វិធីសាស្រ្តចំនួន ១០ ដើម្បីបញ្ឈប់បុគ្គលិកដោយសន្តិវិធី

ក្នុងអាជីវកម្មជោគជ័យនីមួយៗ ពេលដែលយើងមើលពីខាងក្រៅទៅហាក់ដូចជាអ្វីៗល្អឥតខ្ចោះ ហើយការងារក៏រលូនផងដែរ។ ប៉ុន្ដែដើម្បីឲ្យអាជីវកម្មយើងដើរដល់ចំណុចនោះ ក៏យើងត្រូវធ្វើសកម្មភាពខ្លះនៅខាងក្នុងផងដែរ ដូចជាការបញ្ឈប់បុគ្គលិកណាដែលមិនអាចនាំមកនូវភាពរីកចម្រើនដល់ក្រុមហ៊ុន។ យើងជឿថា គ្រប់ក្រុមហ៊ុនពិតជាមិនចង់បញ្ឈប់បុគ្គលិកណាម្នាក់នោះទេ ព្រោះការជ្រើសរើសអ្នកថ្មីជំនួសត្រូវការពេលវេលាច្រើន និងមានហានិភ័យដល់ផ្នែកផ្សេងទៀតផងដែរ។ រាល់ការបញ្ឈប់បុគ្គលិក អាចនឹង​បង្កផលប៉ះពាល់ទាំងសងខាង បើម្ចាស់អាជីវកម្ម ពុំមានវិធីសាស្ត្រដើម្បីចចារទេនោះ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនសម្រាប់បញ្ឈប់បុគ្គលិក៖

១. បញ្ឈប់តាមសម្រួល

យើងគួរបញ្ឈប់បុគ្គលិកតាមសន្ដិវិធីនិងប្រើពាក្យសម្ដីសមរម្យទៅកាន់បុគ្គលិក ដោយការធ្វើបែបនេះវាមិនបណ្ដាលឲ្យមានការគុំគួនគ្នារវាងបុគ្គលិក និងថៅកែ។ ប្រសិនបើអ្នកបញ្ឈប់បុគ្គលិកទាំងកំហឹង នោះនឹងគ្មានបុគ្គលិកថ្មីណាហ៊ានចូលមកធ្វើការជាមួយយើងទេ។

២. និយាយប្រាប់ត្រង់

កុំអូសបន្លាយពេលវេលា ហើយអ្នកគួរប្រាប់ត្រង់ៗទៅបុគ្គលិកថា គាត់ខុសចំណុចណាដោយមិនចាំបាច់ខ្លាចចិត្តឡើយ។

៣. ប្រកាន់ភ្ជាប់នូវគោលគំនិតរបស់អ្នក

គំនិតរបស់អ្នកនៅពេលនេះ គឺចង់បញ្ឈប់បុគ្គលិកម្នាក់នោះ ដូចនេះនៅពេលដែលអ្នកប្រាប់បុគ្គលិកថាគាត់ត្រូវបានបញ្ឈប់ នោះប្រាកដជាមានការពន្យល់ហេតុផល ឬលេសដោះសារមកកាន់អ្នកជាមិនខាន។ ប៉ុន្ដែក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកមិនមែនចេះតែបញ្ឈប់បុគ្គលិកដោយសារបញ្ហាតិចតួចទេ ម្ល៉េះហើយអ្នកមិនគួរជជែកវែកញែកច្រើន ព្រោះនេះគឺជាការសម្រេចចិត្តមួយដែលអ្នកត្រូវធ្វើ។ 

៤. បង្ហាញការយកចិត្តទុកដាក់ទៅកាន់បុគ្គលិក

ទោះបីជាគេត្រូវបានបញ្ឈប់ក៏ដោយ ក៏អ្នកគួរតែប្រាប់គេថាអ្នកដឹងពីអារម្មណ៍របស់បុគ្គលិកអ្នក ហើយប្រាប់គេថា ប្រសិនបើមានជម្រើសផ្សេងក៏អ្នកផ្ដល់ឧ៌កាសដែរ តែនេះជាជម្រើសចុងក្រោយហើយ។

៥. អ្នកណាជ្រើសរើសបុគ្គលិក អ្នកនោះជាអ្នកបញ្ឈប់

ក្នុងជំនួញខ្លះមានអ្នកគ្រប់គ្រងផ្នែកផ្សេងៗ ឬ អាចនិយាយបានថាមានម្ចាស់លើសពីម្នាក់ឡើងទៅ។ ដូចនេះនៅពេលបញ្ឈប់បុគ្គលិក អ្នកណាដែលជាអ្នកជួលបុគ្គលិកនោះនៅគ្រាដំបូង គួរតែជាអ្នកនិយាយអំពីការបញ្ឈប់ទៅកាន់បុគ្គលិកនោះ ដោយមិនព្យាយាមគេចវេស ឬអោយដៃគូរផ្សេងនិយាយជំនួស។ ការធ្វើបែបនេះបង្ហាញពីការអោយតម្លៃទៅដៃគូរអាជីវកម្មយើង និងបុគ្គលិក ហើយក៏បង្ហាញពីការមិនព្យាយាមលាក់មុខនៅពេលមានបញ្ហានៅក្នុងជំនួញ។ 

៦. យកគោលការណ៍ផ្ទៃក្នុងមកប្រើ

ទម្រាំដល់ចំណុចនេះ អ្នកប្រហែលជាផ្ដល់សញ្ញាដល់បុគ្គលិករូបនេះជាច្រើនលើកមកហើយ។ ឧទាហរណ៍ អ្នកតែងតែប្រាប់ជារឿយៗអំពីការមកយឺត ឬអាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារ អ្នកបានបង្ហាញពីតម្រូវការរបស់អាជីវកម្ម និងកាតព្វកិច្ចបុគ្គលិកក្នុងកិច្ចសន្យាការងារ ហើយអ្នកបាននិយាយទៀតថា បើសិនជាមិនកែប្រែទម្លាប់នេះទេ បុគ្គលិកនោះប្រាកដជាអាចនឹងបញ្ឈប់។ នៅពេលដែលថ្ងៃបញ្ឈប់មកដល់ អ្នកអាចនិយាយទៅកាន់បុគ្គលិកនោះថា វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលសម្រាប់គេទេ ព្រោះអ្នកបានប្រាប់គេឲ្យកែតម្រូវចំណុចខ្វះខាតជាច្រើនលើកច្រើនសារមកហើយ។ ហើយបើគេកើតទុក្ខមិនសុខចិត្ត អ្នកអាចឲ្យគេអានគោលការណ៍ក្រុមហ៊ុនឡើងវិញ ថាខ្លួនគេខុសត្រង់ចំណុចណាមួយ នោះគេនឹងបានអស់ចិត្តដោយខ្លួនឯង។

៧. កុំប្រើមនោសញ្ចេតនា ឬ អូសបន្លាយពេលវេលា

នៅពេលអ្នកចង់បញ្ឈប់នរណាម្នាក់ អ្នកប្រហែលជាមានអារម្មណ៍អាណិតគេ គិតពីការលំបាករបស់គេនៅពេលអស់ការងារនេះ និងចង់ទុកពេលឲ្យគេបន្ដិចទៀត។ ប៉ុន្ដែទម្រាំដល់កម្រិតនេះ អ្នកប្រហែលជាបានប្រាប់គេឲ្យមើលចំណុចខ្វះខាតខ្លួនជាច្រើនលើកច្រើនសារមកហើយ ដូចនេះអ្នកគួរតែបញ្ឈប់ភ្លាមដោយមិនរងចាំឡើយ ព្រោះភាគរយដែលគេអាចកែតម្រូវសកម្មភាពការងារអោយល្អបាន គឺតិចបំផុត។ 

៨. សួរបុគ្គលិកមុននឹងផ្ដល់ការរិះគន់ឲ្យគេ

អ្នកគួរតែសួរបុគ្គលិកថាតើគេចង់បានការរិះគន់ដើម្បីស្ថាបនាពីអ្នកដែរឬទេ? មានបុគ្គលិកខ្លះ អាចនឹងខឹងអ្នកនៅពេលដែលអ្នកនិយាយពីចំណុចអវិជ្ជមានរបស់គេ ប៉ុន្ដែបុគ្គលិកខ្លះជាអ្នកចង់កែលម្អខ្លួន ដូចនេះគេក៏សប្បាយចិត្តនៅពេលដែលអ្នកប្រាប់ពីចំណុចខ្វះខាត ដើម្បីធ្វើឲ្យល្អជាងមុននៅពេលធ្វើការជាមួយក្រុមហ៊ុនដទៃទៀត។ ការធ្វើនេះ គឺអ្នកចង់ឲ្យគេកែខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនៅពេលអនាគត ប៉ុន្ដែអ្នកក៏ត្រូវសួរគេផងដែរ។ 

៩. ប្រើពេលសន្សឹមៗក្នុងការជ្រើសរើសបុគ្គលិក និងបញ្ឈប់ឲ្យបានលឿន 

អ្នកត្រូវចំណាយពេលបន្ដិចក្នុងការមើលពីប្រវត្តរូប និងសកម្មភាពការងារពីក្រុមហ៊ុនមុនៗរបស់គេ។ និយាយរួម ទោះបីជាពេលខ្លះអ្នកកំពុងត្រូវការបុគ្គលិកបន្ទាន់ ក៏អ្នកត្រូវចំណាយពេលពិចារណាអំពីប្រវត្តិការងារច្រើនបន្ដិចមុននឹងជួលបុគ្គលិក។

១០. រយៈពេលនៃការសាកល្បងការងារ

អាជីវកម្មរបស់អ្នក គួរតែមានរយៈពេលនៃការឲ្យបុគ្គលិកសាកល្បងការងារយូរបន្ដិច ដោយអ្នកបញ្ជាក់ឲ្យបានច្បាស់ពីការចង់បានរបស់អ្នកក្នុងសកម្មភាពការងាររបស់បុគ្គលិកនោះ។ នៅពេលចប់ការសាកល្បងការងារ អ្នកអាចសួរថាគេពេញចិត្តនឹងធ្វើការក្នុងក្រុមហ៊ុនរបស់អ្នកឬអត់?  គួរបញ្ជាក់ផងដែរថា ក្នុងច្បាប់ការងារ របស់ប្រទេសកម្ពុជា អ្នកអាចផ្ដល់សិទ្ធិក្នុងការសាកល្បងការងារយូរបំផុត គឺត្រឹមបីខែ។

សម្រួលពី៖ Business Insider


អត្ថបទទាក់ទង

ភាពស្ថិតស្ថេរ គឺជាច្បាប់មួយដើម្បីបង្កើតវប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យ

 

Leave a Reply

Your email address will not be published. Required fields are marked *