កត្តាសំខាន់ៗចំនួន ៥ ដែលធ្វើឱ្យអ្នកក្លាយជាមេដឹកនាំទឹកមាត់សាប ប្រើបុគ្គលិកថ្នាក់ក្រោមមិនសូវបានដូចចិត្ត
អ្នកប្រហែលជាធ្លាប់ជួបមេដឹកនាំ ២ប្រភេទ ដែលម្នាក់ជាមេទឹកមាត់ប្រៃ ឬជាមេដែលនិយាយអ្វីបុគ្គលិកចង់ស្ដាប់ ចង់ធ្វើតាម និងមេទឹកមាត់សាប ជាមេដែលមានតែមុខតំណែង ប៉ុន្តែខ្វះឥទ្ធិពលដែលនិយាយស្ដីអ្វីមួយធ្វើឱ្យបុគ្គលិកមិនចង់ស្ដាប់ មិនចង់ធ្វើតាម ដែលពេលខ្វះពេលដែលប្រើបុគ្គលិកឱ្យបំពេញការងារណាមួយ គឺមានភាពពិបាកខ្លាំង ដូចអូសឬស្សីបញ្ច្រាស់ចុងអ៊ីចឹងដែរ។
តើនិយោជិតអាចទទួលបានអារម្មណ៍លើកទឹកចិត្តដោយរបៀបណា ប្រសិនបើធ្វើការមិនដឹងថ្ងៃណាបានឡើងតួនាទី មានភាពធុញទ្រាន់ កង្វះទំនុកចិត្តលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងដែលរារែក និងតែងតែទម្លាក់បន្ទុកការងារដែលមិនអាចគ្រប់គ្រងបាន មិនអាចកសាងបរិយាកាសការងារដែលមិនសមស្រប កង្វះវឌ្ឍនភាពអាជីពឲ្យកូនចៅ មិនដែលបង្រៀន ឬបញ្ជូនទៅរៀន ។ល។
ខាងក្រោមនេះ គឺជាកត្តាសំខាន់ៗចំនួន ៥ ដែលធ្វើឱ្យអ្នកក្លាយជាមេដឹកនាំទឹកមាត់សាប ប្រើបុគ្គលិកថ្នាក់ក្រោមមិនសូវបានដូចចិត្ត៖
១. ប្រាប់មិនសូវច្បាស់ពីអ្វីត្រូវធ្វើ
អ្នកត្រូវច្បាស់ថាតើនៅរាល់ពេលដែលអ្នកប្រាប់ពីកិច្ចការងារដែលចង់ឱ្យថ្នាក់ក្រោមឱ្យពួកគាត់ធ្វើថាតើវាមានភាពច្បាស់លាស់ឬនៅ តើគាត់យល់ច្បាស់ពីអ្វីដែលគាត់នឹងត្រូវធ្វើហើយឬនៅជាដើម។ កំហុសរបស់មេមួយចំនួន គឺមិនបានបង្ហាញឱ្យច្បាស់ថាខ្លួនចង់បានអ្វី ហើយបុគ្គលិកម្នាក់នោះគួរធ្វើអ្វីជាដើម ដែលពេលណាបុគ្គលិកម្នាក់នោះមិនយល់ច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ គាត់នឹងមិនហ៊ានធ្វើ ឬមិនចង់ធ្វើកិច្ចការងារនោះទេ។
២. ការងារនោះមិនផ្ដល់ប្រយោជន៍រួម
ចំណុចមួយដែលធ្វើឱ្យបុគ្គលិកម្នាក់នោះមិនចង់បំពេញការងារតាមអ្វីដែលមេបានប្រាប់នោះ គឺអាចដោយសារតែការងារនោះ ប្រសិនបើសម្រេចជោគជ័យហើយនោះវាមិនបានផ្ដល់ប្រយោជន៍រួមដល់ស្ថាប័នទាំងមូល តែផ្ទុយទៅវិញវាអាចផ្ដល់ប្រយោជន៍ឱ្យតែមេដែលបង្គាប់បញ្ជាតែម្នាក់ ឬតែមួយក្រុមតូចណាមួយជាដើម ដែលចំណុចទាំងនោះហើយធ្វើឱ្យវាមានភាពពិបាកបន្តិចក្នុងការប្រើឱ្យបុគ្គលិកណាម្នាក់បំពេញការងារ។
៣. ការងារលំបាកធំលើសពីសមត្ថភាព
វាអាចដោយសារតែបញ្ហាទាក់ទងនឹងសមត្ថភាពរបស់បុគ្គលិកម្នាក់នោះ នៅស្ទើរជាងកិច្ចការងារដែលគាត់ត្រូវធ្វើ បូករួមជាមួយគាត់ជាមនុស្សដែលមិនសូវមានភាពក្លាហាន និងមិនសូវពូកែនិយាយស្ដី មិនហ៊ានសួរ ទើបបានជាធ្វើឱ្យបុគ្គលិកម្នាក់នោះមិនចង់ធ្វើការងារនោះ។ អាស្រ័យហេតុនេះ ក្នុងនាមជាមេ អ្នកត្រូវចេះប៉ាន់ស្មានទំហំការងារជាមួយនឹងសមត្ថភាពបុគ្គលិកម្នាក់នោះផង។
៤. ខ្វះការលើកទឹកចិត្ត
បុគ្គលិក គឺជាមនុស្សមានអារម្មណ៍ មានមនោសញ្ចេតនា មិនមែនជារូប៉ូតដែលគ្មានវិញ្ញាណ គ្មានអារម្មណ៍ និងគិតតែធ្វើការងារ ២៤ម៉ោង រហូតនោះទេ។ អាស្រ័យហេតុនេះហើយ ក្នុងនាមជាមេ អ្នកត្រូវចេះលើកទឹកចិត្ត ចេះពោលពាក្យសរសើរពេលបុគ្គលិកណាម្នាក់បំពេញការងារបានល្អ ឬសម្រេចគោលដៅរបស់ស្ថាប័ន។ កំហុសដ៏ធំមួយក្នុងនាមជាមេដឹកនាំ គឺពេលបុគ្គលិកធ្វើខុសចូលចិត្តស្ដីបន្ទោស ប៉ុន្តែពេលបុគ្គលិកធ្វើបានល្អ ភ្លេចពោលពាក្យសរសើរលើកទឹកចិត្ត ឬធ្វើមើលពុំឃើញ។
៥. ខ្វះភាពស្មោះត្រង់
ក្រឡេកមើលទៅសកម្មភាពពីមុន តើអ្នកធ្លាប់ប្រើបុគ្គលិកណាម្នាក់ ដើម្បីចង់តេស្តសាកល្បងសមត្ថភាព ឬគ្រាន់តែចង់ដាក់សម្ពាធដល់បុគ្គលិកម្នាក់នោះដែរឬទេ? ប្រសិនបើអ្នកធ្លាប់ធ្វើបែបនេះ នោះវាជាកំហុសឆ្គងដ៏ធំមួយដែលបុគ្គលិកអាចមើលយល់ពីចេតនារបស់អ្នក គ្រាន់តែបុគ្គលិកម្នាក់នោះមិនហ៊ានហាស្ដីចេញមកក្រៅ។ ទង្វើបែបនេះ វាធ្វើឱ្យបុគ្គលិកអាចវាយតម្លៃមេរបស់ខ្លួនថាជាមនុស្សដែលខ្វះភាពស្មោះត្រង់ ហើយរាល់ការងារដែលមេដាក់ឱ្យ គឺគ្រាន់តែចង់ដាក់សម្ពាធ ឬតេស្តសាកល្បងសមត្ថភាពរបស់គាត់តែប៉ុណ្ណោះ។ នៅពេលដែលបុគ្គលិកមានផ្នត់គំនិតបែបនេះហើយ នោះមានន័យថា អ្នកប្រហែលក្លាយជាមេដែលមានទឹកមាត់សាប និងមិនសូវមានឥទ្ធិពលលើបុគ្គលិកម្នាក់នោះទៀតនោះទេ។ ដូច្នេះ ចូររក្សាឱ្យបាននូវភាពស្មោះត្រង់ជាមួយបុគ្គលិកគ្រប់រូប និងរាល់មនុស្សជុំវិញខ្លួន ដើម្បីធ្វើឱ្យគេគោរពស្រលាញ់ និងបង្កើតឥទ្ធិពលឱ្យគេស្ដាប់តាមរាល់អ្វីដែលអ្នកនិយាយ។
អត្ថបទទាក់ទង
ទម្លាប់ដឹកនាំប្រចាំថ្ងៃ ៤ យ៉ាង ដែលនឹងមានឥទ្ធិពលវិជ្ជមានលើក្រុមរបស់អ្នក