រឿង ៥យ៉ាង ដែលអ្នកត្រូវដឹងក្នុងពិភពអាជីវកម្ម

ការបើកអាជីវកម្មមួយដែលដើរ​ទៅមុខ​មាន​ប្រាក់​ចំណូល​មិនមែន​ជារឿង​ងាយស្រួល​ដូច​ស្ដាប់ឮនោះទេ។ ខាង​ក្រោមនេះរឿង ៥យ៉ាង ដែលអ្នកត្រូវដឹងក្នុងពិភពអាជីវកម្ម៖

១. គំនិត​មិនបាន​ការអីនោះទេ ប្រសិន​បើ​មិន​មាន​ការអនុវត្ត

យើង​សុទ្ធតែមាន​គំនិត​ជាច្រើន​នៅក្នុង​ខួរក្បាល​យើងដែល​សុទ្ធ​តែ​ជាគំនិត​ល្អ ដែលអាច​ជួយ​ផ្លាស់​ប្ដូរ​ពិភពលោកបាន។ នរណាៗក៏ចេះស្រម៉ៃ និង​នឹកឡើង​នូវ​គំនិត​អាជីវកម្មល្អដែរ។

មនុស្ស​មួយ​ចំនួន​មាន​អំនួត​ទៅនឹង​គំនិត​របស់ខ្លួន​ឯង​ជ្រុល​ដោយសារ​តែ​គំនិត​អាជិវកម្មរបស់​ពួក​គេ​ប្លែក​ថ្មីពិសេសជាងគេ តែ​គេ​មិន​ជាយល់​ថា គំនិត​វា​គ្មាន​បាន​ការអ្វីទាំង​អស់​បើ​សិន​ជា​មិនធ្វើ​គំនិត​នោះ​ឱ្យ​ចេញ​ជា​ការពិត​ទេនោះ។

កុំធ្វើ​ឱ្យ​ខ្លួន​ឯង​ផុង​ខ្លួន​ជាប់​ទៅនឹង​ក្តីស្រម៉ៃ​ថា​អាជីវកម្មនឹង​ជោគជ័យ​បើ​គ្រាន់​តែ​អ្នក​មាន​តែគំនិត​នោះ។ ប្រហែលជាពីមុន​មក​មាន​មនុស្ស​ច្រើនពាន់អ្នកហើយ​ធ្លាប់​នឹកឃើញនូវ​គំនិត​មួយ​នោះ​ឡើង​មក ប៉ុន្តែ​គំនិត​របស់អ្នក​អាច​នឹង​ប្រសើរ​ជាង​គេ អាច​នឹង​ដើរបាន​ល្អ​ជាងគេ លុះត្រា​តែ​អ្នក​ចាប់​ផ្ដើម​ធ្វើ នឹង​បង្ហាញ​គេថា​គំនិត​នេះដើរ​មែន។

សរុបសេចក្តីមក អត្ថបទ​នេះមិនមែន​ធ្វើ​ឱ្យ​អ្នក​រួញរា​ខ្លាច​ដើរ​ថយ​ចេញពីការ​ចាប់​ផ្ដើមអាជីវកម្មផ្ទាល់​ខ្លួន​នោះទេ ប៉ុន្តែ​ជា​ការផ្តល់​នូវ​គំនិត​ក៏ដូចជា​ប្រាប់​អ្នក​ពីរឿង​ដែលអ្នក​នឹង​ជួបប្រទះ ដើម្បី​ឱ្យ​អ្នករៀបចំខ្លួន​ឱ្យ​ខ្លាំង​ ក្លាយទៅជាខ្លួន​អ្នក​ដែលប្រសើរជាងមុន។

២. សំខាន់​ គឺលទ្ធផល

រឿង​មួយដែល​ប្រហែលជានាំឱ្យ​អាជីវកម្មមួយ​ចំនួន​បរាជ័យ​នោះគឺ ការបោះបង់​របស់​ម្ចាស់​អាជីវកម្មនៅពេលដែលគេ​ខំប្រឹង​ធ្វើ​ការ​មួយទំហឹង ប៉ុន្តែ​លទ្ធផលដែលទទួលបាន​មិនដូចអ្វីដែលរំពឹង​ទុក។

ពេល​ដែល​យើង​ធ្វើការ​ឱ្យ​គេ យើង​ដឹង​ច្បាស់​ណាស់​ថាតើ​យើង​អាច​រកលុយបាន​យ៉ាងម៉េច ដោយគិត​យ៉ាង​សាមញ្ញថា ធ្វើការកាន់តែច្រើនម៉ោងបូក​ជាមួយ​ការខំប្រឹងប្រែង​ យើង​នឹង​ទទួលបាន​ប្រាក់​កម្រៃ​កាន់តែ​ច្រើន។ ហើយ​ប្រសិន​បើយើង​មិនទទួល​ប្រាក់​កម្រៃ​តាមការងារ​ដែលយើង​បាន​ធ្វើទេនោះ​ យើង​នឹង​ដូរ​កន្លែង​រើទៅកន្លែង​ថ្មីមួយទៀត។

តែអាជីវកម្មខុសពីណឹង! នៅក្នុង​ការរកស៊ី អតិថិជន អ្នក​ដែល​ប្រើប្រាស់​សេវាកម្ម ឬផលិត​ផល​របស់​អ្នក​ អត់​ខ្វល់ថាអ្នក​ខំប្រឹង​ធ្វើការ​ខ្លាំង​យ៉ាង​ណា ហត់​យ៉ាង​ណាទេ អ្វីដែល​សំខាន់​ពិតប្រាកដ​នោះគឺលទ្ធផល​នៃ​ផលិត​ផល ឬ​សេវាកម្មដែលអ្នក​ផ្ដល់​ឱ្យគេ។

អ្នក​ខ្លះទៅត្អូញត្អែថា ខំប្រឹង​បង្កើត​វា​អស់ពេលជាយូរមក​ហើយ គ្មាន​នរណាចាប់​អារម្មណ៍ទិញសោះ មិនសមសោះ ក្រោយមក​គេក៏សម្រេច​ចិត្ត​មែនទែនថា​បោះប​ង់​ចោល ដោយសារ​តែ​ពួកគេមិនបានដឹង​ថានៅក្នុង​អាជីវកម្ម​អ្វីដែល​សំខាន់​ពិត​ប្រាកដនោះ​គឺ លទ្ធផល​តែប៉ុណ្ណោះ។

៣. មិនចាំបាច់​ថាត្រូវ​តែបង្កើត​ថ្មីទេ

មាន​ការគិត​ខ្វែង​គំនិត​គ្នា​ជាច្រើនទាក់​ទងទៅនឹង​ការបង្កើត​អាជីវកម្មដែលថាប្រសិន​បើអ្នក​ចង់​ចាប់​ផ្ដើម​អាជីវកម្ម អ្នក​ត្រូវ​តែ​រកនឹក​ឃើញនូវ​គំនិត​មួយដែល​ថ្មីស្រឡាង​ និង​ខុសគេ ហើយ​គំនិត​នេះមិនសូវជាត្រូវប៉ុន្មាន​ទេ។

គំនិតថ្មីរបស់​អ្នក​អាច​នឹង​មាន​ឱកាសបរាជ័យ​ច្រើន​ជាង​អ្វីដែលអ្នកគិត។ វិធីដ៏ល្អមួយក្នុង​ការចាប់​ផ្ដើម​អាជីវកម្មក្នុងករណី​អ្នក​ជា​អ្នក​ថ្មីថ្មោង​មិនសូវជាមានបទពិសោធន៍ផងនោះ​គឺ ការដែល​ជ្រើស​យក​គំនិត​អាជីវកម្មដែលមានស្រាប់​ដែល​ដំណើរការពិតៗ ថែមគ្រឿង​លក្ខណៈ​ពិសេស​របស់​អ្នក ហើយ​ចាប់​ផ្ដើម​វា។

នេះក៏ដោយសារតែ​គំនិតអាជីវកម្មនេះ​វា​ជោគជ័យ​រួចទៅហើយ ជាហេតុ​ធ្វើ​ឱ្យអ្វីដែល​អ្នក​ត្រូវ​ធ្វើនោះគឺខំប្រឹងធ្វើ នោះឱកាស​ជោគជ័យ​របស់​អ្នក​នឹង​មាន​ច្រើន។ ជាឧទាហរណ៍​រឿង​ពិត​ៗក្នុង​វិស័យ​បច្ចេក​វិទ្យា​ អ្នក​នឹង​ឃើញក្រុមហ៊ុន​បច្ចេក​វិទ្យា​មួយចំនួន​​ដើរ​តាមដំណើរ​របស់​Apple។ នេះក៏ដោយសារតែ Apple ជា​អ្នក​នាំមុខ​គេអាច​និយាយ​ថាបងធំនៅ​ក្នុង​ទីផ្សារ ក្នុង​វិស័យ​បច្ចេកវិទ្យានេះ ហេតុនេះ Apple ហ៊ាន​ប្រថុយ​ដាក់​បង្ហាញនូវ​របស់​ថ្មីប្លែកបាន​​ ប៉ុន្តែ​ក្រុមហ៊ុនមួយចំនួន​ទៀត​មិនអាច​ប្រថុយ​ដូចច្នោះបានទេ​។

បើមិនជឿ​មើល​តែ​ក្បាលឆក (Notch) នៅលើ​ iPhone X ទៅ Apple ជាអ្ន​កដែល​ប្រកាស​បង្ហាញក្បាល​ឆកនេះមុនគេ ក្រោយមក​គេឃើញ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយចំនួន​ទៀត​ចាប់​ផ្ដើម​ប្រើប្រាស់​ការរចនា​បែបនេះដែរ។

៤. មិនចាំបាច់​ទាល់​តែមាន​លុយច្រើន​ទើប​អាច​ចាប់​ផ្ដើម​អាជីកម្មបាន​នោះទេ

វាមិនមែនជារឿង​ចម្លែក​នោះទេ​ ដែល​អាជីកម្មអាច​ទ្រាំទ្រ​រស់​ទៅមុខ​តទៀត​បាន​ទាល់​តែមាន​លុយ​ ដោយសារតែមាន​ចំណាយ​ជាច្រើន​ដែលត្រូវ​ប្រើ ដូចជា​ប្រាក់​ខែបុគ្គលិក ថ្លៃ​ឈ្នួលជួល​ការិយាល័យអីជាដើម។ ប៉ុន្តែ​ចំណាយ​ទាំង​អស់​ណឺង​កើត​មាន​ឡើង​ទាល់​តែអាជីវកម្មណឹង​ជោគជ័យដើរទៅមុខដែរ។

អាជីវកម្មខ្នាត​តូច​ភាគច្រើន​មិនចាំបាច់​អីត្រូវ​ការលុយ​ទាំង​បាច់ៗដើម្បីចាប់​ផ្ដើម​នោះទេ ជាពិសេស​ពពួកអាជីវកម្មដែលពេញនិយម​សព្វថ្ងៃ អាជីវកម្មតាម​អនឡាញនេះ។ ជាមួយ​នឹង​បច្ចេក​វិទ្យា និង​អ៊ីនធឺណេត អ្វីដែល​ត្រូវ​ការចាំបាច់​ពិត​ប្រាកដនោះគឺការប្រឹង​ប្រែង​ធ្វើការឥត​រុញរា ធ្វើ​រហូត​ទាល់​តែ​វា​ចំណេញ។

កុំបំបាក់​ក្តីសង្ឃឹម​របស់អ្នកជាមួយនឹងគំនិត​ដែលថា ត្រូវ​សន្សំលុយ​ឱ្យសល់​រាប់ម៉ឺនដុល្លា​សិន​មុន​នឹង​ចាប់​ផ្ដើម។ ចាំថា ដំបូង​ឡើយ​ ក្នុង​អាជីវកម្មរបស់អ្នក​ អ្នកមាន​តួរនាទីគ្រប់យ៉ាង អ្នកជាអ្នកលក់ អ្នកសរសេរកូដ អ្នកចរចារ អ្នកវិនិយគ អ្នកគ្រប់គ្រងហូរហែរ អ្នក​មាន​តួនាទីតាម​ដែលអាជីវកម្មអ្នក​ត្រូវការ។

៥. អាជីវកម្មមិន​សប្បាយ​ដូចដែលអ្នក​គិត​នោះទេ

មាន​មនុស្ស​ជាច្រើន​គិត​ខុស​ទៅលើ​ការដែលធ្វើ​ជាម្ចាស់​អាជីវកម្មខ្លួនឯង។ វាមិនដូចជាអ្វីដែលយើង​តែង​តែឃើញក្នុងរឿង​កុន​នោះទេ វាជារឿង​មួយដ៏គួរ​ឱ្យ​ធុញទ្រាន់​និង​ស្ដ្រេសខ្លាំង​គួរសមដែរ។ អ្នកនឹង​ជួប​មនុស្សជាច្រើនប្លែកផ្សេងៗ ដែល​មានអត្តចរិត​គ្រប់​យ៉ាង​ ដែលខ្លះទៅ អ្នកស្ទើរតែ​នឹង​​គិត​ថា អ្នក​មិនគួរ​ចាប់ផ្ដើមវាទេ។

នេះមិនមែន​ជាការឱ្យ​អ្នក​ងាក​ត្រឡប់​ក្រោយបោះ​បង់​ចោល​នូវ​ក្តីស្រម៉ៃ​នោះទេ តែ​ជាការរំឮកអ្នកឱ្យ​ស្វែង​យល់ រៀន និង​អភិវឌ្ឍ​ជំនាញខាង​ផ្នែកទំនាក់​ទំនង​ ជួបនឹង​មនុស្ស​ ចរចានិយាយ​ជាមួយ​អតិថិជន ឬក៏ដៃគូរ​។ អ្នក​ត្រូវ​មាន​ភាពអត់ធ្មត់​ ចេះគ្រប់​គ្រង​កំហឹង និង​ ស្ត្រេស​ កុំចេះតែជះ​ ដាក់​គេដាក់​ឯង បើមិនដូចច្នោះទេ មិនយូរ​មិនឆាប់​អាជីវកម្មរបស់​អ្នក​នឹង​បិទទ្វា។

មាន​ពេល​ដែលធ្វើឱ្យ​អ្នក​សប្បាយ​ចិត្ត មានទឹក​មាត់​ឡេប​ជាច្រើនដូចជា នៅពេលដែល​អ្នក​ទទួល​បាន​អតិថិជនដំបូង ឬក៏ទទួល​បាន​ប្រាក់ចំណេញជាលើក​ដំបូង។ ប៉ុន្តែ​រឿង​ទាំង​អស់់​នេះ​មិនមែន​កើត​ឡើង​រហូត​ពេញមួយថ្ងៃទេ មុននឹង​អ្នក​ឈាន​ដល់​ការសម្រេច​គោលដៅប៉ុនណឹង អ្នក​ត្រូវ​ឆ្លង​កាត់ជាមួយនឹង​ការងារ​ដ៏គួរ​ឱ្យធុញ​ជាច្រើន​ដែល​អ្នក​ត្រូវធ្វើ។

សរុបមក ការដែលមាន​អាជីវកម្មមួយ​នៅក្នុងដៃ​ ជាក្តី​ស្រម៉ៃ​មួយដែល​នរណាៗក៏មាន​ក្នុងបេះដូង​មក​ជាយូរហើយដែរ។ នរណាមិនចង់ ងើបមកធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់ដោយមិនចាំបាច់​ភ័យ​មាន​នរណាមក​ស្ដីបន្ទោសត្រួត​ពីលើនោះ។ ប៉ុន្តែ​និយាយ ស្រួលជាង​ធ្វើ មាន​មនុស្សតិចតួច​ប៉ុណ្ណោះដែល​ក្លាយ​ទៅជាម្ចាស់​អាជិវកម្មដែលជោគជ័យ​ពិត​ប្រាកដ ហើយ​ភាគច្រើន​បើបាន​ធ្វើ​ការងារ​ដែលមាន​លក្ខខណ្ឌ​រាងគ្រាន់​បើ​បន្តិច​ហើយ​ក៏មិនចង់​ចាកចេញពីកន្លែង​របស់ខ្លួន​ឡើយ ដោយមាន​តែខំធ្វើការ​បន្ត​ទៀត​ឱ្យ​ក្លាយ​ជាបុគ្គលិក​ឆ្នើម​ ឡើង​ប្រាក់ខែ បន្ត​រឋានៈ។

 


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ ចំនួន៤ ក្នុងការចាប់ផ្តើមអាជីវកម្មជាមួយនឹងដើមទុនតិច

 

 

Leave a Reply

Your email address will not be published. Required fields are marked *