គន្លឹះសំខាន់ៗ ចំនួន៤ ក្នុងការចាប់ផ្តើមអាជីវកម្មជាមួយនឹងដើមទុនតិច

ប្រសិនបើអ្នកចង់​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​រមួយ រឿង​សំខាន់នោះ គឺថា​ត្រូវ​ចាប់​បើក​អាជីវកម្ម​របស់​អ្នក​ពីណា​ទៅណា ហើយត្រូវធ្វើយ៉ាងណាដើម្បី​ចាប់​ផ្ដើម​អាជីវកម្មដោយ​មិនមាន​ដើម​ទុន ឬ​ដើមទុន​តិច​តួច។

‌១. ចូរចាប់​ផ្ដើមដោយគំនិតរបស់អ្នក

ជំហាន​នេះមិនមែនជារឿង​ស្មុគស្មាញពិបាកយល់​នោះទេ។ ដើម្បី​ចាប់​ផ្ដើម​អាជីវកម្មមួយ​បាន ​លុះ​ត្រាតែអ្នក​មាន​គំនិត​ថា​អ្នក​ចង់​ធ្វើ​អ្វីជាមុនសិន។ សូមយកគំនិត​ដែល​អ្នក​មាន​មកគិត​ វិភាគ និង​ស្រាវជ្រាវ​បន្ថែមឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ។

ជាមួយនឹង​ទូរស័ព្ទដែល​អ្នក​កំពុង​តែអាន​នេះ ​អ្នក​អាច​ប្រើ Google ដើម្បី​ស្រាវជ្រាវ​ពីគំនិត​ដែល​អ្នក​គិត​ទុក ស្រាវជ្រាវ​ថាតើ​គំនិត​ហ្នឹង​ពីមុន​មក ​មានអ្នក​គិត​ឃើញ​ហើយ​ឬនៅ ហើយ​ប្រសិន​បើមាន​ហើយ​ តើ​អាជីវកម្មគេហ្នឹងដើរ​ឬអត់? មាន​ទីផ្សារប៉ុនណា? បើអ្នក​ធ្វើ​វា តើអាច​មាន​ឱកាស​ជោគជ័យ​ឬអត់? ហើយ​តើ​អ្នក​នឹងត្រូវប្រឈមជាមួយនឹង​គូប្រកួត​ប្រជែង​យ៉ាង​ណាខ្លះ?

ដំណាក់​កាលនេះ ជាដំណាក់​កាលគិត​ស្រមើ​ស្រម៉ៃ​ ពង្រីកគំនិត​ និង​វិភាគ​ ហើយ​អ្នក​គួរ​តែ​ចាំទុក​ក្នុង​ចិត្តនូវ​រឿង​ពីរ ប្រសិន​បើអ្នក​ចង់​ឱ្យអាជីវកម្មរបស់​អ្នក​ជោគជ័យ។

  • ទីមួយ ​អ្នក​ត្រូវ​តែ​គ្រាន់​បើ​ប្រសើរ​ជាង​អាជីវកម្មដៃគូរ​ប្រកួត​ប្រជែង​របស់​អ្នក ឬក៏
  • ទីពីរ អ្នក​ត្រូវ​តែមាន​លក្ខណៈ​​ពិសេស​ជាងគេ​ និងខុសពីគេ។

ឧបមារថា អ្នក​ចង់​លក់​ការ៉េម។ គ្រាន់​បើ​ប្រសើរ​ជាង​អាជីវកម្មដែល​ជាដៃ​គូរ​ប្រកួត​ប្រជែង មានន័យថា ​ការ៉េម​របស់​អ្នក​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ ឬ​ឆ្ងាញ់ជាងគេ ឬក៏ធូរ​ថ្លៃ​ហើយ​ឆ្ងាញ់ជាងគេទៀត។ ចំណែក​ឯ ពាក្យ​ថា​ខុស​គេវិញ​ ប្រៀបបាន​ទៅនឹង​ការដែល​អ្នក​និយាយ​ថា អ្នក​លក់ការ៉េម​មួយ​បែប​ថ្មីមួយទៀត ឬ​ក៏ឱ្យ​អតិថិជន​ប្រើប្រាស់​កម្មវិធីតាម​ទូរស័ព្ទ​ដើម្បី​រចនា និង​ទិញការ៉េម​ដែលខ្លួន​ឯង​ចង់​បាន​ជាដើម។

ម៉្យាងទៀត​នោះ សំណួរ​ដែលអ្នក​ត្រូវ​សួរ​នោះ ​គឺថាតើ​អ្នក​ផ្តល់​គុណតម្លៃ​អ្វីត្រឡប់​ឱ្យ​អ្នក​ដែល​ចំណាយលុយ​មក​ទិញ ឬ​ប្រើប្រាស់​ផលិត​ផល​ ឬសេវាកម្ម​របស់​អ្នក​នោះ? តើអ្នក​ផ្ដល់​គុណតម្លៃ​ឱ្យ​អតិថិជន​សមនឹង​ទឹក​លុយ​ដែល​គេ​ប្រគល់​ឱ្យ​អ្នក​ឬ​ទេ? ប្រសិនបើ​មិនទាន់ ​តើធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យបង្កើន​គុណតម្លៃ​របស់​ផលិត​ផល ឬសេវាកម្ម​របស់​អ្នក? តើ​ដៃ​គូរ​ប្រកួត​ប្រជែង​របស់​អ្នក​ផ្ដល់​គុណតម្លៃ​ដល់​អតិថិជន​គេ​ ដូចអ្នក​ឬទេ? គុណតម្លៃ​នៃ​ផលិត​ផល​អ្នក​កាន់​តែខ្ពស់ អត្រាជោគជ័យ​នៃ​ផលិត​ផល ឬសេវាកម្មរបស់អ្នក​កាន់តែ​ច្រើន។

នៅមានសំណួរ​ជាច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ឆ្លើយ និង​គ្រោងទុកជាមុន។ បន្ទាប់​ពី​អ្នក​បាន​គ្រោងទុក គិត​ ពិចារណា និង​អភិវឌ្ឍ​គំនិត​របស់​អ្នក​ហើយ វាដល់ពេលដែល​ត្រូវ​ធ្វើ​ឱ្យ​គំនិត​អ្នក​ក្លាយទៅជាការពិត​ហើយ។

២. ចូរធ្វើ​​ឱ្យគំនិត​នោះ​ក្លាយការពិត

បេនចាមីន ហ្វ្រែងឃ្លីន បានលើកឡើងថា “និយាយ​ស្រួលទេ តែធ្វើ​បាន​វាលំបាក” ។ គំនិត​មួយចំនួន​ត្រូវ​បាន​បំភ្លេច ​ឬកប់​ចោល ដោយសារតែ​គិត​ហើយ ​មិនចេញទៅធ្វើ។ ហើយ​មនុស្ស​ភាគច្រើន ជាប់​គាំង​នៅត្រង់កន្លែង​ហ្នឹង ដោយ​គេ​ចេះតែ​នឹកឃើញ​គំនិត​ថ្មីៗមក​រហូត តែមិនដែល​ចេញទៅធ្វើ​សោះ។

ការដែល​មាន​គំនិត​ជា​រឿង​មួយ​ល្អ​ហើយ ប៉ុន្តែ​វានឹង​គ្មាន​ន័យ​អ្វីទាល់​តែសោះ​ឡើយ ប្រសិនបើអ្នក​មិនប្រែ​ក្លាយ​គំនិត​នោះ​ឲ្យទៅជា​ការពិត។ បើសាកល្បងហើយ​បរាជ័យ​ គ្រាន់​បើ​ជាង​មិនដែលសាក​សោះ។ គ្រាន់​តែ​ចាប់​ផ្ដើម​តាមគម្រោង​ដែលអ្នក​គ្រោង​ទុក​ទៅ ហើយ​ត្រូវជឿលើ​ខ្លួន​ឯង​ថា អ្នក​អាចធ្វើ​បាន។ អ្នក​នឹង​នឹកឃើញ​គំនិត វិធីធ្វើ​ វិធីដោះស្រាយ​បញ្ហា​… នៅពេល​ដែល​អ្នក​ចាប់​ផ្ដើម​ដំណើរ​ការគំនិត​នោះ។

នៅពេល​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើតាមអ្វីដែល​បាន​គ្រោង​ទុក និងតាមគំនិត​អាជីវកម្ម​ដែល​អ្នក​មាន អ្នក​នឹង​ជួប​នូវ​ឧបសគ្គ​ដែល​អ្ន​កមិន​រំពឹង​ថា​នឹង​កើតឡើង ឧបសគ្គ​ដែល​អ្នកមិនធ្លាប់​ជួប​ពីមុន​មក។ ពេល​នោះអ្នក​នឹង​ត្រូវ​បង្ខំចិត្ត​ខ្លួន​ឯង​ឱ្យ​នឹក​នូវ​វិធី​ដោះស្រាយ​​​​​បញ្ហា​នៅចំពោះមុខ។ ជាលទ្ធផលគំនិត​របស់​អ្នកអាច​នឹង​ផ្លាស់​ប្ដូរ​ ឬ​វិវត្តន៍​ទៅជាអ្វីមួយ​ទៀត​ដែល​ថ្មី ប្លែក​ ពិសេសជាង​មុន ឬអស្ចារ្យ​ជាងមុន។ បើអ្នក​មិនធ្វើ​ អ្នក​នៅតែមិនដឹង។

ការពិត​ អាចនឹង​ខុស​ខ្លាំង​ពីអ្វីដែល​បាន​រំពឹង​ទុក។ អ្វីជាលទ្ធ​ផល​ដំបូង​របស់​អ្នក ​អាច​នឹង​មិនដើរ​តាមគម្រោង​ដែលគ្រោង​ទុក ប៉ុន្តែអ្វីដែល​អ្នក​អាច​ធ្វើ​បាន​នោះ គឺ អនុវត្ត ពិនិត្យ ហើយអភិវឌ្ឍ។ សូមចាត់​ទុក​វា​ដូចជាវដ្ត​មួយដែលដំណើរការចុះឡើងៗ។

ឧទាហរណ៍ ដូចជាម៉ាក​ទូរស័ព្ទដែល​អ្នក​កាន់​ក្នុងដៃ​ បើ​អ្នក​មើល​ផលិត​ផលទូរស័ព្ទ​ដំបូង​​របស់​ក្រុមហ៊ុន​នោះ​ ហើយ​យក​មក​ប្រើឥឡូវ​នេះ​ ជឿថា​អ្នក​ប្រាកដជា​មិនចូល​ចិត្ត​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​អភិវឌ្ឍ​ផលិត​ផល​របស់​គេ​បន្តិច​ម្ដងៗ ពីមុខ​ងារ​មួយ​ទៅមុខ​ងារមួយ មួយឆ្នាំ​បន្តិច​ៗមិនចប់មិនចេះហើយ។

ពិតណាស់ ​អាជីវកម្ម​របស់​អ្នក​ប្រហែល​ជា​មិនទាន់​អាចទៅប្រៀប​បាន​ជាមួយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​បាន​ទេ ប៉ុន្តែ​តើ​អ្នក​នឹងដឹង​អ្វីទៅ ប្រសិន​បើអ្នក​មិន​ចាប់​ផ្ដើម​ប្រឡូក​នោះ? តើ​អ្នកចង់​ឱ្យ​គំនិត​អ្នក​ នៅត្រឹម​តែ​ជាគំនិត​ដដែល? ឬក៏ចង់​ឱ្យ​វាក្លាយ​ទៅជាការពិត?

មាន​មនុស្សជាច្រើន​ មិនមាន​កម្លាំង​ចិត្ត​ហ៊ាន​នឹង​ចាប់​ផ្ដើម ​ដោយសារតែ​ពួកគេ​គិត​ថា​គំនិត​របស់​គេនោះ​មិនទាន់​ល្អ​ប៉ុន្មាននោះទេ ហើយ​វានឹង​បរាជ័យ។

៣. ចូរកុំប្រឹង​ឱ្យ​បានល្អ​ឥតខ្ចោះ

នេះមិនមែន​ន័យថា​ផលិត​ផលរបស់់​អ្នក​ធ្វើ​ឱ្យ​តែ​រួច​ពីដៃ​នោះទេ ប៉ុន្តែ​ការ​ដែល​ប្រឹង​ធ្វើ​ឱ្យបានល្អ​ឥតខ្ចោះ ជា​ការធ្វើ​ឱ្យ​ខាត​បង់​ពេល​វេលា។ រឿង​ដែល​ឈឺ​ចាប់​ជាងនេះទៅទៀត​នោះ គឺពេល​ដែលអ្នក​ខំប្រឹង​ខ្លាំងហើយ​ តែ​លទ្ធផល​វាមិនដូច​អ្វីដែលអ្នក​រំពឹងទុក។

ជំនួស​ឱ្យ​ការ​ធ្វើ​ឱ្យបានល្អ​ឥតខ្ចោះ សូមប្រឹង​ធ្វើ​វា​ឱ្យ​លឿនតាមដែល​អាចធ្វើ​បាន បង្ហាញទៅអ្នក​ដ៏ទៃ​ សួរពីចំណាប់​អារម្មណ៍​ និង​ទទួល​យក​មតិ​យោបល់​របស់​គេ​មក​គិត​ អភិវឌ្ឍន៍​ និង​ផលិត​បន្ត​ជាមួយ​នឹង​កំណែ​ទម្រង់​ឱ្យ​ល្អប្រសើរ​ជាងមុន។

រឿងដែល​សំខាន់​បំផុត​សម្រាប់​ការចាប់​ផ្ដើម​បង្កើត​អាជីវកម្ម​មួយ គឺការចាប់​ផ្ដើមហ្នឹង​តែម្ដង។ ក្រៅពីនេះ អ្នក​ត្រូវ​ចេះអត់​ធ្មត់ និង​មាន​ផ្នត់​គំនិត​ដែលត្រូវ។ ប្រសិន​បើគំនិត​នោះមិន​ទាន់​ដំណើរការល្អ ​សូមកុំទាន់​បោះ​បង់ ចូរព្យាយាម​ផ្លាស់​ប្ដូរ​វា​បន្តិចម្តងៗ​ សម្រប​តាម​ស្ថាន​ការណ៍​បន្តិចម្តងៗ អ្នក​នឹង​អាច​រកឃើញ​នូវ​វិធីដែល​ធ្វើ​ឱ្យ​វាដំណើការបាន​។

៤. តើ​ការចាប់​ផ្ដើម​អាជីវកម្មបែប​ណា​ដែល​មិនត្រូវ​ការដើម​ទុន ឬ​ក៏ត្រូវ​ការដើម​ទុន​តិច?

អ្នក​អាច​ចាប់​ផ្ដើម​អាជីវកម្មបាន​ដោយ​ចំណាយ​ដើមទុន​តិច ឬក៏គ្មាន​ដើមទុន​បាន ប៉ុន្តែសួរ​ថា​ងាយ​ស្រួល​ឬ​អត់? ចម្លើយ​ច្បាស់​ជា​ពិបាក​ខ្លាំង​ណាស់។ ការដែល​បង្កើត​អាជីវកម្មមួយ​ចេញមកបាន ​ជាកាលំបាក​មួយទៅហើយ ទម្រាំ​តែបង្កើត​អាជីវកម្ម​ដោយ​អត់​មាន​ដើមទុន​សោះ ឬ​ដើមទុន​តិច ​ពិតជាកាន់​តែ​លំបាក​ទៅទៀត​។

មិនមែន​អាជីវកម្មទាំង​អស់​សុទ្ធ​តែ​ចាប់​ផ្ដើម​ដោយគ្នានដើមទុន​ ឬ​ដើមទុន​តិច​បាន​នោះទេ។ ប៉ុន្តែសូម​កុំទាន់​អស់​សង្ឃឹម ​អ្នក​អាច​យក​គំនិត​៣​ខាងក្រោម​នេះ ទៅគិតពិចារណា​បាន៖

  • ចាប់​ផ្ដើម​អាជីវកម្ម​មួយ​ដែល​ទាក់​ទង​នឹង​ចំណេះដឹង ឬ​ជំនាញ​របស់​អ្នក
  • អាជីវកម្មនៅលើ​អ៊ីនធឺណេត (Facebook, Instagram, YouTube)
  • ស្វែង​រកអ្នក​វិនិយោគ (អ្វីដែល​សំខាន់​ ត្រូវជឿ​លើ​គំនិត​ខ្លួន​ឯង មាន​លក្ខណៈ​ច្បាស់​លាស់ មានគម្រោង​អាជីវកម្មត្រឹមត្រូវ)

អ្នក​អាច​ចាប់​ផ្ដើម​អាជីវកម្ម​មួយដែល​ប្រើដើម​ទុន​តិច​តួច​បាន ​​ប៉ុន្តែ​អ្វីដែល​ទាញ​អ្នក​មិន​ឱ្យ​ចាប់​ផ្ដើម​នោះ គឺភាពឆ្នៃ​ប្រឌិត និង​ភាព​ក្លាហាន​ហ៊ានក្នុងការទទួលការ​ប្រថុយប្រថាន​របស់​អ្នក។

យ៉ាងណាមិញ នេះ​គ្រាន់​តែ​ជា​គំនិត​ខ្លះៗប៉ុណ្ណោះ។​ ជាការពិតណាស់ ដំណើរ​ការនៃ​ការ​ចាប់​ផ្ដើម​អាជីវកម្មមួយ​ មិន​អាច​រៀប​រាប់​ដោយ​អត្ថបទរៀបរាប់ដ៏ខ្លីមួយទេ។ វាទាមទារ​ឱ្យ​អ្នក​សិក្សារៀន​សូត្រ ពិនិត្យ​ ស្រាវជ្រាវ និងសង្កេត​ទៅលើ​អ្វីដែល​នៅជុំវិញខ្លួនឲ្យបានច្រើន។


អត្ថបទទាក់ទង

គោលការណ៍ ទាំង៦ របស់ ស៊ុនអ៊ូ (Sun Tzu) និង សិល្បៈនៃអាជីវកម្ម (The Art of Business)

 

Leave a Reply