យុទ្ឋសាស្រ្តចំនួន ៣ ដើម្បីជួយមនុស្សម្នាក់ឲ្យរីកចម្រើន

ដើម្បីជួយមនុស្សម្នាក់ឲ្យរីកចម្រើន យើងត្រូវសម្លឹងមើលអំពីតម្រូវការ និងអ្វីដែលយើងចង់ឃើញបុគ្គលម្នាក់នោះត្រូវផ្លាស់ប្តូរ ហើយឡើងទៅកម្រិតថ្មីមួយ។  ខាងក្រោមនេះបង្ហាញអំពីយុទ្ធសាស្រ្តដើម្បីការីកចម្រើន៖

១. យុទ្ធសាស្រ្តក្ដៅ៖ ដាក់ឧបសគ្គឲ្យមនុស្ស ដើម្បីឲ្យមនុស្សរីកចម្រើន

ការរីកចម្រើន មិនអាចកើតឡើងនោះទេ លុះត្រាតែមនុស្សនោះជួបឧបសគ្គ ហើយមានចិត្តចង់ឈ្នះឧបសគ្គនោះ។ វាជាបញ្ហាដល់ការរីកចម្រើនសម្រាប់មនុស្សម្នាក់ បើមនុស្សម្នាក់មិនមានឧបសគ្គ ឬការលំបាកក្នុងជីវិត។ យើងត្រូវដឹងថា មនុស្សគ្រប់គ្នាចង់រីកចម្រើន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាហ៊ានលះបង់ដើម្បីរីកចម្រើននោះទេ ព្រោះអី្វ? ព្រោះពួកគាត់ខ្លាចការលំបាក។ វិធីសាស្រ្តក្ដៅនេះដំណើរការល្អ នៅពេលមនុស្សម្នាក់ចង់រីកចម្រើន ប៉ុន្តែគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយគាត់ត្រូវការអ្នកជួយ។ បើគាត់ចង់រីកចម្រើន ប៉ុន្តែពិបាករីកចម្រើន វិធីសាស្រ្ដដ៏ល្អ មានតែវិធីក្ដៅនេះទេ គឺដាក់ឧបសគ្គសម្រាប់គាត់ ប៉ុន្តែយើងត្រូវជៀសវាងការស្ដីបន្ទោសច្រើនដល់គាត់។ នៅពេលគាត់ជួបឧបសគ្គ​ ហើយគាត់ទាល់ច្រក មិនដឹងគួរដោះស្រាយយ៉ាងណា ពេលនោះជាឱកាសរបស់យើងដើម្បីហុចដៃ ហើយប្រាប់ពីរបៀបដល់គាត់។

២. យុទ្ធសាស្រ្តត្រជាក់៖ លួងលោមចិត្តមនុស្សអោយធ្វើអ្វីដែលខ្លួនមិនចង់ធ្វើ

 

មានវិធីសាស្រ្តជាច្រើន ដើម្បីលួងលោមចិត្តមនុស្សឲ្យរំភើប ហើយចាប់ផ្ដើមធ្វើនូវអ្វីដែលគាត់មិនចង់ធ្វើ ហើយភាគច្រើនមនុស្សដែលពូកែលក់ គឺមនុស្សពូកែលោម។ ទីមួយ៖ យើងលួងលោមចិត្តមនុស្សដោយធ្វើអោយមនុស្សចេះស្រមៃយើងប្រាប់គាត់អោយស្រមៃមើល ប្រសិនបើគាត់ធ្វើបាន ស្រមៃមើលបើ………។ យើងត្រូវធ្វើយ៉ាងណាអោយគាត់ឃើញរូបភាពនៃអនាគតភ្លឺថ្លា។ នៅពេលដែលគាត់មើលឃើញអនាគតភ្លឺថ្លា ហើយចង់ប្រាថ្នាដើម្បីបានវា គាត់នឹងប្រឹងប្រែងជាមិនខាន។ ទីពីរ៖ លើកឧទាហរណ៍ជាក់ស្ដែងជាសាច់រឿងនៅពេលដែលមនុស្សម្នាក់ចង់រីកចម្រើន ប៉ុន្តែមានលេសច្រើន យើងត្រូវតែប្រើភាពឆ្លាតវៃរបស់យើង ដោយលើកឧទាហរណ៍ជាក់ស្ដែងជាសាច់រឿង ឬករណីស្រដៀងគាត់។ យើងប្រាប់គាត់ នៅពេលគាត់ថា “ខ្ញុំអត់មានពេលអានសៀវភៅ”។ យើងប្រាប់គាត់ទៅវិញថា “កាលពីមុនខ្ញុំមិនខុសពីអ្នកនោះទេ នៅពេលនរណាម្នាក់បបួលខ្ញុំអោយអានសៀវភៅ ខ្ញុំតែងតែប្រាប់គេថា រវល់ណាស់ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាវាគ្រាន់តែជាលេសប៉ុណ្ណោះ ហើយខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់ បើខ្ញុំចេះអានសៀវភៅតាំងពីយូរមិនដឹងជាល្អយ៉ាងនោះទេ” ។ យើងត្រូវលើកឧទារហណ៍ជាសាច់រឿងយ៉ាងណា ដើម្បីអោយគាត់មិនអាចប្រកែកបាន ហើយជម្នះលើលេសរបស់គាត់។​ទីបី៖ អញ្ជើញហើយ អញ្ចើញទៀតអោយគាត់ចូលរួមជាមួយអ្នកដើម្បីការរីកចម្រើនដើម្បីទទួលបានលទ្ធផល យើងត្រូវជៀសវាងការបោះបង់ចោលនៅពាក់កណ្ដាលផ្លូវ។ អ្នកត្រូវតែបន្តសួរ បន្តសុំ បន្តអញ្ចើញអោយគាត់ចូលរួមជាមួយអ្នកដើម្បីការរីកចម្រើន។ អញ្ចើញលើកទី១ លើកទី ២ លើកទី​៣ មិនមក អញ្ចើញទៀត ហើយខ្ញុំជឿថាថ្ងៃណាមួយគាត់នឹងទន់ចិត្តដើម្បីធ្វើតាមអ្នកជាមិនខាន។​

៣. យុទ្ធសាស្រ្តមួយៗ៖ សម្រាប់មនុស្សដែលយើងមិនសូវស្និទស្នាល ប៉ុន្តែយើងចង់ឃើញការរីកចម្រើន

បើយើងចង់ច្រូតផល យើងត្រូវរៀនក្នុងការសាបព្រោះ។ ការសាបព្រោះត្រូវការកម្លាំង និងការលះបង់ ហើយវាមានដំណាក់កាលរបស់វា។ បើយើងចង់ឃើញមនុស្សម្នាក់រីកចម្រើន ប៉ុន្តែគាត់លំបាកក្នុងការរីកចម្រើន យើងត្រូវដើរតាមដំណាក់កាលខាងក្រោម៖

ដំណាក់កាលទី១៖ ចាប់ផ្ដើមដោយការបន្ទាបខ្លួន ហើយបង្កើតទំនាក់ទំនង

បើយើងចង់ជួយមនុស្សអោយរីកចម្រើន យើងចាប់ផ្ដើមដោយការបង្កើតទំនាក់ទំនង ហើយការទំនាក់ទំនងល្អកើតឡើងនៅពេលដែលយើងបន្ទាបខ្លួន ដូចជាប្រាប់អំពីចំណុចខ្សោយរបស់ខ្លួន ប្រាប់អំពីកំហុសដែលខ្លួនយើងធ្លាប់ធ្វើការពីមុនជាដើម។ ព្យាយាមកុំអួតពីខ្លួនឯង ប៉ុន្តែសរសើរអំពីមនុស្សម្នាក់នោះវិញ។

ដំណាក់កាលទី២៖ ចែកចាយអំពីបទពិសោធន៍ ឬទីបន្ទាល់នៃការរីកចម្រើនរបស់ខ្លួន

ការរីកចម្រើនត្រូវការគម្រូ  ហើយគម្រូដល់ល្អបំផុត គឺតាមសាច់រឿងពិតរបស់ជីវិតមនុស្ស។ បើយើងចង់អោយមនុស្សម្នាក់រីកចម្រើនដូចជាយើង យើងត្រូវតែរីកចម្រើនខ្លួនឯងជាមុនសិន ហើយក្រោយមកយើងចាប់ផ្ដើមប្រាប់រឿងនេះទៅកាន់មនុស្សដែលយើងចង់ឃើញការរីកចម្រើន។

ដំណាក់កាលទី៣៖ ផ្ដួចផ្ដើមធ្វើអ្វីមួយដែលលំបាកជាមួយគ្នា

វាមិនខុសគ្នាអំពីយុទ្ធសាស្ត្រក្ដៅនោះទេ ដែលការរីកចម្រើនមិនអាចកើតឡើងនោះទេ លុះត្រាតែមនុស្សនោះជួបឧបសគ្គ ហើយមានចិត្តចង់ឈ្នះឧបសគ្គនោះ។ វិធីសាស្រ្តនោះគឺត្រូវតែចាប់ផ្ដើមអោយចូលរួមជាមួយយើងដើម្បីធ្វើអ្វីដែលលំបាកជាមួយគ្នា ដូចជាការអានសៀវភៅមួយខែ មួយក្បាលជាមួយគ្នាជាដើម ។ល។

ដំណាក់កាលទី៤៖ នាំគាត់ទៅចូលរួមសិក្ខាសិលា និងស្គាល់មនុស្សដែលមានប្រាជ្ញាច្រើន

ការរីកចម្រើនកើតឡើងនៅពេលមនុស្សដើរជាមនុស្សផ្សេងទៀតដែលមានប្រាជ្ញា ដោយយើងចាប់ផ្ដើមអោយគាត់ចូលរួមសិក្ខាសិលា ឬចូលរួមក្រុមតូច ហើយស្គាល់មនុស្សល្អៗផ្សេងទៀតអោយបានច្រើន។​

ដំណាក់កាលទី៥៖ ស្វែងយល់អំពីគោលការណ៍ទាំង ១៥ នៃការរីកចម្រើនរបស់លោក ចន ស៊ីម៉ាកស្វែល

ការរីកចម្រើន មានច្បាប់ ឬគោលការណ៏របស់វា។ យើងមិនអាចគេចផុតនោះទេ បើយើងចង់រីកចម្រើនយើងត្រូវតែគោរព។ ទាំងនេះជាច្បាប់នៃការរីកចម្រើនរបស់លោក ចន ស៊ីម៉ាកស្វែល (John C. Maxwell)៖

១. ការរីកចម្រើនត្រូវតែមានគោលបំណង៖ ការរីកចម្រើនមិនអាចកើតឡើងដោយចៃដន្យនោះទេ យើងត្រូវតែធ្វើអ្វីម្យ៉ាងទើបការរីកចម្រើនកើតឡើង។ យើងត្រូវតែមានផែនការដើម្បីរីកចម្រើន។ យើងត្រូវតែដឹងថា យើងត្រូវទៅណា ដើម្បីរីកចម្រើន។

២. ដើម្បីរីកចម្រើន ត្រូវស្គាល់ខ្លួនឯង៖ តើអ្វីជាចំណុចខ្លាំង ចំណុចខ្សោយរបស់អ្នក? តើអ្នកស្រលាញ់អ្វី? ហើយជាពិសេសត្រូវសួរខ្លនឯងថាតើអ្នកកំពុងស្ថិតនៅកម្រិតណាពេលនេះ? តើអ្នកចង់បានអ្វីអោយពិតប្រាកដ? បើអ្នកស្មោះត្រង់ដើម្បីឆ្លើយនឹងសំណួរទាំងនេះ អ្នកនឹងឃើញជីវិតរបស់អ្នកឡើងទៅកម្រិតថ្មី។

៣. ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង៖ យើងត្រូវតែមើលឃើញតម្លៃផ្ទាល់ខ្លួនរបស់យើង ដើម្បីធ្វើអោយខ្លួនយើងកាន់តែមានតម្លៃ។ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ប៉ុន្តែត្រូវប្រៀបធៀបខ្លួនឯងឥឡូវទៅនឹងពីមុន តើខុសយ៉ាងណា? ហើយតើបច្ចុប្បន្ន និងអនាគតដែលយើងចង់បាន តើខុសគ្នាយ៉ាងណា? ចូរឈប់និយាយអ្វីដែលអវិជ្ជមានដាក់ខ្លួនឯង ហើយចាប់ផ្ដើមមើលឃើញតម្លៃខ្លួនឲ្យច្រើនជាងមុន ពេលនោះយើងនឹងឃើញការរីកចម្រើនកើតឡើង។

៤. ត្រូវចេះសញ្ចឹងគិត៖ មនុស្សជាច្រើនគិតតែធ្វើនេះ ធ្វើនោះ ប៉ុន្តែមិនដឹងថាហេតុអ្វីខ្លួនធ្វើវា។ ដូច្នេះយើងត្រូវឈប់មួយភ្លែត ហើយយកពេលទៅសញ្ចឹងគិតថាតើអ្វីដែលយើងកំពុងតែធ្វើនេះអាចធ្វើឲ្យយើងរីកចម្រើនដែរឬទេ?

៥. ត្រូវមានអត្តចរិកមិនបោះបង់ចោល៖ ត្រូវចេះលត់ដុំខ្លួនដើម្បីកុំឲ្យឆាប់បោះបង់ចោលគោលដៅដែលយើងចង់ធ្វើលឿនពេក។ ត្រូវតែមានអត្តចរិតរឹងមាំ មិនបោះបង់ចោលចំពោះគោលដៅនៃការរីកចម្រើនរបស់យើង។

៦. ត្រូវពិនិត្យមើលបរិយាកាសជុំវិញខ្លួនយើង៖ បើអ្នកគិតថាអ្នកល្អគ្រប់គ្រាន់ហើយ អ្នកនឹងពិបាកក្នុងការរីកចម្រើន ព្រោះអ្នកកំពុងតែស្ថិតនៅក្នុងបរិយាកាសមួយដែលអ្នកគិតថា រីកចម្រើនប៉ុនហ្នឹង គឺគ្រប់គ្រាន់ហើយ។ ដូច្នេះយើងត្រូវដឹងថាបរិយាកាសដែលយើងកំពុងតែស្ថិតនៅ ហើយចេះប្ដូរបរិយាកាសដើម្បីការរីកចម្រើន។ វានឹងពិបាកសម្រាប់អ្នករីកចម្រើន ប្រសិនបើអ្នកនៅកន្លែងដែលមិនរីកចម្រើន ឬកន្លែងដែលស្ថិតនៅមិនជំរុញអ្នក។

៧. ត្រូវចេះបង្កើតថ្មី៖ បើអ្នកមិនចេះបង្កើនខ្លួនឯងឲ្យធំជាងមុនដោយខ្លួនឯង អ្នកនឹងពិបាកដើម្បីរីកចម្រើន។ វាមិនន័យថា យើងត្រូវរៀនបង្កើតផែនការថ្មីៗ គំនិតថ្មីៗដើម្បីធ្វើយ៉ាងណាឲ្យមានការរីកចម្រើន។

៨. ត្រូវទទួលយកការឈឺចាប់៖ បើគ្មានការឈឺចាប់ និងការលត់ដុំខ្លួននោះទេ នឹងគ្មានការរីកចម្រើននោះទេ។ ប្រើការឈឺចាប់ក្នុងជីវិតរបស់អ្នក ដើម្បីបង្កើតឱកាសថ្មី

៩. ត្រូវរៀនពីជណ្ដើរ៖ យើងចង់ឡើងកាំជណ្ដើរដែលខ្ពស់ យើងត្រូវមើលក្រោមសិនថាតើយើងមានគ្រឺះរឹងមាំដែរឬទេ បើមិនដូច្នោះទេយើងអាចដួលធ្លាក់។ គ្រឺះរបស់កាំជណ្ដើរ គឺអត្តចរិត បើអត្តចរិតរបស់យើងទន់ខ្សោយ យើងមិនអាចរីកចម្រើនដល់កំពូលបានទេ។ ដូច្នោះយើងត្រូវពង្រឹងអត្តចរិតរបស់យើងឲ្យរឹងមាំ។

១០. ត្រូវរៀនពីរង្វង់កៅស៊ូ៖ បើយើងទាញរង្វង់កៅស៊ូកាន់តែខ្លាំង នោះរង្វង់កៅស៊ូនឹងរីកមាឌកាន់តែធំ ប៉ុន្តែបើយើងមិនធ្វើអ្វីម្យ៉ាងលើវា វានឹងនៅដដែលគ្មានរីកនោះ។ ដូចគ្នាដែរ ចំពោះការរីកចម្រើន យើងត្រូវទាញខ្លួនឯងឲ្យដូចជាយើងទាញរង្វង់កៅស៊ូ ពេលនោះយើងនឹងរីកចម្រើន។

១១. ត្រូវហ៊ានលះបង់៖ បើយើងមិនលះបង់អ្វីដែលចាស់ យើងមិនអាចធ្វើអ្វីដែលថ្មីបាននោះទេ ហើយយើងក៏មិនអាចរីកចម្រើនបានដែរ។ ការរីកចម្រើនកើតឡើងលុះត្រាតែយើងហ៊ានលះបង់ភាពស្រណុកសុខស្រួលមួយចំនួន ហើយចាប់ធ្វើនូវអ្វីដែលលំបាក។ ពេលនោះ ការរីកចម្រើននឹងបន្តទៅមុខជានិច្ច

១២. ត្រូវចេះចង់ដឹងចង់ឃើញ៖ ដើម្បីរីកចម្រើន យើងត្រូវតែបន្តសួរសំណួរជានិច្ចថា ហេតុអ្វី? ដូចពាក្យស្លោកបុរាណបាននិយាយ អ្នកដែលអាចធ្វើការ តែងតែអាចមានការងារធ្វើ ប៉ុន្តែអ្នកដែលដឹងថាហេតុអ្វីត្រូវធ្វើ គឺតែងតែធ្វើជាចៅហ្វាយគេ។ នៅពេលដែលចេះឆ្ងល់ថាតើហេតុអ្វីអ្នកធ្វើនេះ ហេតុអ្វីអ្នកធ្វើនោះ ពេលអ្នកជាពេលរីកចម្រើនរបស់អ្នក។

១៣. ត្រូវរៀនពីគម្រូ៖ យើងនឹងពិបាករីកចម្រើន បើយើងគ្មានអ្នកជួយទ្រាំទ្រផ្ដល់យោបល់ដល់យើង។ ដូច្នេះយើងត្រូវការមនុស្សណាដែលគម្រូក្នុងការរីកចម្រើន ដើម្បីធ្វើជាគ្រូរបស់យើង។

១៤. ត្រូវតែបន្តពង្រីកខ្លួនឯង៖ អ្នកជំនាញភាគច្រើនជឿថា មនុស្សយើងប្រើប្រាស់សមត្ថភាពបានត្រឹមតែ ១០% ប៉ុណ្ណោះក្នុងជីវិត។ ដូច្នេះយើងត្រូវពង្រីកខ្លួន បង្កើនសក្ខានុពល ព្រោះយើងអាចធ្វើបានច្រើនជាងនេះ។

១៥. ត្រូវចេះចែករំលែក និងបង្រៀនបន្ត៖ មនុស្សដែលរីកចម្រើន ជាមនុស្សដែលអាចធ្វើឲ្យអ្នកដទៃទៀតរីកចម្រើនតាមខ្លួនដែរ។ ប៉ុន្តែយើងត្រូវតែរីកចម្រើនខ្លួនឯងជាមុន មុនពេលយើងធ្វើឲ្យអ្នកដទៃរីកចម្រើន។ កាលណាយើងចែករំលែកនូវអ្វីដែលយើងចេះ យើងនឹងកាន់តែចេះជាងមុនទៅទៀត។


អត្ថបទទាក់ទង

ទម្លាប់ដឹកនាំប្រចាំថ្ងៃ ៤ យ៉ាង ដែលនឹងមានឥទ្ធិពលវិជ្ជមានលើក្រុមរបស់អ្នក

 

Leave a Reply