតាមរបៀបភ័យខ្លាច នឹងមិនអាចសម្រេចចិត្តបានល្អឡើយសម្រាប់ក្រុមការងារ ឬស្ថាប័នការងារ។ មេដឹកនាំដែលស្មោះត្រង់ចំពោះខ្លួនឯង និងអភិវឌ្ឍការយល់ដឹងខ្លួនឯង អាចសម្រេចចិត្តបានល្អក្នុងស្ថានភាពដែលត្រូវកែប្រែដើម្បីរីកចម្រើន។

៣. ដឹងរឿងគ្រប់យ៉ាង

ឥរិយាបថបែបនេះគឺជាលក្ខណៈរបស់មនុស្សដែលចង់សម្តែងអនុត្តរភាពលើគេឯង។ អ្នកគ្រប់គ្រងប្រភេទនេះតែងតែមានចម្លើយគ្រប់យ៉ាង ហើយក៏ចង់ឱ្យមនុស្សជុំវិញខ្លួនគេដឹងថាគេជាមនុស្សដឹងរឿងគ្រប់យ៉ាងដែរ។ កិច្ចការមួយផ្នែកដ៏សំខាន់របស់អ្នកដឹកនាំគេគឺជួយបុគ្គលិកឱ្យចេះអភិវឌ្ឍខ្លួន។ ហើយចរិតដឹងរឿងគ្រប់យ៉ាងនឹងមិនអាចសម្រេចកិច្ចការដ៏សំខាន់នេះបានទេ។ បុគ្គលិកណាដែលលើកឡើងគំនិតយោបល់ និងការសម្រេចចិត្ត ហើយបែរជាមេដឹកនាំមិនសូវយកចិត្តទុកដាក់ជាទម្លាប់ គេនឹងបាក់ទឹកចិត្ត ឬស្វែងរកការងារថ្មីជំនួសវិញ។

៤. បំពាបំពានលើគេឯង

ឥរិយាបថបែបនេះ​តែងតែស្តែងឡើងក្នុងពាក្យសម្តីនិងកាយវិការមិនសមរម្យទៅលើបុគ្គលិក។ សកម្មភាពបំពាបំពានដែលកើតឡើងជាញឹកញាប់គឺការចង្អុលកំហុសបុគ្គលិកណាម្នាក់ក្នុងកិច្ចប្រជុំសាធារណៈ។ អ្នកគ្រប់គ្រងខ្លះយល់ថាការលើកជាឧទាហរណ៍របស់បុគ្គលិកណាម្នាក់គឺជាវិធីលើកទឹកចិត្តឱ្យបុគ្គលិកផ្សេងទៀតខិតខំធ្វើការនិងជៀសវាងកំហុសបែបនោះ។ ប៉ុន្តែបុគ្គលិកយល់ផ្ទុយពីនេះទៅវិញ។​

៥. កង្វះខាតការឆ្លើយតប

ស្ថានភាពបែបនេះ កើតឡើង​នៅពេលអ្នកគ្រប់គ្រងមិនឆ្លើយតបតាមសំណើ ឬព្រងើយកន្តើយទាំងស្រុងចំពោះបុគ្គលិក ដើម្បីជៀសវាងការបង្ហាញថា ខ្លួនគេមិនដឹង ឬមិនមានសមត្ថភាព។ មេដឹកនាំដែលមិនសូវមានបទពិសោធន៍ ឬជំនាញលើការគ្រប់គ្រងបុគ្គលិក នឹងមានអារម្មណ៍រងការគម្រាមកំហែង នៅពេលដែលបុគ្គលិកណាម្នាក់បង្ហាញភាពវៃឆ្លាតជាងខ្លួន។ ការគ្រប់គ្រង ជាជំនាញមួយដែលខុសគ្នាស្រឡះពីការដឹង។ គេមិនត្រូវចាំបាច់ធ្វើជាអ្នកជំនាញគ្រប់យ៉ាង ដើម្បីធ្វើជាមេដឹកនាំល្អទេ។ អ្វីដែលគេត្រូវដឹង គឺរបៀបប្រើមនុស្សឱ្យសម្រេចបានកិច្ចការដែលគេកំពុងតែធ្វើ។

សម្រួលពី​៖ 5 Negative Traits of Insecure Leaders, By Lisa M. Aldisert, Success Magazine


អត្ថបទទាក់ទង

តើអ្នកអាចអភិវឌ្ឍអ្នកដឹកនាំដោយរបៀបណា?

 

Leave a Reply

Your email address will not be published.