បុគ្គលិកលក្ខណៈធំៗទាំង ៥ (OCEAN Model) បង្ហាញពីភាពខុសគ្នារបស់មនុស្សម្នាក់ៗ
សព្វថ្ងៃនេះអ្នកស្រាវជ្រាវជាច្រើនជឿថា មនុស្សមានបុគ្គលិកលក្ខណៈស្នូលចំនួន ៥ ។ ភស្តុតាងនៃទ្រឹស្តីនេះបាន និងកំពុងរីកលូតលាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយចាប់ផ្តើមពីការស្រាវជ្រាវរបស់ D. W. Fiske (១៩៤៩) ហើយក្រោយមកត្រូវបានពង្រីកដោយក្រុមអ្នកស្រាវជ្រាវដទៃទៀតរួមមាន Norman (១៩៦៧) Smith (១៩៦៧) Goldberg (១៩៨១) និង McCrae & Costa (១៩៨៧) ។
គេបានបង្កើតពាក្យកាត់នៃលក្ខណៈទាំង ៥ នោះជា “OCEAN” ឬ “CANOE” ដើម្បីងាយស្រួលចងចាំ។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ របស់មនុស្សម្នាក់ៗ៖
១. បើកទូលាយ (Openness to Experience)
គាត់ជាប្រភេទមនុស្សដែលតែងតែព្យាយាមធ្វើ ឬសាកល្បងអ្វីថ្មីៗ។ គេក៏ជាប្រភេទមនុស្សដែលបើកទូលាយក្នុងការចែករំលែកបទពិសោធន៍របស់គេផងដែរ។ ពួកគេជាមនុស្សដែលពោរពេញទៅដោយសិល្បៈ ចូលចិត្តចែករំលែកវប្បធម៌ ធ្វើដំណើរកំសាន្ត និងស្វែងរកភាពផ្សងព្រេងថ្មីៗសម្រាប់ជីវិត។
២. មនសិការ (Conscientiousness)
នេះជាប្រភេទមនុស្សដែលមានមនសិការ ជាមនុសុ្សមានការយល់ដឹងច្រើន។ អាចនិយាយបានថា ពួកគេជាមនុស្សដែលជួបនឹងផលវិបាកបន្តិច ដោយសារពួកគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ទៅលើការងារដែលគេដាក់ឲ្យនោះយ៉ាងប្រុងប្រយ័ត្ន។ មនុស្សដែលមានមនសិការខ្ពស់តែងតែមានទម្លាប់ដាក់គោលដៅតម្រង់ទិសឥរិយាបថខ្លួនឯង។ ពួកគេកំណត់មហិច្ចតា និងជំរុញខ្លួនឯងឲ្យធ្វើវាឲ្យបាន។
៣. រួសរាយមានទំនុកចិត្ត (Extraversion)
គេជាប្រភេទមនុសុ្សដែលមានគំនិតវិជ្ជមាន មើលឃើញខ្លួនឯង អ្នកដទៃ និងអ្វីៗជុំវិញខ្លួនសុទ្ធតែវិជ្ជមាន។ ពួកគេចូលចិត្តជួបមនុស្សថ្មីៗ គេចូលចិត្តនិយាយលេងសើចច្រើន ចូលរួមជាមួយសកម្មភាពសង្គម។
៤. ផ្ដល់ភាពរីករាយ (Agreeableness)
គាត់ជាមនុសុ្សដែលពូកែសម្របជាមួយមនុស្សនៅជុំវិញខ្លួន ជាមនុស្សរួសរាយរាក់ទាក់។ គេជាមនុស្សដែលមានសមត្ថភាពធ្វើការជាមួយអ្នកដទៃដែលតែងតែជាសមាជិកដ៏ល្អនៅក្នុងក្រុម។ ពួកគេមិនចូលចិត្តពាក់ព័ន្ធជាមួយជម្លោះទេ តែជាអ្នកដែលចូលចិត្តបង្កើតសន្តិភាពច្រើនជាង។ លើសពីនេះ ពួកគេតែងលើកទឹកចិត្តឲ្យអ្នកជុំវិញចេះឲ្យតម្លៃលើខ្លួនឯង ហើយកាត់បន្ថយនូវរឿងរាវដែលទាក់ទងនឹងការបំពេញចិត្តអ្នកដទៃច្រើនពេក។
៥. អវិជ្ជមាន (Neuroticism)
នេះជាប្រភេទមនុស្សដែលមានភាពអវិជ្ជមានខ្លាំង គិតអវិជ្ជមានអ្នកដទៃ អ្វីដែលនៅជុំវិញខ្លួន មិនតែប៉ុណ្ណោះសូម្បីតែខ្លួនឯងក៏គាត់គិតអាក្រក់លើខ្លួនឯងដែរ។ ពួកគេមានភាពភ័យខ្លាច និងភាពតានតឹងច្រើនក្នុងអារម្មណ៍។ គាត់គិតច្រើនពីនេះពីនោះជាជាងគិតរឿងដែលល្អ។ ពួកគាត់មិនសូវជាមានដំណោះស្រាយសម្រាប់បញ្ហាណាមួយឡើយ គាត់ចូលចិត្តចងផ្អោបខ្លួនទៅនឹងស្ត្រេសជារៀងរាល់ថ្ងៃ។ អារម្មណ៍ឆេវឆាវក៏តែងកើតមានជាញឹកញាប់។
អត្ថបទទាក់ទង