គុណសម្បត្តិ ៥ យ៉ាង ដែលអាចឲ្យអ្នកក្លាយជាអ្នកដឹកនាំវ័យក្មេង

ភាពជា​អ្នកដឹកនាំ គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​​តាម​ចំពោះការងារប្រកបដោយ​ប្រសិទ្ធភាព​ និងប្រសិទ្ធ​ផល។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ដឹកនាំ​វ័យក្មេង​ កំពុង​ជា​តម្រូវការ​យ៉ាង​ខ្លាំង ក្នុង​សម័យកាល​ឌីជីថល​នេះ។ តួនាទី​ដឹកនាំ​សំខាន់ៗ​ ត្រូវការសក្ដានុពល​ដ៏​ក្លៀវក្លា​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការ​ច្នៃប្រតិដ្ឋ​មិន​ចេះ​រីងស្ងួត ដែល​នាំ​មក​នូវ​ការ​គោរព​ព្រម​ដើរ​តាមឆ្ពោះ​ទៅ​រក​គោលដៅ មិនថា​នៅ​ក្នុង​វ័យ​ក្មេង​បែប​ណា​ក្តី។ ប្រសិនបើអ្នកមាន​គុណសម្បត្តិខាងក្រោមនេះ នោះអ្នក​មាន​ឱកាស​ច្រើន​ក្នុង​ការ​ក្លាយ​ជា​មេដឹកនាំ៖

១. ខ្លាំង​ទំនាក់ទំនង​សង្គម

កុំ​គិត​ថា អ្នក​ខ្លាំង​ទំនាក់ទំនង​សាធារណៈ​នៅ​ពេល​ដែល​អ្នក​មាន​លុយ​ច្រើន​ ហើយ​មាន​គេ​មក​រាប់រក។​ នេះ​គ្រាន់​ជា​រូបភាព​បំភ័ន្ត។ បណ្ដាញ​នេះ​ជា​បណ្ដាញ​ក្លែងក្លាយ។  ពួកគេ​គ្រាន់តែ​រំភើប​នឹង​ភាព​មាន​បាន​របស់​អ្នក គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។ ប្រសិន​អ្នក​នៅ​ក្មេង ហើយ​គ្មាន​លុយ​ តែ​មាន​គេ​ព្រម​ស្ដាប់​ព្រម​ចង​បណ្ដាញ​ទៅវិញ អ្នក​ជា​មេដឹកនាំ​ពិតប្រាកដ​និង​ដ៏​អស្ចារ្ស។ បង្កើត​បណ្តាញ​ធំ អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​រៀនសូត្រ​របស់​អ្នក​ធ្វើ​ឲ្យ​ក្លាយជាអ្នកដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព​ជាងមុន។

២. បង្ហាញ​គុណ​តម្លៃ​ផ្ទាល់ខ្លួន

យោង​តាម​អត្ថបទ​មួយ​របស់​ទស្សនាវដ្ដី​អាជីវកម្ម Harwad អ្នកដឹកនាំ​វ័យក្មេង ត្រូវ​ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ​យល់​ឃើញ​ពី​ភាព​ពិសេស​ដ៏​កម្រ​រក​របស់​ពួកគេ​នៅ​កន្លែង​ធ្វើការ យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​ក្រុម ​ចេះ​បង្វឹក​ការ​ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ ហើយ​គិត​បាន​វែង​ឆ្ងាយ​ជានិច្ច​អំពី​វិធី​ដាក់​ក្រុម​របស់​ខ្លួន ​ឲ្យ​ទទួល​បាន​ការ​ចាប់អារម្មណ៍ លេចធ្លោ​ក្នុង​ក្រុមហ៊ុន។

៣. មាន​វិធី​បង្កើត​មតិ​ ឬ​ប្រតិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព

ការងារ​ជា​ក្រុម វា​ពិតជា​ត្រូវការ​បំផុត​នូវ​យោបល់​ត្រឡប់ ដោយ​ត្រង់​ទៅ​ត្រង់​មក​ក្នុង​បរិបទ​ការងារ​បច្ចុប្បន្ន។ អ្នក​អាច​ពូកែ​ស្តាប់ តែ​ក៏​ត្រូវ​មាន​យោបល់ល្អៗ ច្បាស់​ៗ និង​ស៊ីជម្រៅ ហើយ​ថែម​ទាំង​មាន​ការ​សម្រេចចិត្ត​ក្លាហាន​និង​ទាន់​ពេល​វេលា។ ការសម្រេចចិត្ត​នានា​អាច​ធ្វើ​ឡើង​អាស្រ័យ​ដោយ​ចំណេះដឹង ការ​ចេះ​វាយតម្លៃ​សភាពការណ៍ និង​ហ៊ាន​ទទួល​ខុសត្រូវ​ដោយ​ស្វ័យភាព។

៤. មាន​វិន័យ

បើ​សូម្បី​តែ​ដំណើរការ ការ​ប្រជុំ​ទៀងទាត់​ធ្វើ​មិនបាន​តើ​ជា​អ្វី? មេដឹកនាំ ត្រូវ​ថ្នឹក​ជាមួយ​ការ​ប្រជុំ​មិន​ថា មួយ​ទល់​មួយ ជា​ក្រុម ជា​តុ​មូល ដែល​ធ្វើ​ឲ្យ​បុគ្គលិកអាចមាន​ឱកាស​បញ្ចេញ​យោបល់ គំនិត ផ្ដល់​ការ​ស្នើសុំ និង​ទទួល​បាន​ការ​ឆ្លើយតប ហើយ​វា​ក៏​ផ្ដល់​ជា​យន្តការ​មាន​ប្រសិទ្ធភាព​មួយ សម្រាប់​ការ​គ្រប់គ្រង​ក្រុម​ប្រកប​ដោយ​ភាព​រីកចម្រើន។

៥. កសាង​បុគ្គលិក​លក្ខណៈ​ចាស់ទុំ

អនុវត្ត​ភាព​អត់ធ្មត់ ដាក់​ខ្លួនផង និង​អត់ធ្មត់​ក្នុង​ក្រុម​ផង។  ដោយ​ហេតុផល​ថា ការ​គ្រប់គ្រង​ផ្អែក​លើ​ចិត្ត​រាបសា​ទើប​អាច​បានការគោរព ការ​វាយតម្លៃ​វិជ្ជមាន​ពី​មនុស្ស​ក្នុងក្រុម​គឺ​ជា​គន្លឹះ​ជោគជ័យ។​ អ្នក​មិន​អាច​បង្ខំ​គេ​​ឲ្យ​ឱន​គោរព​បាន​នោះឡើយ។ ចុងក្រោយ គឺ​ការ​ហ៊ាន​ផ្លាស់ប្តូរ​បុគ្គលិក​មិនល្អ​ចេញ​ប្រសិន​បើ​ចាំបាច់។ មេដឹកនាំ​ពិតប្រាកដ​នឹង​មិន​អត់ធ្មត់​ចំពោះ​ការ​មិន​ចុះសម្រុងគ្នា​រ៉ាំរ៉ៃ នោះ​ទេ។ និយោជិក​ដែល​មាន​ជាតិពុល​ម្នាក់ អាច​បង្កើត​ពណ៌​អវិជ្ជមាន​ពាសពេញ​បាន។

សូម​ចងចាំ​ថា មេដឹកនាំ​ត្រូវ​ដាក់ ភាព​ជោគជ័យ​របស់​និយោជិក​ឲ្យ​នៅ​មុន​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន។


អត្ថបទទាក់ទង

វិធីសាស្រ្ត ៤ យ៉ាង ដើម្បីធ្វើជា​ចៅហ្វាយ​រួសរាយ​ដោយ​មិន​បាត់បង់​អំណាច

 

Leave a Reply

Your email address will not be published. Required fields are marked *