ភាសា គឺជាអ្វី?
ភាសា គឺជាពាក្យសំដីដែលមនុស្សនិយាយជាសំឡេងចេញមកក្រៅ ឬថាភាសា គឺជាឧបករណម្យ៉ាង ដែលមនុស្សសម្រាប់ប្រើជាមធ្យោបាយដើម្បីលាតត្រដាងនូវមនោសញ្ចេតនា គំនិត សតិអារម្មណ៍… ក្នុងការទាក់ទងរាប់អានគ្នា ឲ្យយល់គ្នាបានទៅវិញទៅមកដោយសំដី (ភាសា)។ និយាយមួយបែបទៀតថា ភាសា គឺជាបាតុភូតិនៃសង្គមមនុស្ស។ ភាសាវាកើតឡើងអំពីសេចក្តីត្រូវការរបស់មនុស្សរស់នៅក្នុងសង្គម ខាងការបង្ហាញសតិអារម្មណ៍ គំនិត ស្មារតី… ឲ្យគ្នាទៅវិញទៅមកក្នុងដំណើរចលនាធ្វើពលកម្ម ដើម្បីបម្រើជីវិត។ បើគ្មានភាសា មនុស្សមិនអាចមានផលិតផល គ្មានការវិវត្តន៍ជឿនលឿន… និយាយរួមទៅ គឺថាវាគ្មានទាំងសង្គមមនុស្សទៀតផង។
ពាក្យ “ភាសា” មានន័យត្រូវគ្នានឹងពាក្យបារាំងថា la langue ហើយនឹងពាក្យអង់គ្លេសថា language ។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតភាគ ១ ទំព័រទី ២៤៧ បោះពុម្ព ឆ្នាំ ១៩៦៧ បានពន្យល់យ៉ាងខ្លីថាភាសាជា “ពាក្យ ឬសម្តី” ។
តាមសព្វវចនាធិប្បាយធំ Grande Larousses វិញបានឱ្យន័យពាក្យនេះថា “ភាសាជាការសម្តែងនូវសកម្មភាពដោយនិម្មិតរបស់មនុស្ស ពោលគឺសម្បទារបស់គេក្នុង ការសម្តែងនូវចិត្តគំនិត និងហេតុការណ៍នានាតាមសូរសម្លេងនិងកាយវិការ ។
តាមទស្សនៈរបស់វាក្យវិទូ Webster ថាភាសាគឺជាការសម្តែងនូវគំនិតសញ្ចេតនា ដោយប្រើសូរសម្លេង និងដោយការផ្គុំសម្លេងនោះមានន័យសេចក្តីមួយ ។
តាមលោក អៀវ កើស ក្នុងសៀវភៅភាសាខ្មែរបោះពុម្ពឆ្នាំ ១៩៦៧ បានពន្យល់ថា ភាសាគឺជាសញ្ញាមួយសម្រាប់ទាក់ទងគ្នានៅក្នុងជីវភាពប្រចាំថ្ងៃ ទោះបីជាភាសានិយាយក្តី ឬភាសាគក្តី ។ សូម្បីតែសត្វក៏វាមានភាសាសម្រាប់ប្រចាំក្រុមរបស់វាដែលក្នុងការទាក់ទង ។
លោក បណ្ឌិត ម៉ៅ សុក្កន ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យនិយមន័យថា “ភាសាជាសញ្ញាពិសេសមួយដែលមានទំនាក់ទំនងជាមួយគ្នាជាក់លាក។”
មានការឲ្យនិយមន័យស្រដៀងនេះផងដែរថា ភាសា គឺជាប្រព័ន្ធនៃការបន្សំនូវពាក្យទាំងឡាយ និងច្បាប់នៃវិធានដែលក្រុមមនុស្ស ឬសត្វ បង្កើតចេញជាពាក្យសំដីដែលនិយាយថា សំលេងចេញមកក្រៅឬអាចនិយាយថា ភាសាជាឧបករណ៍ម្យ៉ាង ដែលមនុស្សប្រើជាមធ្យោបាយ ដើម្បីធ្វើការលាតត្រដាងមនោសសសញ្ចេតនា គំនិតអារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អាន ពិភាក្សាប្តូរយោបល់គ្នាអោយយល់ព្រមទាំងផ្តល់បទពិសោធន៍ចំណេះដឹងអោយគ្នាទៅវិញទៅមក។ ជាការពិតណាស់ ភាសាមនោសញ្ចេតនា បទពិសោធន៍ ចំណេះដឹង ស្មារតីច្នៃប្រឌិត ទំនួលខុសត្រូវរបស់ខ្លួនទោមនុស្សផ្សេងទៀតក្នុងទង្វើពលកម្មចិញ្ចឹមជីវីតមនុស្ស មានលទ្ធភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឃន៍សង្គម។ កត្តាចាំបាច់ដែលត្រូវមានភាសាព្រោះភាសាផ្សារភ្ជាប់ទៅនឹងជីវីតមនុស្ស ដែលជាអ្នកពាំនាំភាសាហើយភាសាក៏ជាអ្នកបំរើ និងឆ្លុះបញ្ចាំងសង្គម។ បើគ្មានភាសាមនុស្សក៏មិនអាចមានផលិតផល គ្មានការវិវត្តជឿនលឿនបានឡើយ។ បើគ្មានសង្គម គឺគ្មានភាសា បើសង្គមជឿនលឿន គឺភាសាក៏ជឿនលឿនតាមនោះដែរ។
ទាក់ទងយ៉ាងជិតស្និទ្ធនឹងសតិអារម្មណ៍ (គំនិត) ភាសាបានកត់សំគាល់ចំណាំក្នុងពាក្យសំដីនូវ បណ្តាលលទ្ធផល នៃការចលនាខាងស្មារតី ខាងការចំរើនជឿនលឿនរបស់មនុស្សឲ្យយល់បាននូវខឿនអារ្យធម៌របស់ជាតិយើង និងជាតិនានាដែលមានទាក់ទងគ្នា វាមានសារៈសំខាន់ណាស់។ ក្នុងការស្រាវជ្រាវនូវមូលដ្ឋាននៃអក្សរសាស្ត្រ ឬ វប្បធម៌ជាតិនិយាយរួម ក្នុងការស៊ីជម្រៅឲ្យយល់បាន ច្បាស់ហើយត្រឹមត្រូវផងនូវតម្លៃ និងខ្លឹមសារនៃអក្សរសាស្រ្តជាតិ ក្នុងការណែនាំទស្សនៈរបស់ខ្លួនឲ្យមានសុភនិច្ឆ័យ មានគំនិតត្រឹមត្រូវ ជាសត្យានុមតិ ប្រកបដោយគតិបណ្ឌិតខាងការវាយតម្លៃអក្សរសាស្រ្ត ឬ វប្បធម៌ជាតិ យើងម្នាក់ៗគប្បីយល់ឲ្យបាននូវខឿនអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃពីរឬបីថែមទៀត ក្រៅពីជាតិយើង ដើម្បីជាកសិណក្នុងការប្រៀបធៀប។ ពីព្រោះហេតុអ្វី បានជាយើងចង់យល់ឲ្យបានច្បាស់នូវខឿនអក្សរសាស្ត្ររបស់ជាតិយើង ហើយ ត្រឡប់ជាត្រូវឲ្យដឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃ? ពីព្រោះថា ក្នុងការស៊ីជម្រៅ ការយល់ ការដឹងឲ្យ បានច្បាស់លាស់ ហើយត្រឹមត្រូវផងនូវខឿនអារ្យធម៌ នូវខឿនអក្សរសាស្រ្តនិយាយដោយឡែក យើងង់ វាយតម្លៃវាឲ្យត្រូវសមល្មម (កុំឲ្យទាបពេក កុំឲ្យខ្ពស់ពេក) យើងត្រូវការធ្វើការប្រៀបធៀប។ មានយោបល់ខ្លះឆ្លើយថាៈ ទៅចាំបាច់ ប្រៀបធៀបនឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃធ្វើអ្វី! ប្រៀប ធៀបតែជាមួយនឹងជាតិយើងទៅបានហើយ គឺថាអក្សរសាស្រ្តណាវាល្អវាត្រឹមត្រូវគឺវាបំរើជាតិនោះ វាដើរ ស្រប់នឹងបំណងជាតិនោះៗ….។
យើងមានយោបល់ឆ្លើយថា ការប្រៀបធៀបតាមយោបល់ខាងលើនេះក៏វាសមហើយ គឺថាអក្សរសាស្រ្តរបស់ជាតិណាមួយវាតោងតែបំរើផលប្រយោជន៍ជាតិនោះ ទោះបីក្នុងវិស័យណាក៏ដោយ ទោះតិច ឬច្រើន…។ ប៉ុន្តែបើយើងសួរថា អក្សរសាស្ត្រជាតិនោះបំរើផលប្រយោជន៍របស់ជាតិនោះបានដល់កំរិតណា ឬតម្លៃអត្ថរសនឹងរូបភាព តម្លៃសតិស្មរតីក្នុងកាលៈទេសៈមួយដ៏ជាក់លាក់ តើវាបានដល់កំពស់ណា ដែរ? ចង់ឆ្លើយអំពីកំរិត កំពស់ បរិមាណ… នៃការបំរើរបស់អក្សរសាស្រ្តចំពោះផលប្រយោជន៍ជាតិយើង ត្រូវការ ធ្វើការប្រៀបធៀបរវាងអក្សរសាស្រ្តជាតិមួយទៅនឹងជាតិមួយទៀតជាដាច់ខាត។
ឧទាហរណ៍៖ បើសិនជានៅលើលោកទាំងមូលមានតែមនុស្សម្នាក់ តើមនុស្សនោះអាចដឹងបានថាខ្លួន គាត់ជាអ្វីឬទេ? តើគាត់អាចដឹងថារូបគាត់នេះជាភេទប្រុស ឬភេទស្រីទេ? តើគាត់មានឈ្មោះសម្រាប់ហៅឬទេ? តើគាត់ដឹងថាគាត់ជាជាតិអីឬទេ?… ។ល។ ទេ! ប្រហែលជាគ្មានបាតុភូតិបែបនេះផង បើយើងនិយាយឲ្យវាចប់ទៅ។ និយាយមួយបែបទៀតថា មនុស្សដឹងបានថាមានភេទប្រុសមកអំពីមានភេទស្រី ដឹងថាខ្លួនមានទ្រព្យមកអំពីមានអ្នកក្រទ្រព្យ ដឹងថាអក្សរសាស្ត្ររបស់យើងវារឹងប៉ឹងមកអំពីមានអក្សរ សាស្រ្តជាតិដទៃវាទន់ខ្សោយ…។ល។
មុននឹងនិយាយអំពីងក្សរសាស្ត្រ យើងទាំងអស់គ្នាគួរបានយល់ អំពីបញ្ហាភាសាសាស្ត្រជាមុនសិន ពីព្រោះថាបញ្ហាទាំងពីរនេះវាទាក់ទងគ្នាយ៉ាងជិតដឹតណាស់ និយាយមួយបែបទៀតថា ភាសាសាស្រ្ត និងអក្សរសាស្រ្តវាជាវត្ថុភ្លោះ។ អក្សរសាស្ត្រ គឺគេយកអក្សរជាសញ្ញាសំគាល់ ចំណែកឯភាសាសាស្ត្រវិញ គឺគេយកសំឡេងជាសញ្ញាសំគាល់ ហើយម្យ៉ាងទៀត អក្សរសាស្រ្តវាចាប់ផ្តើមមានរូបរាងចេញមកអំពីភាសា ពីព្រោះហេតុនេះហើយបានជាយើងត្រូវតែដឹងភាសាសាស្ត្រជាមុន។
បើប្រៀបធៀបជាមួយនឹងសត្វ យោងតាមអ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងនរវិទ្យាបានព្រមព្រៀងគ្នាជាទូទៅថា មនុស្សដើមដំបូង ដែលមានលក្ខណៈជាមនុស្ស ពិសេសខុសប្លែកពីសត្វ មានវត្តមាន នៅលើផែនដី កាលពីប្រមាណ ៥ម៉ឺនឆ្នាំមុន។ ហើយលក្ខណៈពិសេស ដែលបែងចែកខុសគ្នាស្រឡះរវាងមនុស្ស និងសត្វ គឺមិនមានស្ថិតនៅត្រង់ការដើរជើងពីរ ការចេះយកវត្ថុមកប្រើជាឧបករណ៍ប្រើប្រាស់ ឬការមានមនោសញ្ចេតនានោះទេ។ លក្ខណៈពិសេសរបស់មនុស្ស គឺភាសា។
សត្វ ថ្វីដ្បិតតែមានសំឡេង មានសម្រែកខុសៗគ្នា ដែលអាចឲ្យពួកគេយល់គ្នាបានខ្លះៗ ក៏ប៉ុន្តែ វាមិនមែនជាភាសា ដែលមានលក្ខណៈជឿនលឿន អាចឲ្យមានការនិយាយយល់គ្នាបានដូចជាភាសារបស់មនុស្សនោះទេ។ ការដែលមិនមានភាសានិយាយគ្នាបាននេះ ធ្វើឲ្យសត្វ មានការវិវឌ្ឍជឿនលឿនទៅមុខយ៉ាងយឺតបំផុត។
ឆ្កែ សេះ ខ្លា ឬតោចំណាស់ មានបទពិសោធន៍ច្រើន ពីមេរៀនក្នុងជីវិត ក៏ប៉ុន្តែ នៅពេលសត្វទាំងនេះស្លាប់ទៅ បទពិសោធន៍ទាំងនេះនឹងត្រូវបាត់បង់ទៅជាមួយទាំងអស់ ដោយសារតែគ្មានភាសា ដើម្បីអាចនិយាយពន្យល់ ផ្ទេរបទពិសោធន៍នេះបាន ហើយសត្វជំនាន់ថ្មីត្រូវចាប់ផ្តើមរៀនសូត្រពីជីវិតសាជាថ្មី ពីចំណុចសូន្យសុទ្ធសាធ។
មនុស្សវិញ គឺផ្ទុយពីនេះ! ដោយសារតែមនុស្សមានភាសា ដែលអាចនិយាយរ៉ាយរ៉ាប់រឿងប្រាប់គ្នាបាន មនុស្សចាស់ ដែលមានបទពិសោធន៍ក្នុងជីវិត អាចរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ទៅឲ្យក្មេងៗជំនាន់ក្រោយអាចរៀនសូត្រពីបទពិសោធន៍នេះបាន។ ផ្អែកលើមេរៀន និងបទពិសោធន៍ ដែលទទួលបានពីមនុស្សចាស់ជំនាន់មុន ក្មេងជំនាន់ក្រោយអាចសិក្សាស្វែងយល់និងរកឃើញនូវបទពិសោធន៍កាន់តែថ្មីៗ និងកាន់តែជឿនលឿនជាងមនុស្សជំនាន់មុន រួចហើយផ្ទេរបទពិសោធន៍អស់ទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយៗជាបន្តទៅទៀត។
និយាយសរុបជារួម ភាសាជាបាតុភូតសង្គមពិសេសមួយ។ ជាប្រព័ន្ធសញ្ញាពិសេសមួយដែលមានទំនាក់ទំនងគ្នាតាមរយៈសញ្ញាពិសេសដោយឡែក អាចផ្សំគ្នាបាន មានលក្ខណៈបន្តមានន័យមួយ ឬច្រើនហើយមានលក្ខណៈយូរអង្វែង។ ភាសាកើតឡើងហើយប្រែប្រួលដោយសារតម្រូវការចាំបាច់របស់សង្គម។ ភាសា ការជជែកគ្នា ការរ៉ាយរ៉ាប់រឿងរ៉ាវពីអតីតកាល គិតគូរសម្រាប់ថ្ងៃអនាគត ការចែកចាយ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ ទាំងអស់នេះ គឺជាលក្ខណៈពិសេសរបស់មនុស្សជាតិ។ លក្ខណៈពិសេស ដែលមានជាប់នឹងកំណើតដើមរបស់មនុស្ស តាំងពីសម័យកាលបុរេប្រវត្តិ ហើយបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
ឯកសារយោង៖
វចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតភាគ ១ ទំព័រទី ២៤៧ បោះពុម្ព ឆ្នាំ ១៩៦៧
សព្វវចនាធិប្បាយធំ Grande Larousses
ទស្សនៈរបស់វាក្យវិទូ Webster
សៀវភៅភាសាខ្មែរ បោះពុម្ពឆ្នាំ ១៩៦៧
វិទ្យុបារាំងអន្តរជាតិជាខេមរភាសា, ប្រវត្តិសាស្រ្តពិភពលោក៖ “បុរេប្រវត្តិ៖ ដំណើររឿងមនុស្សជាតិនៅមុនប្រវត្តិជាសំណេរ”
វិគីភីឌា សព្វវចនាធិបាយសេរី, “អ្វីដែលហៅថាភាសា”
វិគីភីឌា សព្វវចនាធិបាយសេរី, “ភាសា”
អត្ថបទទាក់ទង