ភាសា គឺជាអ្វី?

ភាសា គឺជាពាក្យសំដីដែលមនុស្សនិយាយជាសំឡេងចេញមកក្រៅ ឬថាភាសា គឺជាឧបករណម្យ៉ាង ដែលមនុស្សសម្រាប់ប្រើជាមធ្យោបាយដើម្បីលាតត្រដាងនូវមនោសញ្ចេតនា គំនិត សតិអារម្មណ៍… ក្នុងការទាក់ទងរាប់អានគ្នា ឲ្យយល់គ្នាបានទៅវិញទៅមកដោយសំដី (ភាសា)។ និយាយមួយបែបទៀតថា ភាសា គឺជាបាតុភូតិនៃសង្គមមនុស្ស។ ភាសាវាកើតឡើងអំពីសេចក្តីត្រូវការរបស់មនុស្សរស់នៅក្នុងសង្គម ខាងការបង្ហាញសតិអារម្មណ៍ គំនិត ស្មារតី… ឲ្យគ្នាទៅវិញទៅមកក្នុងដំណើរចលនាធ្វើពលកម្ម ដើម្បីបម្រើជីវិត។ បើគ្មានភាសា មនុស្សមិនអាចមានផលិតផល គ្មានការវិវត្តន៍ជឿនលឿន… និយាយរួមទៅ គឺថាវាគ្មានទាំងសង្គមមនុស្សទៀតផង។

ពាក្យ​ “ភាសា” មាន​ន័យ​ត្រូវ​គ្នា​នឹង​ពាក្យ​បារាំង​ថា la langue ហើយ​នឹង​ពាក្យ​អង់គ្លេស​ថា language ។

តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត​​ភាគ​ ១ ទំព័រ​ទី ២៤៧ បោះ​ពុម្ព​ ឆ្នាំ ១៩៦៧ បាន​ពន្យល់​យ៉ាង​ខ្លី​ថា​ភាសា​ជា​ “​ពាក្យ​ ឬ​សម្តី​” ។

តាម​សព្វ​វចនា​ធិប្បាយ​ធំ Grande Larousses វិញ​បាន​ឱ្យ​ន័យ​ពាក្យ​នេះ​ថា​ “​ភាសា​ជា​ការ​សម្តែង​នូវ​សកម្មភាព​ដោយ​និម្មិត​របស់​មនុស្ស​ ពោល​គឺ​សម្បទា​របស់​គេ​ក្នុង ការ​សម្តែង​នូវ​ចិត្ត​គំនិត និង​ហេតុ​ការណ៍​នានា​តាម​សូរ​សម្លេង​និង​កាយ​វិការ​ ។

តាម​ទស្សនៈ​របស់​វាក្យ​វិទូ Webster ថា​ភាសា​គឺ​ជា​ការ​សម្តែង​នូវ​គំនិត​សញ្ចេតនា​ ដោយ​ប្រើ​សូរ​សម្លេង​ និង​ដោយ​ការ​ផ្គុំ​សម្លេង​នោះ​មាន​ន័យ​សេចក្តី​មួយ ។

តាម​លោក  អៀវ កើស  ក្នុង​សៀវ​ភៅ​ភាសា​ខ្មែរ​បោះ​ពុម្ព​ឆ្នាំ ១៩៦៧ បាន​ពន្យល់​ថា​ ភាសា​គឺ​ជា​សញ្ញា​មួយ​សម្រាប់​ទាក់​ទង​គ្នា​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ទោះ​បី​ជា​ភាសា​និយាយ​ក្តី​ ឬ​ភាសា​គ​ក្តី ។ សូម្បី​តែ​សត្វ​ក៏​វា​មាន​ភាសា​សម្រាប់​ប្រចាំ​ក្រុម​របស់​វា​ដែល​ក្នុង​ការ​ទាក់​ទង ។

លោក​ បណ្ឌិត ម៉ៅ សុក្កន ជា​សាស្រ្តា​ចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ បាន​ឱ្យ​និយម​ន័យ​ថា “​ភាសា​ជា​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ជាក់​លាក។”

មានការឲ្យនិយមន័យស្រដៀងនេះផងដែរថា ភាសា គឺជាប្រព័ន្ធនៃការបន្សំនូវពាក្យទាំងឡាយ និងច្បាប់នៃវិធានដែលក្រុមមនុស្ស ឬសត្វ បង្កើតចេញជាពាក្យសំដីដែលនិយាយថា សំលេងចេញមកក្រៅឬអាចនិយាយថា ភាសាជាឧបករណ៍ម្យ៉ាង ដែលមនុស្សប្រើជាមធ្យោបាយ ដើម្បីធ្វើការលាតត្រដាងមនោសសសញ្ចេតនា គំនិតអារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អាន ពិភាក្សាប្តូរយោបល់គ្នាអោយយល់ព្រមទាំងផ្តល់បទពិសោធន៍ចំណេះដឹងអោយគ្នាទៅវិញទៅមក។ ជាការពិតណាស់ ភាសាមនោសញ្ចេតនា បទពិសោធន៍ ចំណេះដឹង ស្មារតីច្នៃប្រឌិត ទំនួលខុសត្រូវរបស់ខ្លួនទោមនុស្សផ្សេងទៀតក្នុងទង្វើពលកម្មចិញ្ចឹមជីវីតមនុស្ស មានលទ្ធភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឃន៍សង្គម។ កត្តាចាំបាច់ដែលត្រូវមានភាសាព្រោះភាសាផ្សារភ្ជាប់ទៅនឹងជីវីតមនុស្ស ដែលជាអ្នកពាំនាំភាសាហើយភាសាក៏ជាអ្នកបំរើ និងឆ្លុះបញ្ចាំងសង្គម។ បើគ្មានភាសាមនុស្សក៏មិនអាចមានផលិតផល គ្មានការវិវត្តជឿនលឿនបានឡើយ។ បើគ្មានសង្គម គឺគ្មានភាសា បើសង្គមជឿនលឿន គឺភាសាក៏ជឿនលឿនតាមនោះដែរ។

​ទាក់ទងយ៉ាងជិតស្និទ្ធនឹងសតិអារម្មណ៍ (គំនិត) ភាសាបានកត់សំគាល់ចំណាំក្នុងពាក្យសំដីនូវ បណ្តាលលទ្ធផល នៃការចលនាខាងស្មារតី ខាងការចំរើនជឿនលឿនរបស់មនុស្សឲ្យយល់បាននូវខឿនអារ្យធម៌របស់ជាតិយើង និងជាតិនានាដែលមានទាក់ទងគ្នា វាមានសារៈសំខាន់ណាស់។ ក្នុងការស្រាវជ្រាវនូវមូលដ្ឋាននៃអក្សរសាស្ត្រ ឬ វប្បធម៌ជាតិនិយាយរួម ក្នុងការស៊ីជម្រៅឲ្យយល់បាន ច្បាស់ហើយត្រឹមត្រូវផងនូវតម្លៃ និងខ្លឹមសារនៃអក្សរសាស្រ្តជាតិ ក្នុងការណែនាំទស្សនៈរបស់ខ្លួនឲ្យមានសុភនិច្ឆ័យ មានគំនិតត្រឹមត្រូវ ជាសត្យានុមតិ ប្រកបដោយគតិបណ្ឌិតខាងការវាយតម្លៃអក្សរសាស្រ្ត ឬ វប្បធម៌ជាតិ យើងម្នាក់ៗគប្បីយល់ឲ្យបាននូវខឿនអក្សរសាស្រ្ត ឬ  វប្បធម៌ជាតិដទៃពីរឬបីថែមទៀត ក្រៅពីជាតិយើង ដើម្បីជាកសិណក្នុងការប្រៀបធៀប។ ពីព្រោះហេតុអ្វី បានជាយើងចង់យល់ឲ្យបានច្បាស់នូវខឿនអក្សរសាស្ត្ររបស់ជាតិយើង ហើយ ត្រឡប់ជាត្រូវឲ្យដឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃ? ពីព្រោះថា ក្នុងការស៊ីជម្រៅ ការយល់ ការដឹងឲ្យ បានច្បាស់លាស់ ហើយត្រឹមត្រូវផងនូវខឿនអារ្យធម៌ នូវខឿនអក្សរសាស្រ្តនិយាយដោយឡែក យើងង់ វាយតម្លៃវាឲ្យត្រូវសមល្មម (កុំឲ្យទាបពេក កុំឲ្យខ្ពស់ពេក) យើងត្រូវការធ្វើការប្រៀបធៀប។ មានយោបល់ខ្លះឆ្លើយថាៈ ទៅចាំបាច់ ប្រៀបធៀបនឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃធ្វើអ្វី! ប្រៀប ធៀបតែជាមួយនឹងជាតិយើងទៅបានហើយ គឺថាអក្សរសាស្រ្តណាវាល្អវាត្រឹមត្រូវគឺវាបំរើជាតិនោះ វាដើរ ស្រប់នឹងបំណងជាតិនោះៗ….។

យើងមានយោបល់ឆ្លើយថា ការប្រៀបធៀបតាមយោបល់ខាងលើនេះក៏វាសមហើយ គឺថាអក្សរសាស្រ្តរបស់ជាតិណាមួយវាតោងតែបំរើផលប្រយោជន៍ជាតិនោះ ទោះបីក្នុងវិស័យណាក៏ដោយ ទោះតិច ឬច្រើន…។ ប៉ុន្តែបើយើងសួរថា អក្សរសាស្ត្រជាតិនោះបំរើផលប្រយោជន៍របស់ជាតិនោះបានដល់កំរិតណា ឬតម្លៃអត្ថរសនឹងរូបភាព តម្លៃសតិស្មរតីក្នុងកាលៈទេសៈមួយដ៏ជាក់លាក់ តើវាបានដល់កំពស់ណា ដែរ? ចង់ឆ្លើយអំពីកំរិត កំពស់ បរិមាណ… នៃការបំរើរបស់អក្សរសាស្រ្តចំពោះផលប្រយោជន៍ជាតិយើង ត្រូវការ ធ្វើការប្រៀបធៀបរវាងអក្សរសាស្រ្តជាតិមួយទៅនឹងជាតិមួយទៀតជាដាច់ខាត។

ឧទាហរណ៍៖ បើសិនជានៅលើលោកទាំងមូលមានតែមនុស្សម្នាក់ តើមនុស្សនោះអាចដឹងបានថាខ្លួន គាត់ជាអ្វីឬទេ? តើគាត់អាចដឹងថារូបគាត់នេះជាភេទប្រុស ឬភេទស្រីទេ? តើគាត់មានឈ្មោះសម្រាប់ហៅឬទេ? តើគាត់ដឹងថាគាត់ជាជាតិអីឬទេ?… ។ល។ ទេ! ប្រហែលជាគ្មានបាតុភូតិបែបនេះផង បើយើងនិយាយឲ្យវាចប់ទៅ។ និយាយមួយបែបទៀតថា មនុស្សដឹងបានថាមានភេទប្រុសមកអំពីមានភេទស្រី ដឹងថាខ្លួនមានទ្រព្យមកអំពីមានអ្នកក្រទ្រព្យ ដឹងថាអក្សរសាស្ត្ររបស់យើងវារឹងប៉ឹងមកអំពីមានអក្សរ សាស្រ្តជាតិដទៃវាទន់ខ្សោយ…។ល។

មុននឹងនិយាយអំពីងក្សរសាស្ត្រ យើងទាំងអស់គ្នាគួរបានយល់ អំពីបញ្ហាភាសាសាស្ត្រជាមុនសិន ពីព្រោះថាបញ្ហាទាំងពីរនេះវាទាក់ទងគ្នាយ៉ាងជិតដឹតណាស់ និយាយមួយបែបទៀតថា ភាសាសាស្រ្ត និងអក្សរសាស្រ្តវាជាវត្ថុភ្លោះ។ អក្សរសាស្ត្រ គឺគេយកអក្សរជាសញ្ញាសំគាល់ ចំណែកឯភាសាសាស្ត្រវិញ គឺគេយកសំឡេងជាសញ្ញាសំគាល់ ហើយម្យ៉ាងទៀត អក្សរសាស្រ្តវាចាប់ផ្តើមមានរូបរាងចេញមកអំពីភាសា ពីព្រោះហេតុនេះហើយបានជាយើងត្រូវតែដឹងភាសាសាស្ត្រជាមុន។

បើប្រៀបធៀបជាមួយនឹងសត្វ យោងតាមអ្នកសិក្សាស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​នរវិទ្យា​បាន​ព្រមព្រៀង​គ្នា​ជាទូទៅ​ថា មនុស្ស​ដើមដំបូង ដែល​មាន​លក្ខណៈ​ជាមនុស្ស ពិសេស​ខុសប្លែក​ពីសត្វ​ មាន​វត្តមាន នៅលើ​ផែនដី កាល​ពី​ប្រមាណ ៥ម៉ឺន​ឆ្នាំមុន។ ហើយ​​លក្ខណៈពិសេស​ ដែល​បែងចែក​ខុសគ្នា​ស្រឡះ​រវាង​មនុស្ស និង​សត្វ គឺ​មិនមាន​ស្ថិត​នៅ​ត្រង់​ការ​ដើរជើងពីរ ការ​ចេះយក​វត្ថុ​មក​ប្រើ​ជាឧបករណ៍​ប្រើប្រាស់ ឬ​ការ​មាន​មនោសញ្ចេតនា​នោះទេ។ លក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា។

សត្វ​ ថ្វីដ្បិត​តែ​មាន​សំឡេង មាន​សម្រែក​ខុសៗគ្នា ដែល​អាច​ឲ្យ​ពួកគេ​យល់គ្នា​បាន​ខ្លះៗ ក៏ប៉ុន្តែ វា​មិនមែន​ជា​ភាសា​ ដែល​មាន​លក្ខណៈ​ជឿនលឿន ​អាច​ឲ្យ​មាន​ការ​និយាយ​យល់គ្នា​បាន​ដូចជា​ភាសា​របស់​មនុស្ស​នោះទេ។ ការ​ដែល​មិនមាន​ភាសា​និយាយ​គ្នា​បាន​នេះ​ ធ្វើ​ឲ្យ​សត្វ មាន​ការវិវឌ្ឍ​ជឿនលឿន​ទៅមុខ​យ៉ាង​យឺតបំផុត។

ឆ្កែ សេះ ខ្លា ឬ​តោ​ចំណាស់ មាន​បទពិសោធន៍​ច្រើន​ ពី​មេរៀន​ក្នុង​ជីវិត ក៏ប៉ុន្តែ នៅពេល​សត្វ​ទាំងនេះ​ស្លាប់ទៅ បទពិសោធន៍​ទាំងនេះ​នឹង​ត្រូវ​បាត់បង់​ទៅ​ជាមួយទាំងអស់ ដោយសារ​តែ​គ្មាន​ភាសា ដើម្បី​អាច​និយាយ​ពន្យល់ ផ្ទេរ​បទពិសោធន៍​នេះ​បាន​ ហើយ​សត្វ​ជំនាន់ថ្មី​ត្រូវ​ចាប់ផ្តើម​រៀនសូត្រ​ពីជីវិត​សាជាថ្មី​ ពីចំណុច​សូន្យ​សុទ្ធសាធ។

មនុស្សវិញ គឺ​ផ្ទុយ​ពីនេះ! ដោយសារ​តែមនុស្ស​មាន​ភាសា ដែល​អាច​និយាយ​រ៉ាយរ៉ាប់​រឿង​ប្រាប់គ្នា​បាន មនុស្ស​ចាស់ ដែល​មាន​បទពិសោធន៍​ក្នុង​ជីវិត អាច​រៀបរាប់​ពីបទ​ពិសោធន៍​របស់​ខ្លួន ទៅ​ឲ្យ​ក្មេងៗ​ជំនាន់ក្រោយ​អាច​រៀនសូត្រ​ពីបទពិសោធន៍​នេះ​បាន។ ​ផ្អែក​លើ​មេរៀន និង​បទពិសោធន៍ ដែល​ទទួលបាន​ពី​មនុស្ស​ចាស់​ជំនាន់មុន ក្មេងជំនាន់ក្រោយ​អាច​សិក្សា​ស្វែងយល់​និង​រកឃើញ​នូវ​បទពិសោធន៍​កាន់តែ​ថ្មីៗ និង​កាន់តែ​​ជឿនលឿន​ជាង​មនុស្ស​ជំនាន់មុន​ រួចហើយ​​​ផ្ទេរ​បទពិសោធន៍​អស់ទាំងនេះ​​ទៅ​ឲ្យ​ក្មេង​ជំនាន់ក្រោយៗ​ជា​បន្ត​ទៅទៀត។

និយាយ​សរុបជារួម ភាសា​ជា​បាតុ​​ភូត​សង្គម​ពិសេស​មួយ។ ជា​ប្រព័ន្ធ​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​គ្នា​តាម​រយៈ​សញ្ញា​ពិសេស​ដោយ​ឡែក​ អាច​ផ្សំ​គ្នា​បាន មាន​លក្ខណៈ​បន្ត​មាន​ន័យ​មួយ ឬ​ច្រើន​ហើយ​មាន​លក្ខណៈ​យូរ​អង្វែង​។ ភាសា​កើត​ឡើង​ហើយ​ប្រែ​ប្រួល​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​សង្គម។  ភាសា ការ​ជជែកគ្នា ការ​រ៉ាយរ៉ាប់រឿងរ៉ាវ​ពី​អតីតកាល គិតគូរ​សម្រាប់​ថ្ងៃអនាគត ការ​ចែកចាយ និង​ផ្ទេរ​ចំណេះដឹង និង​បទពិសោធន៍ ទាំងអស់​នេះ គឺ​ជា​លក្ខណៈពិសេស​របស់​មនុស្ស​ជាតិ។ លក្ខណៈពិសេស ដែល​មាន​ជាប់​នឹង​កំណើតដើម​របស់​មនុស្ស តាំង​ពី​សម័យកាល​បុរេប្រវត្តិ ហើយ​បន្ត​រហូតមក​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ។

ឯកសារយោង៖

វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត​​ភាគ​ ១ ទំព័រ​ទី ២៤៧ បោះ​ពុម្ព​ ឆ្នាំ ១៩៦៧

សព្វ​វចនា​ធិប្បាយ​ធំ Grande Larousses

ទស្សនៈ​របស់​វាក្យ​វិទូ Webster

សៀវ​ភៅ​ភាសា​ខ្មែរ ​បោះ​ពុម្ព​ឆ្នាំ ១៩៦៧ 

វិទ្យុបារាំងអន្តរជាតិជាខេមរភាសា, ប្រវត្តិសាស្រ្តពិភពលោក៖ “បុរេប្រវត្តិ៖ ដំណើររឿង​មនុស្សជាតិ​នៅមុន​ប្រវត្តិ​ជា​សំណេរ”

វិគីភីឌា សព្វវចនាធិបាយសេរី, “អ្វីដែលហៅថាភាសា”

វិគីភីឌា សព្វវចនាធិបាយសេរី, “ភាសា”


អត្ថបទទាក់ទង

តើអ្វីទៅជាការនិយាយនៅទីសាធារណៈ?

 

 

Leave a Reply

Your email address will not be published. Required fields are marked *