មេរៀន​ទាំង ១១ ​នៃ​ភាពជាអ្នកដឹកនាំ​ដែលអ្នក​មិនបាន​រៀន​នៅ​សាលា

 មានមេរៀនខ្លះ គេមិនបង្រៀននៅសាលាពាណិជ្ជកម្មទេ។ សម្រាប់អ្នកដឹកនាំមុខជំនួញ មេរៀនក្នុងភាពជាអ្នកដឹកនាំ គឺជាប្រធានបទដែលគេរៀនរាល់ថ្ងៃក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ភាពជាអ្នកដឹកនាំ នរណាក៏មានដែរ ប៉ុន្តែមិនមែនគ្រប់គ្នាអាចដឹកនាំជីវិត ឬក៏ក្រុមហ៊ុនទៅបានយ៉ាងរលូននោះទេ តែអ្វីដែលសំខាន់ គឺនៅលើខ្លួនយើង។ យើងជាអ្នកកំណត់ថា យើងត្រូតែប្រើវា ឬមួយក៏ទុកវាចោល។ ខាងក្រោមនេះជាមេរៀនសំខាន់ដែលត្រូវប្រើប្រាស់ជាប្រចាំ ហើយសហគ្រិនមិនបានរៀននៅសាលាគឺ៖

១. ស្តាប់

ការរៀនស្តាប់អ្នកដទៃនិយាយ មិនមែនគ្រាន់តែជាទង្វើដែលងាយៗនោះទេ គេត្រូវធ្វើយកចិត្តទុកដាក់ ផ្តោតលើការស្វែងយល់ឱ្យស៊ីជម្រៅនូវបំណងពិតរបស់អ្នកនិយាយ។ ការពិតខ្លះ មិនស្ថិតនៅលើពាក្យសម្តីទេ តែអ្នកនិយាយបង្កប់នៅក្នុងកាយវិការ និងការលើកដាក់សំឡេងទៅវិញទេ។

២. រៀនមើលតាមការពិត

ក្នុងការសម្រេចចិត្ត មនុស្សយើងច្រើនតែប្រើប្រាស់អារម្មណ៍ ជាងគោលការណ៍។ ទម្រាំតែមេដឹកនាំម្នាក់អាចរៀនសម្រេចចិត្តផ្អែកលើការពិត គេត្រូវឆ្លងកាត់កំហុសឆ្គងនិងការខាតបង់ជាច្រើន។ ដូច្នេះ មេរៀនដែលល្អបំផុត គួរតែជាការរៀនមើលស្ថានការតាមការពិតតាំងពីដំបូងទៅ។

៣. វិភាគវែកញែកគំនិត

ការងប់ចិត្តស្រឡាញ់គំនិតអ្វីមួយមុននឹងពិចារណាឱ្យច្បាស់លាស់ គឺជាទង្វើល្ងង់ខ្លៅរបស់មេដឹកនាំ។ អ្វីដែលអ្នកស្រឡាញ់នោះ អាចមិនមានប្រយោជន៍ ឬគ្មានទំនាក់ទំនងអ្វីសោះជាមួយនឹងមនុស្សជុំវិញខ្លួន។

៤. លើកទឹកចិត្តអ្នកដទៃ

មេដឹកនាំ ត្រូវតែមានលក្ខណៈសម្បត្តិពិសេស ដើម្បីជំរុញទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យជឿជាក់និងធ្វើតាម។ ភាពជាអ្នកដឹកនាំ មិនមានអ្វីលើសពីការនាំថាមពលមកចែកចាយដល់ក្រុមការងារនោះទេ ហើយថាមពលរបស់មេដឹកនាំ គឺជាថាមពលដែលប្រមូលផ្តុំ និងចែកចាយទៅឱ្យមនុស្សគ្រប់គ្នា។

៥. ផ្សារភ្ជាប់ជាមួយក្រុមការងារ

ផ្លូវរហ័សបំផុតដើម្បីទៅកាន់ជោគជ័យ មិនមែនគ្រាន់តែប្រមូលផ្តុំមនុស្សឆ្លាត និងខំធ្វើការនោះទេ ប៉ុន្តែគេត្រូវធ្វើយ៉ាងណាឱ្យមានការផ្សារភ្ជាប់មនុស្សទៅនឹងគំនិតដែលធំលើសបុគ្គលម្នាក់ៗ ហើយជំរុញឱ្យសម្រេចគោលដៅជារួម។

៦. អភិវឌ្ឍខ្លួនរហូត

ទោះបីជាពេលនេះអ្នកបានឈានដល់កម្រិតណាក៏ដោយ ការឈានទៅរកភាពកាន់តែប្រសើរឡើង គឺជាគោលដៅដែលមិនត្រូវនៅនឹងថ្កល់ទេ។ មនុស្សយើងត្រូវតែវិនិយោគលើការរៀន និងអភិវឌ្ឍខ្លួនជាប្រចាំ។

៧. រក្សាចិត្តឱ្យស្ងប់ស្ងៀម

ទោះបីជាអ្នកត្រូវជឿទុកចិត្តមនុស្ស ក៏អ្នកត្រូវតែប្រុងប្រៀបត្រៀមខ្លួនចំពោះស្ថានភាពអវិជ្ជមានដែលអាចនឹងកើតឡើងដោយចៃដន្យ ឬតាមការរៀបចំរបស់នរណាម្នាក់។ ដូច្នេះ ការរៀនធ្វើចិត្តឱ្យស្ងប់ពេលប្រឈមនឹងបញ្ហា គួរតែជារឿងដែលត្រូវមាន។

៨. រៀនបណ្តោយតាមហេតុការណ៍

ការរៀនបណ្តោយខ្លួនតាមហេតុការណ៍ដែលមិនអាចគ្រប់គ្រងបាន គឺជាជំនាញមួយក្នុងជីវិត។ មនុស្សខ្លះ ជួបការលំបាកនៅពេលប្តូរពីការធ្វើកិច្ចការទាំងអស់ដោយខ្លួនឯងទៅឱ្យក្រុមការងារជំនាញធ្វើជំនួស។ ប៉ុន្តែការពិត គ្មាននរណាម្នាក់រ៉ែកពុនសែងលីផែនដីតែម្នាក់ឯងបានទេ។

៩. រៀនផ្តោតចិត្តលើកិច្ចការម្តងមួយ

មេរៀនសំខាន់បំផុតដែលមនុស្សភាគច្រើនគួរតែត្រឡប់ទៅចាប់ផ្តើមរៀនពីដំបូងមកវិញ គឺការផ្តោតចិត្តទាំងស្រុងលើកិច្ចការម្តងមួយ។ កិច្ចការចម្រុះក្នុងពេលតែមួយនាំមកនូវភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងបង្កការឈឺក្បាលធ្វើមិនបានល្អ បើទោះជាការងារទាំងនោះកំប៉ិកកំប៉ុកប៉ុនណាក៏ដោយ។

១០. រក្សាតុល្យភាព

ការរក្សាតុល្យភាពរវាងការលើកទឹកចិត្ត និងការទាមទារ គឺជាជំនាញដែលមេដឹកនាំត្រូវចេះប្រើប្រាស់រាល់ថ្ងៃ។ មនុស្សខ្លះ ត្រូវការលើកចិត្តដើម្បីធ្វើកិច្ចការអ្វីមួយ ប៉ុន្តែអ្នកខ្លះទៀតទាល់តែស្តីបន្ទោសទើបគេចាប់ផ្តើមធ្វើការ។

១១. រៀនបំបាត់ទម្លាប់ចាស់ចោល

អ្នកមិនអាចក្លាយជាមេដឹកនាំ និងសម្រេចចិត្តដោយមិនប៉ះពាល់អារម្មណ៍អ្នកដទៃឡើយ។ បើអ្នកចង់អភិវឌ្ឍ ឬកែប្រែអ្វីមួយឱ្យប្រសើរឡើង វាត្រូវតែមានការរំខានខ្លះៗដល់មនុស្សជុំវិញខ្លួន។ មនុស្សខ្លះនឹងសសើរ តែខ្លះទៀតនឹងរិះគន់។


អត្ថបទទាក់ទង

យុទ្ឋសាស្រ្តចំនួន ៣ ដើម្បីជួយមនុស្សម្នាក់ឲ្យរីកចម្រើន

Leave a Reply