ទម្លាប់សំខាន់ៗ ចំនួន៥ ដែលធ្វើឲ្យការងារបស់អ្នកមានលទ្ឋផលល្អ
មនុស្សយើងគ្រប់ៗគ្នាសុទ្ធតែមានពេល ២៤ម៉ោង ដូចគ្នា ប៉ុន្តែអ្នកខ្លះក្នុងពេលមួយថ្ងៃពេញនេះ គេធ្វើការបានជាច្រើនមុខដោយមានលទ្ធផលល្អ ឯអ្នកខ្លះទៀតធ្វើការមិនទាន់ហើយមួយមុខផង ឬក៏អ្នកខ្លះទៀតវិញ ធ្វើការបានច្រើន ប៉ុន្តែមិនមានលទ្ធផលអ្វីធំដុំអ្វីនោះទេ ចំណែកឯអ្នកខ្លះផ្សេងទៀត ធ្វើការងារតិច ហើយទទួលបានលទ្ធផលផ្លែផ្កាស្របតាមតម្រូវចិត្តគេជាដើម។ ដូច្នេះ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យមនុស្សជោគជ័យ ធ្វើការងាររបស់គេបានទទួលលទ្ធផលជាទីប្រសើរគាប់ចិត្តនោះ?
មានកត្តាជាច្រើនដែលចូលរួមចំណែកក្នុងដំណើរការធ្វើការធ្វើងាររបស់យើង ដែលមានដូចជាមានឆ្លាតវៃផ្នែកបញ្ញា (IQ) មនុស្សជុំវិញខ្លួន របស់របរប្រើប្រាស់សម្រាប់បំពេញការងារ ខួរក្បាលពីធម្មជាតិរបស់យើងជាដើម។ ប៉ុន្តែនៅក្នុងកត្តាទាំងនេះ វាពិបាកសម្រាប់យើងក្នុងការកែប្រែ ដូច្នេះតើមានអ្វីផ្សេងទៀតមិនដែលចូលរួមចំណែកធ្វើឱ្យការបំពេញការងារ និងផលិតភាពរបស់ការងារ?
ដំបូងឡើយ អ្នកត្រូវដឹងថាមុខដំណែង ឬមុខរបរ និងប្រសិទ្ធិភាពការងាររបស់អ្នកសព្វថ្ងៃ ជាផលិតផលដែលកើតឡើងចេញពីរបៀបនៃការធ្វើការពីមុនៗមករបស់អ្នក ហើយអ្វីដែលអ្នកធ្វើពីមុនៗមកនោះ ភាគច្រើនត្រូវបានគ្រប់គ្រងដោយ “ទម្លាប់”។
សៀវភៅ ទម្លាប់ (HABIT) គោលការណ៌ដែលអ្នកគួរអនុវត្តក្នុងជីវិតប្រចាំថ្ងៃ
ទម្លាប់ គ្រប់គ្រងស្ទើរតែគ្រប់សកម្មភាពដែលអ្នកធ្វើប្រចាំថ្ងៃ ទាំងដែលអ្នកដឹងខ្លួន និងមិនដឹងខ្លួន។ អ្នកអាចសាកររកនឹកគិតពីរឿងដែលអ្នកបានធ្វើប៉ុន្មានសប្ដាហ៍ចុងក្រោយនេះសាកមើលទៅ អ្នកប្រាកដជារកឃើញនូវរឿងដដែលៗដែលអ្នកធ្វើ បើទោះជាដឹងខ្លួន និងមិនដឹងខ្លួន ធ្វើដោយប៉ងទុកជាមុន ឬដោយចៃដន្យក៏ដោយ។
ហេតុនេះ អ្វីដែលយើងគួរពិនិត្យនោះ គឺទម្លាប់នេះឯង ដោយទុករឿង IQ និងរឿងលក្ខណៈពិសេសពីកំណើតមួយឡែកសិន។ អញ្ចឹង តើមានទម្លាប់អីខ្លះដែលមនុស្សជោគជ័យគេធ្វើនោះ?
១. ដឹងពីភាពពិសេសនៅក្នុងការងារ
ការដែលចង់សម្រេចគោលដៅតែម្យ៉ាង វាមិនទាន់គ្រប់គ្រាន់ទេ អ្នកចាំបាច់ត្រូវផ្ដល់ហេតុផលដ៏មានអត្ថន័យជាងនេះទៅទៀតចំពោះការងារដែលអ្នកធ្វើ។ ឧទាហរណ៍ថា អ្នកចង់ធ្វើការងារមួយដោយសារតែការងារនោះវាពេញនិយម ឬក៏ជាអ្វីដែលអ្នកតែងស្រម៉ៃ តែអ្នកក៏គួរគិតឱ្យលើសពីនេះដែរថា ការងារនោះនឹងអាចផ្លាស់ប្ដូរខ្លួនអ្នក គ្រួសារ ឬក៏អាចដល់សង្គមដោយរបៀបណាខ្លះ។ ការដែលធ្វើបែបនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ចង់ធ្វើការងាររបស់អ្នកកាន់តែខ្លាំង។
២. ភាពច្បាស់លាស់
រឿងទីមួយដែលត្រូវតែមាននោះ គឺភាពច្បាស់លាស់។ គោលបំណង ឬគោលដៅ និងជំហានដើម្បើទៅដល់គោលដៅទាំងនោះ ត្រូវតែកំណត់ឱ្យបានច្បាស់លាស់។ វាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែវាពិបាកណាស់ក្នុងការដែលមានរូបភាពច្បាស់លាស់មួយថា ទីណាដែលអ្នកចង់ទៅ ឬមនុស្សបែបណាដែលអ្នកចង់ក្លាយទៅជា។ ប៉ុន្តែនេះជាទម្លាប់មួយដែលផ្តល់ផលឱ្យអ្នកជាទីគាប់ចិត្តដែលអ្នកគួរតែមាន ព្រោះប្រសិនបើអ្នកដឹងច្បាស់ថាអ្នកចង់បានអ្វី ហើយអ្នកជឿលើខ្លួនឯងនោះ ដូច្នេះអ្នកដើរបានពាក់កណ្ដាលផ្លូវហើយ។ គំនិតថ្មីៗល្អៗនឹងចាប់ផ្ដើមលេចចេញជារូបរាងឡើងមក ឧបសគ្គតាមផ្លូវចាប់ផ្តើមបាត់ទៅបន្តិចម្តងៗ។
៣. បង្កើនផលិតភាពការងារ
អ្នកប្រាកដជាធ្លាប់មានអារម្មណ៍ថារវល់ខ្លាំងណាស់ ការងារគរដូចភ្នំ និងមិនទាន់បានធ្វើរឿងអីហើយមួយសោះ។ នេះជាសញ្ញាច្បាស់លាស់មួយប្រាប់ថា អ្នកមិនមានតុល្យភាពនៃកម្លាំងដែលអ្នកខំធ្វើ និងលទ្ធផលដែលអ្នកទទួលបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺរៀនបែងចែកការងារដែលសំខាន់ ចេញពីការងារដែលអត់បានការ។ ធ្វើដូចនេះ កម្លាំងដែលអ្នកប្រឹងនឹងបានប្រយោជន៍ទៅលើការងារអ្វីដែលមានសារៈសំខាន់ពិតប្រាកដ។ គោលការណ៍ដែលមានប្រយោជន៍ និងល្បីល្បាញមួយ គឺគោលការណ៍ Pareto ដែលត្រូវបានគេស្គាល់ថាច្បាប់ ៨០លើ២០ ដោយច្បាប់នោះគឺថា ៨០% នៃលទ្ធផលដែលយើងទទួលបានកើតចេញពី ២០% នៃការងារដែលយើងធ្វើ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺកំណត់ថាការងារ ២០% នោះអីគេខ្លះដែលផ្លល់ឱ្យអ្នកវិញនូវលទ្ធផលដែលអ្នករំពឹងចង់បាននោះ។
៤. មិនខ្លាចនឹងប្រថុយ
អ្នកជោគជ័យភាគច្រើន គេមិនសូវជាខ្លាចនឹងការប្រថុយប្រថាន ដើម្បីភាពជោគជ័យនៃការងាររបស់គេនោះទេ ហើយម៉្យាងទៀត ពួកគេបើកទូលាយចំពោះមហិច្ចតារបស់ពួកគេ។ ពួកគេដឹងថាការដែលទទួលបានជោគជ័យទៅលើការងារធំដុំមួយ មានជាប់ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ ការប្រថុយប្រថានខ្ពស់ ប៉ុន្តែពួកគេបានរៀនពីរបៀបប្រឈមមុខនឹងភាពភ័យខ្លាច និងការដែលគេចេញទៅធ្វើ។ ការដែលហ៊ានប្រថុយប្រថានប្រកបដោយភាពឈ្លាសវៃ ក៏ដូចជាជំនាញដ៏ទៃដែរ វានឹងកាន់តែងាយស្រួលជាងមុន បើអ្នកធ្វើកាន់តែច្រើនជាងមុន ហេតុនេះអ្វីដែលអ្នកត្រូវធ្វើ គឺចាប់ផ្ដើមឈានជើងធ្វើតែម្ដង។ អ្វីដែលអ្នកជោគជ័យមើលឃើញនោះ គឺឧបសគ្គជាឱកាសក្នុងការអភិវឌ្ឍខ្លួន។
៥. ធ្វើលំហាត់ប្រាណ
អ្នកជំនួញ CEO ឬក៏អ្នកនិពន្ធភាគច្រើន តែងមានកម្លាំងកំហែងទាំងចិត្តទាំងកាយធ្វើការងារបានពេញមួយថ្ងៃ។ ជាមួយគ្នានេះផងដែរ បើអ្នកចង់បាននូវការផ្ដោតអារម្មណ៍លើការងារបានល្អ និងការពារ IQ របស់អ្នកមិនឱ្យថយចុះតាមអាយុនោះ ការហាត់ប្រាណជារឿងដ៏ល្អបំផុតដែលអ្នកគួរគិតពិចារណាធ្វើ។ ជាទូទៅ ចាប់ពីពាក់កណ្ដាលវ័យកំឡុង២០ឆ្នាំទៅ IQ នឹងចាប់ផ្ដើមថយចុះ ហេតុនេះដើម្បីទប់ទល់នឹងរឿងនេះ អ្នកគួរតែហាត់ប្រាណជាប្រចាំ។ អ្នកវិទ្យាសាស្ត្រខាងកោសិកាប្រសាទក៏បានរកឃើញផងដែរថា ការដែលហាត់ប្រាណជាប្រចាំ ធ្វើឱ្យមានការកើនឡើងនៃការផលិតកោសិការប្រសាទថ្មី នៅផ្នែកខួរក្បាលដែលទាក់ទងទៅនឹងការសិក្សា និងការចងចាំ។ ការហាត់ប្រាណ នឹងជួយឱ្យអារម្មណ៍របស់អ្នកល្អ បន្ថយនូវកម្រិតអរម៉ូនករទីសូលដែលធ្វើឱ្យកាត់បន្ថយការស្ត្រេស ជាហេតុជម្រុញឱ្យការងាររបស់អ្នកកាន់តែប្រសើរជាងមុន។
អត្ថបទទាក់ទង
ពាក្យសាមញ្ញប្រកបដោយអំណាច ចំនួន៤ ដែលអាចធ្វើឲ្យជីវិតអ្នកមានតម្លៃ