ជំនាញសំខាន់ៗ ចំនួន៥ ដែលអ្នកគ្រប់គ្រងមានភាពខ្វះខាតបំផុត
ការកសាងជំនាញភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ឋភាព គឺជាបញ្ហាប្រឈមមួយដែលអ្នកគ្រប់គ្រងជាច្រើនជួបប្រទះ។ ទន្ទឹមនឹងនេះ វាក៏មិនមែនជារឿងងាយស្រួលដែរ សម្រាប់អ្នកគ្រប់គ្រងម្នាក់ៗ ក្នុងការកំណត់មធ្យោបាយផ្សេងៗដើម្បីកែលម្អឲ្យមានភាពល្អប្រសើរឡើង។ ជាពិសេស ក្នុងសម័យកូវីដ១៩នេះ បញ្ហាប្រឈមថ្មីៗសម្រាប់ការដឹកនាំស្ថាប័នចេះតែកើតមានឡើងកាន់តែច្រើនឡើងៗ។ យោងតាមរបាយការណ៍គ្រប់គ្រងមនុស្សប្រចាំឆ្នាំ ២០០៩ (2019 People Management Report) បានរកឃើញនូវជំនាញ ចំនួន៥ ដែលអ្នកគ្របគ្រងនៅមានចំណុចខ្វះខាតខ្លាំងជាងគេ ដោយរបាយការណ៍នេះបានធ្វើឡើងទៅលើបុគ្គលិកចំនួន ១ ០០០នាក់។
១. ការបង្កើតក្រុមការងារ (Team Building)
តាមរបាយការណ៍នេះបានលើកឡើងថា បុគ្គលិក ២៨% និយាយថា ការបង្កើតក្រុមការងារ គឺជាជំនាញមួយដែលអ្នកដឹកនាំខ្វះខាតច្រើនជាងគេបំផុត ទោះបីជាអ្នកដឹកនាំទាំងនោះ ស្ថិតនៅក្នុងលំដាប់ថ្នាក់ដឹកនាំកម្រិតកំពូលក៏ដោយ។ ការបង្កើតក្រុមការងារឡើង គឺជាការប្រមូលផ្ដុំបុគ្គលិករបស់អ្នកគ្រប់ជាន់ថ្នាក់ទាំងអស់ឲ្យធ្វើការជាក្រុមដោយមិនប្រកាន់ឋានៈតួនាទី ដើម្បីសម្រេចផែនការការងាររបស់អង្គភាព។ មុនពេលដែលរឿងនេះមិនទាន់អាក្រក់ឡើងៗ អ្នកត្រូវតែធ្វើឲ្យអស់លទ្ឋភាពតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតភាពស្អិតរមួតនៅក្នុងក្រុម។ វាគឺជាយុទ្ធសាស្ត្រមួយដែលជួយលើកកម្ពស់ទៅដល់ភាពច្នៃប្រឌិត ការទទួលបានគំនិតថ្មីៗ គុណភាពការងារ និងការសហការ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ និងភាពរីកចម្រើនទៅមុខក្នុងអង្គភាព។
២. ការផ្ដល់មតិរិះគន់កែលំអ (Providing Feedback)
បុគ្គលិក ១៧% ផ្សេងទៀតនិយាយថា ភាពខ្វះចន្លោះដ៏ធំបំផុតរបស់អ្នកគ្រប់គ្រង គឺការផ្ដល់មតិរិះគន់កែលម្អទៅកាន់បុគ្គលិក។ អ្នកដឹកនាំជាច្រើន ទំនងជាស្ទាក់ស្ទើរក្នុងការរិះគន់ចំៗដល់បុគ្គលិកមួយចំនួន ដោយបារម្ភថាវានឹងអាចបង្កឲ្យមានភាពថ្នាំងថ្នាក់ ឬការបែកបាក់ក្នុងស្ថាប័ន។ ទោះបីជាយ៉ាងណា មតិរិះគន់កែលម្អនេះ គឺពិតជាសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍បុគ្គលិក។ មតិរិះគន់របស់អ្នកគួរតែមានការឆ្លើយតបទាន់ពេលវេលា និងជាក់លាក់បំផុត។ សូមកុំរង់ចាំយូរពេកដោយគ្រាន់តែដើម្បីចែករំលែក ឬផ្ដល់អនុសាសន៍សំខាន់ៗសម្រាប់កែលំអ។ សំខាន់ជាងនេះទៅទៀត ត្រូវរិះគន់ដោយភាពស្មោះត្រង់ ហើយគាំទ្រពួកគេ។ នោះមានន័យថា អ្នកត្រូវបង្ហាញការអបអរសាទរចំពោះភាពជោគជ័យរបស់បុគ្គលិក និងបង្ហាញថា ពួកគេពិតជាបានរៀនសូត្រពីកំហុសខុសឆ្គងទាំងនោះ។
៣. ការគ្រប់គ្រងពេលវេលា (Time Management)
ចំណុចខ្សោយបំផុត ទី៣ របស់អ្នកគ្រប់គ្រង នោះគឺការគ្រប់គ្រងពេលវេលា។ បុគ្គលិក ១៤% និយាយថា អ្នកគ្រប់គ្រងរបស់ខ្លួនមានចំណុចខ្វះខាតលើចំណុចនេះ។ ពួកគេនិយាយថា ការគ្រប់គ្រងពេលវេលា មិនមានប្រសិទ្ធភាពរបស់ថ្នាក់លើ បានធ្វើឲ្យរាំងស្ទះដល់ការងារដល់ថ្នាក់ក្រោម ដែលត្រូវការការឆ្លើយតបយល់ព្រមជាបន្ទាន់ពីថ្នាក់លើ ចំពោះការងារជាច្រើនមុននឹងត្រូវអនុវត្តការងារ។ ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព ទាមទារឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង ក៏ជាអ្នកដទៃផងដែរ។ ចូរក្រឡេកមើលកាលវិភាគរបស់អ្នកថា តើអ្នកមានការអ្វីខ្លះ ដែលត្រូវធ្វើជាមួយមនុស្សក្រោមបង្គាប់អ្នក? អ្នកត្រូវបែងចែកផែនការការងារទៅតាមពេលនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកមានពេលវេលាទំនេរមួយចំនួនមកជួយពិនិត្យសកម្មភាពការងាររបស់ពួកគេវិញ។
៤. ការផ្ទេរភារកិច្ចការងារដល់ថ្នាក់ក្រោម (Delegation)
បុគ្គលិក ១១% និយាយថា អ្នកគ្រប់គ្រងរបស់ពួកគេនៅតែមានចំណុចខ្វះខាតត្រង់ការផ្ទេរភារកិច្ចការងារ។ ដូចគ្នាទៅនឹងការគ្រប់គ្រងពេលវេលាដែរ ការផ្ទេរភារកិច្ចការងារដល់បុគ្គលិកក្រោមបង្គាប់ គឺជាជំនាញដ៏ចាំបាច់បំផុតមួយក្នុងការធានារាល់ផ្នែកទាំងអស់នៃក្រុមការងារឲ្យដំណើរការទៅមុខដោយភាពរលូន។ អ្នកប្រហែលកំពុងព្យាយាមធ្វើការងាររាប់រយជំពូកទាំងនោះដោយមិនទំនេរដៃ ហើយអ្នកប្រហែលជាស្ទាក់ស្ទើរមិនចង់ទម្លាក់ការងារខ្លះទៅឲ្យបុគ្គលិករបស់អ្នកទេ នេះក៏ដោយសារតែអ្នកព្រួយបារម្ភថា សមត្ថភាពរបស់ពួកគេនៅមានកម្រិត អ្នកនៅមិនទាន់មានទំនុកចិត្ត ឬមិនចង់ដាក់បន្ទុកលើពួកគេ។ ទោះជាក្នុងរូបភាពបែបណាក៏ដោយ ទាំងនេះគឺជាឧបសគ្គធ្វើឲ្យការងាររបស់អ្នកមិនរីកចម្រើនទៅមុខ។ អ្វីដែលសំខាន់បំផុតដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវផ្ដល់ទំនុកចិត្តដល់បុគ្គលិករបស់អ្នក ហើយទម្លាក់ការងារមួយចំនួនឲ្យពួកគេធ្វើជំនួសអ្នក។ អនុញ្ញាតឲ្យពួកគេរៀនទទួលខុសត្រូវ ប៉ុន្តែត្រូវប្រគល់ភារកិច្ចការងារឲ្យចំកន្លែង និងឲ្យចំមនុស្ស។
៥. ការប្រាស្រ័យទាក់ទង (Communication)
ការប្រាស្រ័យទាក់ទង គឺជាជំនាញទី៥ ដែលអ្នកគ្រប់គ្រងខ្វះខាតបំផុត។ បុគ្គលិក ១០% និយាយថា ថ្នាក់ដឹកនាំរបស់ពួកគេ នៅមានចន្លោះប្រហោងក្នុងការពង្រឹងជំនាញប្រាស្រ័យទាក់ទង។ ខណៈដែលវាជាជំនាញសំខាន់បំផុតមួយមិនអាចខ្វះបានសម្រាប់ការទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងបុគ្គលិក ការប្រាស្រ័យទាក់ទង បានដើរតួនាទីកាន់តែសកម្មឡើងៗ សម្រាប់អ្នកគ្រប់គ្រងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នកឆ្ងល់ថា តើបុគ្គលិករបស់អ្នកអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការទំនាក់ទំនងដ៏ជាក់លាក់មួយ អ្នកគួរសាកសួរពួកគេភ្លាម។ អ្នកត្រូវផ្ដល់លទ្ធភាពឲ្យខ្លួនឯងមានពេលវេលាគ្រប់គ្រាន់ ដើម្បីឆ្លើយតបនូវរាល់សំណួរ ក្តីកង្វល់ និងផ្ដល់ដំណោះស្រាយជូនចំពោះពួកគេ។
សម្រួលពី៖ Inc., New Survey Uncovers Five Skills Managers Lack According to Their Employees