វិធីឃ្លាំ​មើលចំនួន ៣ ដែលគេប្រើប្រាស់ក្នុងការជ្រើសរើសអ្នកដែលមាន​តួនាទី​ជាអ្នកគ្រប់គ្រង​

ការជ្រើសរើសបុគ្គលិក គឺជាការអភិវឌ្ឍនូវការដាក់បំពេញបេក្ខជនសម្រាប់ធ្វើការនៅក្នុងអង្គភាពមួយដែលត្រូវការ។

ការគ្រប់គ្រង គឺដំណើរការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។

អ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅក្នុងអង្គភាមួយ ឬអង្គការចាត់តាំងមួយដោយរៀបចំជាប្រព័ន្ធរបស់មនុស្ស ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។

ដោយ​គេ​ជឿ​ថា គ្មាន​បុគ្គលិក​ណា​ចង់​លា​ឈប់​ពី​ការងារ​ទេ ពួកគេ​លា​ឈប់​ពី​អ្នក​គ្រប់គ្រង ដូច្នេះហើយការ​ជ្រើសរើស​អ្នកគ្រប់គ្រង មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធផល​ការងារ ​ឬ​អាជីវកម្ម​ទាំង​មូល។ ទំនាក់ទំនង​របស់​អ្នក​គ្រប់គ្រង​ជាមួយ​បុគ្គលិក ​គឺមានសារៈសំខាន់ខ្លាំងណាស់ រហូត​ដល់ធនធាន​មនុស្ស​ប្រើវិធីឃ្លាំ​មើលខាងក្រោមនេះក្នុងការជ្រើសរើសអ្នកដែលមាន​តួនាទី​ជាអ្នកគ្រប់គ្រង​៖

១. ខ្សោយ​ជំនាញទន់

ជំនាញទន់ (Soft Skills) ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្នផ្តោតលើ ៧ យ៉ាងនេះ រួមមានភាព​ជាអ្នកដឹកនាំខ្លួនឯង​ឲ្យ​លេចធ្លោ ការចេះដឹកនាំការងារជាក្រុម ជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា មាន​សីលធ៌ម​និងវិន័យការងារ មាន​ភាពបត់បែននិង សម្របខ្លួន។ អ្នកគ្រប់គ្រងដែល​ខ្សោយ​ជំនាញទន់ នេះ នឹង​មិន​ទទួល​ជោគជ័យ​ដាច់ខាត។ សំណួរ​មួយចំនួនដែលគេនឹងសួរ​រំញោចជំនាញទន់ មាន​ដូចជាតើ​អ្នក​បែងចែក​បែប​ណា​រវាង​ទំនាស់​បុគ្គល​ និងគំនិត​ផ្ទុយគ្នាក្នុងការងារ? តើអ្នក​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ ឬ​ពិភាក្សា​ជាមួយ​អ្នកណាខ្លះ​ដោយរបៀបណា? ។ល។

២. ដណ្ដើម​មុខមាត់

ភាសា​អង់គ្លេសថា Credit ។  អ្នក​គ្រប់គ្រង​ល្អ​ តែងតែទទួលខុសត្រូវចំពោះការអនុវត្តរបស់ក្រុមរបស់ខ្លួន ហើយនឹងមិនបោះចោលសមាជិកក្រុមណាម្នាក់ឡើយ ខណៈដែលនៅតែផ្ដល់ការសរសើរដល់សមាជិកក្រុមពួកគេជាសាធារណៈ ទោះបីជាគំនិតមេ MasterPlan  ត្រូវបង្កើតដោយគាត់ ​ដែលជាអ្នកចាត់ការទូទៅក្តី។  មិនមានអ្វីអាក្រក់ ស្មើនឹងមាន​អ្នក​គ្រប់គ្រង​ដែល​ទាមទារ​ក្ដោប​យក​នូវ​ជ័យជំនះ ហើយ​ទម្លាក់​កំហុស​នានា​ទៅ​ឲ្យ​ក្រុមនោះឡើយ។ ដើម្បី​ឃ្លាំ​មើល​ប្រការ​នេះ គេ​នឹង​សួរ​អ្នក​នូវ​សំណួរ​នានាមានដូចជា តើ​ហេតុអ្វី​អ្នក​ឈប់ពីកន្លែងចាស់?​ តើអ្នកធ្លាប់បរាជ័យ​ទេ​ ហេតុអ្វី?  ប្រសិន​អ្នក​បន្ទោស​កន្លែងចាស់ ឬក្រុមការងារចាស់​អ្នក សូមកុំសង្ឃឹម​ឆ្លងដំណាក់កាលនេះ​រួច។

៣.  មិនគួរ​ឲ្យ​ទុកចិត្តបាន

អ្នកគ្រប់គ្រង ចាំបាច់ត្រូវមានបុគ្គលិកលក្ខណៈ​ដែល​ទទួលបានទំនុកចិត្តខ្ពស់លើសពីមនុស្សទូទៅ ពុំនោះទេ គ្មានអ្នកណាព្រមធ្វើតាម​សម្តីគាត់ឡើយ។ គាត់ត្រូវតែរក្សា​សម្តីខ្លួនបាន​ និងមាន​ការគោរព​នូវ​កិច្ច​ព្រមព្រាងជាក្រុម។ ប្រសិនបើគាត់ជាមនុស្ស​មាក់ងាយ​ក្រុម​ការងារ​តា​ឋមរយៈការ​ភូតកុហក ឬ​បោក​បញ្ឆោត សមាជិកក្រុមផ្សេងទៀតនឹង​ឆាប់កត់សម្គាល់ ហើយងាយនឹង​បែកខ្ញែក​លទ្ធផលឈាន​ដល់​បរាជ័យ។

សំណួរ​ដែលធនធានមនុស្ស​ងាយ​លើកមកសួរចំណុចនេះ​រួមមាន តើ​ចំណុចខ្សោយ​អ្វីខ្លះ​ក្នុង​បុគ្គលិក​លក្ខណៈរបស់អ្នក ដែលអ្នកចង់មកកែប្រែជាថ្មីក្នុងកន្លែងថ្មីនេះ? ​នេះជាសំណួរដ៏ពិបាក! បេក្ខជន ត្រូវការ​បកស្រាយវែង ហើយ​ការ​បកស្រាយ​នោះ ​គេ​អាច​លួចឃ្លាំង​មើល​បុគ្គលិកលក្ខណៈសុចរិត​ ឬអត់​ក្នុង​ការ​អត្ថាធិប្បាយ​របស់​បេក្ខជន​បាន។

​ពាក្យ​មួយ​គេ​ពោល​ថា ជំនាញ​អាច​បង្វឹក ចរិត​ដូរ​មិន​បាន​ឡើយ!!!


អត្ថបទទាក់ទង

គុណសម្បត្តិ ៥ យ៉ាង ដែលអាចឲ្យអ្នកក្លាយជាអ្នកដឹកនាំវ័យក្មេង

 

Leave a Reply

Your email address will not be published. Required fields are marked *