សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល
នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel) កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៤៦៩ នៅហ្វ្លូរ៉ង់ (Florence) ប្រទេសអ៊ីតាលី។ នៅពេលដែលម៉ាគីយ៉ាវែលចាប់កំណើតឡើង អ៊ីតាលីមិនទាន់រួមគ្នាជាប្រជាជាតិតែមួយនៅឡើយទេ ដោយត្រូវបែងចែកជាបុរីរដ្ឋតូចៗជាច្រើន (ហ្វ្លូរ៉ង់ វេនីស មីឡង់ ស៊ីស៊ីល…) ហើយបុរីរដ្ឋនីមួយៗ គឺជាគូប្រជែងនឹងគ្នា រហូតត្រូវផ្ទុះជាសង្រ្គាមដ៏ធំ ដែលគេឲ្យឈ្មោះថា “សង្រ្គាមអ៊ីតាលី” អូសបន្លាយពេលរហូតដល់ទៅជាង ៦០ឆ្នាំ (១៤៩៤-១៥៥៩) ហើយដែលធ្វើឲ្យអ៊ីតាលីត្រូវក្លាយជាទីតាំងនៃការប្រជែងអំណាច រវាងមហាអំណាចក្បែរខាង គឺបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។
លោក បាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា « សម្ដេច (The Prince ) » ដែលល្បីសុះសាយទូទាំងពិភពលោក។ លោក នីកូឡា ម៉ាគីយ៉ាវែល ត្រូវបានគេចាត់ទុកថាជាបិតាវិទ្យាសាស្ត្រនយោបាយសម័យទំនើប ហើយទស្សនៈរបស់លោកត្រូវបានគេយកទៅអនុវត្តយ៉ាងទូលំទូលាយទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។
ម៉ាគីយ៉ាវែលបានធ្វើការពន្យល់ជាមុនថា អ្វីដែលលោកសរសេរនៅក្នុងសៀវភៅ « Le Prince » នេះ គឺផ្អែកទៅលើទស្សនវិជ្ជារបស់អ្នកប្រាជ្ញសម័យកាលមុនៗផង ព្រមទាំងបូករួមជាមួយនឹងបទពិសោធន៍ជាក់ស្តែងដែលលោកបានឆ្លងកាត់ និងសង្កេតឃើញ នៅក្នុងអាជីពជាអ្នកនយោបាយ និងការទូតនៅហ្វ្លូរ៉ង់។ ក៏ប៉ុន្តែ ខុសពីសំណេរទស្សវិជ្ជាមុនៗដែលច្រើនសរសេរជាលក្ខណៈអក្សរសាស្រ្ត វែងអន្លាយ ហើយពោរពេញទៅដោយទស្សនាទានអរូបិយ សៀវភៅ « Le Prince » ត្រូវបានម៉ាគីយ៉ាវែលសរសេរដោយសាមញ្ញ ខ្លីៗ ក្នុងទម្រង់ជាការផ្តល់គំនិតសម្រាប់យកទៅអនុវត្តជាក់ស្តែង។
ខាងក្រោមនេះ គឺជាសម្រង់សម្តីដ៏មានអត្ថន័យសម្រាប់ពិចារណា៖
សត្វតោមិនអាចការពារខ្លួនវាពីអន្ទាក់នោះទេ ហើយសត្វកញ្ច្រៀងមិនអាចការពារខ្លួនវាពីការវាយប្រហារពីសត្វឆ្កែចចកបានដែរ។ ដូចនេះ ញ្ច្រោងត្រូវតាមដានអន្ទាក់ ហើយសត្វតោត្រូវបន្លាចសត្វឆ្កែចចក។
សុខចិត្តឲ្យគេខ្លាច ជាងឲ្យគេស្រលាញ់ ប្រសិនបើអ្នកមិនអាចធ្វើបានទាំងពីរ។
សញ្ញាណនៃភាពឆ្លាតវៃ គឺជាការដឹងខ្លួនពីភាពល្ងង់ខ្លៅរបស់ខ្លួនសិន។
វិធីសាស្រតែមួយគត់ដើម្បីដឹងពីភាពឆ្លាតវៃរបស់ចៅហ្វាយ អ្នកត្រូវសម្លឹងមើលកូនចៅជុំវិញសិន។
នៅទីណាដែលមានចំណង់ធំអស្ចារ្យហើយ ភាពលំបាកប៉ុណ្ណាក៏មិនអស្ចារ្យដែរ។
ជាទូទៅមនុស្សវាយតម្លៃរូបរាងខាងក្រៅជាជាងការពិត។
មនុស្សទាំងអស់សុទ្ធតែមានភ្នែក ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះចេះមើលឲ្យស៊ីជម្រៅ។
បើគ្មានទឹកឃ្មុំ ក៏គ្មានឃ្មុំនោះដែរ។
មនុស្សដែលចង់ឲ្យអ្នកដទៃគោរព ត្រូវតែដឹងពីរបៀបបញ្ជាគេសិន។
កុំចង់ឈ្នះដោយប្រើកម្លាំងបាយ នូវរឿងណាដែលអាចយកឈ្នះដោយប្រើល្បិចកល។
មិនមែនឋានៈទេដែលគោរពមនុស្ស ប៉ុន្តែមនុស្សនោះទេដែលឲ្យតម្លៃលើឋានៈ។
នីកូឡា ម៉ាគីយ៉ាវែល បានលាចាកលោកនេះទៅ ដោយបានបន្សល់ទុកនូវកេរឈ្មោះ និងស្នាដៃដ៏សំខាន់ខាងផ្នែកទស្សនវិជ្ជានយោបាយ។ ទស្សនវិជ្ជានយោបាយដែលពោរពេញទៅដោយភាពចម្រូងចម្រាស តែជាទស្សនវិជ្ជា ដែលមានឥទ្ធិពលដ៏ខ្លាំង និងយូរអង្វែងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
អត្ថបទទាក់ទង
គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ
2 thoughts on “សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល”